ឆ្អឹង​ដែល​រក​ឃើញ​នៅ​កំពង់ចាម​អាច​ជា​របស់​ជនជាតិ​អាមេរិក

លោក ចន ចនសុន (John Johnson) មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​២៩ មីនា ថា ឆ្អឹង​ខ្មោច​ដែល​គេ​រក​ឃើញ​ក្នុង​រណ្ដៅ​សាកសព​រួម​មួយ​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ដើម​ខែ​មីនា​កន្លង​មក​នេះ ត្រូវ​បាន​ស្ថានទូត​សហរដ្ឋ​អាមេរិក​បញ្ជូន​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​រដ្ឋ​ហាវ៉ៃ​ហើយ។
ដោយ ម៉ៅ សុធានី
2010-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ចន ចនសុន ថ្លែង​បន្ត​ថា ឆ្អឹង​ខ្មោច​ដែល​រក​ឃើញ​នោះ គេ​មាន​ការ​សង្ស័យ​ថា​ជា​សាកសព​របស់​លោក សន ហ្វ្លីន (Sean Flynn) អាយុ ២៨​ឆ្នាំ អ្នក​ជំនាញ​ខាង​ថត​រូប​កាល​ពី​សម័យ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា និង​នៅ​វៀតណាម ដែល​ជា​កូន​ប្រុស​របស់​តួ​កុន​ល្បីល្បាញ​ហូលីវូត គឺ​លោក អ៊ែរ៉ល ហ្វ្លីន (Errol Flynn)។

លោក សន ហ្វ្លីន បាន​បាត់​ខ្លួន​កាល​ពី ៤០​ឆ្នាំ​មុន ខណៈ​ដែល​លោក និង​អ្នក​កាសែត​ម្នាក់​ទៀត​គឺ​លោក​ស្រី ដានា ស្តូន (Dana Stone) ទទួល​ការ​ចាត់តាំង​ឲ្យ​ទៅ​បំពេញ​ការងារ​នៅ​តំបន់​នោះ ហើយ​ត្រូវ​បាន​ទ័ព​ខ្មែរ​ក្រហម​ចាប់​ឃុំ​ខ្លួន និង​បាត់​ដំណឹង​សូន្យ​ឈឹង​តាំង​ពី​ពេល​នោះ​មក។

ក្នុង​អំឡុង​សង្គ្រាម​នៅ​កម្ពុជា​រវាង​ទ័ព​ខ្មែរ​ក្រហម ដែល​គាំទ្រ​ដោយ​កង​ទ័ព​វៀតណាម​ខាង​ជើង ជាមួយ​កង​ទ័ព​រដ្ឋាភិបាល លន់ នល់ គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ចាប់​ពី​ឆ្នាំ​១៩៧០ ដល់ ១៩៧៥ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​កាសែត​ចំនួន ៣៧​នាក់ ត្រូវ​បាន​សម្លាប់ និង​ត្រូវ​បាន​បាត់​ខ្លួន។

លោក ខេត រ៉តថារ៉ាំ (Keith Rotheram) ម្ចាស់​ផ្ទះ​សំណាក់​នៅ​ក្រុង​ព្រះសីហនុ ជា​ជនជាតិ​អង់គ្លេស រួម​ជាមួយ​នឹង​លោក ដេវីត ម៉ាកមីឡាន (David MacMillan) ជនជាតិ​អូស្ត្រាលី ដែល​បាន​រក​ឃើញ​ឆ្អឹង​ថ្គាម និង​ឆ្អឹង​ភ្លៅ ហើយ​ដែល​គេ​សង្ស័យ​ថា​ជា​ឆ្អឹង​សាកសព​របស់​លោក សន ហ្វ្លីន បាន​ឲ្យ​ដឹង​ថា ការ​ស្វែងរក​នៅ​កន្លែង​នោះ គឺ​ផ្អែក​លើ​ការ​ផ្ដល់​ព័ត៌មាន​របស់​ពលរដ្ឋ​ម្នាក់ ដែល​បាន​អះអាង​ថា ខ្លួន​បាន​ឃើញ​ទាហាន​ខ្មែរ​ក្រហម​យក​អ្នក​ទោស​ម្នាក់​ដែល​មាន​រូបរាង​មុខ​មាត់​ដូច​ជា រូប​លោក សន ហ្វ្លីន មក​សម្លាប់​នៅ​កន្លែង​នោះ កាល​ពី​ឆ្នាំ​១៩៧១។

ក៏ប៉ុន្តែ​លោក ធីម ផេច (Tim Page) អ្នក​ថត​រូប​ក្នុង​សង្គ្រាម​នៅ​វៀតណាម ដែល​ជា​មិត្តភ័ក្ដិ​របស់ សន ហ្វ្លីន ហើយ​ដែល​បាន​ព្យាយាម​រក​ឆ្អឹង​សាកសព​មិត្ត​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​សិប​ឆ្នាំ​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ឆ្អឹង​ខ្មោច​ដែល​រក​ឃើញ​នោះ​អាច​ជា​របស់​អ្នក​កាសែត​ណា​ផ្សេង​ទៀត ក្នុង​ចំណោម ១២​នាក់ ដែល​គេ​រាយការណ៍​ថា ខ្មែរ​ក្រហម​យក​មក​សម្លាប់​នៅ​តំបន់​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល