រដ្ឋាភិបាល​ប្រគល់​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​ទៅ​ឲ្យ​ក្រុមហ៊ុន​ថៃ

រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​សម្រេច​ប្រគល់​ការ​គ្រប់គ្រង​សេវាកម្ម​ផ្នែក​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​នៃ​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​ក្រុមហ៊ុន​ថៃ​វិញ។
ដោយ កេសរណ្ណីយ្យា
2010.01.12

នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ក្រុមហ៊ុន​ថៃ​ឈ្មោះ Smart Corp. ត្រូវ​បាន​បញ្ឈប់​មិន​ឲ្យ​ធ្វើ​សេវាកម្ម​ផ្នែក​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​នៃ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​ចាប់​ខ្លួន​បុគ្គលិក​ម្នាក់​ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុទិពង់ (Sivarak Chutipong) ពី​បទ​បាន​ធ្វើ​ចារកម្ម​លួច​ផ្តល់​ព័ត៌មាន​អំពី​ការ​មក​កាន់​ប្រទេស​កម្ពុជា​របស់​លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រ (Thaksin Shinawatra) ទៅ​ឲ្យ​រដ្ឋាភិបាល​ថៃ។

បុគ្គលិក​ក្រុមហ៊ុន​ថៃ​រូប​នោះ​ត្រូវ​បាន​តុលាការ​ខ្មែរ​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន ៧​ឆ្នាំ ប៉ុន្តែ​ក្រោយ​មក​បន្តិច​ក៏​បាន​លើកលែង​ទោស​ឲ្យ និង​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ​វិញ។

ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក អេភី (AP) រាយការណ៍​ថា សេចក្តី​សម្រេច​របស់​ខុទ្ទកាល័យ​គណៈរដ្ឋមន្រ្តី​ខ្មែរ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មករា​នេះ បាន​គូស​បញ្ជាក់​ថា សេចក្តី​សម្រេច​នេះ​គឺ​ជា​សម្បទាន​ឬ​អំណោយ​តូច​មួយ​របស់​ខ្មែរ​ចំពោះ​ប្រទេស​ថៃ ក្នុង​ការ​ជជែក​ដើម្បី​បើក​ផ្លូវ​ទៅ​រក​ដំណោះស្រាយ​បញ្ហា​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្រ្តី​កាល​ពី​ឆ្នាំ​២០០៦​នោះ។

រីឯ​ប្រធាន​ក្រុមហ៊ុន Smart Corp. បាន​ថ្លែង​កោត​សរសើរ​ដល់​រាជ​រដ្ឋាភិបាល​ខ្មែរ​ដែល​បាន​សម្រេច​ប្រគល់​សេវាកម្ម​នោះ​មក​ក្រុមហ៊ុន​លោក​វិញ ថា​មាន​ការ​ប្រកាន់​ភាព​យុត្តិធម៌ និង​បើក​ចំហ​ដែល​នឹង​បង្កើន​នូវ​ទំនុក​ចិត្ត​ដល់​ក្រុមហ៊ុន​បរទេស​ក្នុង​ការ​មក​ធ្វើ​វិនិយោគ​ទុន​យូរ​អង្វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។