តុលាការ​ឲ្យ​អាជ្ញាធរ​ស្រុក​បាណន់​ច្រូត​ស្រូវ​លើ​ដី​ទំនាស់​ទុក​បណ្ដោះអាសន្ន

ជម្លោះ​ដណ្តើម​ផល​ស្រូវ​គ្នា​លើ​ដី​មាន​ទំនាស់​រវាង​មន្ត្រី​យោធា​ខេត្ត​បាត់ដំបង​និង​អ្នក​ភូមិ​១២​គ្រួសារ​នៅ​មិន​មាន​ការ​ដោះស្រាយ​ចប់​ទេ ក៏​ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​និង​តុលាការ​បាន​យល់​ព្រម​ឲ្យ​អាជ្ញាធរ​ស្រុក​បាណន់ ចុះ​ច្រូត​ផល​ស្រូវ​នៅ​លើ​ដី​មាន​ទំនាស់​នោះ​មក​ទុក​នៅ​សាលា​ស្រុក​បណ្តោះ​អាសន្ន​សិន។
ដោយ សួន សុផលមុន្នី
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត​និង​លោក នៅ យ៉ារ័ត្ន ប្រធាន​តុលាការ​ខេត្ត​បាត់ដំបង បាន​យល់​ព្រម​តាម​សំណើ​របស់​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដែល​បាន​ស្នើ​សុំ​សិទ្ធិ​ចុះ​ទៅ​ប្រមូល​ស្រូវ​ទាំង​អស់​នៅ​លើ​ដី​មាន​ទំនាស់​រវាង​មន្ត្រី​យោធា​និង​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​យក​មក​រក្សា​ទុក​នៅ​សាលា​ស្រុក​បាណន់។

លោក ស្រេង ស៊្រាង អភិបាល​ស្រុក​បាណន់ និង​ជា​ប្រធាន​គណៈកម្មការ​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែ​មករា ថា លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត និង​លោក នៅ យ៉ារ័ត្ន ប្រធាន​តុលាការ បាន​យល់​ព្រម​ឲ្យ​ក្រុម​ការងារ​ស្រុក​និង​ខេត្ត​ចុះ​ប្រមូល​ស្រូវ​យក​មក​រក្សា​ទុក​នៅ​សាលា​ស្រុក​បាណន់ រង់ចាំ​ដោះ​ស្រាយ​បន្ត។

លោក ស្រេង ស្រ៊ាង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ឥឡូវ​នេះ​គាត់​បាន​ចារ​ឯកភាព​តាម​សំណើ​សុំ​របស់​គណៈកម្មការ​ដែល​មាន​ខ្ញុំ​ជា​ប្រធាន​ហ្នឹង ឲ្យ​ប្រមូល​ផល​ស្រូវ​ទាំង​អស់​យក​មក​ទុក​នៅ​សាលា​ស្រុក កន្លែង​សុវត្ថិភាព ហើយ​និង​ការ​បែងចែក​ដោយ​យុត្តិធម៌​និង​មាន​តម្លាភាព​ទៅ»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា​កន្លង​ទៅ​នេះ ក្រុម​ការងារ​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ខាង​លើ​ជា​ច្រើន​នាក់ បាន​ជួប​ប្រជុំ​នៅ​សាលា​ស្រុក​បាណន់ និង​បន្ត​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​នៅ​លើ​ដី​មាន​ទំនាស់ ដើម្បី​ស្វះស្វែង​រក​ដំណោះស្រាយ​ទាក់​ទិន​នឹង​ការ​ដណ្តើម​ផល​ស្រូវ​គ្នា​រវាង​អ្នក​ភូមិ​និង​មន្ត្រី​យោធា។

លោក ឌឿ សាវិន ជា​មន្ត្រី​យោធា កាល​ពី​ចុង​ឆ្នាំ​២០០៩ បាន​ដឹក​នាំ​កម្មករ​២៥​នាក់​ចុះ​ច្រូត​យក​ស្រូវ​លើ​ផ្ទៃ​ដី​ទំហំ​៣២​ហិកតារ​ស្ថិត​នៅ​ចំណុច​បឹងខ្ចាស់ ឃុំ​កន្ទឺ១ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ចំណែក​ឯ​ក្រុម​អ្នក​ភូមិ​វិញ​បាន​ថ្លែង​ថា ពួកគេ​នៅ​តែ​បន្ត​រង់ចាំ​ការ​ដោះស្រាយ​និង​ទទួច​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដល់​ពួក​គេ​ឲ្យ​បាន​ឆាប់ ៖ «ដើម្បី​មក​ប្រជុំ​រឿង​ស្រែ​រឿង​អី ថា​តើ​ដោះ​ស្រាយ​យ៉ាង​ម៉េច? តើ​ស្រូវ​ហ្នឹង​ឲ្យ​ប្រជាជន​ដឹក​ទៅ​ដាក់​កន្លែង​ណា​ដែល​មាន​សុវត្ថិភាព​សិន?»

លោក ឌឿ សាវិន អតីត​ជា​មន្ត្រី​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​បាណន់ បច្ចុប្បន្ន​ត្រូវ​គេ​ដឹង​ថា បាន​ផ្លាស់​មក​ធ្វើការ​នៅ​យោធភូមិភាគ​៥ មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ។

លោក យិន ម៉េងលី មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ស្វាគមន៍​ចំពោះ​ដំណោះ​ស្រាយ​ខាង​លើ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​បែង​ចែក​ដី​ឲ្យ​បាន​រួច​រាល់​ទើប​មិន​មាន​បញ្ហា​ទៅ​ថ្ងៃ​មុខ​ទៀត ៖ «ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​នៅ​ក្នុង​ជំហាន​បន្ទាប់​ពី​ប្រមូល​ផល​ស្រូវ​ហើយ»

ការ​ដណ្តើម​ផល​ស្រូវ​រវាង​អ្នក​ភូមិ​និង​មន្ត្រី​យោធា បាន​កើត​ឡើង​ដោយសារ​ទំនាស់​ដីធ្លី​រវាង​លោក ឌឿ សាវិន និង​លោក ចាយ សាវ៉ឺន ជា​មន្ត្រី​យោធា​ដូច​គ្នា រហូត​មាន​ការ​ប្តឹង​ផ្តល់​មក​តុលាកា។ រី​ឯតុលាការ​ខេត្ត​បាត់ដំបង​វិញ បាន​ធ្វើការ​កាត់​សេចក្តី​ដោយ​ពុំ​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​ទើប​កើត​មាន​បញ្ហា​នេះ។

កាល​ពី​ឆ្នាំ​២០០១ គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​បាត់ដំបង បាន​ប្រគល់​ដី​ទំហំ​៣២​ហិកតា​ឲ្យ​អ្នក​ភូមិ​ចំនួន​៦​គ្រួសារ។ អ្នក​ភូមិ​ទាំង​៦​គ្រួសារ​បាន​ចែក​ដី​នោះ​បន្ត​ជា​១២​គ្រួសារ ដោយ​បាន​បង្ក​បង្កើន​ផល​លើ​ដី​នោះ​រហូត​មក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល