បទ​វិភាគ៖ តើ​បក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​បក្ស​នយោបាយ​ចំណេញ​ឬ​ខាត?

ដោយ ទីន ហ្សាការីយ៉ា
2017-07-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
Photo: RFA

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស​ដើម្បី​ធ្វើ​វិសោធនកម្ម​ចែង​បន្ថែម​ខ្លឹមសារ​មិន​ឲ្យ​អ្នក​ជាប់ទោស ឬ​ទណ្ឌិត​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​នោះ ត្រូវ​បាន​អ្នក​ច្បាប់ និង​សហគមន៍​អន្តរជាតិ​រិះគន់​ថា ជា​ការ​ធ្វើ​វិសោធនកម្ម​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ដែល​កម្ពុជា ជា​ហត្ថលេខី។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ដង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន ចង់​សងសឹក​លោក សម រង្ស៊ី និង​ចង់​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ទៅ​វិញ​ទេ មិន​មែន​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​នោះ​ឡើយ។

តើ​ការ​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ពិត​ជា​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន ចំណេញ ឬ​ខាត?

ជា​ការ​ពិត​ណាស់​គ្រាន់តែ​លោក ហ៊ុន សែន ស្រែក​ឲ្យ​ពិនិត្យ​មើល និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ភ្លាមៗ តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​មិន​បង្អង់​យូរ ហើយ​នាំ​គ្នា​ធ្វើការ​កែប្រែ​ច្បាប់​នេះ​យ៉ាង​តក់ក្រហល់​ភ្លែត។

​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​តាម​មេដឹកនាំ​រដ្ឋ​យ៉ាង​ឆាប់រហ័ស​បែប​នេះ លុះ​ត្រា​តែ​ក្នុង​ករណី​ប្រទេស​កើត​កលិយុគ និង​ដើម្បី​រក្សា​សន្តិសុខ​របស់​ប្រទេស​ជាតិ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​តែប៉ុណ្ណោះ។ សម្រាប់​នៅ​ពេល​នេះ​វិញ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ខំប្រឹង​ធ្វើ​ដើម្បី​បំពេញ​បំណង​របស់​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ការ​កម្ចាត់​ជីវិត​នយោបាយ លោក សម រង្ស៊ី បក្ស​ប្រឆាំង​ជា​ជាង​ដើម្បី​គិត​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ។

​ពិត​ជា​មិន​បង្អង់​យូរ​មែន នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា សេចក្ដី​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​យក​ទៅ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​បើក​កិច្ច​ប្រជុំ និង​អនុម័ត​ភ្លាមៗ។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ថា ការ​ធ្វើ​ច្បាប់​នេះ ដើម្បី​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស និង​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ឈប់​ហៅ​លោក សម រង្ស៊ី ជា​ប្រធាន ឬ​លោក​ប្រធាន​ជាដើម។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​វិញ​បាន​ជំទាស់​ដាច់​ខាត​ដោយ​ចាត់​ទុក​សេចក្ដី​ព្រាង​សេចក្ដី​ច្បាប់​នេះ​ថា ជា​ច្បាប់​ដ៏​អាក្រក់​ហួសហេតុ​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​ខ្មែរ​បែកបាក់​គ្នា​ទៅ​វិញ។ គណបក្ស​ប្រឆាំង​អះអាង​ថា ការ​រឹតត្បិត ឬ​ការ​កាត់ផ្ដាច់​លោក សម រង្ស៊ី ពី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែ​ធ្វើ​ឲ្យ​គណបក្ស​នេះ មាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រញាប់ប្រញាល់​ធ្វើ​វិសោធនកម្ម​ស្ដីពី​គណបក្ស​នយោបាយ​នេះ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ម្ដង​រួច​ទៅ​ហើយ កាល​ពី​ដើម​ឆ្នាំ​២០១៧ ដែល​ចែង​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ។ នៅ​ពេល​ឃើញ​ដូច្នេះ លោក សម រង្ស៊ី បាន​បោះបង់​តួនាទី​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​ច្បាប់​នេះ ត្រូវ​បាន​សភា​បក្ស​ប្រជាជន​កម្ពុជា អនុម័ត​ចូល​ជា​ធរមាន​ទៅ​ទៀត។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​នាយករដ្ឋមន្ត្រី​មិនទាន់​អស់​ចិត្ត​នោះ​ទេ គឺ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នេះ នៅ​ពេល​ឃើញ​លោក សម រង្ស៊ី នៅ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​លោក​បោះឆ្នោត​ជូន​បក្ស​ប្រឆាំង​នោះ លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​សមាជិកសភា​របស់​លោក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ក្នុង​ពិធី​ខួប​លើក​ទី ៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ឌឺដង​ឲ្យ​លោក សម រង្ស៊ី ថា បើ​ចិត្ត​សឿង​ចូល​ស្រុក​មក​ទ្វារ​បើក​ចំហ​សម្រាប់​លោក​ហើយ៖ «កុំ​ឲ្យ​អ្នក​ទោស​ធ្វើ​សកម្មភាព​របៀប​នេះ ព្រោះ​រឿង​នេះ​ជា​រឿង​ផ្លូវ​ច្បាប់​មិន​អាច​លេងសើច​បាន​ទេ នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ យើង​មិន​ខ្លាច​អ្នក​ទេ ក៏​ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​អ្នក​មក​ច្របូកច្របល់​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ជាតិ ប៉ុន្តែ​បើ​អ្នក​ចិត្ត​សឿង​អញ្ជើញ​ចូល​ប្រទេស​មក»។

ក៏​ប៉ុន្តែ​អ្វី​ដែល​លោក ហ៊ុន សែន ចង់​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ពេល​នេះ ហាក់​ដូច​ផ្ទុយ​ពី​អ្វី​ដែល​លោក​តែងតែ​ប្រកាស​ឲ្យ​បញ្ឈប់​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ពោល​គឺ​វប្បធម៌​សងសឹក​គ្នា ព្រោះ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា មិនមែន​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​ចាំបាច់​អ្វី​ទេ តាម​មើល​ទៅ​ច្បាប់​នេះ គ្រាន់តែ​ដាក់​គំនាប​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ឲ្យ​បក្ស​នេះ​មាន​ការ​ឈឺចាប់​ទៅ​វិញ​ទេ ហើយ​អនុប្រធាន​គណបក្ស​ប្រឆាំង​អះអាង​ថា គេ​នឹង​លុបចោល​វិញ​នៅ​ពេល​ខ្លួន​ឈ្នះ​ឆ្នោត។

សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​ក្នុង​មាត្រា​មួយ​ចំនួន​ដែល​ក្រុម​អ្នក​ច្បាប់​បក្ស​ប្រជាជន​កម្ពុជា បាន​បន្ថែម​ថ្មី​នោះ បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​កំណត់​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ជាប់​ពាក់ព័ន្ធ​នឹង​ទណ្ឌិត ទោះ​ជា​ក្នុង​បទឧក្រិដ្ឋ ឬ​មជ្ឈិម​ក្ដី។ បើសិនជា​គណបក្ស​ណា​មួយ​ជាប់​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​នោះ មាត្រា​៤៤ និង ៤៥​ថ្មី​ចែង​ពី​ការ​ផ្អាក​សកម្មភាព និង​រំលាយ​គណបក្ស​នោះ​ចោល​ទៀត​ផង។

មាត្រា​៦​ថ្មី​វិញ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទឧក្រិដ្ឋ ឬ​មជ្ឈិម​ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​បក្ស​ខ្លួន​នោះ​ទេ។ មាត្រា​នេះ ចង់​មិន​ចង់​គឺ​សំដៅ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​លើ​ស្លាក​គណបក្ស​ដែល​បាន​ដាក់​តាំង​នៅ​ទូទាំង​ប្រទេស​នោះ។ ប្រការ​នេះ​អាច​និយាយ​បាន​ថា ជា​ការ​ដាក់​គំនាប​ទាំង​ការ​ចំណាយ​លើ​ការ​ធ្វើ​ស្លាក​គណបក្ស​ថ្មី នឹង​ចាំ​ចាប់​កំហុស​បក្ស​ប្រឆាំង​នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន បើសិនជា​គណបក្ស​នេះ​ធ្វេសប្រហែស​ក៏​ថា​បាន។

នៅ​​ត្រង់​ចំណុច​នេះ តាម​មើល​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ចង់​បន្សាប​ឥទ្ធិពល​លោក សម រង្ស៊ី និង​រុញ​ឲ្យ​លោក សម រង្ស៊ី ទាល់ច្រក​ដែល​គ្មាន​ឱកាស​វិល​មក​ឆាក​នយោបាយ​ដោយសារ​តែ​លោក សម រង្ស៊ី នៅ​ជាប់​បណ្ដឹង​នៅ​តុលាការ​កម្ពុជា រាប់​មិន​អស់​នោះ។ មួយ​វិញ​ទៀត បើ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ហើយ​នោះ បើ​គណបក្ស​សង្គ្រោះ​ជាតិ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទាក់ទង​លោក សម រង្ស៊ី ដោយ​ប្រការ​ណា​មួយ​នោះ តុលាការ និង​ក្រសួង​មហាផ្ទៃ មាន​ឱកាស​ប្រើប្រាស់​ច្បាប់​នេះ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​បាន​ដោយ​ងាយ។ ការ​ធ្វើ​បែប​នេះ​លោក ហ៊ុន សែន នឹង​ប្រកាស​ថា ជា​ការ​អនុវត្ត​ច្បាប់​ប្រទេស​មាន​នីតិរដ្ឋ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ដូច្នេះ​ហើយ ។ល។

ម្យ៉ាង​ទៀត ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​បន្ត​វប្បធម៌​បង្កើត​ច្បាប់​មួយ​សំដៅ​កម្ចាត់​មនុស្ស​ម្នាក់​បែប​នេះ ចុះ​បើ​មាន​ពលរដ្ឋ​រាប់​លាន​នាក់ ប្រឆាំង​នឹង​លោក តើ​លោក​នឹង​បង្កើត​ច្បាប់​រាប់​លាន​ដើម្បី​កម្ចាត់​ពលរដ្ឋ​រាប់​លាន​នាក់​នោះ ឬ​យ៉ាង​ណា?

​យ៉ាង​ណា​ក៏ដោយ​ចុះ យុទ្ធសាស្ត្រ​កាច់​កុង​គ្នា ឬ​យក​ឈ្នះ​ចាញ់​គ្នា​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ ហាក់​ដូចជា​គ្មាន​ចំណេញ​ប្រជាប្រិយភាព​អ្វី​នោះ​ទេ ព្រោះ​ថា នៅ​គ្រា​ដែល​ពលរដ្ឋ​ស្ទើរ​ពេញ​នគរ​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក យុវជន​ធ្វើ​ចំណាកស្រុក​ជា​បន្តបន្ទាប់ ដំណាំ​កសិផល​របស់​កសិករ​គ្មាន​ទីផ្សារ ប៉ុន្តែ​តុលាការ ឬ​រដ្ឋាភិបាល​រវល់​ទៅ​នឹង​រឿង​ចាប់ចង​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​វិភាគ សកម្មជន​ដីធ្លី សកម្មជន​បក្ស​ប្រឆាំង និង​សមាជិក​រដ្ឋសភា ព្រឹទ្ធ​សភា​ទៅ​វិញ។

សម្រាប់​បច្ចុប្បន្ន​​នេះ​វិញ នៅ​គ្រា​ដែល​ពលករ​ខ្មែរ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ អ្នក​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន និង​អ្នក​ខ្លះ​រត់​សម្រុក​ចូល​ស្រុក​វិញ ដូច​ទឹកបាក់​ទំនប់ តែ​បែរ​ជា​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច មមាញឹក​នឹង​ការ​ធ្វើ​ច្បាប់​កំណត់​មិន​ឲ្យ​អ្នក​ទោស​ជាប់​ទាក់ទង​បក្ស​នយោបាយ ហាក់​ដូចជា​ភ្លេច​ពី​អ្វី​ដែល​ជា​តម្រូវការ​របស់​ពលរដ្ឋ​បច្ចុប្បន្ន។ បញ្ហា​រវល់​ធ្វើ​ច្បាប់​រាប់​មិន​អស់​នៅ​សភា និង​ការ​ចាប់ចង​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​បក្ស​កាន់​អំណាច​បាត់បង់​មេ​ឃុំ ចៅសង្កាត់​ជិត ៥០០ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នេះ ក៏​ថា​បាន។

​ជា​សរុប​សេចក្ដី​ទៅ ការ​កែប្រែ​ច្បាប់​នយោបាយ​នៅ​ពេល​នេះ ក៏​ដូចគ្នា​ដែរ គ្មាន​ចំណេញ​អ្វី​ដល់​បក្ស​កាន់​អំណាច​នោះ​ទេ តាម​មើល​ទៅ ព្រោះ​នៅ​ក្នុង​សម័យកាល​ដែល​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រើប្រាស់​ទំនើប​រួមមាន​ហ្វេសប៊ុក (Facebook) ធ្វីតធឺ (Twitter) និង​ផ្សេងៗ​ទៀត​នេះ អ្នក​នយោបាយ​ពិបាក​នឹង​បិទ​បាំង​ពី​អ្វី​ដែល​ខ្លួន​បាន​ធ្វើ និង​សកម្មភាព​របស់​គណបក្ស​នយោបាយ​កំពុង​តែ​ដើរ​ណាស់ ដូចជា​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ជាដើម ព្រោះ​ថា អ្នក​ណា​ក៏​ដឹង​ដែរ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គ្រាន់​តែ​ជា​រឿង​នយោបាយ​ចង់​កម្ចាត់​បក្ស​ប្រឆាំង និង​លោក សម រង្ស៊ី នោះ។

ផ្ទុយ​ទៅ​វិញ ការ​កែប្រែ​ច្បាប់​នេះ អាច​ថា លោក ហ៊ុន សែន ខ្លាច​លោក សម រង្ស៊ី នៅ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ឆាក​នយោបាយ​ដូច​ដែល​លោក សម រង្ស៊ី អះអាង ឬ​យ៉ាង​ណា?  ព្រោះ​ថា នៅ​ក្នុង​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី តាំង​ពី​អាណត្តិ​ទី​២​មក លោក សម រង្ស៊ី មិន​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​បាន​ដោយ​ពេញ​ដៃ​ពេញ​ជើង​នោះ​ទេ។ លោក សម រង្ស៊ី ពេល​ខ្លះ​រង​នូវ​គ្រាប់បែកដៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ និង​រត់​គេច​ពី​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ជា​ញឹកញាប់។

សម្រាប់​ឆ្នាំ​២០១៧ នេះ​វិញ បើសិនជា​គ្មាន​ចេតនា​ណា​មួយ​សម្រាប់​កម្ចាត់​លោក សម រង្ស៊ី និង​បក្ស​សង្គ្រោះ​ជាតិ​ទេ​នោះ តើ​ចាំបាច់​អ្វី​ត្រូវ​កែប្រែ​ច្បាប់​នេះ​ឡើង ដោយ​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ? ព្រោះ​ថា លោក សម រង្ស៊ី លែង​មាន​តួនាទី​ជា​ប្រធាន​បក្ស ឬ​តួនាទី​អ្វី​ផ្សេង​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ទៀត​ហើយ​នោះ។ សព្វថ្ងៃ​នេះ លោក សម រង្ស៊ី មិន​ខុស​ពី​ពលរដ្ឋ​ទូទៅ​នោះ​ឡើយ ប៉ុន្តែ​ការ​កែប្រែ​ច្បាប់​នេះ ត្រូវ​បាន​អ្នក​ច្បាប់​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​កម្ពុជា ជា​ភាគី​ហត្ថលេខី​នោះ។

រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។ ឯ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

ជា​សរុប​សេចក្ដី​ទៅ​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ តាម​មើល​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ចំណេញ​អ្វី ឬ​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​នោះ​ទេ ដោយសារ​ពលរដ្ឋ​ប្រហែលជា​ដឹង​ច្បាស់​ថា ច្បាប់​នេះ​គ្មាន​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ​ឡើយ មាន​តែ​ការ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​ការ​ឈឺ​ចាប់​ទៅ​វិញ​ទេ។ នៅ​ត្រង់​ចំណុច​នេះ ប្រហែលជា​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ផ្ដួល​គូ​ប្រកួត​មុន​ពេល​ការប្រកួត​នៅ​ឆ្នាំ​២០១៨ មក​ដល់​ក៏​ថា​បាន ព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ខ្វះ​ដៃគូ​ប្រកួត​ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
Share

so roskhan

Reply to all comments : It's true ,I have the same Idea of all comments, hun sen have to stop maltreat cambodians people, the CNRP members .....during voting period..When hun sen still maltreat his own khmers people He must get punish by them
some day later. God said :love someone they
will love you back.
I pray to all cambodians khmers : love to all people and they will love you back.
they truly love you back.

Jan 28, 2018 06:03 PM

អ្នក​អាន​អនាមិក

ឥរិយាបថរបស់លោកហ៊ុនសែនគឺជាឥរិយាបថរបស់ប៉ុលពត។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? ប៉ុល - ពតបានធ្វើមិត្តភក្តិជាមួយចិនសម្លាប់ខ្មែរ។ ថ្ងៃនេះហ៊ុន - សែនបានក្លាយជាមិត្តភក្តិជាមួយប្រទេសចិនម្តងទៀតបានសំលាប់សម្លេងខ្មែរ, សង្ឈឹមខ្មែរ,បន្ទាប់មកជីវិតខ្មែរ។ លោកហ៊ុនសែនបានរំលាយគណបក្សសង្គ្រោះជាតិប៉ុន្តែលោកហ៊ុនសែនមិនបានរំលាយតំណែងកូនប្រុសរបស់លោកដែលបានទទួលសញ្ញាប័ត្រនៅសហរដ្ឋអាមេរិក។ ហេតុអ្វី? នេះគឺជារបៀបដែលប៉ុលពតបានធ្វើ។

Oct 21, 2017 03:36 AM

អ្នក​អាន​អនាមិក

ហ៊ុនសែនគិតថាគាត់ឆ្លាតប៉ុន្តែខ្ញុំគិតថាគាត់បរាជ័យនៅពេលនេះ។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? ប្រសិនបើគាត់ទទួលបាននូវអ្វីដែលគាត់ចង់បាននៅថ្ងៃនេះអ្វីដែលគាត់បានធ្វើល្អនឹងរលាយទាំងអស់ប្រជាជនខ្មែរនឹងមិនអត់ទោសអោយគ្រួសាររបស់គាត់នៅថ្ងៃអនាគត។ ប្រសិនបើគាត់បរាជ័យនៅពេលនេះគណបក្សប្រជាជនរបស់គាត់នឹងធ្វើឱ្យគាត់ឈឺចាប់។ គាត់ភ្លេចគិតសូម្បីតែគាត់ទទួលបានអ្វីដែលគាត់ចង់បានប៉ុន្តែប្រជាជនកម្ពុជាជាងពាក់កណ្តាលនឹងស្អប់គាត់និងជាពិសេសគ្រួសាររបស់គាត់។

Oct 21, 2017 02:04 AM

អ្នក​អាន​អនាមិក

HUN SEN AND NEPOTISM ARE TRAITORS AND DICTATOR THEY VERY HAPPY TO SADISTIC TO CAMBODIAN 'S WHO ARE PATRIOT OWN COUNTRY . WE WANT TO HAVE PEACEFUL AND FREEDOM IN CAMBODIA ! ! !
FOR 2018 ECTION ALL OF CAMBODIAN PEOPLE DO NOT VOTE FOR CPP , IF YOU VOTE FOR CPP THAT IS MEAN YOU SUPPORT YOUN AND YOUN CONTROL KHMER LIKE KAMPUCHEAN KROUM . HUN SEN GOVERNMENT GET PAY BY KHMER BUT WORKING FOR YOUN ONLY !

Oct 16, 2017 10:26 AM

អ្នក​អាន​អនាមិក

TRANSPARENTCY : NO ONE CAN NOT TAKE AWAY FROM HUN SEN POWER , ONLY CHINES AND YUN CAN .
2 MORE YEARS YOU WILL SEE AFTER 2 COUNTRY DESTROY EVERYTHING COMPLETELY , MR. HUN'S LIFE
WILL BE THE SAME MR. PEN SAVAN OR MR. CHANSY .

KEEP AN EYE TOGETHER FOR POLITIC IN CAMBODIA .

Aug 26, 2017 10:58 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល