តំណាង​អ្នក​បឹង​កក់​៥០​នាក់​យក​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដាក់​ជូន​សាលា​រាជធានី

ប្រជាពលរដ្ឋ​ ៥០​នាក់ តំណាង​ឲ្យ​អ្នក​បឹង​កក់ ៦៤​គ្រួសារ ដែល​អាជ្ញាធរ​បដិសេធ​មិន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់​ឲ្យ​នោះ នាំ​គ្នា​យក​ឯកសារ​មួយ​ចំនួន​បញ្ជាក់​ថា ពួក​គេ​ជា​ពលរដ្ឋ​រស់​នៅ​ស្រប​ច្បាប់​នៅ​ភូមិ​បឹងកក់​តាំង​ពី​ដើម​មក ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ និង​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន។
ដោយ វិជ័យ អានន្ទ
2012.07.30

ការ​ដាក់​ឯកសារ​បញ្ជាក់​ភស្តុតាង​របស់​អ្នក​បឹងកក់​នេះ ធ្វើ​ឡើង​ក្នុង​បំណង​បង្ហាញ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ និង​មជ្ឈដ្ឋាន​អន្តរជាតិ ឃើញ​កាន់​តែ​ច្បាស់​ថា ពួក​គាត់​មាន​ភស្តុតាង​គ្រប់គ្រាន់ មិន​មែន​ក្លែង​បន្លំ​ដូច​ការ​ចោទ​របស់​អភិបាល​រាជធានី​នោះ​ទេ។

ប្រជាពលរដ្ឋ​បឹងកក់ ដែល​អាជ្ញាធរ​ចោទ​ថា រស់​នៅ​មិន​ស្រប​ច្បាប់​នៅ​តំបន់​បឹង​កក់ បាន​សុំ​ឲ្យ​អាជ្ញាធរ និង​ស្ថានទូត​បរទេស​មួយ​ចំនួន​នៅ​កម្ពុជា ជួយ​ពួក​គាត់​ឲ្យ​បាន​កម្មសិទ្ធិ​ដី និង​ច្រាន​ចោល​ពាក្យ​ប្រកាស​របស់​អភិបាល​រាជធានី​ភ្នំពេញ ថា​ពួក​គាត់​រស់​នៅ​មិន​ស្រប​ច្បាប់។

អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា បាន​មាន​ប្រសាសន៍​តាម​រយៈ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៩ ថា ពលរដ្ឋ​សេសសល់ ៦៤​គ្រួសារ ជា​ពលរដ្ឋ​ចូល​មក​បន្លំ​ខ្លួន​ដើម្បី​ទទួល​ប័ណ្ណ​កម្មសិទ្ធិ និង​ចោទ​ថា ការ​ទាមទារ​របស់​អ្នក​ភូមិ​បឹង​កក់​នេះ ជា​រឿង​នយោបាយ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក កែប ជុតិមា នេះ ពលរដ្ឋ​ម្នាក់​ឈ្មោះ បូវ សោភា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ កក្កដា ថា អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា កំពុង​ព្យាយាម​រក​លេស​ផ្សេងៗ ក្នុង​ការ​ជៀស​វាង​ដោះស្រាយ​បញ្ហា​ក្បាល​ដី​ជាង ១២​ហិកតារ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ប្រទានកម្ម​ជូន​ពលរដ្ឋ​នោះ។

អ្នកស្រី​ថ្លែង​បន្ត​ថា ដើម្បី​បំភ្លឺ​ដល់​មហាជន​ជាតិ អន្តរជាតិ​បាន​ដឹង អ្នក​បឹង​កក់​នាំ​គ្នា​យក​ញត្តិ និង​ភ្ជាប់​ឯកសារ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា អ្នក​បឹង​កក់​សេស​សល់​មិន​ទាន់​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ក៏​ជា​ពលរដ្ឋ​រស់​ទី​នោះ​ពី​យូរ​មក​ហើយ ដូច​អ្នក​ដទៃ​ទៀត​ដែរ ដូច្នេះ​ពួកគាត់​ត្រូវ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដូច​អ្នក​បឹង​កក់​មួយ​ចំនួន ដែល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នោះ​ដែរ។

អ្នកស្រី​បញ្ជាក់​ថា ចំណែក​រឿង​លោក កែប ជុតិមា ចោទ​សកម្មភាព​ទាមទារ​របស់​អ្នក​បឹង​កក់ ថា​ជា​រឿង​នយោបាយ​នោះ នេះ​ជា​លេស​មួយ​ដើម្បី​គេចវេះ​មិន​ដោះស្រាយ​ដី​ជូន​ពលរដ្ឋ។

ក្រៅ​ពី​ការ​ដាក់​ឯកសារ​បង្ហាញ​ភស្តុតាង អ្នក​បឹង​កក់​ក៏​ចង់​ឲ្យ​ប្រទេស​មួយ​ចំនួន​ជួយ​សម្របសម្រួល​រដ្ឋាភិបាល រក​ច្រក​ណា​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​អ្នក​បឹង​កក់​ទាំង​អស់​ឲ្យ​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដូចៗ​គ្នា។

ពលរដ្ឋ​បឹង​កក់​ម្នាក់​ទៀត អ្នកស្រី ទេព វន្នី លើក​ឡើង​ថា សកម្មភាព​ទាមទារ​របស់​អ្នក​បឹង​កក់ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ដូច​ការ​ចោទ​របស់​លោក កែប ជុតិមា នោះ​ឡើយ គឺ​ទង្វើ​ដើម្បី​តវ៉ា​សុំ​សាលា​រាជធានី​ភ្នំពេញ ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា បាន​ទេ នៅ​ថ្ងៃ​ទី​៣០ កក្កដា ដើម្បី​បំភ្លឺ​ពី​បញ្ហា​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ថា ការ​លើក​ឡើង​របស់​លោក កែប ជុតិមា នោះ ជា​រឿង​មិន​ពិត ព្រោះ​បញ្ហា​ជំលោះ​អ្នក​បឹង​កក់​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ នេះ អង្គការ​លីកាដូ តាម​ឃ្លាំមើល​រហូត​មក ឃើញ​ថា អ្នក​បឹង​កក់​ទាំង​នោះ​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​បញ្ជាក់​ថា ពួក​គាត់​រស់​នៅ​បឹង​កក់​ពិត​ប្រាកដ។

ចំណែក​ការ​ចោទ​ថា សកម្មភាព​របស់​អ្នក​បឹង​កក់ ជា​ការ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​នោះ លោក​យល់​ថា មិន​គួរ​លើក​មក​ធ្វើ​ជា​អំណះអំណាង​ក្នុង​ការ​ជៀសវាង​មិន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ក្នុង​តំបន់​បឹង​កក់​នោះ​ឡើយ។ ម្យ៉ាង​ទៀត ក្នុង​នាម​មន្ត្រី​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​របស់​ពលរដ្ឋ គេ​មិន​គួរ​រើស​អើង​ចំពោះ​និន្នាការ​គណបក្ស​នយោបាយ​នោះ​ឡើយ។ បន្ថែម​លើ​នេះ លោក​ក៏​បញ្ជាក់​ថា ក្បាល​ដី​ចំនួន​ជាង ១២​ហិកតារ​នោះ ត្រូវ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​សម្រេច​ប្រជាពលរដ្ឋ​ទាំង​នោះ​ហើយ ហើយ​ថ្មី​នេះ​រដ្ឋាភិបាល​ក៏​បាន​ចាត់​ក្រុម​និស្សិត​ឲ្យ​ចុះ​វាស់វែង​ដីធ្លី​នៅ​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស ដូច្នេះ​បញ្ហា​ទំនាស់​អ្នក​បឹង​កក់​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ គួរ​តែ​ក្រុម​និស្សិត​ទាំង​នោះ​ចុះ​វាស់​វែង​ជូន​ពួក​គាត់ ដើម្បី​បញ្ចប់​ជំលោះ​នោះ។

ករណី​ជម្លោះ​ដី​នៅ​តំបន់​បឹង​កក់​បាន​អូស​បន្លាយ​ពេល​ជាង ៥​ឆ្នាំ​មក​ហើយ គិត​ពី​ឆ្នាំ​២០០៧ មក ដែល​រដ្ឋាភិបាល​បាន​ជួល​ដី​តំបន់​បឹង​កក់​ប្រមាណ ១៣៣​ហិកតារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ ចំនួន ៩៩​ឆ្នាំ។ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ជួល​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ វិនិយោគ​នៅ​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០០៧ ដដែល សាលា​រាជធានី​បាន​ប្រកាស​ថា គេ​មិន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​បឹង​កក់​ទេ ដោយ​គេ​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​តាម​រយៈ​កិច្ចសន្យា​ជួល​ដី​បឹង​កក់​របស់​រដ្ឋាភិ​បាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។