បទ​វិភាគ៖ តើ​ហេតុ​អ្វី​នៅ​កម្ពុជា​ពុំ​មាន​មេដឹកនាំ​ហ៊ាន​ទទួល​ខុស​ត្រូវ​លាលែង​ពី​តំណែង?

ដោយ​ ជី វិតា
2015.11.10
ញ៉យ ចំរើន គង់ សភា ៦២០ តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា ដែល​ត្រូវ​បាតុករ​មួយ​ក្រុម​វាយ​ដំ​ឲ្យ​របួស​នៅ​​ក្បែរ​​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Uon Chhin

អំពើ​ហិង្សា​យ៉ាង​កម្រោល​ទៅ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​មិន​អាច​ទទួល​យក​បាន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា នោះ ប្រសិនបើ​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ​ពិតប្រាកដ មាន​ថ្នាក់ដឹកនាំ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ប្រហែល​ជា​មាន​មន្ត្រី​ជាន់​ខ្ពស់​ខ្លះ​លា​លែង​ចេញ​ពី​តំណែង​រួច​ទៅ​ហើយ​មក​ដល់​ថ្ងៃ​នេះ។

ការ​លាលែង​គឺ​ដើម្បី​លុបលាង​កំហុស​ធ្វេសប្រហែស​របស់​ខ្លួន ដែល​បណ្ដែតបណ្ដោយ​អោយ​ក្រុម​ជនល្មើស​អាច​បើក​សៃវៀន​ប្រដាល់​សេរី​ដែល​គ្មាន​អ្នក​តដៃ នៅ​ក្បែរ​របង​វិមាន​រដ្ឋសភា កណ្ដាល​ទីក្រុង​ភ្នំពេញ ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញ​មុខ​មក​ទប់ស្កាត់។ ប៉ុន្តែ​កម្ពុជា ហាក់​ដូចជា​មិន​ទាន់​មាន​មេដឹកនាំ​ណា​ម្នាក់​ហ៊ាន​លាលែង​ចេញ​ពី​តំណែង​នៅ​ពេល​មាន​កំហុស​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ដូច​ប្រទេស​ដទៃ​ទេ។

រូបភាព​វីដេអូ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បង្ហាញ​នូវ​សកម្មភាព​របស់​បុរស​ពេញ​កម្លាំង​មួយ​ក្រុម​ធំ អូស​ទម្លាក់​អ្នក​តំណាងរាស្ត្រ ញ៉យ ចំរើន និង គង់ សុភា ចេញ​ពី​រថយន្ត ហើយ​ព្រួត​គ្នា​ដាល់​ទាត់​ធាក់​នៅ​ក្បែរ​វិមាន​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ដោយ​គ្មាន​ខ្លាចរអា និង​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ធ្វើ​អន្តរាគមន៍​ទប់ស្កាត់។

ប្រសិនបើ​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ បើ​មិន​មែន​ប្រមុខ​រដ្ឋាភិបាល​ទេ ក៏​ប្រហែលជា​មន្ត្រី​ជាន់​ខ្ពស់​ក្រោម​ឱវាទ​របស់​លោក ដូចជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឬ​មេ​នគរបាល​ជាតិ​ជាដើម លាលែង​ចេញ​ពី​មុខ​តំណែង​រួច​ទៅ​ហើយ មក​ដល់​ពេល​នេះ ដើម្បី​បង្ហាញ​នូវ​ភាព​ទទួល​ខុស​ត្រូវ និង​ដើម្បី​លុបលាង​នូវ​ក្តី​អាម៉ាស់​របស់​ខ្លួន​ដែល​អសមត្ថភាព​ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ឥស្សរជន​តំណាងរាស្ត្រ និង​សាធារណជន។ ប៉ុន្តែ​មិន​ចម្លែក​ទេ ពីព្រោះ​នៅ​កម្ពុជា រយៈពេល ៣០​ឆ្នាំ​កន្លង​មក​នេះ គេ​មិន​ដែល​ឃើញ​អ្នក​ដឹក​ស្ថាប័នរដ្ឋ​ណា​មួយ​ចិត្ត​សឿង​ប្រកាស​ដើរ​ចេញ​ពី​តំណែង ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ និង​ដើម្បី​ប៉ះប៉ូវ​នូវ​កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ឡើយ។

ផ្ទុយ​ពី​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ដែល​មាន​មេដឹកនាំ ឬ​មន្ត្រី​ពាក់ព័ន្ធ​លា​ចេញ​ពី​តំណែង ឬ​សម្លាប់​ខ្លួន​ឯង ដើម្បី​បញ្ជាក់​នូវ​ទឹក​ចិត្ត​សោកស្ដាយ​ក្រោយ​ពី​ព្រឹត្តិការណ៍​អកុសល​ណា​មួយ​បាន​កើត​ឡើង ដែល​ក្នុង​នោះ​ពួកគេ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ខាង​ផ្លូវ​សីលធម៌​ក្តី ផ្លូវ​ច្បាប់​ក្តី។

ឧទាហរណ៍៖  នៅ​ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ឆ្នាំ​២០១៤ គ្រូបង្រៀន​ថ្នាក់​មធ្យមសិក្សា​ម្នាក់​ឈ្មោះ លោក កាំង មិន ក្យូ (Kang Min-Gyu) បាន​ចងក​សម្លាប់​ខ្លួន បន្ទាប់​ពី​សិស្ស​របស់​លោក​ជាង ៣០០​នាក់ បាន​លង់​ទឹក​ស្លាប់​ក្នុង​ហេតុការណ៍​លេច​កប៉ាល់​ទឹក​ខណៈ​រូបលោក និង​សិស្ស​របស់​លោក​ធ្វើ​ដំណើរ​លើ​ផ្ទៃ​សមុទ្រ។ ដើម្បី​បង្ហាញ​ទឹក​ចិត្ត​សោកសៅ និង​ការ​ទទួល​ខុស​ត្រូវ​មុន​នឹង​សម្លាប់​ខ្លួន លោក គ្រូកាំង មិន ក្យូ បាន​សរសេរ​បណ្ដាំ​ទុក​ក្នុង​កូន​លិខិត​មួយ​ដែល​មាន​ខ្លឹមសារ​ថា "វា​ជា​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់​សម្រាប់​រូប​ខ្ញុំ ដែល​រួច​រស់​ជីវិត​តែ​ម្នាក់​ឯង នៅ​ពេល​សិស្ស​របស់ខ្ញុំ​ជាង ៣០០​នាក់​បាន​ស្លាប់។ ខ្ញុំ​ស្រឡាញ់​ពួកគេ ខ្ញុំ​នឹង​ធ្វើ​ជា​គ្រូបង្រៀន​ទៀត​នៅ​ក្នុង​ជាតិ​មុខ"។

ចំណែក​នៅ​ប្រទេស​ឥណ្ឌា វិញ កាល​ពី​ឆ្នាំ​២០០០ រដ្ឋមន្ត្រី​ក្រសួង​អយស្ម័យយាន បាន​លា​ឈប់​ពី​តំណែង បន្ទាប់​ពី​មាន​ហេតុការណ៍​រថភ្លើង​ដឹក​អ្នក​ដំណើរ​បុក​គ្នា​ស្លាប់​មនុស្ស​អស់​ចំនួន ៤៦​នាក់ និង​របួស​ប្រមាណ ១៥០​នាក់។ ក្នុង​លិខិត​លាលែង​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អយស្ម័យយាន អ្នកស្រី ម៉ាម៉ាតា បេនណឺជី (Mamata Banerjee) បញ្ជាក់​ថា "នៅ​ខណៈ​ខ្ញុំ​ជា​រដ្ឋមន្ត្រី​ដែល​មិន​ពាក់ព័ន្ធ​នឹង​ភារកិច្ច​ត្រួត​មើល​ដំណើរ​ប្រតិបត្តិការ​រថភ្លើង​ប្រចាំថ្ងៃ​ក៏ដោយ ប៉ុន្តែ​ក្នុង​នាម​ជា​មេដឹកនាំ​គ្រប់គ្រង​បុគ្គលិក​កម្មករ​ចំនួន ១,៦​លាន​នាក់ ក្នុង​ក្រសួង​អយស្ម័យយាន  ខ្ញុំ​មិន​អាច​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​នេះ​ទេ"។

ងាក​មក​ប្រទេស​កម្ពុជា​វិញ មាន​ព្រឹត្តិការណ៍​សោកសៅ​ជា​ច្រើន​ដែល​ថ្នាក់ដឹកនាំ​មិន​បាន​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ធ្វើ​ជា​គំរូ​ឡើយ ក្នុង​នោះ​មាន​ព្រឹត្តិការណ៍​មនុស្ស​ជាន់​គ្នា​ស្លាប់​នៅ​ស្ពាន​ពេជ្រ ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១០ ក្នុង​ពិធី​បុណ្យ​អុំទូក ជា​ឧទាហរណ៍។ គ្រា​នោះ​មនុស្ស​ជិត ៤០០​នាក់ បាន​ស្លាប់​ដោយសារ​កំហុស​វិជ្ជាជីវៈ​ក្នុង​ការ​រៀបចំ ប៉ុន្តែ​គ្មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ចិត្ត​សឿង ហ៊ាន​លាលែង​ចេញ​ពី​តំណែង​ដើម្បី​សំដែង​ឆន្ទៈ​ទទួល​ខុស​ត្រូវ ដើម្បី​ប៉ះប៉ូវ​កំហុស​ធ្វេសប្រហែស​របស់​ខ្លួន​ឡើយ។ បើ​ទោះ​ជា​ពេល​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តី​បន្ទោស​តិចតួច​ដល់​មន្ត្រី និង​អាជ្ញាធរ​រៀបចំ​កម្មវិធី​បុណ្យអុំទូក​ឆ្នាំ​នោះ​ក៏ដោយ ក៏​លោក​នៅ​តែ​អោបក្រសោប​មន្ត្រី​ដែល​មាន​កំហុស ដើម្បី​ទុក​ឱកាស​អោយ​ពួកគេ​ដឹង​គុណ​ដល់​រូបលោក​នៅ​ថ្ងៃ​មុខ។ មិន​ភ្ញាក់​ផ្អើល​ទេ ព្រោះ​នេះ​ជា​ការ​កសាង​វប្បធម៌ "អញ​ជួយ​ឯង ឯង​ជួយ​អញ" របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាំង​តែ​ពី​ដើម​មក។

ងាក​មក​រឿង​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​អោយ​របួស​ធ្ងន់​វិញ។  ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា នោះ ត្រូវ​គេ​សង្កេត​ឃើញ​កើត​មាន​តាំងតែ​ពី​នៅ​ក្នុង​រដ្ឋសភា រហូត​ដល់​មុខ​ផ្ទះ​របស់​លោក កឹម សុខា អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ។ ប៉ូលិស និង​កង​សន្តិសុខ​ដែល​តែង​ចេញ​ព្រោងព្រាត​នៅ​ពេល​មាន​បាតុកម្ម​តវ៉ា​បញ្ហា​ដីធ្លី បាត់​មុខ​ស្ងាត់​សូន្យឈឹង។ ខាង​មុខ​ផ្ទះ​លោក កឹម សុខា នៅ​ទួលគោក បាតុករ​រាប់​រយ​នាក់​ស្រែក​ជេរ និង​គប់​ដុំ​ថ្ម​ចូល​ក្នុង​បរិវេណ​ផ្ទះ អស់​រយៈពេល​ជិត ៦​ម៉ោង។ ភរិយា​របស់​លោក កឹម សុខា ដែល​ភ័យ​ញ័រចំប្រប់​នៅ​ខាង​ក្នុង​បាន​ហៅ​ទូរស័ព្ទ​ទៅ​កាន់​អាជ្ញាធរ​ធំ​តូច​ខ្វាត់ខ្វែង តែ​មិន​មាន​ការ​ឆ្លើយ​តប និង​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​លេច​មុខ​មក​ទប់ស្កាត់​បាតុកម្ម​ហិង្សា​នោះ​ដែរ។

ប្រសិនបើ​កម្ពុជា មាន​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ប្រកាន់​ជំហរ​អព្យាក្រឹត​ដូច​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឬ​យ៉ាង​ហោច​ណាស់​មេ​នគរបាល​ជាតិ ដែល​ទទួល​ខុស​ត្រូវ​ខាង​រក្សា​សន្តិសុខ​សង្គម មក​ដល់​ពេល​នេះ​ប្រហែលជា​ចេញ​មុខ​បកស្រាយ​ដល់​សាធារណជន​អំពី​មូលហេតុ​ដែល​កម្លាំង​សមត្ថកិច្ច​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ទប់ស្កាត់​អំពើ​ហិង្សា​ទាំង​ពីរ​កន្លែង​នោះ​រួច​ទៅ​ហើយ។

បើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ខ្វះ​ការ​ទទួល​ខុស​ត្រូវ​មិន​ក្លាហាន​ចេញ​មុខ​បកស្រាយ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​អោយ​ដូចជា​រដ្ឋមន្ត្រី​នៅ​ស្រុក​គេ​នោះ វា​ជា​មុខងារ​របស់​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​ត្រួតពិនិត្យ និង​តាមដាន​កិច្ចការ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​កោះហៅ​មន្ត្រី​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​រដ្ឋសភា​ដែល​តំណាង​អោយ​រាស្ត្រ​មាន​អំណាច​កោះហៅ​មន្ត្រី​រដ្ឋាភិបាល រួម​ទាំង​នាយករដ្ឋមន្ត្រី​អោយ​មក​បកស្រាយ​បំភ្លឺ​បញ្ហា​ផ្សេងៗ ដែល​ជា​យន្តការ​ត្រួត​ពិនិត្យ​មួយ បង្ខំ​អោយ​មន្ត្រី​រដ្ឋាភិបាល​បំពេញ​តួនាទី​បម្រើ​រាស្ត្រ​អោយ​បាន​ត្រឹមត្រូវ។ រដ្ឋសភា​ក៏​មាន​សិទ្ធិ​ផ្ដើម​ស៊ើបអង្កេត​ដោយ​ខ្លួន​ឯង ដើម្បី​ស្វែងរក​ការ​ពិត​អំពី​បញ្ហា​នេះ​បាន​ដែរ។ ប៉ុន្តែ​រដ្ឋសភា​កម្ពុជា ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា តែងតែ​បន្ទាប​អំណាច​របស់​ខ្លួន​ដើម្បី​ប្រយោជន៍​របស់​គណបក្ស។

ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​ស្ថាប័ន​មួយ​ទៀត​ដែល​មាន​ភារកិច្ច​ចាប់​ជនល្មើស​នោះ គឺ​ស្ថាប័ន​អយ្យការ​ដែល​តំណាង​អោយ​រាស្ត្រ និង​រដ្ឋ។ ក្នុង​ករណី​ព្រហ្មទណ្ឌ​បែប​នេះ មិន​ចាំបាច់​មាន​ពាក្យ​បណ្ដឹង​ទេ ព្រះរាជអាជ្ញា​អាច​ចាប់​ផ្ដើម​ស៊ើប​អង្កេត​រក​ការ​ពិត និង​កសាង​សំណុំរឿង​ចោទ​ប្រកាន់។

​រូបភាព​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សារព័ត៌មាន និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហាញ​ច្បាស់​ថា ក្រុម​អ្នក​ប្រើ​ហិង្សា​ដែល​អូស​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​ទម្លាក់​ពី​លើ​រថយន្ត​ហើយ​វាយ​ធ្វើ​បាប​នោះ ភាគ​ច្រើន​មាន​កន្សែង ឬ​ក្រមា​រុំ​ចង្កេះ ខ្លះ​រុំ​មុខ គឺ​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ភិន​ភាគ​រៀបរាប់​ដោយ​សាក្សី​អ្នក​បើក​ឡាន​ដឹក​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ពី​បន្ទាយ​នៅ​ខេត្ត​កណ្ដាល។

ភស្តុតាង​វីដេអូ​បង្ហាញ​ច្បាស់​ថា ជន​ដៃដល់​មាន​គ្នា​ច្រើន មិនមែន​មាន ៣​នាក់​នោះ​ទេ។ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អស់​រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​មក​ហើយ​នេះ លោក ស ខេង មិន​អាច​ចេះតែ​បន្ត​អនុញ្ញាត​អោយ​អំពើ​និទណ្ឌភាព​កាន់តែ​ពូន​គរ​ឡើង​ខ្ពស់​ដូច​ដំបូក​កណ្ដៀរ ហើយ​ខ្លួន​ឯង​ចេះ​តែ​រួច​ខ្លួន គ្មាន​វិប្បដិសារី ទទួលខុសត្រូវ​នោះ​ទេ។ កំណត់ហេតុ​ប្រវត្តិសាស្ត្រ​នឹង​ចារ​ទុក​ថា តើ​នៅ​ក្នុង​សម័យកាល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ណា​មួយ ដែល​បណ្ដោយ​អោយ​មាន​និទណ្ឌភាព​កើត​ឡើង​ច្រើន​ជាង​គេ​នោះ។

​វិធី​មួយ​ដើម្បី​បង្ហាញ​នូវ​ការ​ទទួល​ខុស​ត្រូវ គឺ​កា​រលា​ចេញ​ពី​តំណែង ដើម្បី​បញ្ជាក់​ថា ខ្លួន​ចង់​ដោះស្រាយ​វិបត្តិ​នេះ​ដែរ ប៉ុន្តែ​មិន​មាន​សមត្ថភាព ឬ​មិន​ហ៊ាន​ចេញ​មុខ​ប្រឈម​ជាមួយ​ជនល្មើស​ច្បាប់ ដោយសារ​តែ​អ្នក​មាន​អំណាច​កំពូល​គាំទ្រ​ពី​ក្រោយ។ ប៉ុន្តែ​បើ​មន្ត្រី​ថ្នាក់​កំពូលៗ ដូចជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារ​ជាតិ ជាដើម ដឹង​ថា មាន​អំពើ​ល្មើស​ច្បាប់ មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​បែរ​ជា​បន្ត​បិទ​មាត់​សម្ងំ​ស្ងៀម យក​តែ​សេចក្ដី​សុខ​សម្រាប់​ខ្លួន​ឯង​នៅ​លើ​គំនរ​ទុក្ខ​របស់​ប្រជារាស្ត្រ​នោះ គឺ​ស្មើ​នឹង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​បើ​ទោះ​ជា​បាន​រួចខ្លួន​ពេល​នេះ ពី​ព្រោះតែ​កំពុង​មាន​អំណាច ក៏​វា​មិន​ប្រាកដ​ថា នឹង​រួច​ខ្លួន​នៅ​ពេល​ខាង​មុខ​ដែរ។

ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ជា​ឧទាហរណ៍​ស្រាប់។ នៅ​សាលាក្ដី​ខ្មែរក្រហម លោក ខៀវ សំផន ដែល​កាន់​តួនាទី​ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ព្យាយាម​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា ខ្លួន​លោក​មាន​តែ​ឈ្មោះ​ទេ​នៅ​ពេល​នោះ ពោល​គឺ​លោក​មិន​មាន​អំណាច​អ្វី​ទាំង​អស់ ហើយ ប៉ុល ពត ដែល​ជា​នាយករដ្ឋមន្ត្រី ជា​អ្នក​សម្រេច​លើ​កិច្ចការ​ទាំង​អស់។ ទន្ទឹម​គ្នា​នេះ លោក ខៀវ សំផន ក៏​មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា លោក​បាន​ព្យាយាម​ទប់ស្កាត់​គោលនយោបាយ​ផ្ដាច់ការ កាប់​សម្លាប់​ពលរដ្ឋ​របស់ ប៉ុល ពត ដែរ ឬ​ក៏​លោក​បាន​លា​ចេញ​ពី​តំណែង​ក្នុង​ពេល​នោះ ដើម្បី​បញ្ជាក់​ថា លោក​មិន​បាន​សហការ​ជាមួយ​របប​ផ្ដាច់ការ​នោះ​ទេ ពី​ព្រោះតែ​តួនាទី ហើយ​នៅ​ស្ងៀមស្ងាត់​សម្ងំ​យក​សុខ​ខ្លួន​ឯង​នៅ​ពេល​នោះ​ហើយ តុលាការ​ខ្មែរ​ក្រហម​មិន​បាន​អោយ​លោក​លោក ខៀវ សំផន រួច​ខ្លួន​នោះ​ទេ។ ក្នុង​ការ​ជំនុំជម្រះ​ដំណាក់កាល​ទី​១ លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​រួច​ទៅ​ហើយ។

​រឿង​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា និង​ការ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជិត​ស្លាប់​នោះ ត្រូវ​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា ជា​ការ​សងសឹក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី​មិន​សប្បាយចិត្ត​ចំពោះ​បាតុកម្ម​របស់​ខ្មែរ-​អាមេរិកាំង​នៅ​បុរី​ញីវយ៉ក ប្រឆាំង​រូប​លោក​ដែល​ទៅ​ចូលរួម​ប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​កញ្ញា និង​លោក​ខឹងសម្បា​ជាមួយ​ពលរដ្ឋ​ខ្មែរ-​បារាំង ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា។ នៅ​ថ្ងៃ​មាន​បាតុកម្ម​នៅ​ប្រទេស​បារាំង ប្រឆាំង​រូប​លោក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​មាន​បាតុកម្ម​ប្រឆាំង​ដក​លោក កឹម សុខា ដោយ​ព្រមាន​ថា "បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង"។ មួយ​ថ្ងៃ​ក្រោយ​ពី​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី បាតុកម្ម​ហិង្សា​ទាមទារ​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋ​សភា ក៏​បាន​ផ្ទុះ​ឡើង​នៅ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

ទោះ​ជា​យ៉ាង​ណា ចំពោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់​អ្នក​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​បារាំង មិន​មែន​ជា​លើក​ទី​១​នោះ​ទេ។ ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ទាំង​ពីរ​នេះ តែងតែ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី​ជារឿយៗ​ដោយ​សន្តិវិធី បើ​ទោះ​ជា​លោក​មិន​បាន​អញ្ជើញ​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​នោះ​ក៏ដោយ ចុះ​ទម្រាំ​លោក​នាយករដ្ឋមន្ត្រី អញ្ជើញ​ទៅ​ផ្ទាល់​ដូច​ពេល​កន្លង​មក​នេះ វា​អាច​កាន់​តែ​ជំរុញ​អោយ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ទាំង​នោះ​ចង់​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ​អោយ​លោក​នាយករដ្ឋមន្ត្រី​ឃើញ​ផ្ទាល់​ថែម​ទៀត។ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​ពីរ​នោះ បាតុកម្ម​សំដែង​មតិ​មិន​ពេញ​ចិត្ត​នឹង​មេដឹកនាំ​ប្រទេស​វា​ជា​រឿង​ធម្មតា ដរាប​ណា​មិន​ប្រើ​អំពើ​ហិង្សា។

ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី​ដែល​មាន​បទពិសោធន៍​នយោបាយ​ពេញ​ខ្លួន​ជាង ៣០​ឆ្នាំ​មក​នេះ គួរ​តែ​បាន​ជ្រាប​អំពី​រឿង​នេះ ឬ​ក៏​លោក​បាន​ជ្រាប​ហើយ ប៉ុន្តែ​លោក​យក​លេស​បាតុកម្ម​ពីរ​លើក​ប្រឆាំង​រូប​លោក​នៅ​ក្រៅ​ប្រទេស​នេះ ដើម្បី​បំផុស​យុទ្ធនាការ​ដក​លោក កឹម សុខា ដែល​ជា​ផែនការ​គ្រោង​ទុក​ជា​មុន​យូរ​ណាស់​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា ទោះ​ចង់​មិន​ចង់ ភស្តុតាង និង​ហេតុការណ៍​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ដែល​កើត​ឡើង​នៅ​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ត្រូវ​គេ​មើល​ឃើញ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

គណបក្ស​ប្រឆាំង និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​អោយ​អង្គការ​សហប្រជាជាតិ ទទួល​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលរួម​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​នេះ។ ពួកគេ​គ្មាន​ជំនឿ​ថា ក្រសួង​មហាផ្ទៃ ដែល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​នោះ នឹង​មាន​ជំហរ​អព្យាក្រឹត ហ៊ាន​វែកមុខ​ដើម្បី​រក​ការ​ពិត​ក្នុង​រឿង​នោះ​ទេ ពីព្រោះ​ការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ពិសេសៗ​នេះ មិន​មែន​ជា​លើក​ទី​មួយ​ទេ។ ករណី​ឃាតកម្ម​លើ​ប្រធាន​សហជីព​កម្មករ លោក ជា វិជ្ជា និង​ឃាតកម្ម​លើ​អ្នក​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ក៏​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​បែបៗ​នេះ​ផង​ដែរ ប៉ុន្តែ​ឃាតក​ពិត​នៃ​អ្នក​សម្លាប់​ជនរងគ្រោះ នៅ​តែ​រក​មុខ​មិន​ឃើញ។

សម្រាប់​ករណី​លោក ឈុត វុទ្ធី បើ​ទោះ​ជា​តុលាការ​ខេត្ត​កោះកុង បាន​បិទ​បញ្ចប់​ហើយ​ក្ដី ក៏​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី និង​ក្រុម​សង្គម​ស៊ីវិល​ជឿ​ថា ឃាតក​ពិត​មិនមែន​ប៉េអិម​ឈ្មោះ អ៊ិន រតនា ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ​ដែរ​នោះ​ទេ។  បញ្ហា​នេះ បណ្ដាល​អោយ​អ្នក​ខ្លះ​រិះគន់​ថា ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត គឺ​មិន​មែន​ដើម្បី​ស្វែង​វែក​មុខ​ជនល្មើស​ទេ ប៉ុន្តែ​ដើម្បី​ជួយ​លាក់បាំង​ជនល្មើស​ទៅ​វិញ​ទេ។ តាម​ពិត​ទៅ អាជ្ញាធរ​មាន​សមត្ថកិច្ច​សម្រាប់​ចាប់ចង​ជនល្មើស​មាន​ស្រាប់​រួច​ទៅ​ហើយ ចាំបាច់​អី​ទៅ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ស្អី​ទៀត។ ឧទាហរណ៍៖ ពេល​ចាប់​ចង​អ្នក​នយោបាយ​បក្ស​ប្រឆាំង ចាប់​អ្នក​កាសែត ចាប់​សកម្មជន​សិទ្ធិមនុស្ស ចាប់​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជាដើម មិន​ដែល​រត់​ទៅ​បង្កើត​គណៈកម្មការ​ចម្រុះ​មុន​សិន​ឯ​ណា។

ទោះជា​យ៉ាង​ក៏ដោយ​ចុះ ដើម្បី​ស្ដារ​មុខ​មាត់​កម្ពុជា ឡើង​វិញ ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ កំពុង​រង់ចាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចាត់​វិធានការ​បែប​ណា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​របស់​ពលរដ្ឋ និង​ពិភពលោក ចំពោះ​អំពើ​ហិង្សា​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​នោះ ហើយ​នឹង​ថា តើ​តុលាការ​កម្ពុជា នឹង​បញ្ចេញ​ឯករាជ្យភាព​របស់​ខ្លួន​ច្រើន​យ៉ាង​ណា​ដើម្បី​កាត់​បន្ថយ​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា នោះ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។