បទ​វិភាគ៖ ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​និង​វប្បធម៌​សន្ទនា

ដោយ ទីន ហ្សាការីយ៉ា
2015.09.08
មាជ សុវណ្ណារ៉ា ៦២០ លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស​ពណ៌​ទឹក​ក្រូច) ពេល​នាំ​មក​សវនាការ​នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី ៤ មីនា ២០១៥។
Photo: RFA

សកម្មភាព​ចាប់ចង​សកម្មជន​គណបក្ស​នយោបាយ​បាន​កក្រើក​ឡើង​វិញ​នៅ​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ស្ងប់ស្ងាត់​ប្រមាណ​ជា ១​ឆ្នាំ​មក ក្រោយ​ពេល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

​តុលាការ​បាន​សើរើ​សំណុំ​រឿង​ចាស់ បើក​សវនាការ​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពី​ករណី​បាតុកម្ម​ក្បែរ​ស្ពាន​នាគ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​ជា​សំណុំ​រឿង​ចាស់​កប់​ទុក​ជាង ១​ឆ្នាំ​មក​ហើយ។ តែ​ករណី​នេះ ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក្ដី តែ​បញ្ហា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​​ជា​ទូទៅ​ថា តុលាការ​មិន​ឯករាជ្យ និង​ស្ថិត​នៅ​ក្រោម​សម្ពាធ​អ្នក​នយោបាយ។

តើ​ការ​ចាប់ចង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​គុក​នេះ​មាន​អាថ៌កំបាំង​អ្វី​នៅ​ពី​ក្រោយ​ខ្នង ហើយ​នឹង​ប៉ះពាល់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដែរ ឬ​ទេ?

ខាង​ក្រោម​គឺ​ជា​បទ​វិភាគ​របស់​លោក ទីន ហ្សាការីយ៉ា ពី​បញ្ហា​នេះ៖

ស្ថាន​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន ហាក់​ឡើង​កម្ដៅ​ឡើង​វិញ ក្រោយ​ពេល​គណបក្ស​ប្រឆាំង​បាន​បោះបង់​ការ​ធ្វើ​បាតុកម្ម និង​សម្រេច​ចិត្ត​នាំ​គ្នា​ដើរ​ចូល​សភា ដើម្បី​បង្គ្រប់​កូរ៉ុម​យ៉ាង​ទាន់ហន់​នោះ។ ប៉ុន្តែ​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ ក្ដី​រំពឹង​របស់​គណបក្ស​ប្រឆាំង​ដែល​ថា ក្រុម​ខ្លួន​មាន​ឱកាស​ចូល​រួម​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ និង​អភិវឌ្ឍន៍​ជាតិ​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ បាន​ខក​បំណង​ទៅ​វិញ ដោយសារ​ថា វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​ហាក់​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ មិន​មាន​សុច្ចរិតភាព និង​ជំហរ​មិន​ចុះ​សម្រុង​នឹង​គ្នា​រវាង​មេដឹកនាំ​បក្ស​ទាំង​ពីរ។

ផ្ទុយ​ពី​និយមន័យ​ដើម​ពិត​នៃ​វប្បធម៌​សន្ទនា​គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​កំពុង​តែ​ប្រកាន់​យក​នូវ​យុទ្ធសាស្ត្រ​មួយ​ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ធ្លាប់​អនុវត្ត​បាន​ជោគជ័យ​ជានិច្ច​នោះ គឺ​យុទ្ធសាស្ត្រ​ឈ្នះ​លើ​គូប្រឆាំង​ជានិច្ច តាម​គ្រប់​រូបភាព ឬ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ថា យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ។ នេះ​គឺ​មាន​ន័យ​ថា ធ្វើ​យ៉ាង​ណា​អោយ​តែ​ឈ្នះ​លើ​ភាគី​ម្ខាង​ទៀត ដោយ​ប្រើ​វិធីសាស្ត្រ​ចាប់ចង គំរាម​កំហែង បំបិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​បំពាន​ច្បាប់ ក្រោម​លេស​អនុវត្ត​ច្បាប់។

ការ​ចាប់ចង​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​ក្រុម​យុវជន​ឡើង​វិញ​នោះ តាម​មើល​ទៅ​រដ្ឋាភិបាល​ចង់​បង្ក្រាប​ក្រុម​ទាំង​នេះ​ដែល​បាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​ព្រំដែន បញ្ហា​បរិស្ថាន នឹង​អាច​ថា ជា​ការ​ព្រមាន​ដល់​ក្រុម​ដទៃ​ទៀត មិន​ឲ្យ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ពី​រឿង​អសកម្ម​របស់​រដ្ឋាភិបាល និង​ការ​សំដែង​មតិ​ដទៃ​ទៀត​ជាដើម។ ក៏ប៉ុន្តែ​សកម្មភាព​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ដែល​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដីស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​អះអាង​ក្ដែងៗ​ថា ករណី​ទាំង​អស់​នោះ​ជា​កិច្ចការ​របស់​តុលាការ​ក៏ដោយ ក៏ប៉ុន្តែ​នរណា​ក៏​ដឹង​ដែរ​ថា តុលាការ​បច្ចុប្បន្ន​មិន​ឯករាជ្យ និង​ស្ថិត​នៅ​ក្រោម​សម្ពាធ​គណបក្ស​កាន់​អំណាច ដូចជា​ករណី​សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ស្វែង​រក​ចាប់​ខ្លួន​ភ្លាមៗ ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ករណី​លោក ហុង សុខហួរ នេះ មិន​អាច​លើកលែង​បាន​ទេ ដោយ​លោក ហ៊ុន សែន ចោទ​ថា លោក ហុង សុខហួរ បាន​ប្រើប្រាស់​សន្ធិសញ្ញា​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩ នោះ​ថា ក្លែងក្លាយ និង​ចាត់​ទុក​ថា ជា​ទង្វើ​ក្បត់​ជាតិ​ជាដើម។

ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​បាន​ដឹង​យ៉ាង​ច្បាស់​ថា សន្ទុះ​ចូល​រួម​កិច្ចការ​សង្គម​បាន​កើន​ឡើង​ខ្លាំងក្លា​របស់​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន។ បញ្ហា​នេះ រដ្ឋាភិបាល​ហាក់​ដូចជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រើ​យុទ្ធសាស្ត្រ​ចាប់ចង ដើម្បី​ជា​ការ​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត​ក៏​ថា​បាន។

ជាង​នេះ​ទៅ​ទៀត​នោះ សកម្មភាព​ចាប់ចង​នេះ រដ្ឋាភិបាល​ហាក់​កំពុង​ព្យាយាម​បិទ​បាំង​ដំបៅ​សង្គម​រ៉ាំរ៉ៃ​ដែល​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បាន ដូចជា​រឿង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ បញ្ហា​ជម្លោះ​ដីធ្លី អំពើ​ពុករលួយ រំលោភ​សិទ្ធិ​មនុស្ស និង​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ជាដើម ដែល​រដ្ឋាភិបាល​មិន​ទាន់​មាន​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ។

ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​កម្មករ​កាល​ពី​ឆ្នាំ​២០១៤ បាន​បណ្ដាល​ឲ្យ​កម្មករ​ចំនួន ៥​នាក់ បាត់​បង់ជីវិត និង​មនុស្ស​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស និង​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។

របាយការណ៍​មាន​ចំណងជើង​ថា "សុច្ចនាករ​សន្តិភាព​សកល​ឆ្នាំ​២០១៥" នៃ​វិទ្យាស្ថាន​ដើម្បី​សេដ្ឋកិច្ច និង​សន្តិភាព បាន​ចាត់​ថ្នាក់​កម្ពុជា ជា​ប្រទេស​មាន​ស្ថានភាព និង​សុខ​សន្តិភាព​ស្ទើរ​នៅ​ចុង​ប៉ូច​គេ គឺ​ឈរ​នៅ​លេខ ១១១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៦២ លើ​សកលលោក។ ចំណាត់ថ្នាក់​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ថានភាព​សន្តិភាព​នៅ​កម្ពុជា មាន​ការ​ធ្លាក់​ចុះ បើ​ប្រៀប​ទៅ​នឹង​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៤។
កាល​ពី​ដើម​ខែ​សីហា ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​រដ្ឋសភា​សហរដ្ឋអាមេរិក បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ភាព​ខ្វះខាត​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ដែល​នាំ​ឲ្យ​ពលរដ្ឋ​របស់​ប្រទេស​នេះ​តែង​រងគ្រោះ​ឥត​ឈប់ឈរ​ពី​ករណី​រំលោភ​ដីធ្លី ដែល​ជា​បញ្ហា​នាំ​ឲ្យ​កម្ពុជា មាន​ការ​អភិវឌ្ឍ​យឺត​។​

​ដោយ​ឡែក របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក វិញ ដែល​មាន​ចំណង​ជើង​ថា "​ដីរបស់​នរណា?" បង្ហាញ​ថា រយៈពេល ៦​ខែ ឆ្នាំ​២០១៥ អាដហុក​ទទួល​បាន ៦៦​បណ្ដឹង​ក្នុង​បញ្ហា​ដីធ្លី គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤។ ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​តែង​ជួប​ការ​លំបាក ឬ​មិន​អាច​ដោះស្រាយ​បាន គឺ​ករណី​ជម្លោះ​ជាមួយ​អ្នក​មាន​លុយ និង​មានអំណាច។

​យ៉ាង​ណា​មិញ ការ​ចាប់​ចង​លើក​នេះ តុលាការ​មិន​អាច​ងាយ​នឹង​ដោះលែង​វិញ​ដោយ​ងាយៗ នោះ​ទេ បើសិនជា​ពុំ​មាន​ការ​សម្របសម្រួល​នយោបាយ​ណា​មួយ​រវាង​គណបក្ស​ទាំង​ពីរ ពោល​គឺ​បើសិនជា​គ្មាន​បញ្ជា​ពី​លោក ហ៊ុន សែន ទេ​នោះ មិន​ងាយ​នឹង​ដោះលែង​ទេ ដូចជា​ការ​ចាប់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ជាប់​គាំង​នយោបាយ​កាល​ពី​ឆ្នាំ​២០១៤ ជា​ឧទាហរណ៍​ស្រាប់។ បើ​គ្មាន​កិច្ច​ព្រមព្រៀង ថ្ងៃ​ទី​២២ ខែ​កក្កដា ទេ ការ​ដោះលែង​ក៏​នឹង​មិន​អាច​មាន​ដែរ​នៅ​កាល​ណោះ។

សកម្មភាព​ចាប់ចង​បាន​រើ​ឡើង​វិញ ដោយ​តុលាការ​យក​សំណុំរឿង​ចាស់​ផង និង​សំណុំរឿង​ថ្មី​ផង ដាក់​បន្ទុក​លើ​គណបក្ស​ប្រឆាំង​នេះ គោល​បំណង​ធំ​របស់​រដ្ឋាភិបាល​តាម​មើល​ទៅ​អាច​ជា​ការ​រុញ​ច្រាន​ឲ្យ​គណបក្ស​ប្រឆាំង​ទាល់ច្រក។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​ធ្វើ​ដូច្នេះ​អាច​ថា ជា​ថ្នូរ​ទៅ​នឹង​អ្វី​មួយ​ផ្សេង​ទៀត​ក៏​ថា​បាន។ ឧទាហរណ៍​ដូចជា​រដ្ឋាភិបាល​មាន​ជំហរ​ចង់​ធ្វើ​វិសោធនកម្ម​មាត្រា ២ នៃ​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា បាន​បោះ​បង្គោល​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម ចប់​សព្វគ្រប់​នោះ។

​នៅ​ពេល​នោះ បើសិនជា​ក្រុម​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​វិសោធនកម្ម​នោះ សមាជិក និង​សកម្មជន​គណបក្ស​របស់​ខ្លួន​អាច​តុលាការ​ដោះលែង​វិញ​ក៏​ថា​បាន តែ​បើ​ពុំ​នោះ​ទេ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អស់ រដ្ឋាភិបាល​នឹង​មិន​អាច​ដោះលែង​វិញ​ទេ ការ​ឃុំ​ខ្លួន​នេះ​អាច​ពន្យារ​ពេល​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។

គណបក្ស​កាន់​អំណាច​ធ្វើ​ដូច្នេះ ហាក់​បីដូចជា​គណបក្ស​នេះ​ពុំ​ខ្វល់​អំពី​វប្បធម៌​សន្ទនា​នោះ​ឡើយ ព្រោះ​ថា លោក ហ៊ុន សែន បាន​សំដែង​ពី​ការ​ប្រែ​ជំហរ​ចុង​ក្រោយ និង​បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក សម រង្ស៊ី ប្រើ​វប្បធម៌​សន្ទនា​នេះ ដោយ​ប្រៀប​ប្រដូច​ថា ជា​ការ​ចាប់ដៃ​ជាន់​ជើង ។ល។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ គឺ​ហាក់​ផ្ទុយ​ស្រឡះ​ទៅ​នឹង​សកម្មភាព​ដែល​គ្រួសារ​លោក​ទាំង​ពីរ​បាន​ជួប​គ្នា​បរិភោគ​អាហារ​ជុំ​គ្នា​ចុង​ក្រោយ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodianna Hotel) ដែល​បង្ហាញ​ពី​មេដឹកនាំ​ខ្មែរ​ចាប់​ដៃ​គ្នា និង​បង្ហាញ​ពី​ជំហរ​បង្រួបបង្រួម​ជាតិ​រវាង​មេដឹកនាំ​ខ្មែរ​នៅ​សម័យ​នេះ ទោះបីជា​នៅ​គណបក្ស​ផ្សេង​គ្នា​ក៏ដោយ។ ក៏ប៉ុន្តែ​សកម្មភាព​នេះ ហាក់​ដូចជា​ឆាក​សំដែង​ឡើង​បន្លំ​ភ្នែក​សាធារណជន​តែប៉ុណ្ណោះ។

​តែ​ការ​ចាប់​ដៃ​គ្នា​នេះ បាន​ប្រែ​ក្រឡះ​វិញ​មួយ​រំពេច​នៅ​នាទី​ចុង​ក្រោយ ដែល​សកម្មភាព​បែប​នេះ​ហាក់​ដូចជា​អ្នក​នយោបាយ​ខ្មែរ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ម្ដង​ហើយ​ម្ដង​ទៀត ដូចជា សម្ពន្ធភាព​រវាង​អតីត​នាយករដ្ឋមន្ត្រី​ទី​១ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នោះ​ដែរ។

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ សកម្មភាព​ចាប់​ចង​នេះ អាច​ពុំ​មាន​ន័យ​ថា ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទាញ​យក​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​នោះ​ទេ នៅ​ពេល​បោះឆ្នោត​ខាង​មុខ ព្រោះ​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​ពី​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ និង​តុលាការ​ដើម្បី​អនុវត្ត​ទៅ​លើ​គណបក្ស​ប្រឆាំង សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ជាដើម។ មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ចំនួន ១៦​នាក់​ហើយ រួម​ទាំង​លោក ជា តាំងស៊ន ជា​អនុ​ប្រធាន​ប្រតិបត្តិ​ស្រុក​ព្រៃកប្បាស ខែត្រ​តាកែវ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា នោះ។

ជាង​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​អាច​មើល​ដឹង​ពី​អាថ៌កំបាំង​នៅ​ពី​ក្រោយ​វប្បធម៌​នយោបាយ​ចាស់​គំរឹល​នេះ។ ម្យ៉ាង​ទៀត​រដ្ឋាភិបាល​ហាក់​ដូចជា​ភ្លេច​គិត​ពី​ការ​ប្រកួត​ប្រជែង​ពី​បញ្ហា​អភិវឌ្ឍន៍ ដែល​កម្ពុជា មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង ៣​លាន​នាក់ និង​ជាង ៨​លាន​នាក់​ផ្សេង​ទៀត​នៅ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក។

ជា​ការ​ពិត​ណាស់ មិនបាច់​ទៅ​រៀន​ដល់​ថ្នាក់បណ្ឌិត​អ្វី​ទេ មនុស្ស​សាមញ្ញ​ធម្មតា​ក៏​អាច​មើល​ឃើញ និង​យល់​ដឹង​បាន​ថា យុទ្ធសាស្ត្រ​កម្ទេច​គូប្រជែង​ជានិច្ច ឬ​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ នេះ វា​មិន​គ្រាន់តែ​ដើរ​បញ្ច្រាស​ទិស​ពី​វប្បធម៌​សន្ទនា​ទេ វា​អាច​នឹង​កម្ទេច​ទាំង​វប្បធម៌​សន្ទនា​នោះ​ចោល​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។