បទវិភាគ៖ តើកម្ពុជាដល់ពេលធ្វើសមាហរណកម្មដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកឬនៅ?
2015.10.09
កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចសេរីជាមួយបណ្ដាប្រទេសក្នុងតំបន់ជាប់មហាសមុទ្រប៉ាស៊ីហ្វិក។
មានមតិខ្លះយល់ឃើញថា ការបង្កើតប្លុកពាណិជ្ជកម្មនេះ គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងមហាអំណាចចិន នៅអាស៊ីតែប៉ុណ្ណោះ។ តើប្លុកពាណិជ្ជកម្មនេះមានផលប្រយោជន៍អ្វីខ្លះសម្រាប់ប្រទេសកម្ពុជា? តើកម្ពុជា ដល់ពេលហើយ ឬនៅ ដើម្បីសម្លឹងឆ្ពោះទៅសមាហរណកម្មនៅក្នុងប្លុកដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក?
កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក គឺជាប្លុកពាណិជ្ជកម្មសេរីរវាងបណ្ដាប្រទេសដែលស្ថិតនៅតាមបណ្ដោយមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសជាហត្ថលេខី តាមរយៈការកាត់បន្ថយរនាំងពាណិជ្ជកម្ម ដូចជា ការអនុគ្រោះ ឬការបន្ធូរបន្ថយពន្ធអាករ ការកំណត់បទដ្ឋានពលកម្ម ការពង្រឹងនិយាមច្បាប់ការងារ និងបរិស្ថាន ការបង្កើតយន្តការដោះស្រាយជម្លោះពាណិជ្ជកម្ម និងការបង្កើតក្របខ័ណ្ឌរួមក្នុងការការពារកម្មសិទ្ធិបញ្ញាជាដើម។
ក្នុងពេលបច្ចុប្បន្ននេះ ប្លុកពាណិជ្ជកម្ម «កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក» មានផលិតផលសរុប (GDP) ជិត ៦០ភាគរយ នៃផលិតផលសរុបពិភពលោក និងមានសមាជិកជាហត្ថលេខីចំនួន ១២ប្រទេស គឺសហរដ្ឋអាមេរិក អូស្ត្រាលី ម៉ិកស៊ីកូ ប៉េរូ កាណាដា ឈីលី ជប៉ុន នូវែលហ្សេឡង់ ក្នុងនោះក៏មានសមាជិកអាស៊ាន ៤ប្រទេសផងដែរ គឺ ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និង សិង្ហបុរី។
មានមតិខ្លះយល់ឃើញថា ការបង្កើតប្លុកពាណិជ្ជកម្មនេះ គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងមហាអំណាចចិន នៅអាស៊ីតែប៉ុណ្ណោះ។ ខណៈដែលមហាយក្សអាស៊ីមួយនេះ បានសម្រេចដោយជោគជ័យក្នុងការបង្កើតប្លុកពាណិជ្ជកម្មក្នុងតំបន់ គឺកិច្ចព្រមព្រៀងនៃការរៀបចំដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់ (Regional Comprehensive Economic Partnership) ហៅកាត់ថា (RCEP) កាលពីឆ្នាំ២០១២។
សម្រាប់ប្រទេសកម្ពុជា ការធ្វើសមាហរណកម្មដោយជោគជ័យនៅក្នុងប្លុកពាណិជ្ជកម្ម «កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក» នេះ នឹងទាក់ទាញក្រុមហ៊ុនវិនិយោគទុនបរទេស សាជីវកម្មពហុជាតិធំៗ អោយមកបណ្ដាក់ទុននៅក្នុងប្រទេសកាន់តែច្រើនដោយហេតុថា តម្លៃពលកម្មនៅក្នុងប្រទេសកម្ពុជា មានតម្លៃទាប ដែលជាកត្តាជួយបង្កើនទីផ្សារការងារសម្រាប់ប្រជាពលរដ្ឋ កាត់បន្ថយបញ្ហាចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា។
ប្រសិនបើកម្ពុជា ក្លាយទៅជាសមាជិកពេញសិទ្ធិនៅក្នុងប្លុកពាណិជ្ជកម្មនេះ ព្រំដែនពន្ធគយ នឹងត្រូវបានលុបចោល ឬបន្ធូរបន្ថយ ដែលកត្តានេះនឹងអំណោយផលដល់រោងចក្រ សហគ្រាសក្នុងស្រុក ក្នុងការបង្កើនសង្វាក់ផលិតកម្មនាំចេញទៅបណ្ដាប្រទេសសមាជិកផ្សេងទៀត។ លើសពីនេះទៅទៀត កម្ពុជាទទួលបានផលចំណេញមិនត្រឹមតែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យការទូត និងកិត្យានុភាពកម្ពុជា នៅក្នុងឆាកអន្តរជាតិថែមទៀតផង។
យ៉ាងណាមិញ កម្ពុជានឹងជួបនូវបញ្ហាប្រឈមជាច្រើនក្នុងដំណើរសមាហរណកម្មនៅក្នុងប្លុកពាណិជ្ជកម្មនេះ ដោយហេតុថា កម្ពុជានឹងខាតបង់ចំណូលរដ្ឋលើពន្ធអាករ ធនធានមនុស្សកម្ពុជា នៅមានកម្រិត បរិមាណនិងគុណភាពនៃទំនិញសម្រាប់នាំចេញនៅមានកម្រិតទាប ការពុំទាន់ពង្រឹងការទុកចិត្តដល់អ្នកវិនិយោគទុនបរទេស បញ្ហាអំពើពុករលួយ និងជំនឿចិត្តលើប្រព័ន្ធបទដ្ឋានគតិយុត្តិជាដើម។ លើសពីនេះទៅទៀត កម្ពុជានឹងអាចធ្លាក់ជាចំណុះ និងគ្របដណ្ដប់សេដ្ឋកិច្ចដោយបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត។
ក្នុងបរិបទបច្ចុប្បន្ន ដើម្បីសម្រេចតាមបទដ្ឋានផលិតភាព និងលក្ខខណ្ឌចូលជាសមាជិកពេញសិទ្ធិក្នុងប្លុកពាណិជ្ជកម្មនេះ កម្ពុជាហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយនៅឡើយ។ ជាក់ស្ដែង កម្ពុជានៅមានបញ្ហាជាច្រើនកំពុងប្រឈមដូចជា បញ្ហាបទដ្ឋានផលិតភាពទាប អំពើពុករលួយ ការខ្វះកម្លាំងពលកម្មមានជំនាញ លក្ខខណ្ឌការងារ គុណភាពសេវាកម្ម និងកម្មសិទ្ធិបញ្ញា ជាដើម។
យ៉ាងណាមិញ ការយកចិត្តទុកដាក់ពង្រឹងកំណើនសេដ្ឋកិច្ច និងពង្រីកទំនាក់ទំនងដៃគូពាណិជ្ជកម្ម និងវិនិយោគទុនអោយមានសន្ទុះកាន់តែខ្លាំងជាងមុនជាមួយដៃគូក្នុងតំបន់ដែលមានស្រាប់ តួយ៉ាងដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានចុងឆ្នាំ២០១៥ គួរជាអាទិភាពក្នុងពេលបច្ចុប្បន្ន ប្រសើរជាងការសម្លឹងឆ្ពោះទៅរកប្លុកពាណិជ្ជកម្មដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ខណៈដែលកម្ពុជា មិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ៕