បទ​វិភាគ៖ តើ​ក្រុមហ៊ុន​ផាន​អ៊ីមិច​ឬ​អ្នក​បុរីកីឡា​ជា​អ្នក​បំពាន​ច្បាប់?

ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា កណ្ដាល​ទីក្រុង​ភ្នំពេញ​ជាមួយ​ក្រុមហ៊ុន ផាន អ៊ីមិច មាន​រយៈ​កាល​ពីរ​ឆ្នាំ​គត់​គិត​មក​ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ នេះ។ អ្នក​ភូមិ​បុរីកីឡា ជាង ១០០​គ្រួសារ ដែល​មិន​ព្រម​ចាក​ចេញ​តាម​ការ​បណ្ដេញ​ចេញ​របស់​អាជ្ញាធរ សុខ​ចិត្ត​ទ្រាំ​រស់​នៅ​ប្រជ្រៀត​គ្នា​ក្បែរ​គំនរ​សំរាម​ជិត​ដី​ចាស់។
ដោយ ជី វិតា
2014.01.03
បុរី​កីឡា ៨៥៥ តំណាង​អ្នក​បុរី​កីឡា អ្នកស្រី សេង គន្ធា ថ្លែង​ត្អូញត្អែរ​ពី​ការ​គំរាមកំហែង​ពី​សន្តិសុខ​ក្រុមហ៊ុន​ផានអ៊ីម៉ិច នៅ​ថ្ងៃ​២៥ មីនា ២០១៣។
Photo: RFA

ក្រុម​ពលរដ្ឋ​ដែល​មាន​ជំនឿ​មាំ​ថា ពួក​គេ​មាន​សិទ្ធិ​ស្រប​ច្បាប់ ដើម្បី​ទទួល​បាន​អគារ ២​ខ្នង​សាងសង់​ដោយ​ក្រុមហ៊ុន ផាន អ៊ីមិច តាម​កិច្ច​សន្យា​នោះ ប្រកាស​ថា​នឹង​ហ៊ាន​ប្ដូរ​ជីវិត​ដើម្បី​ការពារ​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន។ ចំណែក​ភាគី​ក្រុមហ៊ុន ផាន អ៊ីមិច ដែល​មាន​នាយក​រដ្ឋមន្ត្រី និង​អតីត​អភិបាល​ក្រុង​ភ្នំពេញ ជួយ​ពី​ក្រោយ​ខ្នង​អោយ​បំពាន​កិច្ច​សន្យា​នោះ ចោទ​ពលរដ្ឋ​បុរីកីឡា វិញ​ថា ជា​អ្នក​ខុស​ច្បាប់។

តើ​ភាគី​ក្រុមហ៊ុន ផាន អ៊ីមិច ឬ​ភាគី​ពលរដ្ឋ​ជា​អ្នក​បំពាន​ច្បាប់ ក្នុង​វិវាទ​ដីធ្លី​សហគមន៍​បុរីកីឡា?

ចូល​ដល់​ឆ្នាំ​ទី​២​ហើយ​ដែល​ពលរដ្ឋ​តំបន់​បុរីកីឡា ចំនួន​ជាង ១០០​គ្រួសារ ទ្រាំ​តស៊ូ​រស់​នៅ​ក្នុង​សភាព​ចង្អៀត​ណែន​ណាន់​តាន់​តាប់​ក្បែរ​គំនរ​សំរាម ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ក្លិន​ស្អុយ​អសោច​ក្បែរ​ទីតាំង​ដី​ចាស់​ដែល​ខ្លួន​ធ្លាប់​រស់​នៅ បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​បុរីកីឡា ក្រោម​ហេតុផល​ថា រស់​នៅ​ដោយ​ខុស​ច្បាប់។

ការ​អូស​បន្លាយ​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា រហូត​មក​ដល់​ពេល​នេះ ក៏​ដោយសារ​តែ​តុលាការ​មិន​ហ៊ាន​បើក​សវនាការ​កាត់​សេចក្តី​លើ​បណ្ដឹង​របស់​អ្នក​ភូមិ​បុរីកីឡា។ តុលាការ មិន​ហ៊ាន​កាត់​សេចក្តី​ដោះស្រាយ​រឿង​ក្តី​ដ៏​រសើប​មួយ​នេះ ក៏​ប្រហែល​ជា​ដោយសារ​តែ​សំណុំ​រឿង​មួយ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អ្នក​គាំទ្រ​ក្រុមហ៊ុន ផាន អ៊ីមិច អោយ​ប្រព្រឹត្ត​អំពើ​ដែល​គេ​ចាត់​ទុក​ថា​រំលោភ​ច្បាប់។

កិច្ច​សន្យា​សាងសង់​អគារ​រវាង​ក្រុមហ៊ុន ផាន អ៊ីម៉ិច និង​ពលរដ្ឋ​បុរីកីឡា ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០០៤ មាន​ស្នាម​ផ្ដិត​មេដៃ​របស់ អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីមិច និង​ស្នាម​ផ្ដិត​មេដៃ​តំណាង​សហគមន៍​បុរីកីឡា ចំនួន ១២​នាក់។ កាន់​តែ​រឹងមាំ​នៃ​ភាព​ស្រប​ច្បាប់​ទៅ​ទៀត​នោះ គឺ​កិច្ច​សន្យា​នេះ​ក៏​មាន​ស្នាម​មេដៃ លោក កែប ជុតិមា ដែល​ពេល​នោះ​ជា​អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​ជា​សាក្សី។ កិច្ច​សន្យា​និយាយ​ថា ក្រុមហ៊ុន ផាន អ៊ីម៉ិច ត្រូវ​សង់​អគារ​ចំនួន ១០​ខ្នង​អោយ​ទៅ​អ្នក​ភូមិ​បុរីកីឡា រស់​នៅ។ ជា​ថ្នូរ​នឹង​ការ​សាងសង់​នេះ ក្រុមហ៊ុន ផាន អ៊ីម៉ិច ទទួល​បាន​ដី​ទំហំ​ជាង ២​ហិកតារ​កន្លះ​ពី​រដ្ឋ សម្រាប់​សាងសង់​ផ្ទះ​ល្វែង​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដដែល​នោះ។

កិច្ច​សន្យា​មាន​កម្រាស់ ៤​ទំព័រ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​សរសេរ​ថា៖ «ក្រុមហ៊ុន ផាន អ៊ីមិច សាងសង់​អគារ​ចំនួន ១០​អគារ រួម​មាន​ជា​ល្វែង​ស្នាក់​នៅ​ជូន​ពលរដ្ឋ​សហគមន៍​បុរីកីឡា ចំនួន ១.៧៧៦​គ្រួសារ។ អគារ​ចំនួន ១០​អគារ មាន​កម្ពស់ ៦​ជាន់ សាងសង់​នៅ​លើ​ផ្ទៃ​ដី ២​ហិកតារ ស្ថិត​នៅ​ក្នុង​ទីតាំង​បុរីកីឡា ដូច​មាន​នៅ​ក្នុង​ប្លង់​ចែក​រំលែក​ដីធ្លី​របស់​មន្ទីរ​រៀប​ចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០០៣ ដែល​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​កិច្ច​សន្យា»

ដើម្បី​ធានា​នូវ​ការ​ប្ដេជ្ញា​ចិត្ត និង​ភាព​ប្រាកដ​ប្រជា​របស់​ក្រុមហ៊ុន កិច្ច​សន្យា​បញ្ជាក់​ទៀត​ថា ភាគី​ក្រុមហ៊ុន​ធានា​បញ្ចប់​ការ​សាងសង់​អោយ​បាន​ចប់​សព្វ​គ្រប់​ក្នុង​រយៈពេល ៣០​ខែ។ ក្នុង​ប្រការ​៤ នៃ​កិច្ច​សន្យា​ដាក់​កំហិត​ថា៖ «ករណី​ដែល​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​សាងសង់ ដែល​បណ្ដាល​មក​ពី​ភាគី "ខ" ឬ​ភាគី​ក្រុមហ៊ុន ក្រុមហ៊ុន ផាន អ៊ីមិច ត្រូវ​បង់​ប្រាក់​ពិន័យ​ជូន​ភាគី "ក" ឬ​សហគមន៍​បុរីកីឡា ចំនួន ១០​លាន​រៀល​ក្នុង​មួយ​ខែ»

បើ​ទោះ​ជា​កិច្ច​សន្យា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​កាតព្វកិច្ច​ផ្លូវ​ច្បាប់ ដែល​ក្រុមហ៊ុន​ត្រូវ​សង់​អោយ​បាន ១០​អគារ​ក៏ដោយ ប៉ុន្តែ​ក្រោយ​ពេល​សង់​បាន​តែ ៨​អគារ ក្រុមហ៊ុន ផាន អ៊ីម៉ិច បាន​ប្រកាស​ថា ខាត​បង់​ជាង ៣​លាន​ដុល្លារ​អាមេរិក នាំ​អោយ​មិន​អាច​សាងសង់ ២​ខ្នង​ទៀត​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា គ្មាន​ការ​ត្រួត​ពិនិត្យ​ណា​មួយ​សោះ​ឡើយ​ពី​សមត្ថកិច្ច​រដ្ឋ ឬ​តុលាការ ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុន​ពិត​ជា​មាន​ការ​ខាត​បង់​មែន​ឬ​ទេ។

ប្រការ​ដែល​ក្រុមហ៊ុន ផាន អ៊ីម៉ិច ប្រកាស​ថា មិន​អាច​សាងសង់​អគារ​ពីរ​ខ្នង​ទៀត ជូន​សហគមន៍​បុរីកីឡា បាន វា​ជា​ការ​បំពាន​កិច្ច​សន្យា​មួយ​រួច​ទៅ​ហើយ។ ប៉ុន្តែ​អ្វី​ដែល​អាច​ជា​ការ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​ក្រុមហ៊ុន​ដ៏​មាន​ខ្នង​បង្អែក​ក្រាស់​មួយ​នេះ បាន​ទាមទារ​យក​ដី​សម្រាប់​សង់​អគារ ២​ខ្នង​នោះ ជា​កម្មសិទ្ធិ​ខ្លួន​ថែម​ទៀត។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​ពលរដ្ឋ និង​អ្នក​សង្កេតការណ៍​កាន់​តែ​ភ្ញាក់​ផ្អើល និង​ស្លុត​ចិត្ត​នោះ គឺ​ការ​ទាមទារ​ទាំង​បំពាន​ច្បាប់​របស់​ក្រុមហ៊ុន ផាន អ៊ីមិច ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់​ព្រម។

ក្នុង​លិខិត​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១១ លោក កែប ជុតិមា ដែល​កាល​ណោះ​ជា​អភិបាល​ក្រុង​ភ្នំពេញ បាន​ផ្ញើ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​បាទ​សូម​គោរព​ជូន​សម្ដេច​នាយក​រដ្ឋមន្ត្រី មេត្តា​ជ្រាប​ថា ក្រុមហ៊ុន ផាន អ៊ីមិច ជា​ក្រុមហ៊ុន​ទី​១​ដែល​បាន​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​បាន​ជោគជ័យ នៅ​រាជធានី​ភ្នំពេញ។ ទោះ​បី​គ្រឿង​សម្ភារៈ​បរិក្ខារ​សំណង់​ឡើង​ថ្លៃ​ឥត​ឈប់ឈរ​លើស​ពី​ការ​កំណត់​តម្លៃ​ក្នុង​កិច្ច​សន្យា ស្រប​តាម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏ដោយ ក៏​ក្រុមហ៊ុន​នៅ​តែ​បន្ត​ពុះពារ​សាងសង់​បាន​ចំនួន ៨​អគារ គ្រប់​តម្រូវ​ការ​របស់​សហគមន៍។ តាម​យោបល់​របស់​ខ្ញុំ​បាទ​យល់​ឃើញ​ថា ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ដែល​បាន​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ល្អ​ប្រសើរ​នោះ គួរ​ប្រគល់​ទីតាំង​សម្រាប់​សាងសង់​អគារ​ទី​៩ និង​ទី​១០ បួន​ពាន់​បី​រយ​ម៉ែត្រ​ការ៉េ (៤.៣០០) ជូន​ក្រុមហ៊ុន ផាន អ៊ីមិច ធ្វើ​ការ​អភិវឌ្ឍ​ផ្សេងៗ។ សេចក្តី​ដូច​បាន​គោរព​ជម្រាប​ជូន​ខាង​លើ សូម​សម្ដេច​នាយក​រដ្ឋមន្ត្រី មេត្តា​ជ្រាប និង​សុំ​មតិ​ណែនាំ​ដោយ​អនុគ្រោះ។ ហត្ថលេខា និង​ត្រា អភិបាល​រាជធានី​ភ្នំពេញ កែប ជុតិមា»

ហើយ​នៅ​ខាង​ស្តាំ​ដៃ​ក្រោម​ទំព័រ គេ​ឃើញ​មាន​ចំណារ និង​ហត្ថលេខា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឯកភាព​តាម​ការ​ចង់​បាន​របស់ លោក កែប ជុតិមា មាន​ខ្លឹមសារ​យ៉ាង​ខ្លី​ថា៖ «យល់​ព្រម​តាម​សំណើ ដោយ​ចុះ​កាល​បរិច្ឆេទ​ក្នុង​ថ្ងៃ​ដដែល គឺ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១១»

ក្នុង​លិខិត​របស់ លោក កែប ជុតិមា ដាក់​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​បញ្ហា​២​ចំណុច​យ៉ាង​តិច។ ចំណុច​ទី​១ គឺ​លោក កែប ជុតិមា ចេញ​មុខ​ការពារ​ក្រុមហ៊ុន ផាន អ៊ីមិច ដោយ​អះអាង​ថា សម្ភារៈ​សំណង់​ឡើង​ថ្លៃ ដូច្នេះ​អាច​សង់​បាន​តែ ៨​អគារ​ប៉ុណ្ណោះ។ ក្នុង​កិច្ច​សន្យា​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​បុរីកីឡា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន​ត្រូវ​សង់ ១០​អគារ។ កិច្ច​សន្យា​មិន​បាន​និយាយ​អំពី​ថា ប្រសិន​បើ​សម្ភារៈ​សំណង់​ឡើង​ថ្លៃ ត្រូវ​សង់​ត្រឹម​តែ ៨​អគារ​នោះ​ទេ។ បញ្ហា​ទី​២ គឺ​ប្រហែល​ជា លោក កែប ជុតិមា ឃុបឃិត​ជាមួយ​ក្រុមហ៊ុន ផាន អ៊ីមិច និយាយ​កុហក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​អតីត​អភិបាល​ក្រុង​ភ្នំពេញ​រូប​នេះ សរសេរ​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ថា ចំនួន​ត្រឹម ៨​អគារ ដែល​ក្រុមហ៊ុន ផាន អ៊ីមិច បាន​សាងសង់​រួច​នោះ គឺ​គ្រប់​តម្រូវ​ការ​របស់​សហគមន៍។

គេ​អាច​លើក​សំណួរ​មួយ​យ៉ាង​សាមញ្ញ​ថា ប្រសិន​បើ​សហគមន៍​បុរីកីឡា ត្រូវ​ការ​ត្រឹម​តែ ៨​អគារ​ប៉ុណ្ណោះ ហេតុ​អ្វី​បាន​ជា​កម្លាំង​អាជ្ញាធរ​របស់ លោក កែប ជុតិមា ចាំបាច់​ត្រូវ​ចាប់​បង្ខំ​ដឹក​ពលរដ្ឋ​សហគមន៍​បុរីកីឡា រាប់​រយ​គ្រួសារ​អោយ​ទៅ​នៅ​ទី​កន្លែង​ផ្សេង? មិន​តែ​ប៉ុណ្ណោះ ក៏​នៅ​សល់​អ្នក​ស៊ូ​ស្លាប់​មិន​ព្រម​ចេញ​ចំនួន​ជាង ១០០​គ្រួសារ ស្មើ​នឹង​ជាង ៥០០​នាក់​ទៀត ដែល​កំពុង​រស់​នៅ​ក្បែរ​ទី​កន្លែង​ចាស់​របស់​ពួក​គាត់។

លើស​ពី​នេះ​ទៀត ខ្លឹមសារ​ក្នុង​លិខិត​មួយ​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០០៤ ស្ដីពី​ការ​អភិវឌ្ឍ​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​បុរីកីឡា ចំនួន ១.៧៧៦​គ្រួសារ គឺ​ជិត ២​ពាន់​គ្រួសារ ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក កែប ជុតិមា បាន​រៀប​រាប់​យ៉ាង​លម្អិត​អំពី​ការ​សិក្សា​វាស់វែង​ប្លង់​ដោយ​អ្នក​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​យ៉ាង​ហ្មត់ចត់ ដែល​ចេញ​ជា​លទ្ធផល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បុរីកីឡា ចំនួន ១.៧៧៦​គ្រួសារ ត្រូវ​ការ​អគារ​ចំនួន ១០ ដែល​ត្រូវ​សង់​ដោយ​ក្រុមហ៊ុន ផាន អ៊ីមិច។

ដូច្នេះ ការ​សាងសង់​តែ ៨​អគារ ហើយ​ប្រើ​ហិង្សា​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ទីតាំង​ដី​សម្រាប់​អគារ​២ ទៀត​នោះ គឺ​ផ្ទុយ​ពី​ការ​សិក្សា​របស់ លោក កែប ជុតិមា ខ្លួន​ឯង​ផង និង​បំពាន​ច្បាប់​ផង ហាក់​ដូច​ជា​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន ដើម្បី​យក​ដី​ដ៏​មាន​តម្លៃ​នៅ​កណ្ដាល​រាជធានី ដែល​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​សហគមន៍​បុរីកីឡា។

យោង​តាម​ក្រម​រដ្ឋប្បវេណី រដ្ឋាភិបាល ឬ​ភ្នាក់ងារ​រដ្ឋាភិបាល មិន​មាន​សិទ្ធិ​អំណាច​លូក​ដៃ​ចូល​ជ្រៀត​ជ្រែក​ក្នុង​ជម្លោះ​ដែល​កើត​ចេញ​ពី​ទំនាស់​កិច្ច​សន្យា​រវាង​ភាគី​ពលរដ្ឋ​ឡើយ មាន​តែ​តុលាការ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​សម្រេច​ថា ភាគី​ណា​ត្រូវ ឬ​ខុស។

វា​កាន់​តែ​ច្បាស់​ទៅ​ទៀត​នោះ ក្នុង​កិច្ច​សន្យា​សាងសង់​អគារ ១០​ខ្នង​រវាង​ក្រុមហ៊ុន ផាន អ៊ីម៉ិច និង​ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា ត្រង់​ប្រការ​៦ ស្ដីពី​ករណី​វិវាទ​បាន​បញ្ជាក់​ថា៖ «រាល់​ការ​វិវាទ​ដែល​កើត​ក្នុង​រយៈពេល​អនុវត្ត​កិច្ច​សន្យា ភាគី​ទាំង​ពីរ​នឹង​សម្រុះសម្រួល ពិភាក្សា​ដោយ​សន្តិវិធី។ ករណី​មិន​មាន​ការ​ឯកភាព​គ្នា ត្រូវ​កសាង​សំណុំ​រឿង​ជូន​តុលាការ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»

ប៉ុន្តែ ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច លោកស្រី ស៊ុយ សុផាន ដែល​ស្និទ្ធ​នឹង​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ទៅ​រក​តុលាការ​ទេ បែរ​ជា​ទៅ​រក​លោក​នាយក​រដ្ឋមន្ត្រី។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​សម្រេច​យល់​ព្រម​តាម​សំណើ​ដែល​បំពាន​ច្បាប់​នោះ។ បន្ទាប់​មក ព្រឹត្តិការណ៍​ហិង្សា​បាន​ប្រើ​គ្រឿងចក្រ​អម​ដោយ​កម្លាំង​ប្រដាប់​អាវុធ ឈូស​កម្ទេច​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​បុរីកីឡា រាប​ដល់​ដី​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ដើម្បី​បង្ខំ​អោយ​ពួក​គេ​ចាក​ចេញ​ដោយ​គ្មាន​ដីកា​ពី​តុលាការ។ ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ ក៏​បាន​ផ្ទុះ​ឡើង​នា​ពេល​នោះ។ ប៉ុន្តែ ពលរដ្ឋ​ភាគ​ច្រើន​ត្រូវ​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ដោយ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ដឹក​ទៅ​អោយ​រស់​នៅ​ទួល​សំបូរ និង​ភ្នំ​បាត ក្បែរ​ភ្នំ​ឧត្តុង្គ ជា​ទីកន្លែង​គ្មាន​ការងារ​ធ្វើ និង​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​រស់​នៅ​សមរម្យ។

ប៉ុន្តែ ពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ មិន​ព្រម​ចាក​ចេញ ស៊ូ​ខាំ​ស្មៅ​ទ្រាំ​រស់​នៅ​ក្បែរ​ដី​ចាស់ ក្រោម​បរិយាកាស​ខ្វះ​អនាម័យ​ធ្ងន់ធ្ងរ រហូត​មក​ដល់​សព្វថ្ងៃ ដើម្បី​បន្ត​ទាមទារ​អគារ ២​ខ្នង​ទៀត ដូច​មាន​ក្នុង​កិច្ច​សន្យា។ អ្នក​ខ្លះ​ប្ដេជ្ញា​ស៊ូ​ស្លាប់​នៅ​ទីនោះ ប្រសិន​បើ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ចាប់​បង្ខំ​អោយ​ពួក​គេ​ចាក​ចេញ។

ស៊ូ​ទ្រាំ​រស់​ក្នុង​លក្ខខណ្ឌ​បែប​នេះ ក៏​ព្រោះ​តែ​ពលរដ្ឋ​អ្នក​បុរីកីឡា ទាំង​នេះ នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា យុត្តិធម៌​ពិត​ជា​កើត​មាន​នៅ​ថ្ងៃ​ណា​មួយ។ ប៉ុន្តែ ពួក​គេ​ក៏​មិន​ដេក​រង់ចាំ​ភ័ព្វ​សំណាង ឬ​ចាំ​ទេវតា​ចុះ​ពី​លើ​មេឃ​មក​ជួយ​ពួក​គេ​ទេ។ ក្រៅ​តែ​ពី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដែល​មិន​ឃើញ​ចាត់​ការ​សោះ​នោះ គេ​ឃើញ​ប្រជាពលរដ្ឋ​ទាំង​នេះ​ជា​ញឹកញាប់​ចេញ​ដើរ​ចេញ​សម្ដែង​មតិ តវ៉ា​តាម​ទីកន្លែង​នានា ជួប​អ្នក​សារព័ត៌មាន ហែ​ក្បួន​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ តាម​ស្ថានទូត​បរទេស និង​អំពាវនាវ​សុំ​អោយ​ព្រះមហាក្សត្រ​អោយ​ជួយ ប៉ុន្តែ​គ្មាន​ប្រយោជន៍ គ្មាន​លទ្ធផល​ផ្លែផ្កា​អ្វី​ទាំងអស់​ក្នុង​រយៈ​កាល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។

គ្មាន​ជម្រើស​ផ្សេង​ទៀត​ទេ នៅ​ពេល​ក្តី​សង្ឃឹម​កាន់​តែ​រួម​តូច​នោះ ពលរដ្ឋ​សហគមន៍​បុរីកីឡា ទាំង​នេះ​ក៏​តែង​តែ​ហែ​ក្បួន​ទៅ​សុំ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ បើ​ទោះ​ជា​ដឹង​ច្បាស់​ថា ពួក​គេ​ហាក់​ដូច​ជា​កំពុង​តែ​ទៅ​សុំ​ភ្លើង​យក្ស​ក៏ដោយ​ចុះ។ ហាក់​ដូច​ជា​ទៅ​សុំ​ភ្លើង​យក្ស ក៏​ព្រោះ​តែ​គ្មាន​លទ្ធផល ហើយ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ឯង ជា​អ្នក​ធ្វើ​អោយ​ពួក​គេ​ជួប​គ្រោះ​លំបាក​ក្នុង​រយៈ​ពីរ​ឆ្នាំ​មក​នេះ បន្ទាប់​ពី​លោក​យល់​ព្រម​អនុញ្ញាត​អោយ​ក្រុមហ៊ុន ផាន អ៊ីមិច សាងសង់​តែ ៨​អគារ និង​បណ្ដេញ​ពួក​គេ​ចេញ ដែល​ជា​ការ​រំលោភ​កិច្ច​សន្យា​ផង និង​រំលោភ​ក្រម​រដ្ឋប្បវេណី​ផង។

ដោយ​មិន​អាច​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ច្បាប់ និង​មនុស្ស​លោក​គ្នា​ឯង​បាន ពួក​អ្នក​ស្រុក​ដែល​មាន​កំហឹង​ក្នុង​ដើម​ទ្រូង​ទាំង​នេះ បាន​ងាក​ទៅ​ពឹងពាក់​ខ្មោច​ព្រាយ​បិសាច​វិញ​ម្តង។ ពួក​គេ​បាន​បន់​ស្រន់​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​មាន​ឫទ្ធានុភាព អោយ​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គេ។ ទន្ទឹម​គ្នា​នោះ ក៏​បាន​រៀប​ចំ​ពិធី​គួរ​អោយ​ព្រឺព្រួច​បែប​អប្បិយជំនឿ ដាក់​បណ្ដាសា​ដល់​មន្ត្រី​តុលាការ និង​ជន​ទាំង​ឡាយ​ណា​ដែល​ពុក​រលួយ ធ្វើ​បាប​រាស្ត្រ អោយ​ជួប​ប្រទះ​តែ​គ្រោះ​មហន្តរាយ​ដល់​ខ្លួន និង​ក្រុម​គ្រួសារ កើត​ជាតិ​ណាៗ​អោយ​រង​ទុក្ខ​វេទនា​អស់​មួយ​ជីវិត។

និយាយ​អំពី លោក កែប ជុតិមា ដែល​ជា​តួអង្គ​សំខាន់​ម្នាក់​ក្នុង​ការ​បង្កើត​អោយ​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ឡើង​វិញ​ម្តង។ អតីត​អភិបាល​ក្រុង​ភ្នំពេញ​រូប​នេះ បាន​ដើរ​តួ​ជា​ឈ្មួញ​កណ្ដាល​សុំ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់​ព្រម​តាម​សំណើ​របស់​ប្រធាន​ក្រុមហ៊ុន ផាន អ៊ីមិច ដែល​បាន​ស្នើសុំ​សង់​ត្រឹម​តែ ៨​អគារ ហើយ​ទម្លាក់​ចោល​ការ​សាងសង់​ពីរ​អគារ​ទៀត។ ក្នុង​ន័យ​នេះ លោក កែប ជុតិមា បាន​ជួយ​ក្រុមហ៊ុន​រឹប​អូស​យក​ដី​សម្រាប់​សង់ ២​អគារ​នោះ​ពី​ពលរដ្ឋ។ បន្ទាប់​មក ក្រោយ​ពី​ឃើញ​បាតុកម្ម​តវ៉ា​របស់​អ្នក​ភូមិ​បុរីកីឡា កាន់​តែ​ខ្លាំង លោក កែប ជុតិមា បែរ​ជា​ចោទ​ថា ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា បាន​ក្លាយ​ជា​រឿង​នយោបាយ​ទៅ​វិញ។ នេះ​ប្រហែល​ជា​ដូច​ពាក្យ​ស្លោក​ខ្មែរ​ពោល​ថា «ឆ្កែ​ស៊ី​បាយ​លាប​មាត់​ពពែ» ឬ «ចោរ​រួច​ខ្លួន​ម្ចាស់​ជាប់​គុក» ដូច្នេះ​ដែរ។

ចំណែក​អភិបាល​ក្រុង​ភ្នំពេញ​ថ្មី លោក ប៉ា សុជាតិវង្ស វិញ បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែង​ជំនួស លោក កែប ជុតិមា លោក​ហាក់​ដូច​ជា​ផ្តល់​ក្តី​សង្ឃឹម​ខ្លះ​ដល់​សហគមន៍​បុរីកីឡា និង​បឹងកក់។ លោក​បាន​ប្រកាស​ថា នឹង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​ទាំង​ពីរ​នេះ ដោយ​លែង​អោយ​មាន​នៅ​លើ​ទំព័រ​កាសែត​ត​ទៅ​ទៀត។ លើស​ពី​នេះ​ទៀត ប្រហែល​ជា​លោក​មាន​ចិត្ត​ចង់​ជួយ​លុបលាង​កំហុស ឬ​បាបកម្ម​ខ្លះ​របស់ លោក កែប ជុតិមា ដែល​ជា​អតីត​មេ​កើយ​របស់​លោក​ផង ទើប​ក្រោយ​ការ​បោះ​ឆ្នោត​សភា​ជាតិ​ឆ្នាំ​២០១៣ លោក ប៉ា សុជាតិវង្ស បាន​យក​ស្បៀង មាន​អង្ករ និង​មី​កញ្ចប់​ខ្លះ ទៅ​ចែក​ជូន​ពលរដ្ឋ​សហគមន៍​បុរីកីឡា ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​លំបាក​លំបិន ខ្វះ​ការ​ហូប​ចុក ដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​ដល់​អ្នក​បុរីកីឡា។

ទោះ​ជា​យ៉ាង​ណា ទាំង​ក្រុម​អ្នក​ច្បាប់ និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស ដែល​បាន​តាម​ដាន​បញ្ហា​នេះ​សុទ្ធ​តែ​អះអាង​ថា វិវាទ​នេះ គឺ​ជា​ជម្លោះ​ទាក់ទង​នឹង​ផ្លូវ​ច្បាប់ មិន​មែន​ជា​រឿង​នយោបាយ​ស្អី​ទេ ហើយ​ភាគី​ពលរដ្ឋ​សហគមន៍​បុរីកីឡា គឺ​ជា​អ្នក​មាន​ប្រៀប​ស្រប​ច្បាប់​ក្នុង​ជម្លោះ​នេះ គឺ​ដោយសារ​តែ​ពួក​គេ​មាន​ភស្តុតាង​ផ្លូវ​ច្បាប់​យ៉ាង​រឹងមាំ។ ប្រហែល​ជា​ដោយសារ​តែ​ហេតុផល​នេះ​ហើយ ទើប​ពីរ​ឆ្នាំ​កន្លង​មក​នេះ តុលាការ​ដែល​មាន​កាតព្វកិច្ច​ផ្តល់​យុត្តិធម៌​មិន​រើស​មុខ បែរ​ជា​មិន​ហ៊ាន​បើក​សវនាការ​ចាត់​ការ​បណ្ដឹង​របស់​ពលរដ្ឋ​សហគមន៍​បុរីកីឡា ទាល់​តែ​សោះ។ ការ​មិន​ចាត់​ការ​លើ​ពាក្យ​បណ្ដឹង​របស់​រាស្ត្រ​បែប​នេះ ក៏​កាន់​តែ​បញ្ជាក់​ច្បាស់​ថា តុលាការ​លម្អៀង និង​បំពាន​នីតិវិធី​តុលាការ​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ក្រុមហ៊ុន ផាន អ៊ីមិច ដាក់​ពាក្យ​បណ្ដឹង​មក​ម្តងៗ តុលាការ​តែង​តែ​ចាត់​ការ​យ៉ាង​ប្រញាប់ប្រញាល់ ហាក់​ដូច​ជា​ខ្លាច​ផង ដើម្បី​ផ្គាប់ផ្គុន​ម្ចាស់​ក្រុមហ៊ុន​ផង និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង។

ចំណែក​អ្នក​ភូមិ​បុរីកីឡា ជាង ១០០​គ្រួសារ ស្មើ​នឹង​ជាង ៥០០​នាក់ ដែល​ក្រីក្រ​គ្មាន​អំណាច និង​មាន​អ្នក​ខ្លះ​ជា​មន្ត្រី​រាជការ ប៉ូលិស ទាហាន​ផង​នោះ កំពុង​រស់​នៅ​ប្រជ្រៀត​គ្នា​ក្បែរ​គំនរ​សំរាម​ក្បែរ​ដី​ចាស់ ដែល​មាន​ជម្លោះ​បន្ត​ទៀត រង់ចាំ​ក្រែង​តុលាការ​ភ្ញាក់​ខ្លួន​ហ៊ាន​ក្រោក​ឈរ​រក​យុត្តិធម៌​ជូន​ពួក​គេ។

រីឯ​សហគមន៍​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​តំណាង​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ផង បាន​ថ្កោលទោស​ថា ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បន្ត​រង់ចាំ​មើល​ចំណាត់​ការ​របស់ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ថ្មី ដោយ​យក​ចិត្ត​ទុក​ដាក់។

លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ បដិសេធ​មិន​ធ្វើ​អត្ថាធិបាយ​ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា ទេ ដោយ​លោក​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី អោយ​សាកសួរ​បញ្ហា​នេះ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី គឺ​លោក ប៉ា សុជាតិវង្ស វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។