បទ​វិភាគ៖ តើ​កម្ពុជា​នឹង​ចំណាយ​ប្រាក់​ប៉ុន្មាន​ក្នុង​១​ឆ្នាំៗ​ពី​ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី?

ដោយ អាន ស៊ីថាវ
2014-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ឈរ​លើក​បដា​តវ៉ា​នៅ​ជិត​រដ្ឋ​សភា ប្រឆាំង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​កម្ពុជា ខណៈ​ប៉ូលិស​រារាំង​មិន​ឲ្យ​ទៅ​ក្បែរ​ស្ថានទូត​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៤។
ពលរដ្ឋ​ឈរ​លើក​បដា​តវ៉ា​នៅ​ជិត​រដ្ឋ​សភា ប្រឆាំង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​កម្ពុជា ខណៈ​ប៉ូលិស​រារាំង​មិន​ឲ្យ​ទៅ​ក្បែរ​ស្ថានទូត​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៤។
RFA/Khe Sonorng

បន្ទាប់​ពី​មាន​រឿង​ចម្រូងចម្រាស​លើ​ការ​បញ្ជូន​និង​ទទួល​ជន​ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី គ្រប់​ស្ថាប័ន​និង​ភាគី​ទាំង​អស់​បាន​ប្រឆាំង​លើ​កិច្ច​ព្រមព្រៀង​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​នោះ។ ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចំណាយ​ទឹក​ប្រាក់​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ជន​ភៀស​ខ្លួន​​ទាំង​នោះ ដើម្បី​​ធានា​​​បាន​នូវ​ការ​រស់​នៅ​សមរម្យ​ដូច​គ្នា​នឹង​​ការ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ដែរ។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ជំនួយ​អភិវឌ្ឍន៍​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក​ តាម​រយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​​ទទួល​ជន​ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​នោះ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​​នេះ ប្រទេស​កម្ពុជា អាច​ប្រឈម​នឹង​ការ​ចំណាយ​លើសលប់ ប្រសិន​បើ​កម្ពុជា​អះអាង​ថា ធានា​​ជន​ភៀស​ខ្លួន​នោះ​អាច​ទទួល​បាន​នូវ​​រស់​នៅ​សមរម្យ។

ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា ទំនង​ជា​ចំណាយ​លុយ​​ប្រមាណ​​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដែល​ចំនួន​នេះ​អាច​លើស​ជំនួយ​អភិវឌ្ឍន៍​ដែល​ប្រទេស​អូស្ត្រាលី សន្យា​ថា នឹង​​ផ្ដល់​ឲ្យ​​កម្ពុជា​ចំនួន ១០​ដង។

សារព័ត៌មាន​របស់​អូស្ត្រាលី​ឈ្មោះ​ថា ឌឹ អេច្ឆ (The AGE) បាន​រាយការណ៍​ថា តាម​រយៈ​កិច្ចព្រមព្រៀង​​ដែល​ចុះ​ហត្ថលេខា​​រវាង​រដ្ឋាភិបាល​អូស្ត្រាលី និង​រដ្ឋាភិបាល​កម្ពុជា ព្រម​ទទួល​យក​នូវ​ជន​ភៀស​ខ្លួន​ប្រមាណ ១​ពាន់​នាក់ ដោយ​ក្នុង​នោះ​​ អូស្ត្រាលី​​នឹង​ផ្ដល់​ទឹក​ប្រាក់​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយ​អភិវឌ្ឍន៍​ក្នុង​រយៈ​ពេល ៤​ឆ្នាំ ហើយ​បន្ថែម​ទឹក​ប្រាក់​ប្រមាណ ៨០​​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៥។

សារព័ត៌មាន​​​អូស្ត្រាលី ដដែល​នេះ​បាន​គូស​បញ្ជាក់​ថា ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ចំណាយ​លុយ​​ ជាង ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើ​មណ្ឌល​ឃុំឃាំង​ជន​ភៀស​ខ្លួន​នៅ​​លើ​កោះ​ចំនួន​ពីរ​ គឺ​កោះ​ម៉ែនុស (Manus) និង​កោះ​ណាវរូ (Nauru)។ គោលនយោបាយ​របស់​លោក ថូនី អាប៊ត់ (Tony Abbott) គឺ​ចង់​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​លើសលប់​នៃ​​ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​បរទេស។

ចំណែក​កោះ​ណាវរូ ដែល​ប្រទេស​អូស្ត្រាលី ​បាន​ចុះ​កិច្ច​ព្រមព្រៀង​គ្រោង​នឹង​បញ្ជូន​មក​ប្រទេស​កម្ពុជា បាន​ចំណាយ​ទឹក​ប្រាក់​ជាង ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​​នៃ​របាយការណ៍​ប្រចាំ​ឆ្នាំ សារពើពន្ធ​២០១៤-២០១៥ របស់​ប្រទេស​អូស្ត្រាលី។ ទឹក​ប្រាក់​នេះ គឺ​សម្រាប់​ចំណាយ​លើ​ចំណី​អាហារ ការ​ថែ​ទាំ​សុខភាព ការ​អប់រំ និង​​ការ​រ៉ាប់រង​អាយុ​ជីវិត​ ដែល​ធានា​ឲ្យ​ជន​ភៀស​ខ្លួន​​ដែល​​ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី មាន​​កម្រិត​ជីវភាព​​​រស់​នៅ​ដូច​ប្រជាពលរដ្ឋ​អូស្ត្រាលី​ដែរ។

ចុះ​ចំណែក​រដ្ឋាភិបាល​កម្ពុជា អាច​រ៉ាប់រង​បាន​ដូច​​រដ្ឋាភិបាល​​អូស្ត្រាលី ​បាន​ដែរ​ឬ​ទេ?

​​ការ​ចុះ​កិច្ច​ព្រមព្រៀង​​រវាង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា កន្លង​មក​ ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​​ប្រមាណ ៤០​​លាន​ដុល្លារ​អាមេរិក ដើម្បី​ឲ្យ​កម្ពុជា​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ មាន​ជន​ភៀស​ខ្លួន​ប្រមាណ ១​ពាន់​នាក់​ដែល​កំពុង​រស់​នៅ​ទី​នោះ។

ប្រសិន​បើ​កម្ពុជា អាច​ធានា​នូវ​ការ​រស់​សមរម្យ​​ស្រដៀង​គ្នា​នឹង​ប្រទេស​អូស្ត្រាលី​ដែរ​នោះ ​កម្ពុជា​នឹង​ត្រូវការ​លុយ​ប្រមាណ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដូច​ដែល​រដ្ឋាភិបាល​អូស្ត្រាលី ធ្លាប់​​ចំណាយ​រៀង​រាល់​ឆ្នាំ​​ ដើម្បី​ធានា​បាន​នូវ​តម្រូវ​ការ​មូលដ្ឋាន​​សម្រាប់​ជន​ភៀស​ខ្លួន​ទាំង​នោះ។ បញ្ហា​ទាំង​អស់​នេះ​ហើយ​ ទើប​បាន​មជ្ឈដ្ឋាន​នានា​ បាន​ប្រឆាំង​នឹង​ការ​ចុះ​ហត្ថលេខា​ចុះ​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​អូស្ត្រាលី និង​រដ្ឋាភិបាល​កម្ពុជា។

​ទាក់ទង​បញ្ហា​នេះ អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា ​ក៏​បាន​សរសេរ​លិខិត​ជា​ផ្លូវ​ការ​ស្នើ​ឲ្យ​ប្រទេស​អូស្ត្រាលី ពិចារណា​ឡើង​វិញ​លើ​​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ មក​កាន់​កម្ពុជា ដោយសារ​តែ​មាន​ការ​តវ៉ា​ជា​ច្រើន​ពី​ព្រះសង្ឃ សិស្ស បញ្ញវន្ត និង​ប្រជា​ពលរដ្ឋ​កម្ពុជា ​ប្រឆាំង​នឹង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង​នោះ។ ម៉្យាង​វិញ​ទៀត​ ការ​ទទួល​ជន​ភៀស​ខ្លួន កម្ពុជា​អាច​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​កត្តា​សេដ្ឋកិច្ច​ និង​ផល​ប៉ះពាល់​សង្គម ជា​ពិសេស​​ការ​គោរព​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា មិន​ត្រូវ​បាន​ធានា​នៅ​ឡើយ។

ទន្ទឹម​នឹង​នេះ ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជា​ច្រើន ក្នុង​នោះ​មាន​អង្គការ​ឃ្លាំមើល​ពិភពលោក និង​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​​ជា​ដើម ក៏​បាន​សំដែង​ក្ដី​បារម្ភ​អំពី​កិច្ច​ព្រមព្រៀង​នេះ​ ដែល​ប្រទេស​កម្ពុជា កំពុង​មាន​បញ្ហា​សិទ្ធិមនុស្ស និង​ការ​តវ៉ា​​ប្រឆាំង​នានា​ពី​សំណាក់​កម្មករ​រោងចក្រ​ ដើម្បី​ទទួល​បាន​នូវ​ការ​​រស់នៅ​សមរម្យ។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​វិញ​ បាន​អះអាង​ថា​ ការ​ទទួល​​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​នោះ ​គឺ​ពួក​គេ​ត្រូវ​រស់​នៅ​ស្មើ​គ្នា​នឹង​កម្រិត​ជីវភាព​រស់​នៅ​​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ។ ការ​ស្រាវជ្រាវ​ដោយ​​ធនាគារ​ពិភពលោក​​បាន​បង្ហាញ​ថា​ បច្ចុប្បន្ន​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា មាន​ជាង ១​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​បើ​កម្រិត​ជីវភាព​អ្នក​ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ​វិញ មាន​ជាង ៣​​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ បន្ថែម​លើ​នេះ បើ​ជន​ភៀស​ខ្លួន​ទាំង​នោះ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​​ដូច​ជា​ធ្វើ​កសិកម្ម​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​​ ​គ្រួសារ​ជន​ភៀសខ្លួន​​​នីមួយ​ត្រូវ​រក​ចំណូល​ យ៉ាង​ហោច​ណាស់​ ២​​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដើម្បី​​រស់​នៅ​មាន​ជីវភាព​សមរម្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដោយ​ឈរ​លើ​មូលដ្ឋាន​ស្រាវជ្រាវ​នេះ មាន​ន័យ​ថា​ រដ្ឋាភិបាល​កម្ពុជា​ អាច​ប្រឈម​នឹង​ការ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ២០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ធានា​ឲ្យ​ជន​ភៀស​ខ្លួន​​ទាំង​នោះ​អាច​រស់​នៅ​ មាន​ជីវភាព​ស្រដៀង​គ្នា​នឹង​​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា។ ទឹក​ប្រាក់​ទឹក​មិន​ទាន់​បូក​បញ្ចូល​ការ​ចំណាយ​លើ​ការ​អប់រំ សុខភាព និង​​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​​ដល់​ជន​ភៀស​ខ្លួន​នោះ​​នៅ​ឡើយ។ ​​​បើ​អ្វីៗ​ត្រូវ​អនុវត្តន៍​ដូច​កិច្ច​ព្រមព្រៀង​នោះ​មែន កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​លុយ​ច្រើន​សន្ធឹក​សន្ធាប់​​​ស្រប​ពេល​ដែល​​ប្រទេស​កម្ពុជា​ មាន​អ្នក​ងាយ​រង​គ្រោះ​ជា​ច្រើន​ដែល​ចាំ​បាច់​ឲ្យ​រាជ​រដ្ឋាភិបាល​​ជួយ។ ក្រុម​ទាំង​នោះ​ រួម​មាន​ក្រុម​អ្នក​ក្រីក្រ អ្នក​នៅ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ ក្រុម​ប្រជាពលរដ្ឋ​គ្មាន​ដី​ធ្លី ក្រុម​យុវជន​ដែល​គ្មាន​ការងារ​ធ្វើ និង​ក្រុម​ពលករ​ចំណាក​ស្រុក​ជា​ដើម។

តាម​ការ​ប៉ាន់ស្មាន​​ដោយ​ស្ថាប័ន​អភិវឌ្ឍន៍​នៅ​កម្ពុជា ក្រុម​ប្រជាពលរដ្ឋ​កម្ពុជា​ ទាំង​នោះ មាន​ចំនួន​ប្រមាណ ៩​លាន​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា សរុប​ចំនួន ១៥​លាន​នាក់ ហើយ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នេះ រដ្ឋាភិបាល​បាន​លើក​ពី​ហេតុផល​ជួយ​ក្នុង​ផ្លូវ​មនុស្សធម៌ បើ​ជួយ​ក្នុង​នាម​មនុស្ស​ធម៌​មែន​នោះ តើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​កំពុង​មាន​តម្រូវ​ការ​ជា​បន្ទាន់​ក្នុង​ការ​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ពួក​គាត់​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង​ជា​ជាង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​រដ្ឋាភិបាល​អូស្ត្រាលី ដែល​កាន់​តែ​ដាក់​បន្ទុក​លើ​ខ្លួន​ឯង​ទៅ​វិញ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

sem samreth

ពី k.p

ខ្ញុំ យល់ថា៖ ការទទួលជនភៀសខ្លួន មកពីប្រទេសអូស្ត្រាលី​គ្រាន់តែជាអារម្មណ៍ របស់រដ្ឋាភិបាល បច្ចុប្បន្ន ចង់សម្រប អិរិយាបទរបស់ក្រុមខ្លួន ឬបញ្ជាក់ បង្ហាញដល់ សហគមន៍ អ្នកប្រជាធិប្បតេយ្យ ថា៖ ក្រុមខ្លួននេះឯង ចេះស្រឡាញ់ សិរិយភាព ស្រឡាញ់សេចក្ដីថ្លៃថ្នូ ជាក្រុមអ្នកប្រជាធិប្បតេយ្យពិតៗ ប៉ុន្តែបើក្រឡេកមើលប្រជាជនកម្ពុជា ខ្លួនឯង ត្រូវបានពួកកាន់អំណាចមួយក្ដាប់តូចនេះ ប្លន់យកសិរិយភាព សេរិយភាព ទ្រពសម្បត្តិ ដីធ្លី ស្ទើតែគ្រប់ ខេត្តក្រុង ហើយពួកគេក៍ ភ្លេចហើថា៖ ខ្លួនគឺជាក្រុមស្ថាបនិក(ជនបដិវត្តតស៊ូប្រឆាំង&កំទេចរបបសក្តិភូមិទាមទាសិរិយ៍ភាពមកជូន ប្រជាកសិករ&កម្មករ)នេះគេហៅថា ឆ័ន្ទខ្លួន ចុះទម្រំជាតិមាតុភូមិ វិញ តើលោកឯង ឆ្លើយថា៖រីករើនប៉ុន្តែទឹកប្រជ/ជវិញហូរហាមជាចុងក្រោយសូមកុំធ្វើដំណើតាមប៉ុព្វបុរស3~4រូបកាលពីទស្សវត្ត70 ពីខ្ញុំសែម-សំរិទ្ធតាមរយៈrfa

Nov 20, 2014 09:50 AM

អ្នក​អាន​អនាមិក

I don't have confidented with Cambodian's government, but one thing I believed that Cambodian citizen can up to this tasks. Cambodian people have experienced with refugee in the past 30 years.

Nov 06, 2014 06:56 PM

គេហទំព័រ​ទាំងមូល