បទ​វិភាគ៖ យុត្តិធម៌​មិន​ពេញលេញ​ពី​សាលាក្ដី​ខ្មែរក្រហម

ដោយ ជី វិតា
2014-08-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៧-មេសា-២០១២៖ លោក​យាយ​រូប​នេះ​កំពុង​សម្លឹង​មើល​លលាដ៍​ក្បាល​ជន​រងគ្រោះ ដែល​តម្កល់​​ទុក​នៅ​អតីត​វាល​ពិឃាដ​ជើងឯក ក្រុង​ភ្នំពេញ។
១៧-មេសា-២០១២៖ លោក​យាយ​រូប​នេះ​កំពុង​សម្លឹង​មើល​លលាដ៍​ក្បាល​ជន​រងគ្រោះ ដែល​តម្កល់​​ទុក​នៅ​អតីត​វាល​ពិឃាដ​ជើងឯក ក្រុង​ភ្នំពេញ។
RFA/Mom Sophon

មនុស្ស​ជិត ២​លាន​នាក់​បាន​ត្រូវ​ស្លាប់​បាត់បង់​ជីវិត ដោយ​ការ​ប្រហារ​ជីវិត ការងារ​បង្ខំ ការ​បង្អត់​អាហារ និង​ដោយសារ​ជំងឺតម្កាត់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតយ្យ ឬ​របប​ខ្មែរ​ក្រហម។

បន្ទាប់​ពី​ចំណាយ​ពេល​អស់ ៧​ឆ្នាំ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរ​ក្រហម​ដែល​មាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ បាន​ចេញ​សាលក្រម​លើ​សំណុំ​រឿង ០០២ វគ្គ ១ កាត់​ទោស​អោយ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូល​ទាំង​ពីរ​រូប​កាល​ពី​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០១៤ រួម​ទាំង​ការ​កាត់​ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ស២១ កន្លង​មក ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា រវាង​ខែ​មេសា ឆ្នាំ​១៩៧៥ និង​ខែ​មករា ឆ្នាំ​១៩៧៩ ក្នុង​របប​ខ្មែរ​ក្រហម​អាច​ជា​សំណុំ​រឿង​ចុង​ក្រោយ​របស់​សាលាក្ដី​កូន​កាត់​មួយ​នេះ។ បើ​ដូច្នេះ តើ​ជន​រងគ្រោះ​ទទួល​បាន​យុត្តិធម៌​ដែរ​ឬ​ទេ?

បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរ​ក្រហម ចាប់​ផ្ដើម​កាត់​សេចក្ដី​សំណុំរឿង ០០១ ដែល​មាន កាំង ហ្កេកអ៊ាវ  ហៅ ឌុច អតីត​ប្រធាន​មន្ទីរ​ស២១ ឬ​គុក​ទួលស្លែង ជា​ជនសង្ស័យ​មុន​គេ។

៦​ឆ្នាំ​ក្រោយ​មក សាលាក្ដី​កូន​កាត់​មួយ​នេះ​បាន​រក​ឃើញ​ថា ឌុច ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​អស់​ជាង​មួយ​ម៉ឺន​នាក់។  ឌុច មាន​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ប្តី​ប្រពន្ធ​រូ​ច​ផុត​ពី​ការ​កាត់​ទោស

​បន្ទាប់​មក សំណុំ​រឿង ០០២ ដែល​ពេល​ចាប់​ផ្ដើម​មាន​ជនជាប់ចោទ​ចំនួន ៤​នាក់​នោះ មាន​តែ ២​នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់​ការ​ជំនុំជម្រះ​ក្តី​ចប់​ចុង​ចប់​ដើម​ក្នុង​វគ្គ​ទី​១។ ប៉ុន្តែ​ជនជាប់ចោទ អៀង សារី ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​ភរិយា​របស់​គាត់ អៀង ធីរិទ្ធ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម បាន​គេច​ផុត​ពី​ការ​កាត់​ទោស។
លោក អៀង សារី ជា​អ្នក​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​នៃ​ការ​ស្លាប់​បញ្ញវន្ត​ខ្មែរ​រាប់​ពាន់​នាក់​ដែល​បាន​វិល​ត្រឡប់​ពី​បរទេស​មក​កម្ពុជា​វិញ តាម​ការ​ឃោសនា​របស់​គាត់ ដើម្បី​ជួយ​គ្នា​កសាង​ជាតិ​ឡើង​វិញ បន្ទាប់​ពី​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥។

មុន​ពេល​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០០៧ ក្រោយ​ពី​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៦ នោះ លោក អៀង សារី និង​ភរិយា​រស់​នៅ​ក្នុង​វិឡា​ដ៏​ស្កឹមស្កៃ​មួយ​ដោយ​គ្មាន​ការ​រំខាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

​ដោយ​ការ​អូស​បន្លាយ​ពេលវេលា​នៃ​សាលាក្ដី លោកស្រី អៀង ធីរិទ្ធ អាយុ ៨០​ឆ្នាំ ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា មាន​ជំងឺ​វង្វេង​វង្វាន់ បាត់​ការ​ចងចាំ មិន​អាច​ឈរ​នៅ​ក្នុង​រង្វង់​ក្រចកសេះ​ត​ទៅ​ទៀត​ទេ ក៏​ត្រូវ​បាន​ដោះលែង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ អោយ​ទៅ​ព្យាបាល​រហូត​មក​ដល់​ពេល​នេះ។

អ្នកស្រី អៀង ធីរិទ្ធ ប្រពន្ធ​សព​លោក អៀង សារី ត្រូវ​កូន​ចៅ​គ្រា​ចេញ​ពី​ក្នុង​ផ្ទះ​មក​សំពះ​សព​ជា​លើក​ចុង​ក្រោយ មុន​នឹង​ត្រូវ​គេ​ជូន​ដំណើរ​ចូល​ឡាន​មុន​បូជា​សព នៅ​ភូមិ​ដូង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Morm Moniroth
អ្នកស្រី អៀង ធីរិទ្ធ ប្រពន្ធ​សព​លោក អៀង សារី ត្រូវ​កូន​ចៅ​គ្រា​ចេញ​ពី​ក្នុង​ផ្ទះ​មក​សំពះ​សព​ជា​លើក​ចុង​ក្រោយ មុន​នឹង​ត្រូវ​គេ​ជូន​ដំណើរ​ចូល​ឡាន​មុន​បូជា​សព នៅ​ភូមិ​ដូង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Morm Moniroth

 

ចំណែក​លោក អៀង សារី បាន​ស្លាប់​មុន​ពេល​សាលាក្ដី​ខ្មែរ​ក្រហម​ចេញ​សាលក្រម។ អៀង សារី មិន​បាន​ស្លាប់​ក្នុង​ភាព​អាម៉ាស់​ដូច​ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​ក្នុង​របប​ខ្មែរក្រហម ក្រោម​ការ​គ្រប់គ្រង​របស់​គាត់​នោះ​ទេ។

សាកសព​របស់​គាត់​ត្រូវ​បាន​ក្រុម​គ្រួសារ​និង​ញាតិមិត្ត​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ពោរពេញ​ទៅ​ដោយ​កិត្តិយស និង​ត្រូវ​បាន​បូជា​ដោយ​ភាព​ថ្លៃថ្នូរ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ ផ្ទុយ​ស្រឡះ​ពី​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ដែល​ត្រូវ​បាន​សម្លាប់ ហើយ​ធាក់​ទម្លាក់​ចូល​ក្នុង​រណ្ដៅ​រួម។

​បើ​មើល​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន សាលាក្ដី​កូនកាត់​មួយ​នេះ​ប្រហែល​ជា​កាត់​ទោស​បាន​តែ​អតីត​មេដឹកនាំ​ខ្មែរក្រហម​បី​នាក់​ប៉ុណ្ណោះ ជាមួយ​ការ​ចំណាយ​លុយ​ជាង ២០០​លាន​ដុល្លារ និង​ពេលវេលា​ជាង ៧​ឆ្នាំ។

ការ​ជ្រៀតជ្រែក​នយោបាយ​ក្នុង​ដំណើរការ​ក្តី

​អំពី​ការ​ជ្រៀតជ្រែក​នយោបាយ​ទៅ​ក្នុង​តុលាការ​ខ្មែរក្រហម​វិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​នៅ​តែ​ប្រកាន់​ជំហរ​ថា មិន​អោយ​មាន​ការ​ជំនុំ​ជម្រះ​លើស​ពី​សំណុំរឿង​០០២​ឡើយ  នៅ​ខណៈ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ កំពុង​បន្ត​ស៊ើបអង្កេត​សំណុំរឿង ០០៣ និង ០០៤ ដែល​មាន​ជន​សង្ស័យ​ចំនួន ៥​នាក់​ដើម​ឡើយ តែ​ឥឡូវ​នៅ​សល់​តែ ៤​នាក់។

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ការ​ចាប់​ខ្លួន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម​ទៀត អាច​នឹង​បណ្ដាល​អោយ​កម្ពុជា ផ្ទុះ​សង្គ្រាម​ឡើង​វិញ។ លោក​ថា លោក​សុខចិត្ត​អោយ​សាលាក្ដី​កូន​កាត់​មួយ​នេះ​ទទួល​បរាជ័យ ប៉ុន្តែ​មិន​អោយ​មាន​ការ​ចាប់​មនុស្ស​បន្ថែម​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​សង្កេតការណ៍​វិញ មិន​យល់​ឃើញ​ដូច្នេះ​ទេ។

​អតីត​កងទ័ព​ខ្មែរក្រហម​ដែល​ធ្វើសង្គ្រាម​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ​នោះ មាន​ការ​នឿយ​ណាយ​នឹង​ការ​ច្បាំង​គ្នា។ ពួកគេ​ប្រហែលជា​មិន​រត់​ចូល​ព្រៃ​ធ្វើ​សង្គ្រាម​ឡើង​វិញ ដើម្បី​ការពារ​អតីត​មេដឹកនាំ​របស់​ខ្លួន​ដែល​មាន​វ័យ​ចាស់​ជរា​ហើយ​នោះ​ទេ។

​ផ្ទុយ​ទៅ​វិញ អ្នក​សង្កេតការណ៍​ជា​ច្រើន​យល់​ឃើញ​ថា ការ​រារាំង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​អោយ​មាន​ការ​ចោទ​ប្រកាន់​បន្ថែម  គឺ​លោក​មាន​បំណង​ការពារ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួ​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក ដែល​ជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម​ទៅ​វិញ​ទេ។ លើស​ពី​នេះ លោក​ក៏​ចង់​បាន​ការ​គាំទ្រ​ពី​អតីត​កងទ័ព​ខ្មែរ​ក្រហម​ផង​ដែរ។

​ការ​ជំទាស់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឡើង​ជា​សាធារណៈ​នោះ ប្រៀប​ដូចជា​បទបញ្ជា​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ទៅ​លើ​ភាគី​កម្ពុជា នៅ​សាលាក្ដី​ខ្មែរ​ក្រហម។ សហ​ចៅក្រម​ស៊ើប​អង្កេត លោក យូ ប៊ុនឡេង ក៏​ចាប់​ផ្ដើម​បដិសេធ​មិន​សហការ​ជាមួយ​សហ​ភាគី​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ។ ដោយ​ហេតុ​នេះ  ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១ ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ពីរ​នាក់​ហើយ​ដែល​បាន​លាឈប់​ពី​សាលាក្ដី។ ចៅក្រម​ទី​១ គឺ​លោក ស៊ីកហ្វ្រ៊ីដ ប្លាំង (Siegfried Blunk) ជនជាតិ​អាល្លឺម៉ង់ និង​ចៅក្រម​ទី​២ គឺ​លោក ឡូរ៉ង់ កាសប៉ឺ អានសឺម៉េត (Laurent Kasper Ansermet) ជនជាតិ​ស្វីស ដែល​មិន​អាច​ធន​ទ្រាំ​ចំពោះ​ការ​ជ្រៀតជ្រែក និង​ការ​រាំង​ស្កាត់​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​ស៊ើប​អង្កេត​សំណុំរឿង ០០៣ និង ០០៤។

មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ

​បើ​ទោះ​ជា​ការ​កាត់​ទោស ឌុច នួន ជា និង ខៀវ សំផន សាលាក្ដី​បាន​កត់​ត្រាទុក​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ឧក្រិដ្ឋកម្ម​កើត​ឡើង​ក្នុង​របប​ខ្មែរក្រហម និង​បាន​ផ្ដល់​យុត្តិធម៌​ខ្លះ​ដល់​ជន​រងគ្រោះ​ក៏ដោយ  ក៏​វា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ប្រៀបធៀប​ទៅ​នឹង​ទំហំ​នៃ​បទឧក្រិដ្ឋ​នៃ​ការ​កាប់​សម្លាប់ និង​ការ​បាត់បង់​ដែល​កើត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម។

អតីត​មេដឹកនាំ​នៅ​របប​ខ្មែរ​ក្រហម នួន ជា (ឆ្វេង) និង ខៀវ សំផន
អតីត​មេដឹកនាំ​នៅ​របប​ខ្មែរ​ក្រហម នួន ជា (ឆ្វេង) និង ខៀវ សំផន Photo courtesy of ECCC

 

ដូច​លោក ប្រ៊ែដ អាដាម (Brad Adams) នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា ការ​ជំនុំ​ជម្រះ​កន្លង​មក​វា​គ្រាន់តែ​បាន​អេះ​សើៗ​ទៅ​លើ​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម​តែប៉ុណ្ណោះ។

ឧទាហរណ៍៖ បើ​ជន​រងគ្រោះ​ប្រមាណ ១ម៉ឺន ៥​ពាន់​នាក់ (១៥.០០០) ត្រូវ​បាន​សម្លាប់​ក្រោម​បញ្ជា​របស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច តែ​ម្នាក់ នៅ​ក្នុង​មន្ទីរ​សន្តិសុខ ស២១ ឬ​គុក​ទួលស្លែង  តើ​មាន​ជនរងគ្រោះ​ប៉ុន្មាន​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​ក្នុង​គុក​នីមួយៗ នៅ​ទូទាំង​ប្រទេស​នោះ?

យោង​តាម​ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា (DC-CAM)  មន្ទីរ​ឃុំឃាំង ឬ​គុក​នៅ​ទូទាំង​ប្រទេស ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​មិន​តិច​ជាង ២០០​កន្លែង​នោះ​ទេ។

​មន្ទីរ​ស២១ នៅ​កណ្តាល​ក្រុង​ភ្នំពេញ គ្រាន់តែ​គុក​មួយ​ក្នុង​ចំណោម​គុក​ទាំង ២០០​កន្លែង​នោះ។ អ្វី​ដែល​ធ្វើ​អោយ​មន្ទីរ​ស២១ ល្បីល្បាញ​នៅ​ពេល​នេះ គឺ​ដោយសារ​តែ​មន្ទីរ​ឃុំឃាំង​នេះ ជា​គុក​ជញ្ជាំង​ថ្ម មាន​រក្សាទុក​នូវ​ឯកសារ និង​រូបថត​អ្នក​ទោស​ជា​ភស្តុតាង។ ប៉ុន្តែ​មន្ទីរ​ស២១ ឬ​គុក​ទួលស្លែង មិន​តំណាង​ថា ជា​គុក​ធំ​ជាង​គេ និង​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នោះ​ទេ។ បើ​ដូច្នេះ តើ​មាន​មនុស្ស​ប្រភេទ ឌុច កាន់​តួនាទី​ដូច ឌុច ប៉ុន្មាន​នាក់​​ក្នុង​របប​ខ្មែរ​ក្រហម?

​ដោយ​យល់​ឃើញ​ថា នៅ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ជា​ច្រើន​ទៀត​គួរ​ត្រូវ​នាំ​ខ្លួន​មក​ជំនុំជម្រះ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម បើ​ទោះ​ជា​មិន​មាន​កិច្ច​សហការ​ពី​សហភាគី​កម្ពុជា ក៏ដោយ ក៏​បាន​ធ្វើការ​ស៊ើប​អង្កេត​សំណុំ​រឿង ០០៣  និង ០០៤ ដែល​មាន​ជន​សង្ស័យ​សរុប​ចំនួន ៥​នាក់។  កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៤​នេះ  សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ បាន​ចេញ​ដីកា​កោះ​ហៅ​ជនសង្ស័យ​មួយ​រូប​ក្នុង​សំណុំរឿង​០០៣ ឈ្មោះ អ៊ឹម ចែម ឬ​យាយ ចែម មក​ឆ្លើយ​បំភ្លឺ​សំណួរ​ខ្លះ​នៅ​ឯ​សាលាក្ដី។ ប៉ុន្តែ​ដោយ​គ្មាន​កិច្ច​សហការ​ពី​សហ​ភាគី​ចៅក្រម​ស៊ើប​អង្កេត​ជាតិ និង​នគរបាល​យុត្តិធម៌ ដីកា​កោះ​នោះ​បែរ​ជា​គ្មាន​ន័យ ដោយ​ជនសង្ស័យ​មិន​គោរព​តាម។

វា​ច្បាស់​ណាស់​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន មាន​តែ​បុរស​ខ្លាំង​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ចេញ​បញ្ជា​ចាប់​ខ្លួន​ករណី​បែប​នេះ​បាន។

ការ​ធ្វើ​អាជីវកម្ម​លើ​ខ្នង​ជន​រង​គ្រោះ

​អំពី​អំពើ​ពុករលួយ​វិញ ក្រោយ​ពី​សាលាក្ដី​ខ្មែរ​ក្រហម​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៦ ការ​ធ្វើ​អាជីវកម្ម​លើ​ខ្នង​ជន​រងគ្រោះ​ក៏​បាន​កើត​ឡើង។ ពុករលួយ​ជា​ប្រព័ន្ធ ដែល​ក្នុង​នោះ​បុគ្គលិក​ខ្មែរ​ត្រូវ​បាន​គេ​បង្ខំ​កាត់​ប្រាក់​ប្រចាំខែ​របស់​ខ្លួន​មួយ​ចំនួន​អោយ​ទៅ​មន្ត្រី​ជាន់​ខ្ពស់​សម្រាប់​ជា​សំណូក ដើម្បី​បាន​ការ​ងារ​ធ្វើ ឬ​រក្សា​ការងារ​របស់​ខ្លួន។ ក្រោយពី​ព័ត៌មាន​អំពី​រឿង​អាស្រូវ​នេះ បាន​លេច​ឮ​ដល់​សារព័ត៌មាន សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​រង​សម្ពាធ​អោយ​ចាត់​វិធានការ​បំបាត់​អំពើ​ពុករលួយ។

នៅ​ឆ្នាំ​២០០៨ ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក ស៊ាន វិសុទ្ធ ដែល​ស្និទ្ធ​នឹង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​លា​សម្រាក​ពី​ការងារ​ជា​រៀង​រហូត។ លោក ស៊ាន វិសុទ្ធ ត្រូវ​គេ​សង្ស័យ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​អាស្រូវ​នេះ។ ការ​ស៊ើប​អង្កេត​ផ្លូវការ​មួយ​បាន​ធ្វើ​ឡើង ប៉ុន្តែ​មាន​លទ្ធផល​តិច​តួច។ ទោះ​ជា​យ៉ាង​ណា​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម គឺ​ជា​ភាព​អាម៉ាស់​មួយ​ទៀត​ដល់​ជន​រង​គ្រោះ។ ពាក្យ​បណ្ដឹង​នៃ​ការ​ឈឺ​ចាប់ ភាព​សោកសៅ និង​ការ​បាត់បង់​របស់​ពួកគេ​ក្នុង​របប​ខ្មែរក្រហម បាន​ក្លាយ​ទៅ​ជា​មធ្យោបាយ​របស់​អ្នក​ដទៃ​សម្រាប់​កេង​ប្រវ័ញ្ច​យក​ប្រយោជន៍ រក​លុយ​ដាក់​ចូល​ហោប៉ៅ​ទៅ​វិញ។

មរតក​បន្សល់​ទុក​ពី​សាលាក្ដី​ខ្មែរ​ក្រហម

​សាលាក្ដី​ខ្មែរក្រហម​ដែល​មាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ គឺ​ជា​តុលាការ​កូន​កាត់​មាន​ភាគី​កម្ពុជា និង​ភាគី​ចម្រុះ​ជាតិ​សាសន៍​ផ្សេង​ទៀត​ចូល​រួម។ តុលាការ​នេះ​ប្រើ​ច្បាប់​កម្ពុជា​ផង និង​ច្បាប់​អន្តរជាតិ​ផង។ តុលាការ​កូន​កាត់​មួយ​នេះ គួរ​បាន​ធ្វើជា​គំរូ​ដ៏​ល្អ​សម្រាប់​តុលាការ​កម្ពុជា ដែល​ពុករលួយ និង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។ ប៉ុន្តែ​មន្ត្រី​ភាគី​កម្ពុជា នៅ​តែ​អនុវត្ត​តាម​ទម្លាប់​ចាស់ ស្ដាប់​តាម​បង្គាប់​បញ្ជា​អ្នក​នយោបាយ​ដដែល ដូចជា​រារាំង​សំណុំ​រឿង ០០៣ និង ០០៤ ជា​ឧទាហរណ៍ នៅ​ខណៈ​ភាគី​សហ​ប្រជាជាតិ​ប្រឹងប្រែង បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់។

កាំង ហ្កេកអ៊ាវ ហៅ ឌុច បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ថ្ងៃ​ទី​៣០ ខែ​មីនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ។ AFP
កាំង ហ្កេកអ៊ាវ ហៅ ឌុច បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ថ្ងៃ​ទី​៣០ ខែ​មីនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ។ AFP PHOTO/POOL/Mak REMISSA

 

ទោះជា​យ៉ាង​ណា​ក៏ដោយ អ្នក​ឃ្លាំមើល​សាលាក្ដី​ខ្មែរក្រហម​ជាច្រើន បាន​សម្ដែង​ការ​កោត​សរសើរ​នូវ​ការ​អនុវត្ត​គោលការណ៍​ច្បាប់​យ៉ាង​ល្អ​ប្រសើរ​របស់​សាលាក្ដី​នេះ។ អ្នកខ្លះ​ថា សាលាក្ដី​នេះ​អាច​ធ្វើជា​គំរូ​សម្រាប់​តុលាការ​ជាតិ​បាន​ទៀត​ផង។ គោលការណ៍​ច្បាប់​ចំបងៗ​ទាំង​នោះ រួម​មាន ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ សេចក្ដី​សន្និដ្ឋាន​ថា​គ្មាន​ទោស​កំហុស​ដរាប​ណា​តុលាការ​មិន​ទាន់​រក​ឃើញ​ថា​មានទោស និង​ឋានៈ​ស្មើភាព​គ្នា​រវាង​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ចុង​ចោទ។ លើស​ពី​នេះ សាលាក្ដី​នេះ​ក៏​បាន​អនុញ្ញាត​អោយ​តំណាង​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ចូល​រួម​ក្នុង​ដំណើរការ​ក្តី​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ជន​រង​គ្រោះ​ថែម​ទៀត។

​ទោះជា​យ៉ាង​ណា ដើម្បី​អោយ​គំរូ​ល្អ​នៅ​សាលាក្ដី​កូន​កាត់​មួយ​នេះ​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​តុលាការ​ជាតិ​បាន  ទី​១ លុះត្រាតែ​គណបក្ស​កាន់​អំណាច​កែប្រែ​ទម្លាប់​ត្រួតត្រា​តុលាការ​របស់​ខ្លួន​ចេញ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​សញ្ញា​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បោះបង់​ឥរិយាបថ​ខុស​ច្បាប់​នេះ​ចោល​ទេ។ ទី​២ ចៅក្រម​ម្នាក់ៗ ត្រូវការ​ផ្លាស់ប្ដូរ​ទម្លាប់​ធ្វើការ​ងា​របស់​ខ្លួន និង​បញ្ឈប់​អំពើ​ពុករលួយ។ ចៅក្រម​ទាំង​អស់​ត្រូវ​ហ៊ាន​ក្រោក​ឈរ តស៊ូ​ទាមទារ​សិទ្ធិ​អំណាច​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប្រាកដ​ណាស់ កិច្ចការ​នេះ​ទាមទារ​អោយ​មាន​សេចក្ដី​ក្លាហាន ការ​លះបង់ និង​ការ​ប្ដេជ្ញា​ចិត្ត។  ទី​៣ រដ្ឋសភា​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ឡាយ​ដែល​ធ្វើ​អោយ​តុលាការ​បាត់បង់​ឯករាជភាព ហើយ​អនុម័ត​ច្បាប់​ផ្តល់​អំណាច​អោយ​តុលាការ មាន​ថវិកា​គ្រប់គ្រាន់ និង​ប្រាក់ខែ​សមរម្យ។

​ប្រសិនបើ​គ្មាន​ទស្សនវិស័យ​គិតគូរ​ម៉ត់ចត់ និង​សកម្មភាព​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ផ្ទេរ​គំរូ​ល្អៗ​ពី​សាលាក្ដី​កូន​កាត់​នេះ​ទៅ​តុលាការ​ជាតិ​ទេ សូម្បីតែ​ព្រះរាជអាជ្ញា និង​ចៅក្រម​ដែល​កំពុង​សប្បាយ​រីករាយ​នឹង​ប្រាក់ខែ​ខ្ពស់​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​បច្ចុប្បន្ន  ពេល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​តុលាការ​ជាតិ​វិញ នឹង​អនុវត្ត​ទម្លាប់​ចាស់ ប្រព្រឹត្ត​អំពើ​ពុករលួយ​ដដែល។

​ទោះជា​យ៉ាង​ណា​ក៏ដោយ ងាក​មក​សាលាក្ដី​ខ្មែរក្រហម​វិញ ដោយ​យល់​អំពី​បរិបទ​នយោបាយ​ពិភពលោក និង​នយោបាយ​កម្ពុជា ជនរងគ្រោះ​ដែល​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន ប្រហែលជា​មិន​បាន​រំពឹង​ថា នឹង​ទទួល​បាន​យុត្តិធម៌​កម្រិត​លេខ​១ ពី​សាលាក្ដី​កូនកាត់​មួយ​នេះ​ទេ។ ប៉ុន្តែ​ការ​ជ្រៀតជ្រែក​នយោបាយ​ចូល​ទៅ​ក្នុង​ដំណើរការ​ក្តី​នៃ​តុលាការ​ប្រហែល​ជា​ធ្វើ​អោយ ពួកគេ​ខក​ចិត្ត​ខ្លាំង​ណាស់។

​មនុស្ស​ជិត ២​លាន​នាក់ បាន​ស្លាប់​បាត់​បង់ជីវិត​ដោយ​ការ​កាប់​សម្លាប់ និង​គោលនយោបាយ​អន់ថយ​របស់​ខ្មែរ​ក្រហម ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​តែ​ទណ្ឌិត​បី​នាក់​ប៉ុណ្ណោះ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច នួន ជា និង ខៀវ សំផន ហើយ​ប្រហែល​ជា​សំណុំរឿង​ចុង​ក្រោយ​ទៀត​ផង។

​បើ​ដូច្នេះ ចំនួន​នេះ​ពិតជា​មិនទាន់​គ្រប់គ្រាន់​ទេ ហើយក៏​មិន​ទាន់​មាន​យុត្តិធម៌​ពេញលេញ​ដែរ។  ទោះជា​យ៉ាង​ណា ប្រសិនបើ​សាលាក្ដី​នេះ ត្រូវ​បាន​បិទ​បញ្ចប់​ត្រឹម​សំណុំរឿង​០០២ មែន​នោះ ប្រវត្តិសាស្ត្រ​ជា​អ្នក​វិនិច្ឆ័យ​ទៅ​លើ​ដំណើរការ​ប្រព្រឹត្ត​ទៅ និង​ការ​ជ្រៀតជ្រែក​នានា​ក្នុង​សាលាក្ដី​កូន​កាត់​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

លោកអ្នកជាទីគោរព្វ អញ្ចេះខ្ញុំចង់និយាយថា សាលាក្តីនេះអាចមាន​យុត្តិធរដែរ សម្រាប់រាស្រ្តខ្មែរ តែរឿងដែលអយុត្តិធរមេនទែននេោះ គឺសម្រាប់លោកខៀវសផន លោកនួនជា ទៅវិញទេ ដែលខ្មែរ​ក្រហម​​​​ដូចគាត់ដែរដើរហ៊ឺហា ស្រែកឡូឡាមិនអ្នកនាហ៊ានធ្វើអី និង​រឿងដែលអស្ចាមួយទៀតសម្រាប់ខ្មែរ ដែលនិយាយថាស្អប់ខ្មែរក្រហម​ៗៗ​ៗតែ​ដើរហែរមកនិងសំពះតែខ្មែរក្រហមទៅទៀតរាល់ថ្ងៃនេះ តើ​មែន​ឬអត់??????

Aug 22, 2014 02:52 AM

អ្នក​អាន​អនាមិក

If CPP won't do good things to the country and Khmer people, this verdict won't mean much to Cambodia and Khmer people!

Aug 21, 2014 06:06 AM

HURRICANE

THAT'S JUSTICE SISTYME OF KHMER ROUGE COURT IN CAMBODIA???????? WHEN EVER HUN XEN STILL IN POWER KHMER NEVER HAVE ANY JUSTICE AT ALL, BECAUSE HE AND HIS PARTY ARE KHMER ROUGE THEMSELVE, IN THEIR HANDS FULL OF PEOPLE BLOODS. NOW THEY ARE POWER, RICH(CORRUPTION) UNDER YOUN HELP.

Aug 19, 2014 11:25 AM

គេហទំព័រ​ទាំងមូល