បទ​វិភាគ៖ ហេតុផល​កម្ពុជា​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

ដោយ ទីន ហ្សាការីយ៉ា
2014-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ក្នុង​ពិធី​ចុះ​ហត្ថលេខា​អនុស្សរណៈ​យោគយល់​នៃ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ក្នុង​ពិធី​ចុះ​ហត្ថលេខា​អនុស្សរណៈ​យោគយល់​នៃ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ហេតុផល​ជួយ​ខាង​ផ្នែក​មនុស្សធម៌ និង​ចង់​បាន​កិត្តិនាម​នៅ​លើ​ឆាក​អន្តរជាតិ​ក្ដី ក៏ប៉ុន្តែ​ហេតុផល​ពិត​នៅ​ពី​ក្រោយ​រឿង​នេះ តាម​មើល​ទៅ​មិន​មែន​ដូច្នោះ​ឡើយ។

ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី នៅ​ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា មាន​ការ​លំបាក​លំបិន​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​ជាតិ វិបត្តិ​អត់​ការងារ​ធ្វើ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស កំពុង​ញាំញី​ក្នុង​សង្គម​កម្ពុជា ផង​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​នេះ ក្នុង​ហេតុផល​អាថ៌កំបាំង​អ្វី​ផ្សេង​ទៅ​វិញ​ទេ។

តើ​ហេតុផល​អ្វី​ខ្លះ ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី មក​នោះ?

រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ឲ្យ​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នេះ គឺ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ពីព្រោះ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី មិន​ហ៊ាន​ទទួល​យក​ផង​នោះ។

ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នៅ​ពេល​នេះ មិន​មែន​ជា​រឿង​ចៃដន្យ ឬ​ជា​រឿង​មនុស្សធម៌​អ្វី​នោះ​ទេ។ តាម​មើល​ទៅ រដ្ឋាភិបាល​កម្ពុជា មាន​ផែនការ​ជាក់​លាក់​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ។

មាន​កត្តា​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​កម្ពុជា មាន​អាថ៌កំបាំង​ពី​ក្រោយ​ខ្នង​នោះ រដ្ឋាភិបាល​កម្ពុជា ចង់​ស្ដារ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ទៅ​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​សប្ដាហ៍​មុន អំពី​ការ​បាញ់​សម្លាប់ ការ​ចាប់​ខ្លួន​ដាក់​គុក ការ​រំលោភ​ដីធ្លី។ល។

ម្យ៉ាង​ទៀត រដ្ឋាភិបាល​ក៏​ធ្លាប់​មាន​ប្រវត្តិ​មិន​ល្អ​ម្ដង​រួច​ហើយ ធ្វើ​ឲ្យ​កម្ពុជា បាក់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ គឺ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ចំពោះ​ការ​ចាប់​បង្ខំ​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ អ្នក​កាន់​សាសនា​ឥស្លាម ចំនួន ២០​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ផង បញ្ជូន​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ដែល​សកម្មភាព​នេះ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា រដ្ឋាភិបាល​កម្ពុជា រំលោភ​អនុសញ្ញា​ការពារ​ជន​ភៀស​ខ្លួន​ដែល​កម្ពុជា ជា​ហត្ថលេខី។

ការ​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍ នៅ​ពេល​នោះ រដ្ឋាភិបាល​កម្ពុជា ក៏​ដឹង​ដែរ​ថា ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ ទាំង ២០​នាក់​នោះ ត្រូវ​ប្រឈម​នឹង​ការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ដ៏​យូរ​ឆ្នាំ​ដែរ។ តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា មិន​គិត​ពី​បញ្ហា​មនុស្សធម៌​ផង​នៅ​ពេល​នោះ? ព្រោះ​ថា នៅ​ពេល​នោះ សហគមន៍​អន្តរជាតិ រួម​ទាំង​សហរដ្ឋ​អាមេរិក ផង បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​ឲ្យ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន វិញ​ទេ។

មូលហេតុ​ចំបង​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន តាម​សំណើ​នោះ រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ថវិកា​ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ពី​ចិន គឺ​មាន​ទឹក​ប្រាក់ ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ប្រាក់​កម្ចី និង​ប្រាក់​ជំនួយ។

ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង នៅ​ពេល​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ទៅ​ប្រទេស​វៀតណាម វិញ បន្ទាប់​ពី​ជន​ភៀស​ខ្លួន​ទាំង​នោះ បាន​រត់​គេច​ពី​ការ​ធ្វើ​បាប​ដោយ​អាជ្ញាធរ​វៀតណាម។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ព្រះសង្ឃ​ខ្មែរ​ក្រោម ព្រះអង្គ ទឹម សាខន រត់​មក​គង់​នៅ​វត្ត​មួយ​នៅ​ខេត្ត​តាកែវ ក៏​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ផ្សឹក​កាល​ពី​ឆ្នាំ​២០០៧ និង​បញ្ជូន​ទៅ​អាជ្ញាធរ​វៀតណាម ដាក់​គុក​ចំនួន​ពីរ​ឆ្នាំ។

ដោយសារ​តែ​រដ្ឋាភិបាល​មាន​ស្លាកស្នាម​មិន​ល្អ​ទាំង​នេះ​ហើយ នៅ​ពេល​រដ្ឋាភិបាល​អូស្ត្រាលី ស្វះ​ស្វែងរក​ប្រទេស​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ រដ្ឋាភិបាល​កម្ពុជា ចង់​មិន​ចង់ ត្រូវ​តែ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ ដើម្បី​ស្ដារ​កេរ្តិ៍​ឈ្មោះ​ទាំង​នេះ​ឡើង​វិញ។

ទន្ទឹង​នឹង​នេះ បើ​សិន​ជា​និយាយ​អំពី​បញ្ហា​មនុស្សធម៌​នោះ រដ្ឋាភិបាល​ប្រហែល​ជា​បំពេញ​តួនាទី​មនុស្សធម៌​នេះ​ជាមួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជា​មុន​បាត់​ទៅ​ហើយ ព្រោះ​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​រងគ្រោះ​រឿង​បញ្ហា​រំលោភ​ដីធ្លី​ពី​ក្រុមហ៊ុន ដូចជា សហគមន៍​បឹងកក់ បុរីកីឡា សហគមន៍​ឡពាង ខេត្ត​កំពង់ឆ្នាំង ដែល​ពួក​គាត់​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ បាន​ដើរ​ពី​ខេត្ត​កំពង់ឆ្នាំង ដល់​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ជូន​ពួក​គាត់។

អ្នក​ភូមិ​បុរីកីឡា អ្នក​បឹងកក់ និង​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ​ទៀត បាន​ដើរ​តវ៉ា​ជា​បន្តបន្ទាប់​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ដូច​គ្នា។ល។

លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ខ្លួន​ឯង​ក៏​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ប្រមាណ ២០​ភាគរយ កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ និង​មាន​រាប់​សែន​នាក់​ទៀត កំពុង​ធ្វើ​ចំណាក​ស្រុក​ចាក​ចោល​ផ្ទះ​សម្បែង ទៅ​រក​ស៊ី​ឈ្នួល​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​ផ្សេងៗ​ទៀត ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្ដល់​ការងារ​ឲ្យ​ពួក​គេ​ធ្វើ។ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ត្រូវ​បន្ថែម​បន្ទុក​យក​ជន​ភៀស​ខ្លួន​ឲ្យ​មក​រស់នៅ​ប្រទេស​កម្ពុជា បន្ថែម​ទៀត​នោះ?

ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ជន​ភៀស​ខ្លួន​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា រវាង​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី នោះ ហាក់​ដូចជា​អាថ៌កំបាំង គឺ​ក្រោយ​ពេល​ចុះ​ហត្ថលេខា ភាគី​កម្ពុជា និង​អូស្ត្រាលី មិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពន្យល់​ឲ្យ​ដឹង​អំពី​កិច្ច​ព្រមព្រៀង​នោះ​ទេ។

ក្រសួង​មហាផ្ទៃ បាន​ត្រឹម​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ក៏​លើក​ឡើង​ប្រសាសន៍ លោក ស ខេង ដែល​អះអាង​ថា កម្ពុជា ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ និង​ពិធីសារ​ឆ្នាំ​១៩៦៧ ទាក់ទង​ជន​ភៀស​ខ្លួន ហើយ​កម្ពុជា ក៏​មាន​អនុក្រឹត្យ​ស្ដីពី​នីតិវិធី​សម្រាប់​ការ​ទទួល​ស្គាល់​ជន​ភៀស​ខ្លួន ឬ​ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ឲ្យ​ជន​បរទេស​នៅ​កម្ពុជា។ ដូច្នេះ ការ​ផ្តល់​ទីលំនៅ​ឲ្យ​ជន​ភៀស​ខ្លួន គឺ​ជា​សកម្មភាព​មនុស្សធម៌ ដែល​នឹង​ជួយ​ពួក​គេ​ចាប់​ផ្តើម​ជីវិត​ថ្មី ស្រប​តាម​ច្បាប់​របស់​កម្ពុជា។

យ៉ាង​នេះ​ក្ដី នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) អះអាង​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ឲ្យ​មក​តាំង​ទីលំនៅ​នៅ​កម្ពុជា នេះ ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​មួយ​ដល់​ដំណើរ​ការ​ជួយ​ជន​ភៀស​ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ លោក​បញ្ជាក់​ថា នេះ​ក៏​ជា​កាយវិការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ចំពោះ​ការ​បំបរបង់​ចោល​ជន​ភៀស​ខ្លួន​ឲ្យ​មក​រស់នៅ​វេទនា​នៅ​កម្ពុជា។

បើ​ពិនិត្យ​មើល​ចំនួន​ថវិកា​ដែល​អូស្ត្រាលី សន្យា​ផ្ដល់​ជូន​រដ្ឋាភិបាល​កម្ពុជា នូវ​ទឹក​ប្រាក់​ចំនួន ៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​ជន​ភៀស​ខ្លួន​ទាំង​នោះ ទំនង​ជា​រដ្ឋាភិបាល​កម្ពុជា មិន​សំឡឹង​ឃើញ​លុយ​នេះ​ជា​ធំ​នោះ​ឡើយ។ បើ​ងាក​មើល​ផ្ទៃ​ក្នុង​កម្ពុជា វិញ មាន​ជន​អន្តោប្រវេសន៍​វៀតណាម រាប់​ម៉ឺន​នាក់ កំពុង​សម្ងំ​រស់នៅ​ប្រទេស​កម្ពុជា យ៉ាង​សុខសាន្ត។

នៅ​ត្រង់​ចំណុច​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នេះ ប្រហែល​ជា​រដ្ឋាភិបាល​កម្ពុជា មាន​អាថ៌កំបាំង​នយោបាយ​មួយ​ទៀត ដើម្បី​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម រស់នៅ​កម្ពុជា អាច​រស់នៅ​ស្រប​ច្បាប់​ដូចជា​ជន​ភៀស​ខ្លួន​អូស្ត្រាលី ដែរ​ក៏​ថា​បាន៖ «ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ខ្លួន​ឯង​ហ្នឹង កំពុង​រក​វិធី​ដើម្បី​ផ្ដល់​ឯកសារ​អត្តសញ្ញាណ​ឲ្យ​ជនជាតិ​យួន នៅ​ត្រង់​ហ្នឹង ខ្ញុំ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ផ្ដល់​អត្តសញ្ញាណ​ឲ្យ​ជន​ភៀស​ខ្លួន​អូស្ត្រាលី ឆ្លៀត​ឱកាស​ផ្ដល់​អត្តសញ្ញាណ​គ្រប់គ្រាន់​ដល់​ជនជាតិ​យួន អន្តោប្រវេសន៍​រស់នៅ​កម្ពុជា អា​ហ្នឹង គឺ​ជា​កលល្បិច​មួយ​ដ៏​ធំ​ដែល​យើង​ត្រូវ​តែ​ពិចារណា»

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​អូស្ត្រាលី ប្រហែល​ជា​អាច​ស៊ើប​ដឹង​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​នោះ មាន​អ្នក​មាន​ប្រវត្តិ​មិន​ល្អ ដែល​អូស្ត្រាលី ខ្លួន​ឯង​ពិបាក​នឹង​ទប់ស្កាត់ ដូចជា​មាន​ក្រុម​ទាក់ទង​នឹង​ក្រុម​អាយស៊ីស (ISIS) ដែល​កំពុង​តែ​បង្ក​បញ្ហា​នៅ​ក្នុង​ប្រទេស​ប៉ែក​មជ្ឈិម​បូព៌ា​ផង​ក៏​មិន​ដឹង។ ដូច្នេះ ចង់​មិន​ចង់ អូស្ត្រាលី ត្រូវ​តែ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ជន​ភៀស​ខ្លួន​ទាំង​នេះ ឲ្យ​មក​កម្ពុជា គ្រប់គ្រង​វិញ​ម្ដង។

មួយ​វិញ​ទៀត ការ​ធ្វើ​ដូច្នេះ រដ្ឋាភិបាល​អូស្ត្រាលី ចង់​ផ្ញើ​សារ​មួយ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​លើ​សាកលលោក​បាន​ឃើញ​ថា អូស្ត្រាលី ឈប់​ទទួល​ជន​ភៀស​ខ្លួន​ហើយ គួបផ្សំ​នឹង​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ទទួល​យក​ជន​ភៀស​ខ្លួន ឲ្យ​ទៅ​រស់នៅ​បណ្ដោះអាសន្ន​ក្នុង​ប្រទេស​ខ្លួន​ផង​នោះ។

យ៉ាង​ណា​ក៏ដោយ ជន​ភៀស​ខ្លួន​ទាំង​នោះ​បើ​សិន​ជា​ពួក​គាត់​ចង់​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា ពួក​គេ​ប្រាកដ​ជា​រត់​គេច​មក​ត្រង់​សំដៅ​មក​ប្រទេស​កម្ពុជា មិន​ខាន គឺ​ពួក​គេ​មិន​ទៅ​សុំ​សិទ្ធិ​ជ្រក​កោណ​ក្នុង​ប្រទេស​អូស្ត្រាលី នោះ​ឡើយ។

ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ជន​ភៀស​ខ្លួន​នេះ គឺ​រដ្ឋាភិបាល​កាន់​តែ​អាច​ប្រឈម​នឹង​បញ្ហា​លំបាក​ថែម​ទៀត នៅ​ខណៈ​រដ្ឋាភិបាល​កំពុង​ជាប់​ដៃ​ជាច្រើន​ជាមួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោះស្រាយ​មិន​ទាន់​ចប់​ផង ពិសេស​រឿង​ទំនាស់​ដីធ្លី និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​គ្មាន​កន្លែង​ស្នាក់នៅ​នោះ ពីព្រោះ​ថា អនុសញ្ញា​អន្តរជាតិ​ឆ្នាំ​១៩៥១ និង​ពិធីសារ​ឆ្នាំ​១៩៦៧ ស្ដីពី​ជន​ភៀស​ខ្លួន រដ្ឋ​ជា​ភាគី​ផ្ដល់​ឲ្យ​ជន​ភៀស​ខ្លួន​តាំង​ទីលំនៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ ត្រូវ​ផ្ដល់​ការងារ ផ្ដល់​សិទ្ធិ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​អចលនទ្រព្យ ការ​អប់រំ និង​ករណី​ផ្សេងៗ​ទៀត​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ខ្ញុំជាអ្នកល្ងង់មិនសូវចេះដឹងអីទេ តឺខ្ញុំយល់ថានេះជាទឹកចិត្តធរនៃអ្នក​ដឹកនាំប្រទេសខ្មែរ ជាទឹកចិត្តព្រះ មិនចង់អោយគេពិបាក ចង់អោយ​គេ​រស់បានស្រួលដូចគាត់ដែរ អញ្ចឹងទោះដឹងថាពិបាកតែចេះធ្វើទៅ ដូចវៀតណាមមកនៅហូរហៀរពេញប្រទេសក៏លោកដឹងដែរ តែបើ​បញ្ជូនទៅវិញខ្លាចវៀតណាមពិបាកចិត្ត តើខ្ញុំយល់ដូចជាមនុស្ស​មិនឆ្គួត មែនទេ???????

Oct 07, 2014 06:29 AM

យុត្តិករ

ពី 43U5GVN

"បើ​ងាក​មើល​ផ្ទៃ​ក្នុង​កម្ពុជា វិញ មាន​ជន​អន្តោប្រវេសន៍​វៀតណាម រាប់​ម៉ឺន​នាក់ កំពុង​សម្ងំ​រស់នៅ​ប្រទេស​កម្ពុជា យ៉ាង​សុខសាន្ត។"

នៅ​ត្រង់​ចំណុច​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នេះ ប្រហែល​ជា​រដ្ឋាភិបាល​កម្ពុជា មាន​អាថ៌កំបាំង​នយោបាយ​មួយ​ទៀត ដើម្បី​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម រស់នៅ​កម្ពុជា អាច​រស់នៅ​ស្រប​ច្បាប់​ដូចជា​ជន​ភៀស​ខ្លួន​អូស្ត្រាលី ដែរ​ក៏​ថា​បាន៖ «ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ខ្លួន​ឯង​ហ្នឹង កំពុង​រក​វិធី​ដើម្បី​ផ្ដល់​ឯកសារ​អត្តសញ្ញាណ​ឲ្យ​ជនជាតិ​យួន នៅ​ត្រង់​ហ្នឹង ខ្ញុំ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ផ្ដល់​អត្តសញ្ញាណ​ឲ្យ​ជន​ភៀស​ខ្លួន​អូស្ត្រាលី ឆ្លៀត​ឱកាស​ផ្ដល់​អត្តសញ្ញាណ​គ្រប់គ្រាន់​ដល់​ជនជាតិ​យួន អន្តោប្រវេសន៍​រស់នៅ​កម្ពុជា អា​ហ្នឹង គឺ​ជា​កលល្បិច​មួយ​ដ៏​ធំ​ដែល​យើង​ត្រូវ​តែ​ពិចារណា»។ នៅមិនទាន់គិតដល់ជនជាតិវៀតណាមដែលនឹងអាចមកដល់ជាបន្ថែមតទៅទៀត ដេីម្បីធ្វើការជោះយកជ័រកៅស៊ូនៅលើដីសម្បទានទៅឧ្យក្រុមហ៊ុនវិនិយោគដាំកៅស៊ូជាងពីរសែនហិកតា។ មានពលករ/កម្មករខ្មែរឯណាធ្វើការជោះជ័រកៅស៊ូ។​ពលករ/កម្មករខ្មែរទៅធ្វីការនៅថៃអស់ជាង៦សែននាក់ ទៅកូរ៉េ ទៅម៉ាឡេ។ រឿងនេះអាចជានយោបាយក្នុង"យុទ្ធសាស្ត្រមេរបស់វៀតណាម"​លើអតីតអិនឌូចិនបារាំង។ ចរន្តនយោបាយសកលលោកបំរើអ្នកខ្លាំងនាពេលបច្ចុប្បន្ន ដូចជាសមាហរណកម្មក្នុងតំបន់ សហគមន៍សេដ្ឋកិច្ចអាស៊ាន សកលវូបនីយកម្ម អាចជាការគាំទ្រនយោបាយ"យុទ្ធសាស្ត្រមេ"របស់វៀតណាម។ គិតឧ្យមែនទែន។ខ្មែរត្រូវបានបង្រៀនឧ្យដឹងគុណ៧មករា​ថាបានឧ្យជីវិតទី២ ដល់ពលរដ្ឋខ្មែរ។
ដូចនេះ៧មករាដូចម៉ែឪដែលឧ្យជីវិត។ ស្របនិងវប្បធម៍ខ្មែរ ៖​ "ម៉ែឪមានគុណ គុណមានទម្ងន់ ធ្ងន់ជាងប្រឋពី គ្មានអ្វីនឹងសង គុណលោកទាំងទ្វី មាសប៉ុនគិរី ថ្លៃពុំស្មើផង"។ វៀតណាមដែលបានឧ្យកងទ័ពរបស់គេធ្វើពលីរកឆ្អឹងមិនទាន់ឃើញអស់ផងនោះ គឺមានគុណលើ៧មករា"ធ្ងន់ជាងប្រឋពី មាសប៉ុនគិរី ថ្លៃពំុស្មើផង។" វប្បធម៍ខ្មែរអញ្ចឹង។ខ្មែរទទួលយក ហើយយកមកបង្រៀនខ្មែរពេញនគរឧយរិតតែចេះដឹងគុណ៧មករានិងដឹងគុណវៀតណាម។ មើលឃើញថា​អ្នកតវ៉ាទល់នឹងលំហូរជន​វៀតណាមមកកម្ពុជា​ជោះជ័រកៅស៊ូអាចនឹងត្រូវចោទថា​ "ប្រឆាំងអភិវឌ្ឍសេដ្ឋកិច្ច"​ ហើយដែលអាចនឹងត្រូវបង្ក្រាបយ៉ាងខ្លាំងក្លាទៀតផង។ ចែកគ្នាដឹង គឺកាលណាស្ថានការណ៍បែបនេះកើតឡើង​បន្ធូរបន្ថយ​ការភ្ញាក់ផ្អើល។ វប្បធម៍ខ្មែរអញ្ចឹង តើបន្ទោសអ្នកណា។ វៀតណាមគេដឹងពីខ្មែរយើង​ គេ ស្គាល់ខ្មែរយើងតាំងពីជុំនាន់ព្រះបាទជ័យជេដ្ឋាទី២​ម្លេះ។ គេប្រើខ្មែរទល់នឹងខ្មែរ។ រឿងជនវៀតណាមចូលមកជោះយកជ័រកៅស៊ូនៅស្រុកខ្មែរនឹងបង្កើតបញ្ហាសង្គមធ្ងន់ធ្ងរ។ "ខ្មែរអើយៗខ្មែរ​​ ចូរចាំជាក់ថា តាមសាវតា ពូជខេមរា ធ្លាប់ថ្កុំថ្កើង"។

Oct 04, 2014 05:55 AM

អ្នក​អាន​អនាមិក

no refugee would come to Cambodia. The refugee know that cambodia are poor, no food for them.

Oct 04, 2014 12:15 AM

KONE KHMER

ពី PHNOM PENH

AUSTRALIAN AND CAMBODIAN GOVERNMENT:
BOTH OF THE TWO NATION COPORATE TO KILL REFUGEES. THE UNITED NATION WILL BRING THE LEADER OF THESE TWO NATION FOR JUSTICE. THE LEADER OF THESE TWO COUNTRIES CORRUPT.

Oct 03, 2014 07:15 AM

គេហទំព័រ​ទាំងមូល