ទំនាស់​រវាង​មន្ត្រី​ប៉េអឹម​និង​ប៉ូលិស​នៅ​មណ្ឌលគិរី​មិន​ទាន់​ដាច់​ស្រេច

បន្ទាប់​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កង​កម្លាំង​នគរបាល និង​កង​កម្លាំង​អាវុធ​ហត្ថ នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​រះ​ជា​ច្រើន​គ្រាប់ និង​ដក​ហូត​កាំភ្លើង ៥​ដើម​ពី​នគរបាល​រួច​មក ទំនាស់​នេះ​មិន​ទាន់​ដោះស្រាយ​គ្នា​បាន​នៅ​ឡើយ​ទេ។
ដោយ គង់ យុទ្ធនា
2010-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អធិការ​នគរបាល​ស្រុក​កែវសីមា លោក ហេង អ៊ួន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ថា រយៈ​ពេល​មួយ​សប្ដាហ៍​ហើយ ដែល​កង​អាវុធ​ហត្ថ​ស្នាក់​ការ​លេខ​៧៦១ ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មិន​ទាន់​បាន​ប្រគល់​អាវុធ​ដែល​ពួកគេ​បាន​ដក​ហូត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​នោះ ឲ្យ​មក​ក្រុម​នគរបាល​វិញ​នៅ​ឡើយ​ទេ។

លោក ហេង អ៊ួន មាន​ប្រសាសន៍​ដូច្នេះ ៖ «ទី​១ ភ្ជង់​ក្បាល​ប៉ូលិស​ខ្ញុំ បន្ទាប់​មក​វា​ភ្ជង់​ឡាន ហើយ​និង​ខ្ញុំ​ផ្ទាល់ បន្ទាប់​មក​ទៀត លើក​ទី​៣ កម្លាំង​ខ្ញុំ​ក៏​ប្រឡាក់​ភក់​ប្រឡាក់​អី​នោះ ក៏​ដើរ​មក​តាម​ក្រោយ​ឡាន​ហ្នឹង​ជិត​ដល់​ទីស្នាក់ការ​នោះ វា​បាញ់​ចម្រុះ​យក​តែម្ដង បាញ់​សំដៅ​ទៅ​រក​មនុស្ស ហើយ​បន្ទាប់​មក​វា​យក​កាំភ្លើង​អស់​ហើយ វា​បែរ​មក​បាញ់​ព័ទ្ធ​ជុំវិញ​ឡាន​ខ្ញុំ​ទៀត។ គេ​ឲ្យ​ខ្ញុំ​ធ្វើ​ពាក្យ​ស្នើ​សុំ​ទៅ​ដក​យក​អាវុធ​វិញ ខ្ញុំ​អត់​ទៅ ហើយ​យើង​មិន​មែន​អ្នក​ប្រព្រឹត្ត​ខុស​មាន​រឿង​អី​ត្រូវ​ទៅ​ធ្វើ​តាម​បទ​បញ្ជា​ហ្នុង»

អភិបាល​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី លោក ស៊ិន វ៉ាន់វុទ្ធ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ជម្លោះ​ផ្ទុះ​អាវុធ​រួច​មក ក្នុង​ឋានៈ​ជា​គណៈ​បញ្ជាការ​កង​ឯក​ភាព​ស្រុក លោក​បាន​បើក​កិច្ចប្រជុំ​មួយ​សម្រប​សម្រួល​បញ្ហា​ទំនាស់​រវាង​ភាគី​ទាំង​២ និង​ស្នើ​ឲ្យ​សម្រួល​គ្នា​ប្រគល់​អាវុធ​ឲ្យ​ទៅ​ខាង​នគរបាល​វិញ ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ប្រគល់​អាវុធ​ឲ្យ​នគរបាល​វិញ​ឡើយ។ ដូច្នេះ ករណី​នេះ​ទុក​ឲ្យ​លោក​អភិបាល​ខេត្ត​ជា​អ្នក​ដោះស្រាយ​បន្ត។

លោក ស៊ិន វ៉ាន់វុទ្ធ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ការ​ដោះស្រាយ​ដាក់​វិន័យ​ដាក់​អី​ហ្នឹង​គឺ​ជា​សមត្ថកិច្ច​របស់​ប្រធាន​អង្គភាព​ផ្ទាល់ ហើយ​រី​ឯ​រឿង​ផ្លូវ​ច្បាប់ ខុស ឬ​ត្រូវ​ហ្នឹង​ខ្ញុំ​មិន​វែកញែក​ទេ ទុក​ឲ្យ​ថ្នាក់​លើ​លោក​ពិនិត្យ​ទៅ»

ស្នងការ​រង​នគរបាល​ខេត្ត​មណ្ឌលគិរី លោក សូ សុវណ្ណ ធ្លាប់​បាន​បញ្ជាក់​ថា លោក​មិន​ដឹង​ពី​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ និង​ដក​ហូត​អាវុធ​ចំនួន ៥​ដើម​ពី​ក្រុម​ល្បាត​នោះ​ឡើយ ប៉ុន្តែ​ករណី​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​បណ្ដឹង​ទៅ​តុលាការ។

អភិបាល​ខេត្ត​មណ្ឌលគិរី មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​អំពី​បញ្ហា​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ ដោយសារ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់​ទង​បាន។

ដោយ​ឡែក​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​មណ្ឌលគិរី លោក ដួង ចោម វិញ មាន​ប្រសាសន៍​ថា មិន​មាន​ដំណោះស្រាយ​រវាង​មេ​ដឹក​នាំ​ដូច​ជា​មេ​បញ្ជាការ​អាវុធ​ហត្ថ​ខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​នៅ​ឡើយ​ទេ ប៉ុន្តែ​ករណី​នេះ​ខាង​នគរបាល​គេ​ប្ដឹង​ទៅ​តុលាការ ហើយ​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា តុលាការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ដែរ ៖ «អា​ហ្នឹង​មិន​អាច​និយាយ​បាន​ទេ ព្រោះ​ថា និយាយ​ទៅ​ខ្លាច​ប៉ះពាល់។ មិន​ទាន់​បាន​ដោះស្រាយ​ផង»

មន្ត្រី​មូលដ្ឋាន​បញ្ជាក់​ថា ករណី​ទំនាស់​រវាង​ក្រុម​ល្បាត និង​កង​អាវុធ​ហត្ថ​ស្នាក់​ការ​លេខ​៧៦១ កើត​មាន​ឡើង​ដោយសារ​តែ​ក្រុម​ល្បាត​បាន​តាម​ទៅ​រក​បង្ក្រាប​រថយន្ត​ដឹក​ឈើ ហើយ​ត្រូវ​ក្រុម​អាវុធ​ហត្ថ​ទាំង​នោះ​ស្ទាក់​បាញ់​ប្រហារ និង​ដក​ហូត​អាវុធ​ពី​ក្រុម​ល្បាត​ទាំង​នោះ​មុន​ពេល​ដែល​ក្រុម​ល្បាត​ទៅ​ដល់​កន្លែង​រថយន្ត​ដឹក​ឈើ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល