បទ​វិភាគ៖ តើ​ទង្វើ​ឬ​សម្ដី​បែប​ណា​ដែល​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ?

ខណៈ​ដែល​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស​កំពុង​ពិចារណា​ដោះស្រាយ​វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត​ក្រោម​ព្រះរាជ​តម្រិះ​របស់​អង្គ​ព្រះមហាក្សត្រ​នោះ អ្នក​នយោបាយ​ក៏​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា គឺ​ក្រុម​នេះ ឬ​ក្រុម​នោះ​ទេ​ជា​អ្នក​គំរាម​កំហែង​ព្រះមហាក្សត្រ ឬ​មិន​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ​ជាដើម។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​អំពាវ​នាវ​សូម​អោយ​មាន​ការ​រក្សា​តម្លៃ​និង​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ការ​បញ្ចេញ​មតិ​ទាក់ទង​នឹង​ព្រះមហាក្សត្រ​ផង​ដែរ។
ដោយ ជុន ច័ន្ទបុត្រ
2013.09.19
ព្រះ​បរម​រាជវាំង ៦១០ ព្រះ​បរម​រាជវាំង នា​រាជធានី​ភ្នំពេញ។ រូបថត​អំឡុង​ឆ្នាំ​២០១២
RFA/Mom Sophon

លោក ជុន ច័ន្ទបុត្រ មាន​បទ​វិភាគ​មួយ​ផ្ដោត​ទៅ​លើ​សំណួរ​ថា តើ​​ទង្វើ និង​ពាក្យ​សម្ដី​បែប​ណា​ដែល​ចាត់​ទុក​ថា ជា​ការ​មិន​ដង្ហែ​តាម​ព្រះ​រាជតម្រិះ ឬ​ប្រមាថ​ដល់​ព្រះចេស្ដា​ព្រះមហាក្សត្រ?

ពាក្យ​ទំនៀម​ខ្មែរ​ពោល​ថា សំដី​ស​ជាតិ​មារយាទ​ស​ពូជ។ តែ​បើ​និយាយ​ពី​ច្បាប់​វិញ ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​ត្រឹម​ត្រូវ មិន​គ្រាន់​តែ​នាំ​អោយ​គេ​ឯង​ដឹង​ពី​ជាតិ ​ឬ​ពូជ​អំបូរ​​អ្នក​នោះ​ទេ តែ​អាច​នាំ​ម្ចាស់​សម្ដី​អោយ​ចូល​ដេក​គុក​ពី​បទ​ចោទ​ប្រកាន់​ផ្សេងៗ មាន​បទ​បរិហារកេរ្តិ៍​ជាដើម។

ចំពោះ​ព្រះមហាក្សត្រ​វិញ ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​៧ ជំពូក​២ ថែម​ទាំង​ចែង​ច្បាស់​មិន​អោយ​មាន​នរណា​រំលោភ​បំពាន​ថែម​ទៀត​ផង។ តើ​អំពើ ឬ​ពាក្យ​សម្ដី​បែប​ណា​ដែល​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​លើ​អង្គ​ព្រះមហាក្សត្រ?

លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បកស្រាយ​ថា អ្វី​ដែល​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​ដោយ​អំពើ ឬ​ដោយ​ពាក្យ​សម្ដី​​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​នោះ រួម​មាន​ការ​វាយ​ព្រះអង្គ ការ​ធ្វើ​ឃាត​ព្រះអង្គ និង​ការ​និយាយ​ស្ដី​ទាំង​ឡាយ​ណា​ដែល​ធ្វើ​អោយ​ព្រះអង្គ​អាប់​កិត្តិយស​ជាដើម។

លោក​អ្នក​ច្បាប់​ម្នាក់​ទៀត គឺ​លោក ហុង គឹមសួន ដែល​ជា​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ក៏​មាន​យោបល់​ស្រដៀង​គ្នា​នឹង​លោក សុក សំអឿន ដែរ។ លោក​បញ្ជាក់​ថា អ្វី​ដែល​អាច​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​ព្រះមហាក្សត្រ​នោះ មាន​ដូចជា សម្ដី​មើល​ងាយ ការ​វាយ​តម្លៃ​បន្ថោក​ព្រះ​កិត្តិនាម​របស់​ព្រះមហាក្សត្រ ការ​ជេរ​ព្រះមហាក្សត្រ និង​ធ្វើ​អោយ​ព្រះមហាក្សត្រ​ថោក​ទាប​ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ហុង គឹមសួន បញ្ជាក់​ថា ការ​បញ្ចេញ​ទស្សនៈ​របស់​អ្នក​នយោបាយ ឬ​ប្រជារាស្ត្រ​ទូទៅ​ចំពោះ​ព្រះមហាក្សត្រ មាន​ដូចជា​ការ​ស្នើ​សុំ​​អោយ​ព្រះអង្គ​មាន​ព្រះរាជ​តម្រិះ​ឡើង​វិញ​ជាដើម មិន​អាច​ចាត់​ទុក​ថា ជា​ការ​ប្រមាថ រំលោភ ឬ​ការ​មិន​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​បាន​ទេ ត្បិត​វា​គ្រាន់​តែ​ជា​សំឡេង​របស់​ប្រជារាស្ត្រ​សុំ​អោយ​ព្រះអង្គ​ពិចារណា​ឡើង​វិញ​តែប៉ុណ្ណោះ។

បើ​យោង​ទៅ​តាម​ការ​បកស្រាយ​របស់​លោក​មេធាវី​ទាំង​ពីរ ការ​ចោទ​ប្រកាន់​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ទៀត ថា​ជា​អ្នក​មិន​ដង្ហែ​តាម​ព្រះរាជ​តម្រិះ ឬ​រំលោភ​បំពាន​លើ​ព្រះមហាក្សត្រ​ដែល​ពលរដ្ឋ​តែងតែ​ឮ​នោះ អាច​គ្រាន់​តែ​​ជា​ការ​ប៉ុនប៉ង​លាភ​ពណ៌​ខ្មៅ​ដាក់​គ្នា​តែប៉ុណ្ណោះ។

គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស កាន់​តែ​គ្មាន​ហេតុ​ផល​ណា​មួយ​ក្នុង​ការ​រំលោភ​បំពាន​អង្គ​ព្រះមហាក្សត្រ​នោះ​ទេ។ គណបក្ស​ប្រជាជន​កម្ពុជា មាន​តែ​ប្ដេជ្ញា​ចិត្ត​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ​ជា​ដរាប ត្បិត​បើ​តាម​ការ​អះ​អាង​សមាជិក​រាជវង្ស​មួយ​អង្គ​ថា ស្ថាប័ន​ព្រះ​មហាក្សត្រ និង​អនាគត​រាជា​និយម ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​គណបក្ស​ប្រជាជន​ទាំង​ស្រុង​រួច​ទៅ​ហើយ។

ដូច្នេះ​តើ​មាន​ហេតុផល​អ្វី​ដែល​គណបក្ស​ប្រជាជន ចាំបាច់​ទៅ​រំលោភ​បំពាន​ស្ថាប័ន​ព្រះមហាក្សត្រ​ ​ដែល​ជា​របស់​ខ្លួន​គ្រប់គ្រង​ទៅ​ហើយ​នោះ?

អ្នក​ណា​​ក៏​ដឹង​ដែរ​ថា ក្រុមប្រឹក្សា​រាជសម្បត្តិ​ដែល​មាន​សមាជិក ៩​រូប សុទ្ធសឹងតែ​ជា​មនុស្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​អស់។ សមាសភាព​នៃ​ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក រួម​មាន​លោក​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធ​សភា ប្រធាន​រដ្ឋ​សភា និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ផ្សេង​ទៀត។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​ព្រះមហាក្សត្រ​ថា​នឹង​រំលាយ​របប​រាជា​និយម​ចោល​ផង ប្រសិន​បើ​ព្រះអង្គ​មិន​ព្រម​ធ្វើ​តាម​លោក។

ទោះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ជា​ការ​ព្រមាន ឬ​ប្រមាថ​យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​មេធាវី សុក សំអឿន អះអាង​ថា គ្មាន​ច្បាប់​ណា​មួយ​នៅ​កម្ពុជា ចែង​អំពី​ការ​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ដែល​និយាយ​បំពាន​ទៅ​លើ​ព្រះមហាក្សត្រ​ទេ។ លោក​បញ្ជាក់​ថា ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​មាន​ចែង​តែ​អំពី​ការ​ហាម​មិន​អោយ​នរណា​រំលោភ​បំពាន​ព្រះមហាក្សត្រ តែ​មិន​បាន​ចែង​អំពី​កម្រិត​ទោស​ចំពោះ​អ្នក​ដែល​រំលោភ​បំពាន​ឡើយ។

លោក​មេធាវី សុក សំអឿន នៅ​ចាំ​បាន​ថា ពេល​ដែល​សមាជិក​សភា​ពិភាក្សា​ចង់​អោយ​មាន​ចែង​អំពី​ទោសទណ្ឌ​ចំពោះ​ការ​រំលោភ​បំពាន​ព្រះមហាក្សត្រ មាន​សមាជិក​សភា​ខ្លះ​សុំ​មិន​អោយ​ចែង​ពី​ការ​ដាក់​ទោស​ទេ ដោយ​សំអាង​ថា ព្រះមហាក្សត្រ​មិន​យក​ទោសពៃរ៍​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឡើយ។ ប្រហែល​ដោយ​សំអាង​ថា ព្រះមហាក្សត្រ​មិន​យក​ទោសពៃរ៍​នេះ​ហើយ បាន​ជា​ទាំង​រាស្ត្រ  ទាំង​មន្ត្រី ទាំង​អ្នក​នយោបាយ តែងតែ​ហ៊ាន​បញ្ចេញ​មតិ​របស់​ខ្លួន​ទាក់ទង​នឹង​ព្រះមហាក្សត្រ ថ្វីត្បិត​តែ​អ្នក​ខ្លះ​នៅ​បែប​ញញើតញញើម អ្នក​ខ្លះ​ហ៊ាន​លេង​ចាស់​ដៃ។

ជា​បន្ត​ទៅ​ទៀត​នេះ គឺ​ជា​សម្ដី​របស់​មនុស្ស​មួយ​ចំនួន​ដែល​និយាយ​ជា​សាធារណៈ​ទាក់ទង​នឹង​ព្រះមហាក្សត្រ។

នេះ​ជា​ប្រសាសន៍​របស់​បណ្ឌិត សុខ ទូច ទាក់ទង​នឹង​អ្វី​ដែល​ព្រះមហាក្សត្រ​គួរ​ធ្វើ​ដើម្បី​ដោះស្រាយ​វិបត្តិ​ក្រោយ​ការ​បោះឆ្នោត៖ «អ៊ីចឹង​ពេល​នេះ​ក្ដារអុក​ត្រូវ​ចេញ​មក​ដល់​ណា ទូល​ព្រះ​បង្គំ​សូម​អភ័យទោស បើ​សិន​ជា​ខ្ញុំ​អត់​ចេះ​ភាសា​ស្តេត។ ពេល​នេះ​ត្រូវ​ដើរ​ស្ដេច​ហើយ សូមទោស​ស្ដេច​ត្រូវ​តែ​យាង​ហើយ ពីព្រោះ​មូលហេតុ​អី? ព្រោះ​រាស្ត្រ​បោះ​ឆ្នោត​ឲ្យ។ ហ្នឹង​បាន​ន័យ​ថា ត្រី ចេញ​ដើរ ត្រី ត្រី​ផ្ដល់​អំណាច​ឲ្យ​នាយករដ្ឋមន្ត្រី​ទៅ​ឲ្យ​សភា។ សភា​ជា​អី? សភា​ជា​ទូក ជា​សេះ។ ឥឡូវ​នេះ​ទូក សេះ គាំង​ទាំង​អស់ អ៊ីចឹង​ក្រឡា​អុក​មួយ​គឺ​ព្រះមហាក្សត្រ។ អ៊ីចឹង​ព្រះមហាក្សត្រ​ត្រូវ​ទត​មើល​ទៅ​លើ​ទិដ្ឋភាព​ហ្នឹង​សំខាន់​ណាស់​ថា​ឯកភាព​ហើយ​នៅ? បើ​អត់​ឯកភាព ហើយ​បើ​សិន​ជា​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ចូល យើង​សួរ​ថា គេ​នឹង​ចែក​អាសនៈ? កន្លែង​នេះ​ចែក​អត់​បាន​ទេ ហើយ​ព្រះអង្គ​ក៏​អត់​តាម តែ​ខ្ញុំ​គិត​ទេ ព្រះអង្គ​ប្រហែល​ជា​មិន​ប្រជុំ​ទេ។ បើ​ព្រះអង្គ​ប្រជុំ ព្រះអង្គ​ក៏​ចូល​រួម​ចំណែក​ខុស​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​ទី​៨​នេះ​ដែរ ពីព្រោះ​ឯកភាព​ជាតិ​ហើយ​នៅ? ជាតិ​អត់​ទាន់​ឯកភាព​ផង ចំណុច​មួយ​ទៀត​ដែល​យើង​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​បើ​សិន​ជា​ទូក​មក!»

ជា​បន្ត​ទៅ​ទៀត​នេះ ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ថ្លែង​នៅ​ឆ្នាំ​២០០៦ ព្រមាន​ព្រះ​មហាក្សត្រ ប្រសិន​បើ​ព្រះអង្គ​មិន​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​ជាមួយ​ប្រទេស​វៀតណាម៖ «ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះ ខ្ញុំ​ថា​ព្រះអង្គ​និយាយ​ប្រាប់​ឯកឧត្ដម ស៊ុន ចាន់ថុល យ៉ាង​ម៉េច? កុល ផេង ម៉េច? អ៊ឹង កន្ថាផាវី ម៉េច ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​យន្តហោះ ហើយ​ខ្ញុំ​ប្រាប់​សម្ដេច​ក្រុមព្រះ​ពេល​ដែល​ជួប​តាម​ទូរស័ព្ទ អត់​ផង! បើ​លើក​នេះ​វា​ពិបាក​ស៊ីញ៉េ ត្រូវ​ពិនិត្យ​ឡើង​វិញ យើង​គួរ​ទុក​រាជា​និយម ឬ​ធ្វើ​សាធារណរដ្ឋ?»

សម្ដី​ទាំង​នេះ​អាច​មិន​មាន​ទោសទណ្ឌ​អ្វី​ទេ ត្បិត​ច្បាប់​ដាក់​ទោស​ក៏​មិន​មាន អ្នក​និយាយ​ក៏​មិន​ឃើញ​ជាប់​ទោស វា​បាន​ត្រឹមតែ​ស​ជាតិ​និង​ស​ពូជ​របស់​ម្ចាស់​សម្ដី​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។