កប៉ាល់​បំពាក់​ទង់​ជាតិ​កម្ពុជា​មួយ​គ្រឿង​ត្រូវ​ចោរ​សមុទ្ទ​ប្លន់

កប៉ាល់​ដឹក​ទំនិញ​ដែល​បំពាក់​ទង់​ជាតិ​កម្ពុជា​មួយ​គ្រឿង​ឈ្មោះ MV Layla-S ត្រូវ​ចោរ​សមុទ្ទ​ជាតិ​សូម៉ាលី​ប្លន់ ពេល​ចាក​ចេញ​ពី​ឆ្នេរ​របស់​ប្រទេស​សូម៉ាលី។
ដោយ ឡេង ម៉ាលី
2010.01.29

ព័ត៌មាន រ៉យទ័រ (Reuters) ប្រចាំ​នៅ​ប្រទេស​កេនយ៉ា បាន​រាយ​ការណ៍​ក្នុង​ពេល​ថ្មីៗ​នេះ​ថា កប៉ាល់​ដឹក​ទំនិញ​ឈ្មោះ MV Layla-S ដែល​ដោត​ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​ចោរ​សមុទ្ទ​ជាតិ​សូម៉ាលី​ប្លន់ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែ​មករា បន្ទាប់​ពី​ដាក់​ទំនិញ​ចុះ​នៅ​កំពង់​ផែ​ទីក្រុង Berbera ប្រទេស​សូម៉ាលី។ កង​នាវិក​ចម្រុះ​ជាតិ​សាសន៍​នៅ​ក្នុង​កប៉ាល់​នោះ​មាន​ជាតិ​ប៉ាគីស្ថាន, ឥណ្ឌា, ស្រីលង្កា, សូម៉ាលី និង​ស៊ីរី។

ការ​ប្លន់​កប៉ាល់​កម្ពុជា​បាន​កើត​ឡើង​បន្ទាប់​ពី​ពួក​ចោរ​សមុទ្ទ​ដោះ​លែង​កប៉ាល់​ដឹក​ប្រេង​ប្រទេស​ក្រិច​បាន​មួយ​សប្តាហ៍។ ព័ត៌មាន​បន្ថែម​អំពី​ជោគ​វាសនា​របស់​កប៉ាល់​ដែល​ចោរ​សមុទ្ទ​ជាតិ​សូម៉ាលី​ប្លន់​នេះ នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

សភា​ដឹក​ជញ្ជូន​តាម​នាវា​អន្តរជាតិ​ដែល​តំណាង​ឲ្យ​ឧស្សាហកម្ម​សមុទ្ទ​សកល ៧៥% បាន​សម្តែង​ការ​ខក​ចិត្ត​ខ្លាំង​ចំពោះ​ការ​អ​សមត្ថភាព​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​បង្ក្រាប​ចោរ​សមុទ្ទ ដែល​អំពើ​ប្លន់​ក្នុង​សមុទ្ទ​កំពុង​កើន​ឡើង​នៅ​ក្នុង​មហា​សមុទ្ទ​ឥណ្ឌា​សព្វ​ថ្ងៃ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។