បទ​វិភាគ៖ តើ​ពេល​ណា​ទើប​ពលរដ្ឋ​ទុក​ចិត្ត​ប្រព័ន្ធ​តុលាការ​កម្ពុជា?

ដោយ វណ្ណ វិចារ
2014-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្បួន​ដង្ហែ​របស់​បណ្ដាញ​សហគមន៍​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣។
ក្បួន​ដង្ហែ​របស់​បណ្ដាញ​សហគមន៍​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Van Vichar

ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​តែ​ជ្រើសរើស​ការ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ ដាក់​ញត្តិ​តាម​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​នានា ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​ពួកគាត់។ ការ​ហែ​ក្បួន​ធ្វើ​បាតុកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់ពី​បណ្ដឹង​របស់​ពួកគាត់​មិន​ត្រូវ​បាន​តុលាការ​ចាត់ការ។

ប្រជាពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ថា តុលាការ​កម្ពុជា មិន​អាច​រក​យុត្តិធម៌​ជូន​ពួកគាត់​បាន​ឡើយ ហើយ​ពួកគាត់​ក៏​មិន​ទុកចិត្ត​លើ​តុលាការ​នោះ​ដែរ។ តើ​ពេល​ណា​ទៅ​ទើប​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទុក​ចិត្ត​ថា តុលាការ​អាច​រក​យុត្តិធម៌​ជូន​ពួកគាត់​បាន?

បើ​និយាយ​ថា ពលរដ្ឋ​នឹង​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​បាន​នៅ​ពេល​ណា​នោះ យើង​ត្រូវ​សួរ​ថា តើ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ណា​សិន? នៅ​ពេល​ដែល​ច្បាប់​ចែង​ឡើង​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ហើយ ពលរដ្ឋ​ក៏​ចាប់​ផ្ដើម​ទុកចិត្ត​លើ​ច្បាប់​នោះ​ដែរ។ អ្នក​រង​នូវ​អំពើ​អយុត្តិធម៌​នឹង​ហ៊ាន​ប្ដឹង​ទៅ​តុលាការ។ មន្ត្រី​ពុករលួយ​នឹង​ខ្លាច​ច្បាប់​រហូត​ដល់​ជនល្មើស​មួយ​ចំនួន​ក៏​ហ៊ាន​សារភាព​ទទួល​កំហុស និង​កែខ្លួន​សា​ជា​ថ្មី​ផង​ក៏​មាន។

ប្រជាពលរដ្ឋ​អាច​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ ដ៏​រាប​ណា​តុលាការ​កាត់​ក្តី​យុត្តិធម៌។ បាន​ន័យ​ថា បើ​គាត់​ត្រូវ គាត់​នឹង​ឈ្នះ​ក្តី បើ​ពលរដ្ឋ​ណា​ខុស អ្នក​នោះ​នឹង​ជាប់​ទោស។ អ្នក​ក្រ​ក៏​មាន​ទោស អ្នក​មាន​ក៏​មិន​រួច​ខ្លួន អ្នកធំ​អ្នក​តូច​ដែល​ល្មើស​នឹង​ច្បាប់​ក្បួន ក៏​ត្រូវតែ​ទទួល​ទោសទណ្ឌ​ដូចៗ​គ្នា។

ពលរដ្ឋ​អាច​ទទួល​បាន​យុត្តិធម៌ ឬ​មិន​បាន​នោះ វា​អាស្រ័យ​នៅ​លើ​សមត្ថភាព និង​លទ្ធភាព​បំពេញ​ការងារ​របស់​ស្ថាប័ន​យុត្តិធម៌។ សមត្ថភាព​ស្ថាប័ន​តុលាការ​មិន​ចោទ​ជា​បញ្ហា​នោះ​ឡើយ ព្រោះ​ទាំង​ចៅក្រម ព្រះរាជអាជ្ញា និង​មេធាវី​សុទ្ធតែ​បាន​រៀន​សូត្រ​ជ្រៅជ្រះ។ រីឯ​លទ្ធភាព​បំពេញ​ការងារ​ដោយ​ឯករាជ្យ​វិញ​នោះ ទំនង​ជា​មិន​ទាន់​មាន​ឡើយ។ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​កែ​លំអ​បញ្ហា​នានា ដែល​ជា​កត្តា​រារាំង​លទ្ធភាព​បំពេញ​ការងារ​របស់​ស្ថាប័ន​យុត្តិធម៌។ សព្វថ្ងៃ​មន្ត្រី​ធំៗ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​អំណាច​ត្រួតត្រា​លើ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​តាម​រយៈ​ខ្សែ​បណ្ដោយ​បក្ស។ បើ​បក្ស​គិត​ថា ខាត​ប្រយោជន៍​រួម ឬ​ប៉ះពាល់​ដល់​កិត្តិយស​មេៗ​នោះ ចៅក្រម ឬ​ព្រះរាជអាជ្ញា​ទាំង​នោះ ក៏​ប្រហែល​ជា​ត្រូវ​បើកភ្នែក​ម្ខាង​បិទ​ភ្នែក​ម្ខាង​ដែរ ដូចជា​ករណី​បាញ់​ប្រហារ​កម្មករ​នៅ​បាវិត ដែល​បង្ក​ឡើង​ដោយ​អតីត​អភិបាល​ក្រុង លោក ឈូក បណ្ឌិត ដែល​គេ​ជឿ​ថា មាន​ខ្នង​ធំ​នៅ​ពី​ក្រោយ​នោះ​ជា​ឧទាហរណ៍​ស្រាប់។

អ្នក​ចេះ​ច្បាប់ អ្នក​បាន​រៀន​ច្បាប់ សូម្បី​តែ​អ្នក​ស្ដាប់​វិទ្យុ ក៏​អស់​សំណើច​នឹង​បទ​ចោទ​ដែល​តុលាការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ដែរ។ លោក ឈូក បណ្ឌិត ដែល​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ​នោះ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ឬ​បាន​ន័យ​ថា លោក​មិន​មាន​បំណង​បាញ់រះ​ទៅ​លើ​កម្មករ​រោងចក្រ​ដែល​កំពុង​តវ៉ា​នោះ​ទេ។

សំណួរ​សួរ​ថា បើ​មិន​មាន​បំណង​បាញ់​ហេតុ​អ្វី​លោក​ដក​កាំភ្លើង​ចេញ​ពី​ចង្កេះ? ហេតុ​អ្វី​លោក​កេះកៃ? លោក​ធ្វើ​ដល់​ទៅ​អភិបាល​ក្រុង ឬ​មួយ​មិន​ដឹង​គ្រាប់​កាំភ្លើង​បាញ់​ចេញ​ទៅ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ទេ ឬ​យ៉ាង​ម៉េច? សំណួរ​ទាំង​នេះ​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​សួរ និង​វិភាគ​អស់​ទៅ​ហើយ​ក្នុង​អង្គ​សវនាការ​តាំង​ពី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង រហូត​ដល់​សាលាឧទ្ធរណ៍។ តែ​អ្នក​ដែល​សម្រេច គឺ​ចៅក្រម​ដែល​មាន​អំណាច​ពិសេស ឬ​ឆន្ទានុសិទ្ធិ​នោះ​ឯង។

ក្រៅ​ពី​នោះ នៅ​មាន​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ជា​ច្រើន​ទៀត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា យក​តុលាការ​ដើម្បី​ចាត់ការ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល។ លោក សម រង្ស៉ី ត្រូវ​តុលាការ​កាត់​ក្តី​ឲ្យ​ជាប់​គុក​ជាង ១០​ឆ្នាំ ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន។ តែ​លោក​ត្រូវ​រួច​ខ្លួន​វិញ​តែមួយ​ប៉ប្រិច​ភ្នែក បន្ទាប់​ពី​សរសេរ​លិខិត​រំលែក​ទុក្ខ​ជូន​លោក ហ៊ុន សែន នៅ​ពេល​ដែល​បិតា​លោក ហ៊ុន សែន គឺ​លោក​តា ហ៊ុន នាង ទទួល​អនិច្ចកម្ម។

តំណាងរាស្ត្រ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​៨​នាក់ ត្រូវ​ជាប់​គុក​នៅ​ពេល​ដែល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ក្បែរ​ស្ពាន​នាគ ជិត​វត្ត​ភ្នំ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ដែល​គណបក្ស​ទាំង​ពីរ​ចរចា​ត្រូវរ៉ូវ​គ្នា។ បើ​រឿង​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ឯកជន​របស់​មន្ត្រី​រដ្ឋាភិបាល​វិញ រឿង​នោះ​ត្រូវ​គេ​ចាត់ការ​ភ្លាម​តាម​អ្វី​ដែល​គេ​ហៅ​ថា នីតិវិធី បើ​ទុក​ជា​រឿង​នោះ​ផ្ដល់​ផលប្រយោជន៍​ជូន​ជាតិ​ក៏​ដោយ​ចុះ។

លោក មឿង សុន ត្រូវ​គេ​កាត់​ទោស​អោយ​ជាប់​គុក ២​ឆ្នាំ ពី​ការ​ដែល​លោក​រិះគន់​រដ្ឋាភិបាល​ក្នុង​ការ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ចិន​មួយ ដាក់​ភ្លើង​នៅ​អង្គរវត្ត។ ក្រុមហ៊ុន​ចិន​នោះ​ត្រូវ​គេ​ដឹង​ថា មាន​ការ​រក​ស៊ី​ចូល​ហ៊ុន​ពី​សំណាក់​សាច់ញាតិ​អ្នក​ធំ​ម្នាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ចំពោះ​រឿង​ក្ដី​របស់​ពលរដ្ឋ​ទូទៅ​វិញ អ្នក​ណា​មាន​ប្រាក់​ច្រើន​ជាង​ជា​អ្នក​មាន​ប្រៀប ហើយ​អស់​លុយ​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ។ មន្ត្រី​បក្ស​ប្រឆាំង​ធ្លាប់​បរិយាយ​ថា តុលាការ​កម្ពុជា ប្រៀប​ដូចជា​ផ្សារ​ត្រី ចង់​បាន​ឈ្នះ​ក្តី​អាស្រ័យ​លើ​ការ​តថ្លៃ​តែប៉ុណ្ណោះ។ នៅ​ស្រុក​ខ្មែរ តុលាការ​ពេញ​និយម​ណាស់​ខាង​ឃុំ​ជនសង្ស័យ​បណ្ដោះអាសន្ន​តាម​ស្ថាន​ទម្ងន់​ទោស​ដែល​ត្រូវ​ចោទ​ប្រកាន់។ ក្នុង​រយៈពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ ជា​រយៈ​ពេល​ដែល​សាច់ញាតិ​បងប្អូន​ម៉ែ​ឪ​រត់​រក​អន្តរាគមន៍​នានា ដើម្បី​រំដោះ​អ្នក​នោះ​ចេញ​ពី​ឃុំ និង​ជា​រយៈ​ពេល​ដែល​មន្ត្រី​តុលាការ​ខិលខូច​ខ្លះ អាច​មាន​ឱកាស​រក​លុយ​ចាយ​បាន​ដែរ។

បើ​រៀបរាប់​ពី​សំណុំរឿង​ដែល​ធ្វើ​ឲ្យ​សាធារណជន​បាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ ទោះ​បី​ចំណាយ​ពេល​មួយ​កំណាត់​ថ្ងៃ​ក៏​នៅ​មិន​ទាន់​អស់​ឡើយ។

របាយការណ៍​សង្គម​ស៊ីវិល​បង្ហាញ​ថា រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ប្រមាណ ៥០០​នាក់ ត្រូវ​រត់​ចោល​ស្រុក និង​ត្រូវ​ជាប់​គុក​ដោយសារ​ឈ្មួញ​អ្នក​មាន​លុយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី។

ផ្អែកលើ​ប្រព័ន្ធ​យុត្តិធម៌​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ងាក​ទៅ​ប្រើ​ប្រាស់​តុលាការ​មហាជន​ដើម្បី​ដោះស្រាយ​បញ្ហា។ នៅ​ពេល​ដែល​ចាប់​បាន​ចោរ​លួច ចោរ​ឆក់​កំប៉ិកកំប៉ុក​ម្តងៗ ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ព្រួត​វាយ​ម្នាក់ ១​ដៃ ១​ជើង ឡើង​ទ្រោម​ខ្លួន បើ​ប៉ូលិស​ទៅ​មិន​ទាន់​ជនសង្ស័យ​ទាំង​នោះ​នឹង​ស្លាប់​ជា​មិន​ខាន។ អ្នក​វាយ​គេ​ទាំង​នោះ​យក​លេស​ថា បើ​ទុក​ឲ្យ​ប៉ូលិស​ចាប់​ចោរ​យក​ទៅ​មិន​យូរ​ប៉ុន្មាន ចោរ​នោះ​នឹង​ត្រូវ​រួច​ខ្លួន​ព្រោះ​តែ​អំណាច​លុយ។ ម្យ៉ាងទៀត អ្នក​ដែល​វាយ​គេ​ទាំង​នោះ មិន​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ឬ​រករឿង​នោះ​ទេ ហើយ​បើ​ចង់​ចាប់​ក៏​មិន​ដឹង​ចាប់​នរណា​ដែរ ព្រោះ​មិន​ដឹង​ច្បាស់​អ្នក​ណា​វាយ​ខ្លះ​ផង។ ហេតុ​នេះ​ជីវិត​ចោរ​តូចតាច​នោះ​មាន​អី​អស្ចារ្យ បើ​ស្លាប់​ម្នាក់​ពីរ​ក៏​មិន​ជា​ស្អី​នោះ​ដែរ។

ឧទាហរណ៍​ថា មាន​មនុស្ស​ម្នាក់​ដើរ​នៅ​ផ្សារ​សុខៗ ស្រាប់​តែ​មាន​គេ​ច្រឡំ​មក​ស្រែក​ថា ចោរៗ​នោះ វាសនា​អ្នក​នោះ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ? គេ​មិន​អាច​ស្មាន​បាន​ទេ​ថា អ្នក​ដែល​គេ​ច្រឡំ​នោះ​ជា​អ្នក​ណា ជួនកាល​គេ​អាច​ជា​សែ​រាជវង្ស ជា​កូន​ឯកឧត្ដម​អស់​លោក​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​ជា​កូនចៅ​តុលាការ​ផង​ក៏​អាច​ថា​បាន។ បើ​ទោះ​ជា​គេ​ម្នាក់​នោះ​ជា​អ្នក​ណា​ក៏ដោយ គេ​ក៏​ត្រូវ​តែ​រត់​គេច​ខ្លួន​យក​ប្រាស់​អាយុ​សិន​ហើយ បាន​រួច​ខ្លួន​បាន ព្រោះ​ថា បើ​យឺត​តែ​បន្តិច​ច្បាស់​ជា​សន្លប់​ធំ​ហើយ។ សូម្បី​តែ​លោក ជាម យៀប ដែល​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​អំណាច និង​ជា​អ្នក​បង្កើត​ច្បាប់​មួយ​ទាំង​មូល ពេល​ឡាន​របស់​លោក​បុក​គេ របួស​ធ្ងន់​រហូត​ដល់​ស្លាប់ លោក​ក៏​ត្រូវ​រត់​គេច​ខ្លួន​មួយ​គ្រា​សិន​ដែរ។ ពេល​ក្រោយ​មក​ទៀត លោក​គ្រាន់តែ​បង់​លុយ​ឲ្យ​គ្រួសារ​អ្នក​ស្លាប់​ខ្លះ​ទៅ វា​ចប់​រឿង​បាត់​ទៅ​ហើយ។ សំណុំរឿង​ឡាន​បុក​មនុស្ស​ស្លាប់​នោះ​ក៏​មិនទាន់​ដឹង​តុលាការ​នឹង​លើក​យក​មក​ជម្រះ​ពេល​ណា​នោះ​ដែរ។

រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​សាមសិប​ឆ្នាំ និង​ចាយ​លុយ​ជាតិ​អស់​រាប់ពាន់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំៗ​នេះ នៅ​តែ​មិន​ទាន់​មាន​យន្តការ​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​នៅ​ឡើយ។ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ របស់​រដ្ឋាភិបាល​បង្ហា​ញ​ថា ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ជួប​ប្រទះ​ឧបសគ្គ​តាំង​ពី​កង្វះ​សមត្ថភាព​គ្រប់គ្រង​ស្ថាប័ន ខ្វះ​ថវិកា និង​ខ្វះ​ធនធាន​មនុស្ស។ តុលាការ​ខ្វះ​អគារ​ធ្វើការ​តាម​ស្តង់ដារ ខ្វះ​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​ផ្ដល់​ឲ្យ​មន្ត្រី​តុលាការ រហូត​ដល់​មិន​មាន​រថយន្ត​សម្រាប់​ដឹក​មន្ត្រី​ទៅ​ធ្វើ​ការ​តាម​ខេត្ត ខ្វះ​រថយន្ត​ដឹក​អ្នក​ទោស។ រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា រាជការ​មិន​មាន​សោហ៊ុយ​ផ្តល់​ឲ្យ​ព្រះរាជអាជ្ញា​សម្រាប់​ស៊ើប​អង្កេត​រឿង​ក្តី​នៅ​កន្លែង​កើត​ហេតុ​ទៀត​ផង។ បើ​មិន​មាន​លុយ​ផង​ព្រះរាជអាជ្ញា​ធ្វើ​ម៉េច​អាច​ចុះ​ស៊ើប​អង្កេត​រឿង​ក្តី​បាន ឬ​មួយ​ត្រូវ​សុំ​ឡាន​គេ​ជិះ ឬ​ក៏​ត្រូវ​យក​លុយ​ផ្ទះ​ទៅ​ចាយ?

បើ​តាម​មើល​ទៅ​រឿង​ក្តី​ភាគ​ច្រើន ព្រះរាជអាជ្ញា​ប្រហែលជា​មិន​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ​ទេ។ តំណែង​អ្នក​កាត់​ក្តី​ក៏​សំខាន់​មួយ​នេះ ត្រូវ​ពឹង​លើ​តែ​របាយការណ៍​បឋម​របស់​មន្ត្រី​នគរបាល និង​ការ​សួរ​ចម្លើយ​ជនសង្ស័យ​នៅ​កន្លែង​ប៉ុណ្ណោះ។

សំណុំ​រឿង​បាញ់​សម្លាប់​មេ​សហជីព លោក ជា វិជ្ជា ឃាតក​សិប្បនិម្មិត​ពីរ​នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​ជាប់​គុក​ពីរ​ដង​ក្រោម​អំណាច​សាលក្រម​តុលាការ​ដែល​កាត់​ក្តី​ពឹង​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​មន្ត្រី​នគរបាល​នេះ​ឯង។ ចុង​ក្រោយ​គ្មាន​ភស្តុតាង​ណា​មួយ​ទាល់​តែ​សោះ​ដែល​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​ពីរ​មាន​ទោស។ អ្នក​ទាំង​ពីរ​ក៏​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ចុង​ឆ្នាំ​២០១៣។ ពួកគេ​ត្រូវ​បាន​ដោះលែង​មែន តែ​ពួកគេ​រង​ទុក្ខ​ទេវា​នៅ​ក្នុង​គុក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រាជរដ្ឋាភិបាល​មិន​បាន​ផ្តល់​សំណង ឬ​ការ​ជួសជុល​ផ្លូវ​ចិត្ត​បន្តិច​សោះ​ទេ។ អ្នក​ទាំង​ពីរ​ត្រូវ​រស់នៅ​ដោយ​ខ្លួន​ឯង​តាម​កម្ម​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​សាង។

អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ អាច​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ពិបាក​នឹង​ជឿ​ជាក់​ថា ពួក​គាត់​អាច​ទទួល​បាន​យុត្តិធម៌​ណាស់។ អយុត្តិធម៌​សង្គម​នេះ អាច​ជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​កៅអី​សភា​យ៉ាង​ហោច​ណាស់ ២២​អាសនៈ​កាល​ពី​អាណត្តិ​ទី​៤ កន្លង​ទៅ។ ម្យ៉ាងវិញទៀត បើ​ការកែទម្រង់​នៅតែ​ស៊ី​ជ្រៅ​ដដែល​នោះ រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​ប្រកាស​ថា អ្វីៗ​ដើម្បី​ប្រជាជន​នោះ អាច​នឹង​ត្រូវ​ប្រជាជន​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​កុំ​ជួប​មុខ​ទៀត​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

អ្នក​អាន​អនាមិក

ពលរដ្ឋនិងទុកចិត្តតុលាការខ្មែរទី១គឺ នៅពេលណាក្រុមតុលាការគឺជា​មនុស្សដូចគេឯងដែរ រាល់ថ្ងៃនេះមិនទេ មិនដឹងជាមនុស្សប្រភេទអី ព្រោះបើមនុស្សគេញ៉ាំបាយញ៉ាំម្ហូប តែពួកនេះស៊ីលុយជំនួយបាយទឹក​ទៅវិញ​ និងទី២ គឺតុលាការកុំដេកស៊ីតែលុយឲ្យធ្វើការងារឡើង រាល់​ថ្ងៃ​នេះអត់ធ្វើអីទេ រឿងស្អីក៏សម្តេចរឿងស្អីក៏ទុកឲ្យសម្តេចហ៊ុនសែន​ដោះស្រាយដែរ អញ្ចឹងទុកចិត្តតុលាការមេចកើតទៅ។

Oct 14, 2014 02:42 AM

អ្នក​អាន​អនាមិក

ដល់ក
លន់នល់ ទម្លាក់សម្តេចសីហនុពីអំណាច ដល់កដោយទាហានយួនវៀតកុងចូលរស់ក្នុងដីខ្មែរ។
សម្តេចសីហនុ ដល់កចូលជាមួយយួននិងខ្មែរក្រហមរំលំលន់នល់។
ខ្មែរក្រហមឈ្នះដល់កនិងបោសសំអាតអ្នកដែលគិតថាគ្រោះថ្នាក់ដល់ខ្លួន។
១៧មេសា។ ដល់ក យកមាសប្រាក់ដូរអង្ករសូម្បីកន្លះកំប៉ុង លួច រើសកាកសំណល់ ក្តាមត្រីឆៅ ស្រូវ រហូតសាច់មនុស្ស មកបរិភោគ។ ប្រថុយស្លាប់រត់ឆ្លងដែន។
ក្រុមហ៊ុនសែនដល់ក រត់ចូលយួន ខ្លាច់ខ្មែរក្រហមគ្នាឯងសម្លាប់។
យួនចូល ។ ដល់កនិងអត់ពេក យកមាសប្រាក់សេសសល់ទៅដូរខ្លាញ់ អង្ករ ថ្នាំនិងរបស់ប្រើក្លែងក្លាយពីយួន ប្រថុយស្លាប់យករបសើពីថៃ គេចពួនពីការចាប់ធ្វើទាហាន ក៥ រុកព្រៃរកចំណីស្លាប់និងមីន អត់អាហារ ឈឺស្លាប់ដោយមិនមានលុយ។
ពេលនេះ ។ ដល់ក ពីការអត់ឃ្លាន ឆក់ប្លន់ បណ្តេញ ដុតទីជំរក លែងខ្លាចស្លាប់ពី ចោទចាប់ វ៉ៃ បាញ់សម្លាប់
ក្រុមហ៊ុនសែន។ ដល់ក និងមានបាន ពុករលួយក្បត់ជាតិ ខ្លាចទោស ពីលក់ដីរួម ឆក់ប្លន់ ចោទចាប់ វ៉ៃ បាញ់សម្លាប់។

Oct 10, 2014 10:11 PM

អ្នក​អាន​អនាមិក

I would look at sports, porvity, educations system and invention then I can say How trustfull juditial system in Cambodia can be.

Oct 10, 2014 04:29 PM

អ្នក​អាន​អនាមិក

រឿងនេះ វាស្រួលជាទីបំផុត, ចាប់ ហ៊ុន សែន មុនគេបញ្ជូនទៅ តុលាការអន្តរជាតិ ទៅវាចប់ហើយ។

Oct 10, 2014 12:01 PM

អ្នក​អាន​អនាមិក

IT IS NOT THAT EASY,WHO ARREST HUN SEN - YOU! WAIT TILL HORSE GROW HORNS.

Nov 21, 2014 10:07 AM

Saphay

ពី Brockton,Mass,USA

Let put the word: ((IN GOD WE TRUST)) in front of everyone face .The Judges in Cambodia’s courts may never think within their duty!!!
Look at all in American money (Dollar) the print Read IN GOD WE TRUST,
Question: what is it mean?
Answer: Money (American dollars) can travel around the world in either Good and Bad ways. When people spent it in good/bad ways or accept receive it in good/bad ways. God had recorded in all situations we do in “the record of life” to put the word IN GOD WE TRUST in the money made people thinking in what ways before they spends or they received, it is normal to every day of life .
To be clear: no one can escape from death ((you born with nothing and with no sin, when you go back (die) with nothing too, but with sinful)).Only God can take your sin away, but you must ask him to do before your end of life.
If you ask God and accept God in your body, he will lead you on everything you do, by just trust in him, he will put pieces in your mind, lean how to walk in his rule and say Thanks God on everything’s you received in your life.
The summary is : if the Cambodia’s courts put GOD first on their duty We all will trust them Just like american trust in their money (dollar)

Oct 10, 2014 09:59 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល