នាយក​រដ្ឋមន្ត្រី​ថៃ៖ ក្រុង​បាងកក​វិល​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​ឡើង​វិញ

នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​ឧសភា​នេះ ថា ក្រុង​បាងកក​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​ជា​ធម្មតា​ឡើង​វិញ​ហើយ ក្រោយ​ពី​មាន​ការ​បង្រ្កាប​ក្រុម​បាតុករ​អាវ​ក្រហម និង​ការ​បោស​សម្អាត​ដ៏​ធំ​មួយ​មក។
ដោយ ជុន ច័ន្ទបុត្រ
2010.05.24

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា គ្រឹះស្ថាន​សិក្សា​នានា​នឹង​បើក​ទ្វារ​ឲ្យ​សិស្ស​ចូល​រៀន​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​ឧសភា​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បម្រាម​គោចរ​នៅ​ពេល​យប់​ត្រូវ​បាន​គេ​ទុក​ឲ្យ​នៅ​បន្ត​ចំនួន ២​ថ្ងៃ​ទៀត សម្រាប់​ក្រុង​បាងកក និង​ខេត្ត​ចំនួន ២៣​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ។

មន្ត្រី​ថៃ​បាន​ឲ្យ​ដឹង​ថា បម្រាម​គោចរ​នេះ​ហាម​មិន​ឲ្យ​មនុស្ស និង​យានយន្ត​ធ្វើ​ចរាចរណ៍​ចាប់​ពី​ម៉ោង ១១​យប់ ដល់​ម៉ោង ៤​ភ្លឺ។ ច្បាប់​បម្រាម​គោចរ​ថ្មី​នេះ​មាន​រយៈ​ពេល​ខ្លី​ជាង​ប៉ុន្មាន​យប់​មុន​បន្តិច ដែល​កាល​ណោះ​គេ​បាន​ហាម​ឃាត់​មិន​ឲ្យ​មនុស្ស និង​យាន​យន្ត​ធ្វើ​ចរាចរណ៍​ចាប់​ពី​ម៉ោង ៩​ល្ងាច ដល់​ម៉ោង ៥​ភ្លឺ។

កាល​ពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​ថៃ​បាន​ធ្វើ​ពិធី​បង្ហាញ​កាំភ្លើង និង​យុទ្ធភណ្ឌ​ដទៃ​ទៀត ដែល​រដ្ឋាភិបាល​អះអាង​ថា បាន​ប្រមូល​មក​ពី​ទីតាំង​ដែល​ក្រុម​អាវ​ក្រហម​កាន់កាប់​ធ្វើ​បាតុកម្ម។ ការ​បង្ហាញ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​ពី​ក្រុម​អាវ​ក្រហម​ខ្លួន​ឯង ដែល​និយាយ​ថា ក្រុម​ខ្លួន​គ្មាន​អាវុធ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក អាភីស៊ិត បាន​សារភាព​ថា មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​វត្ត​មួយ​ឈ្មោះ ប៉ាទុម វិហារាម ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ឈរ​ជើង​របស់​ក្រុម​អាវ​ក្រហម។ វត្ត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តំបន់​សុវត្ថិភាព ក៏​ប៉ុន្តែ​គេ​បាន​រក​ឃើញ​ថា មាន​មនុស្ស​ស្លាប់​ក្នុង​វត្ត​នោះ ៦​នាក់ បន្ទាប់​ពី​បាតុកម្ម​បាន​ស្ងប់​ទៅ។

អ្នក​នយោបាយ​ថៃ​មួយ​ចំនួន​បាន​ធ្វើ​ការ​វិភាគ​ថា ក្រុម​អាវ​ក្រហម​នឹង​មិន​សុខ​ចិត្ត​នៅ​ស្ងៀម​យូរ​ទេ ពួក​គេ​នឹង​បង្កើត​ចលនា​លួច​លាក់​មួយ ដើម្បី​បន្ត​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក អាភីស៊ិត ទៀត។

ទន្ទឹម​គ្នា​នេះ​ដែរ មាន​ការ​ចោទ​ប្រកាន់​ថា មាន​ក្រុម​អាវ​ខ្មៅ​ពី​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ជាមួយ​ក្រុម​បាតុករ​អាវ​ក្រហម ក្នុង​រយៈ​ពេល​ធ្វើ​បាតុកម្ម ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។