ប៉ូលិស​នៅ​បាត់ដំបង​ប្រើ​ហិង្សា​លើ​ក្មេង​ម្នាក់​ក្នុង​រឿង​ជម្លោះ​បន្តិចបន្តួច

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែកជីក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង បាន​ប្រើ​អំពើ​ហិង្សា​ទះ​កំផ្លៀង​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​បណ្តាល​ឲ្យ​ហូរ​ឈាម​ចេញ​តាម​ត្រចៀក​និង​បាញ់​កាំភ្លើង​គំរាម​អ្នក​ភូមិ ដោយសារ​តែ​ចេញ​មុខ​ការពារ​ប្អូន​ប្រុស​របស់​ខ្លួន​ដែល​មាន​ជម្លោះ​បន្តិចបន្តួច​ជាមួយ​បង​ប្រុស​ក្មេង​រង​គ្រោះ។
ដោយ សួន សុផលមុន្នី
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្មេង​រង​គ្រោះ​អាយុ​១៣​ឆ្នាំ រស់​នៅ​ភូមិ​អូររំចេក បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ ២៧ មករា​ថា លោក ស៊ុំ សៅ មន្ត្រី​នគរបាល​ឃុំ​ព្រែកជីក​និង​បក្ស​ពួក​ចំនួន​៦​នាក់ កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​មករា បាន​ជិះ​ម៉ូត​៣​គ្រឿង​ទៅ​ឈប់​នៅ​ផ្សារ​អូររំចេក។ កុមារ​នេះ​បន្ត​ថា មន្ត្រី​នគរបាល​នោះ​បាន​គំរាម​ខ្លួន​ឲ្យ​ដើរ​រក​ឈ្មោះ លន ឌឿន ដែល​មាន​ជម្លោះ​ជាមួយ​ឈ្មោះ មុំ ស៊ឺ ត្រូវ​ជា​ប្អូន​ប្រុស​នគរបាល​រូប​នោះ តែ​នៅ​ពេល​រក​មិន​ឃើញ​នគរបាល​នោះ​បាន​វ៉ៃ​និង​បាញ់​កាំភ្លើង​តែម្តង។

កុមារា​រង​គ្រោះ​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «វា​ថា ...អ្ហែង​ដឹង​ថា អញ​ហ្នឹង​ស្អី​ឬ​អត់? គាត់​ថា អញ​ហ្នឹង​ប៉ូលិស​អ្ហែង​ដឹង​ឬ​អត់? ស្ទាវ​នៅ​ព្រែកជីក​គ្មាន​នរណា​ហ៊ាន​នឹង​អញ​ទេ ...អញ​បាញ់​គេ​បែក​មេជើង​មួយ។ បន្ទាប់​មក​ទៀត​គាត់​ក៏​បាញ់​កាំភ្លើង»

លន ឌឿន អាយុ​១៩​ឆ្នាំ ត្រូវ​ជា​បង​ប្រុស​ក្មេង​រង​គ្រោះ​បញ្ជាក់​ថា មុន​កើត​ហេតុ​ខ្លួន​និង​មិត្ត​ភក្កិ​ម្នាក់​ទៀត​ឈ្មោះ អឿន បាន​ទៅ​មុជ​ទឹក​អូរ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ លុះ​ពេល​ត្រឡប់​មក​វិញ ខ្លួន​បាន​ជួប​ប្អូន​ប្រុស​លោក ស៊ុំ សៅ តែ​ប្អូន​លោក ស៊ុំ សៅ ឈ្មោះ មុំ ស៊ឺ បាន​ស្តី​កុំ​ឲ្យ​មើល​មុខ ក៏​ត​ពាក្យ​សម្ដី​បន្តិច​ដាក់​គ្នា រួច​ទៅ​ផ្ទះ​រៀង​ខ្លួន ៖ «មើល​មុខ​ប្អូន​ប៉ូលិស បន្ទាប់​មក​វា​សួរ​ខ្ញុំ​ថា អ្ហែង​មើល​មុខ​ធ្វើ​អ្វី?»

លោក ស៊ុំ សៅ នគរបាល​ឃុំ​ព្រែកជីក បាន​ថ្លែង​ថា ខ្លួន​បាន​ទះ​កំផ្លៀង​ក្មេង​នោះ​មួយ​ដៃ​និង​បាន​បាញ់​កាំភ្លើង​មួយ​គ្រាប់ ដោយសារ​តែ​ខ្លួន​ខឹង​ក្មេង​រង​គ្រោះ​មិន​គោរព​ខ្លួន​ជា​មន្ត្រី​នគរបាល ៖ «ដល់​ខ្ញុំ​ថា​អ៊ីចឹង ឡូឡា​សម្លុត​ដាក់​ខ្ញុំ​វិញ»។

លោក ស៊ុំ សៅ បន្ត​ថា ការ​បាញ់​កាំភ្លើង​គំរាម​នោះ គឺ​ខ្លួន​ទទួល​បាន​បទ​បញ្ជា​ពី​លោក អោម សែម មេ​ឃុំ​ព្រែកជីក និង​លោក ស៊ិន សំអុន ជា​អធិការ​រង​នគរបាល​ស្រុក​រុក្ខគិរី។

មិន​អាច​ទាក់​ទង​លោក អោម សែម មេ​ឃុំ​ព្រែកជីក និង​លោក ស៊ិន សំអុន ដើម្បី​បញ្ជាក់​ជុំវិញ​ការ​អះអាង​របស់​លោក ស៊ុំ សៅ នេះ​បាន​ទេ។

ក្រុម​អ្នក​ភូមិ​ជា​សាក្សី​បាន​ថ្លែង​ថា លោក ស៊ុំ សៅ បាន​ប្រើ​អំពើ​ហិង្សា​បាញ់​គំរាម​និង​វ៉ៃ​ក្មេង​ដោយ​សំអាង​ថា ខ្លួន​ជា​ប៉ូលិស ៖ «ប៉ូលិស​ហ្នឹង​ដើរ​មក​វ៉ៃ​ក្មេង​នៅ​មុខ​ផ្សារ​ហ្នឹង។ មនុស្ស​ច្រើន​ដែរ»

លោក យិន ម៉េងលី មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក ដែល​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ មាន​ប្រសាសន៍​ថា លោក ស៊ុំ សៅ បាន​ឆ្លើយ​ដោះ​សា។ លោក​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ចាត់​វិធានការ។

លោក យិន ម៉េងលី មាន​ប្រសាសន៍​ដូច្នេះ ៖ «ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ជន​រង​គ្រោះ ឬ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ស្ងប់​ចិត្ត លែង​មាន​ការ​ភ័យ​ខ្លាច។ ទី​២ ត្រូវ​មាន​វិធានការ​ចំពោះ​បុគ្គល​នេះ ដើម្បី​កុំ​ឲ្យ​មាន​អំពើ​នេះ​កើត​ឡើង​ទៀត»

ក្រុម​គ្រួសារ​ក្មេង​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​អាយុ​១៣​ឆ្នាំ​របស់​ពួក​គាត់​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​នៅ​ក្រោយ​ការ​វ៉ៃ​និង​បាញ់​គំរាម។ ជាមួយ​គ្នា​នេះ ពួកគេ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​រុក្ខគិរី​រួច​រាល់​ហើយ​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល