បទវិភាគ៖ មូលហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ព្យាយាម​ពន្លឿន​គម្រោង​ការ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ឲ្យ​កាន់​តែ​ឆាប់​រហ័ស?

ដោយ មាន ឫទ្ធិ
2018-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១០-ឧសភា-២០១២៖ លោក ហ៊ុន សែន ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​អាស៊ាន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។
១០-ឧសភា-២០១២៖ លោក ហ៊ុន សែន ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​អាស៊ាន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។
RFA/Sok Serey

មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​លោក ហ៊ុន សែន បាន​ពន្លឿន​គម្រោង​ការ​បង្កើត​សភា និង​រដ្ឋាភិបាល​របប​លោក​ថ្មី ឲ្យ​កាន់​តែ​ឆាប់​រហ័ស ក្រោយ​របប​របស់​លោក​បាន​រៀបចំ​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បោះ​ឆ្នោត «ក្លែង​ក្លាយ» បាន​សម្រេច​រួច​មក។ ក្រោយ​រយៈ​ពេល​មិន​ដល់​ពីរ​សប្ដាហ៍​ផង ភ្លាមៗ​ក្រោយ​ពេល​ព្រឹត្តិការណ៍​នេះ និង​ក្រោយ​ពេល​ដែល​គណ​បក្ស​កាន់​អំណាច​របស់​លោក បាន​ប្រកាស​ពី​ជ័យ​ជម្នះ ក្នុង​អ្វី​មួយ​ដែល​ពួក​គេ​ហៅ​ថា ជា​ជ័យ​ជម្នះ «ភ្លូក​ទឹក​ភ្លូកដី» ពីការ​បោះ​ឆ្នោត​ដែល​គ្មាន​គូ​ប្រជែង​ពិត​ប្រាកដ នៅ​មុន​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) ទៀត​នោះ លោក ហ៊ុន សែន បាន​ប្រកាស​ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​នេះ ដល់​ទៅ​ពីរ​ដង​ផ្ទួនៗ ដែល​តម្រូវ​ឲ្យ​លោក ចាំបាច់​ត្រូវ​តែ​ទៅ​ចូល​គាល់​ព្រះ​មហា​ក្សត្រ ដើម្បី​​សុំ​ព្រះ​រាជ​ទាន​ពី​ព្រះ​អង្គ ធ្វើ​ការ​កែប្រែ​កាលបរិច្ឆេទ​នេះ​ទៀត​ផង។

តើ​មាន​មូល​ហេតុ​អ្វី​ខ្លះ នៅ​ពី​ក្រោយ​គម្រោង​ការ​ដែល​លោក ហ៊ុន សែន ផ្លាស់​ប្តូរ​ចិត្ត​យ៉ាង​ឆាប់រហ័ស​យ៉ាង​ដូច្នេះ ជុំ​វិញ​ការ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​នៃ​របប​លោក​ថ្មី ដែល​កើត​ចេញ​ពីការ​បោះ​ឆ្នោត «ក្លែង​ក្លាយ» នេះ?

ពាក្យ​ចាស់​លោក​ថា «អូស​ទូកកុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​កុំ​ឲ្យ​ល្អក់​​ទឹក»។ លោក ហ៊ុន សែន ប្រហែល​ជា​មិន​ភ្លេច​ឡើយ​ចងចាំ​ពាក្យ​ពេចន៍​ទាំង​នេះ ក្រោយ​ពេល​ដែល​លោក​ធ្វើ​ជា​មេ​ក្លោង​រៀបចំ​ព្រឹត្តិការណ៍ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បោះ​ឆ្នោត «ក្លែង​ក្លាយ» នេះ។ កាលពី​ដំបូង​ឡើយ នៅ​ថ្ងៃ​ទី៦ សីហា លោក ហ៊ុន សែន ប្រកាស​ថា លោក​មាន​គម្រោង​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សភា​ជា​លើក​ដំបូង ឬ​បង្កើត​រដ្ឋសភា​ថ្មី ក្រោម​ព្រះ​រាជ​អធិបតីភាព​របស់​ព្រះ​មហា​ក្សត្រ នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ខណៈ​ដែល​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី២០ ខែ​កញ្ញា ជា​ថ្ងៃ​បង្កើត​​រដ្ឋាភិបាល​នៃ​របប​ថ្មី​របស់​លោក។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី និង​ក្រុម​អ្នក​ច្បាប់​របស់​លោក ពិនិត្យ​មើល​បញ្ហា​នេះ ដោយ​លោក​បាន​ព្រលយ​ថា លោក​ចង់​ឲ្យ​គណៈ​រដ្ឋ​មន្ត្រី​​របស់​លោក អាច​បង្កើត​​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ក្នុង​ខែ​សីហា​នេះ ដរាប​ណា​មិន​ខុស​ច្បាប់ ព្រោះ​លោក​ក៏​ចង់​មាន​ឱកាស​ទៅ​ចូល​រួម​ថ្លែង​ការណ៍ នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​នា​ចុង​ខែ​កញ្ញា​នេះ។

ពីរ​ថ្ងៃ​ក្រោយ​មក​ទៀត គឺ​នៅ​ថ្ងៃ​ទី០៨ ខែ​សីហា លោក ហ៊ុន សែន បាន​ចេញ​មុខ​ប្រកាស​ប្តូរ​កាល​បរិច្ឆេទ​នេះ​វិញ​ម្តង ដោយ​ថា លោក​បាន​ទៅ​ចូល​គាល់​ព្រះ​មហា​ក្សត្រ​​ដើម្បី​​សុំ​ព្រះ​រាជ​ទាន​ពី​ព្រះ​អង្គ ទៅ​លើ​ការ​កែប្រែ​កាលបរិច្ឆេទ​នៃ​ការ​កោះ​ប្រជុំ​បង្កើត​រដ្ឋសភា និង រដ្ឋាភិបាល​ថ្មី។ លោក ហ៊ុន សែន ប្រកាស​ថា សភា​នឹង​កោះ​ប្រជុំ និង​ចូល​ស្បថ​កាន់​តំណែង​បង្កើត​រដ្ឋសភា​ថ្មី​នៅ​ថ្ងៃ​ទី០៥ ខែ​កញ្ញា វិញ​ម្តង ហើយ​នៅ​ថ្ងៃ​ទី០៦ កញ្ញា ជា​ថ្ងៃ​បង្កើត​​រដ្ឋាភិបាល​ថ្មី។ ម្តង​នេះ លោក ហ៊ុន សែន បាន​ព្យាយាម​ពន្យល់​ថា ការ​ពន្លឿន​កាលបរិច្ឆេទ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​របប​ថ្មី​របស់​លោក​នេះ គឺ​មិន​ខុស​ច្បាប់ ឬ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

មាត្រា ៨២ ថ្មី នៃ​រដ្ឋធម្មនុញ្ញ ចែងថា រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង ហុកសិប​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះ​ឆ្នោត តាម​ការ​កោះ​ប្រជុំ​របស់​ព្រះ​មហា​ក្សត្រ។ រយៈ​ពេល​យ៉ាង​យូរ​៦០​ថ្ងៃ ដែល​ច្បាប់​ទុក​ពេល​វេលា​ឲ្យ​នេះ គឺ​ដើម្បី​​ដោះ​ស្រាយ​​បញ្ចប់​ឲ្យ​បាន​រួច​រាល់​នូវ​រាល់​វិវាទ​តវ៉ា​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ទុក​ពេល​វេលា​សម្រាប់​រៀបចំ​សមាសភាព​រដ្ឋសភា និង​គណៈ​រដ្ឋ​មន្ត្រី​​ថ្មី។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​ពន្លឿន​កាលបរិច្ឆេទ​របស់​លោក ហ៊ុន សែន នេះ នាំ​ឲ្យ​មាន​ចម្ងល់​ថា តើ​អាច​មាន​មូល​ហេតុ​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​ការ​ផ្លាស់​ប្តូរ​ចិត្ត​របស់​លោក ហ៊ុន សែន យ៉ាង​ដូច្នេះ?

យ៉ាង​ហោច​ណាស់​មាន​ហេតុ​ផល​ចម្បង​ៗ​ចំនួន ៣ ដែល​គេ​អាច​មើល​ឃើញ​ថា បាន​នាំ​ឲ្យ​លោក ហ៊ុន សែន ចាំបាច់​ត្រូវ​តែ​កែប្រែ​កាលបរិច្ឆេទ នៃ​ការ​បង្កើត​​ស្ថាប័ន​កំពូល​ៗ​របស់​រដ្ឋ​យ៉ាង​ដូច្នេះ។

ហេតុ​ផល​ចម្បង​មួយ​គឺ ការ​ធ្វើ​ឲ្យ​អង្ករ​ក្លាយ​ជា​បាយ និង​ប្រញាប់​ប្រញាល់​ធ្វើ​ឲ្យ​ស្ថានការណ៍​មិន​អាច​ត្រលប់​ថយ​ក្រោយ​វិញ​បាន តាមរយៈ​ការ​បំបាត់​ភស្តុតាង និង​បង្វែរ​សំណុំ​រឿង​ពី​ការ​បោះ​ឆ្នោត​«ក្លែង​ក្លាយ» មក​ជា​ការ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល «ក្លែង​ក្លាយ» វិញ​ម្តង។

ភ្លាមៗ ក្រោយ​រៀបចំ​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា លោក ហ៊ុន សែន ដឹង​យ៉ាង​ច្បាស់​ថា គ្មាន​ឡើយ​សារ​អបអរសាទរ​ពី​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ និង​បស្ចិម​លោក ពី​ជ័យ​ជម្នះ​ដែល​លោក​បាន​រៀបចំ​ទុក​មុន​រួច​ជាស្រេច​ទៅ​ហើយ​នោះ។ ក្នុង​នាម​ជា​មេ​ក្លោង នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​យុទ្ធ​វិធី​នៃ​ការ​បោះ​ឆ្នោត «ក្លែង​ក្លាយ» លោក ហ៊ុន សែន ដឹង​ច្បាស់​ជាង​នរណា​ៗ​ទាំង​អស់​ថា លោក​នឹង​ត្រូវ​ហ៊ុំព័ទ្ធ​ដោយ​ការ​ថ្កោល​ទោស និង​ប្រឈម​នឹង​ការ​ប្រកាស​មិន​ទទួល​ស្គាល់​ភាពស្រប​ច្បាប់ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ពី​ជុំ​ទិស​នៃ​ក្រុម​ប្រទេស​ទាំង​នោះ ព្រោះ​ថា ជ័យ​ជម្នះ​នេះ ជា​ជ័យ​ជម្នះ​«ក្លែង​ក្លាយ» ដែល​កើត​ចេញ​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​គេ​ឯង​ដឹង​ច្បាស់​ថា «ក្លែង​ក្លាយ»។ ដោយ​មិន​បង្អែ​បង្អង់​យូរ មិន​ខុស​ពី​ជន​ល្មើស​ដែល​បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​រួច ដែល​ចាំបាច់​ត្រូវ​តែបំផ្លាញ​ចោល​រាល់​វត្ថុ​តាង និង​ធាតុ​ផ្សំ​នានា​នៃ​បទ​ល្មើស​ទាំង​អស់​ចោល លោក ហ៊ុន សែន ចាំបាច់​ត្រូវ​បម្លែង​ស្ថានការណ៍​នៃ​ជ័យ​ជម្នះ «ក្លែង​ក្លាយ»​នេះ ឲ្យ​ក្លាយ​ទៅ​ជា​អ្វី​មួយ​ដែល​មាន​ភាព​ប្រត្យក្ស​និយម ហើយ​ដែល​មិន​អាច​ត្រលប់​ថយ​ក្រោយ​បាន ដែល​នោះ​គឺ ព្យាយាម​រុញ​ទូក​បណ្ដោយ​ទឹក ដោយ​កែប្រែ​ស្ថានការណ៍​អង្ករ​ឲ្យ​ក្លាយ​ទៅ​ជា​បាយ តាម​រយៈ​ការ​និ​មិត្ត​ឲ្យ​កើត​ចេញ​ជារូបរាង​ឡើង នៃ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី ដែល​ជា​ផលិត​ផល​ដ៏​មហិមា​ពី​ការ​បោះ​ឆ្នោត «ក្លែង​ក្លាយ»។ ការ​និមិត្ត​នេះ ក៏​គឺជា​ឧកាស​មួយ អនុញ្ញាត​ឲ្យ​លោក អាច​អូស​ទាញ​អ្នក​ដទៃ​ឲ្យ​ចូល​រួម​មក​ប្រព្រឹត្តិ​បទ​ល្មើស​ខុស​ឆ្គង ដ៏​ធំ​បំផុត​នៅ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ខ្មែរ ជា​មួយ​នឹង​លោក​ដែរ ដែល​នោះ​គឺ​គ្មាន​នរណា​ក្រៅ​ពីអង្គ​ព្រះ​មហា​ក្សត្រ ឲ្យ​ចូល​មក​សម្ដែង​​ល្ខោន​ប្រថាប់ត្រា ផ្ដល់​ភាព​ស្រប​ច្បាប់ «ក្លែង​ក្លាយ» បន្ត​ដល់​របប​របស់​លោក​ថ្មី​នេះ​ដែរ។ ការ​សម្រេច​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី ឲ្យ​បាន​កាន់​តែ​ឆាប់​រហ័ស​នេះ ក៏​អនុញ្ញាត​ឲ្យ​លោក អាច​លុបលាង ឬ​ផ្អឹប​ចោល​នូវ​រាល់​កំហុស​នៃ​ការ​បោះ​ឆ្នោត ការ​លួច​បន្លំ ការ​បំប៉ោង​ទិន្នន័យ ឬ​ការ​គំរាម​កំហែង​នានា ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត ឲ្យ​ចប់​មួយ​អន្លើ​សិន ផង​ដែរ។

មូល​ហេតុ​ចម្បង​ទី២ គឺ ការ​ចង់​បង្ហាញ​មុខ​មាត់​ឲ្យ​គេ​ឯង​ដឹង​ថា ភាព​ស្រប​ច្បាប់​នៃ​របប​របស់​លោក ត្រូវ​បាន​អន្តរជាតិ​​ទទួល​ស្គាល់ តាម​រយៈ​ការ​ប្រើ​ប្រាស់​ឱកាស ឬ​យន្តការ​នៃ​ការ​ថ្លែង​ការណ៍​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ។ ដោយ​មាន​មហា​អំណាច​ប្លុក​កុម្មុយនិស្ត​ចិន និង​រុស្សី ដែល​សុទ្ធ​តែ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ដែល​មាន​សិទ្ធិ​វ៉េតូ បាន​ចេញ​មុខ​ធ្វើ​ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​«ក្លែង​ក្លាយ»​នេះ លោក ហ៊ុន សែន ដឹង​ថា ឱកាស​មាស​នៃ​ការ​ទៅ​ថ្លែង​ការណ៍​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ​របស់​លោក​នេះ មិន​អាច​ត្រូវ​ឲ្យ​កន្លង​ផុត​ទៅ​ដោយ​ងាយ​ៗ​បាន​ឡើយ។ ស្រប​ពេល​ដែល​មហា​សន្និបាត គ្រោង​ប្រព្រឹត្តិ​ទៅ​នៅ​ចុង​ខែ​កញ្ញា​នេះ​ស្រាប់ លោក​ចាំបាច់​ត្រូវ​តែ​ចាប់​យក​ឱកាស​នេះ ឲ្យ​ខាន​តែ​បាន ដើម្បី​​យក​រូបភាព​នេះ​ទៅ​អួតអាង​បោក​បញ្ជោត​ពលរដ្ឋ​ខ្លួន​ឯង និង​ពិភព​លោក​ថា របប​ថ្មី​របស់​លោក​ដែល​ទើប​ប្រសូត​ឡើង​នេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ឯ​ឆាក​អន្តរជាតិ។ លោក​បាន​លាតត្រដាង​រួច​ហើយ​ថា លោក​ចង់​ទៅ​ចូល​រួម​ថ្លែង​ការណ៍​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ នៅ​ចុង​ខែ​កញ្ញា​នេះ នៅ​បុរី​ញូវយ៉ក ដើម្បី​​បន្សាប​ឥទ្ធិពល​ក្រុម​ប្រទេស​បស្ចិម​លោក និង​និយម​ប្រជាធិបតេយ្យ​ទាំង​នេះ បើ​ទោះ​បី​ជា​លោក​ទទួល​រង​នូវ​ការ​ថ្កោលទោស​ពី​ក្រុម​ប្រទេស​ទាំង​នោះ​យ៉ាង​ណា​ក៏​ដោយ៖ «អ៊ីចឹង អាច​បង្កើត​​ដើម​ខែ​កញ្ញា ចុង​ខែ​សីហា ឬ​ដើម​ខែ​កញ្ញា វឹប​យក​តែ​ម្ដង ស្នើសុំ​ព្រះ​មហា​ក្សត្រ​កោះ​ប្រជុំ ព្រោះ​យើង​ត្រូវ​ការ​តែ​ប៉ុន្មាន​ទេ អត់​មាន​ស្អី​ទេ អត់​មាន​ស្អី​ត្រូវ​ញ៉េម​ញុំ​ផង។ ហើយ​ខ្ញុំ​នឹង​ទៅ​អង្គការ​សហ​ប្រជា​ជាតិ​ឲ្យ​អ្នក​ឯង​មើល​! អ្នក​ខ្លះ​ថា បន្តិច​ទៀត​គេ​នឹង​ចាប់ ហ៊ុន សែន ដោយ​​តុលា​ការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ខ្ញុំ​នឹង​ទៅ​អឺរ៉ុប​ក្បែរ​កន្លែង​​តុលា​ការ​អន្តរជាតិ​​ឲ្យ​ចាប់​ខ្ញុំ​តែ​ម្តង​ទៅ ហើយ​ខ្ញុំ​នឹង​ទៅ​អាមេរិក។ ខ្ញុំ​នឹង​ទៅ​អង្គការ​សហ​ប្រជា​ជាតិ គឺជា​ទី​កន្លែង ទោះ​បី​អ្នក​ឯង​ហាមឃាត់​យ៉ាង​ម៉េច ក៏​ជាទី​កន្លែង​ដែល​គេ​ត្រូវ​ទៅ។ ខ្ញុំ​ទៅ​អង្គការ​សហ​ប្រជា​ជាតិ។ ហើយ​ត្រៀម​ទៅ​បាតុកម្ម​បាតុ​កោមអី ត្រៀម​ទៅ!»

សំណួរ​សួរថា តើ​លោក ហ៊ុន សែន ហ៊ាន​ទៅ​ជាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក​ដែរ​ឬ​ទេ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់ ដាក់​ទណ្ឌកម្ម​របស់​អាមេរិក លេខ HR 5754 នេះ ដោយ​ប្រការ​ណាមួយ ត្រូវ​បាន​ព្រឹទ្ធសភា​អាមេរិក​អនុម័ត និង​ត្រូវ​​ប្រធានាធិបតី​អាមេរិក ចុះ​ហត្ថ​លេខ​ឲ្យ​ចូល​ជាធរ​មាន​រួច​នៅ​មុន​សម័យ​ប្រជុំ​ខែ​កញ្ញា នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​នោះ?

ជា​ការ​ពិត​ណាស់​ដែល​ថា ដោយ​សារ​តែ​ទីស្នាក់ការ​កណ្ដាល​អង្គការ​សហ​ប្រជា​ជាតិ គឺជា​ទឹក​ដី​ពិសិដ្ឋ​របស់​អន្តរជាតិ ក្រោម​ច្បាប់​អន្តរជាតិ និង ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៤៧ រវាង​សហរដ្ឋ​អាមេរិក និង​អង្គការ​សហ​ប្រជា​ជាតិ ស្តី​ពី​ទី​ស្នាក់​ការ​កណ្ដាល​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅ​បូរី​ញ៉ូវយក​នោះ មេ​ដឹក​នាំ​​អាក្រក់​ៗ​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​​ដែល​មាន​ទំនាក់​​ទំនង​ល្អក់​កករជា​មួយ​អាមេរិក ក្នុង​នោះ​មាន​គុយបា ហ្ស៊ី​មបាវ៉េ វេណេហ្សុយអេឡា អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង​ជា​ដើម នៅ​តែ​អាច​មាន​ឱកាស​មក​ចូល​រួម​សម័យ​ប្រជុំ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​នេះ​បាន។ ក៏​ប៉ុន្តែ ក៏​មាន​ផង​ដែរ​ប្រវត្តិ​នៃ​មេ​ដឹក​នាំ​​កំពូល​ខាង​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក មិន​អនុញ្ញា​ត​ឲ្យ​មក​ចូល​រួម​មហា​សន្និបាត​នេះ សូម្បីតែ​នៅ​លើ​ទឹក​ដី​អន្តរជាតិ​​នៃ​ទីស្នាក់​ការ​អង្គការ​សហប្រជា​ជាតិ​នេះ​ក៏​ដោយ ក្នុង​នោះ​រួម​មាន​អតីត​ៈ​មេ​ដឹក​នាំ​ប៉ាឡេស្ទីន លោក យ៉ាសេ អារ៉ាហ្វាត (Yasser Arafat) កាលពី​អំឡុង​ចុង​ទសវត្សរ៍​ទី៨០ និង​ក្រុម​មន្ត្រី​ជំនិត​ៗ​របស់​មេ​ដឹក​នាំ​រុស្ស៊ី​លោក វល្លាដឺមីរ ពូទីន (Vladimir Putin) កាលពី​ឆ្នាំ​២០១៤ ជា​ដើម។

បើ​ទោះ​ជាថា លោក ហ៊ុន សែន អាច​មាន​សំណាង​មក​ជាន់​ដី​អាមេរិក​បាន​នៅ​ពេល​នេះ ក្រោយ​បាន​រម្លាយ​ប្រជាធិបតេយ្យ​ជាស្ថាពរ និង​បាន​ធ្វើ​ឲ្យ​ទំនាក់​​ទំនង​កម្ពុជា​អាមេរិក ល្អក់​កករ​ដល់​កម្រិត​មិន​ធ្លាប់​មាន​ពី​មុន​មក តាម​រយៈ​ការ​ប្រើ​ប្រាស់​វេទិកា​មហា​សន្និបាត​នៃ​អង្គការ​សហ​ប្រជា​ជាតិ​នេះ​ជា​ឈ្នាន់​ក៏​ដោយ លោក​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ដើរ​ទៅ​ណា​ឆ្ងាយ​ក្រៅ​តែ​ពី​បរិវេណ​គូស​វាស​ដោយ​អាមេរិក ដែល​គេ​ចាត់​ទុកថា​ជា​ទឹក​ដី​អន្តរជាតិ ក្នុង​តំបន់​ទីស្នាក់​ការ​អង្គការ​សហ​ប្រជា​ជាតិ​នេះ​តែ​ប៉ុណ្ណោះ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​អួតអាង​ដែរ​ថា លោក​ក៏​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប ទៅ​ក្បែរ​​តុលា​ការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់។ ការ​ព្យាយាម​បង្កើត​របប​ថ្មី​ឲ្យ​បាន​ឆាប់​រហ័ស​នេះ ក៏​អាច​ឲ្យ​លោក​មាន​ឱកាស​បាន​ទៅ​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប អាស៊ាន​អឺរ៉ុប នៅ​ទី​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក និង​សន្និសីទ​អន្តរជាតិ​​ស្តីពី​ពាណិជ្ជកម្ម​នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​ពេញ​មុខ​ពេញ​មាត់ នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ​នេះ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប មិន​ទាន់​ដាក់​ចេញ​នូវ​វិធានការណ៍​​ជាក់​លាក់​ណាមួយ ក្នុង​នោះ​រួម​មាន​ការ​ដាក់​ទណ្ឌកម្ម​រឹតត្បិត​វីសារ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប ឬ​ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​ការ​ប្រកាស​លុប​ចោល​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ជា​ដើម ប្រឆាំង​នឹង​របប​លោក។ លោក ហ៊ុន សែន ចង់​ឆក់​យក​ឱកាស​នៃ​ការណ៍​ដែល​សហភាព​អឺរ៉ុប កំពុង​តែ​ត្រូវ​ការ​ពេល​វេលា​ពិចារណា​ពី​ទណ្ឌកម្ម​សមស្រប​ណា​មួយ​មកលើរបប​របស់​លោក​នេះ និង​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត «ក្លែង​ក្លាយ» នេះ ដើម្បី​​ជា​ការ​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ ថា​ដំណើរ​ចូល​រួម​កិច្ចប្រជុំ​ទាំង​នេះ គឺ​ជា​ការ​ទទួល​ស្គាល់ និង​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​ថ្មី​របស់​លោក។

សំណួរ​សួរ​ថា ប្រសិន​បើ​ដោយ​ប្រការ​ណាមួយ ពេល​វេលា​នៃ​ការ​ពិចារណា​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ជាក់​លាក់​នេះ វា​លឿន​ជាង​ការ​កំណត់ ហើយ​សហភាព​អឺរ៉ុប​បាន​ចាត់​វិធានការណ៍​​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​វីសារ​ឲ្យ​ទៅ​លោក ហ៊ុន សែន និង​បក្ខ​ពួក​របស់​លោក តើ​ដល់​ពេល​នោះ លោក ហ៊ុន សែន បាន​អ្វី​មក​អួតអាង​ប្រាប់​ប្រជា​ពលរដ្ឋ​​ខ្មែរ​ទៀត? ឧទាហរណ៍​ជាក់​ស្តែង ករណី​ប្រទេស​វេនេហ្សុយអេឡា ដែល​ភ្លាមៗ ក្រោយ​ការ​បោះ​ឆ្នោត​រួច មន្ត្រី​ជាន់​ខ្ពស់​វេនេហ្សុយអេឡា មួយ​ចំនួន ត្រូវ​បាន​សហភាព​អឺរ៉ុប បង្កក​ទ្រព្យ​សម្បត្តិ និង​រឹតត្បិត​វីសារ​មិន​ឲ្យ​ចូល​មក​ជាន់​ទឹក​ដី​អឺរ៉ុប ជា​ដើម។

ហេតុផល​ទី៣ គឺ ការ​ព្យាយាម​បង្កើត​របប​ថ្មី​ឲ្យ​ឆាប់​រហ័ស​នេះ ក៏​អាច​មាន​ន័យ​ដែរ​ថា លោក ​ហ៊ុន សែន បាន​ដើរ​មួយ​ជំ​ហ៊ាន​មុន​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចចារ​នយោបាយ​ណាមួយ ជា​មួយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ទាំង​នោះ តាម​រយៈ​ការ​យក​របស់​ដែល​គេ​ហៅ​ថា ​ជា​រដ្ឋាភិបាល​ទើប​ប្រសូត​ឡើង​ថ្មី​ថ្មោង​ហើយ​នោះ ធ្វើ​ជា​សន្លឹក​បៀរ ទៅ​ត​ថ្លៃ​ជា​មួយ​សហគមន៍​អន្តរជាតិ រួម​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប កុំ​ឲ្យ​បង្កើត​​ច្បាប់​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ និង​រឹតត្បិត​វីសារ រួម​ទាំង​ការ​លុប​ចោល​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ GSP របស់​អាមេរិក និង «អ្វីៗ​ ទាំង​អស់​លើក​លែងតែ​អាវុធ» EBA របស់​សហភាព​អឺរ៉ុប ជា​ថ្នូរ​នឹង​ការ​ដោះលែង​ប្រធាន​គណ​បក្ស​ប្រឆាំង លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ស្រប​ពេល​ដែល​មាន​កិច្ចប្រជុំ​សំខាន់ៗ​ ទាំង​នេះ។ ឧបាយកល​នេះ នឹង​ធ្វើ​ឲ្យ​លោក អាច​មាន​ទឡ្ហីករណ៍​យក​ទៅ​ប្រាប់​ក្រុម​ប្រទេស​ទាំង​នោះ ឲ្យ​បំ​ភ្លេច​ចោល និង​យល់​ព្រម​ទទួល​យក​ការ​ពិត ឬ​ស្ថានភាព​ធម្មតា​ថ្មី​មួយ (a new normal) ដែល​មិន​អាច​វិល​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ​បាន ដែល​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពីរ​បប​ថ្មី​របស់​លោក ដែល​ត្រូវ​មាន​វ័យ​រហូត​ដល់​ទៅ​ ៥ឆ្នាំ​ខាង​មុខ​ទៀត​ឯ​ណោះ។

ជា​ការ​ពិត លក្ខខណ្ឌ​នៃ​ការ​ដោះ​លែង​ប្រធាន​គណ​បក្ស​ប្រឆាំង លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ទាំង​អស់ គ្រាន់​តែ​ជា​លក្ខខណ្ឌ​មួយ ក្នុង​ចំណោម​បណ្តុំ​លក្ខខណ្ឌ​ដែល​លោក​ត្រូវ​តែ​បំពេញ ប្រសិន​បើ​មិន​ចង់​ឃើញ​ការ​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​នានា​បន្ថែម​ទៀត ពី​សំណាក់​ក្រុម​បស្ចឹម​ប្រទេស​ទាំង​នោះ។ ប្រជាជាតិ​ខ្មែរ និង​សហគមន៍​អន្តរជាតិ ពិត​ជា​មិន​អាច​បំ​ភ្លេច​បាន​ឡើយ​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទាំង​មូល​នៅ​កម្ពុជា ត្រូវ​បាន​របប​របស់​លោក គាស់​រម្លើង​រម្លាយ​ជា​ស្ថាពរ​បាត់​ទៅ​ហើយ។

ការ​ព្យាយាម​បង្កើត​របប​ថ្មី ទុក​ធ្វើ​ជា​សន្លឹក​អាត់ ទៅ​ត​ថ្លៃ​ជា​មួយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ជា​ថ្នូរ​នឹង​ការ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​នេះ រួម​ជា​មួយ​នឹង​ការ​ចង់​បង្ហាញ​មុខ​មាត់​ឲ្យ​គេ​ឯង​ដឹង​អំពី​ភាព​ស្រប​ច្បាប់​ដ៏​ស្រពិចស្រពិល​នៃ​របប​របស់​លោក តាម​រយៈ​ការ​ប្រើ​ប្រាស់​យន្តការ​នៃ​ការ​ថ្លែង​ការណ៍​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ ឬ​កិច្ចប្រជុំ​កំពូល​នៅ​អឺរ៉ុប និង ការ​ព្យាយាម​ធ្វើ​ឲ្យ​អង្ករ​ក្លាយ​ជា​បាយ​យ៉ាង​ប្រញាប់​ប្រញាល់​ដើម្បី​​ធ្វើ​ឲ្យ​ស្ថានការណ៍​មិន​អាច​វិល​ត្រលប់​ថយ​ក្រោយ​វិញ​បាន ទំនង​ជា​មិន​ទាន់​អាច​មាន​ទម្ងន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ សម្រាប់​ដោះ​ស្រាយ​​បញ្ហា​វិបត្តិ​ប្រជាធិបតេយ្យ​ដ៏​ស្មុគស្មាញ​នេះ។ ដរាប​ណា​គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ គ្មាន​ការ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ គ្មាន​ការ​លុប​ចោល​ប្រការ​ច្បាប់​បើក​ផ្លូវ​ឲ្យ​រម្លាយ​គណ​បក្ស​នយោបាយ និង​យក​អាសនៈ​គណ​បក្ស​ជាប់​ឆ្នោត ទៅ​បែង​ចែក​ស្រេច​តែ​អំពើ​ចិត្ត​ឲ្យ​ទៅ​គណ​បក្ស​ដទៃ​ ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ គ្មាន​ការ​ផ្ដល់​នីតិ​សម្បទារ​ឲ្យ​គណ​បក្ស​ សង្គ្រោះ​ជាតិ អាច​ចូល​រួម​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា គ្មាន​ការ​បើក​ផ្លូវ​ឲ្យ​សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ អាច​ដំណើរការ​ដូច​ប្រក្រតី​ឡើង​វិញ​បាន នោះ​ដំណើរ​ការ​ចរចា​នយោបាយ និង​ការ​ផ្សះ​ផ្សារ​ជាតិ​នា​ពេល​ខាង​មុខ​នេះ ទំនង​ជា​ពិបាក​នឹង​អាច​កើត​មាន​ឡើង​វិញ​បាន​ណាស់ ហើយ​របប​ថ្មី​ថ្មោង​របស់​លោក ហ៊ុន សែន ក៏​ទំនង​ជា​នឹង​ជួប​នូវ​វិបត្តិ​ម៉ឺន​សែន​ជំពូក ក្រោយ​ប្រសូត​រួច នៅ​លើ​វិថី​ដ៏​មហា​សែន​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា​នា​ពេល​អនាគត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល