កម្ពុជាផ្ទេរតួនាទីប្រធានគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ានទៅប្រ៊ុយណេ
2012.11.18
លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន ក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន ហៅកាត់ថា អាយឆា (AICHR) នៅថ្ងៃទី១៨ ខែវិច្ឆិកា បាននិយាយថា ការឯកភាពគ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជាតិអាស៊ាន ដាក់ឲ្យចេញជាផ្លូវការនូវសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ានជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលមិនធ្លាប់មានសម្រាប់តំបន់អាស៊ាន។
លោក ឱម យ៉ិនទៀង៖ «ថ្ងៃនេះគឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ជាថ្ងៃដែលប្រជាជនអាស៊ាន កត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននូវការសន្យាជាផ្លូវការពីការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិពីសំណាក់ថ្នាក់ដឹកនាំអាស៊ាន»។
លោក ឱម យ៉ិនទៀង សង្ឃឹមថា ក្នុងអាណត្តិទី២ ជាពិសេសក្នុងឆ្នាំ២០១៣ ការដឹកនាំរបស់ប្រធានថ្មី គឺប្រទេសប្រ៊ុយណេ អាយឆា នឹងរំកិលខ្លួនចេញពីការប្រឹងប្រែងលើកិច្ចកសាងការងារគ្រឹះទៅរកការអនុវត្តបម្រើផ្នែកសិទ្ធមនុស្ស។
លោកបញ្ជាក់ថា សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន មានខ្លឹមសារ ឬមូលដ្ឋានសម្រាប់បង្កើតនូវលិខិតុបករណ៍សិទ្ធិមនុស្សឯទៀតៗតាមឆន្ទៈរបស់ប្រជាជាតិអាស៊ាន។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានរិះគន់សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាននាក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា នេះ ថា មានស្តង់ដារទាបជាងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិទាំងនោះ អោយដឹងថា ខ្លឹមសារស្មារតីនៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន នៅមានចន្លោះប្រហោងច្រើន ដែលនឹងអាចបើកឱកាសអោយមានការរំលោភសិទ្ធិមនុស្សនៅក្នុងបណ្ដាប្រទេសអាស៊ានដោយស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។