កម្ពុជានឹងរៀបចំប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅដើមខែមីនា
2014.02.27

ប្រទេសកម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅខេត្តព្រះសីហនុ នាដើមខែមីនា ឆ្នាំ២០១៤ ដើម្បីប្រមូលថវិកាមនុស្សធម៌ជូនដល់កុមារកំព្រា និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា។ ប៉ុន្តែមន្ត្រីរៀបចំការប្រកួតថ្លែងថា ឆ្នាំនេះទំនងជាមិនសូវមានកីឡាអាជីពអន្តរជាតិ មកចុះឈ្មោះចូលរួមប្រកួតច្រើនទេ ដោយពួកគេរអ៊ូរទាំអំពីការគ្មានជើងយន្តហោះ ហោះត្រង់មកកម្ពុជា។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ ប្រទេសកម្ពុជា បានយកថ្ងៃទី៩ ខែមីនា ដើម្បីរៀបចំប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នាខេត្តព្រះសីហនុ។ មន្ត្រីរៀបចំការប្រកួតរំពឹងថា ព្រឹត្តិការណ៍នេះនឹងមានកីឡាករកីឡាការិនីជាតិ និងអន្តរជាតិ ចូលរួមជាង ២ពាន់នាក់។
លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នករៀបចំការព្រឹត្តិការណ៍ប្រកួតរត់ម៉ារ៉ាតុង។ លោកបានឲ្យដឹងថា ការប្រកួតរត់ម៉ារ៉ាតុងឆ្នាំនេះ មានគោលបំណងផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធ ចូលរួមការពារធម្មជាតិ សង្គ្រោះផែនដី និងសុខុមាលភាពមនុស្សលោក។
លោកបន្តថា មកដល់ពេលនេះមានកីឡាករកីឡាការិនីជាតិ និងអន្តរជាតិជាង ១.៥០០នាក់ បានចុះឈ្មោះចូលរួមប្រកួត។ ក្នុងនោះមានកីឡាករអន្តរជាតិជាង ២០ប្រទេស និងមានចំនួនជាង ៣០០នាក់។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ការប្រកួតឆ្នាំនេះទំនងជាមិនសូវមានកីឡាករអាជីពអន្តរជាតិមកចូលរួមច្រើនទេ ដោយសារពួកគេរអ៊ូរទាំអំពីបញ្ហាពិបាកធ្វើដំណើរ ព្រោះមិនមានជើងយន្តហោះត្រង់ពីប្រទេសគេទៅដល់ទីតាំងរៀបចំការប្រកួត។
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ក្នុងឆ្នាំ២០១៣ កន្លងទៅ នាខេត្តសៀមរាប មានកីឡាករ កីឡាការិនីជាតិនិងអន្តរជាតិជាង ៧.០០០នាក់ មកពី ៧៥ប្រទេសចូលរួមប្រកួត។
មានវិញ្ញាសា ៣ប្រភេទដែលគណៈកម្មការរៀបចំការប្រកួតដាក់នៅក្នុងព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ។ មានរត់ចម្ងាយ ២១គីឡូម៉ែត្រ រត់ចម្ងាយ ១០គីឡូម៉ែត្រ និងរត់ជាលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ថវិកាដែលទទួលបានពីព្រឹត្តិការណ៍ប្រកួតនេះ នឹងបែងចែកជួយដល់មន្ទីរពេទ្យកុមារ ផ្តល់ជូនកុមារក្រីក្រខេត្តព្រះសីហនុ និងឧបត្ថម្ភដល់ឆ្មាំថែរក្សាតំបន់ឆ្នេរអូឈើទាល ខេត្តព្រះសីហនុ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក អាង គឹមអៀង បានទទួលស្គាល់ថា កម្ពុជានៅមិនទាន់មានជើងហោះហើរត្រង់ពីក្រៅប្រទេសបានទូលំទូលាយទេ ប៉ុន្តែលោកថា បច្ចុប្បន្នកម្ពុជា បានពង្រីកឲ្យមានជើងហោះហើរត្រង់បានច្រើន។
លោកបន្តថា មិនមែនតែក្រុមកីឡាករទេ សូម្បីតែភ្ញៀវទេសចរអន្តរជាតិ ក៏ចង់ឲ្យមានការហោះហើរត្រង់ពីប្រទេសគេមកកម្ពុជា ដែរ ដើម្បីជួយសម្រួលដល់ដំណើរទេសចរណ៍របស់ពួកគេ៖ «បើប្រៀបធៀបប្រទេសគេ យើងមានការខ្វះខាតហើយ។ ប៉ុន្តែខ្ញុំគិតថា សម្រាប់ភ្ញៀវទេសចរសម្រាប់កីឡាករដែលគាត់បានទទួលដំណឹងនូវព្រឹត្តិការណ៍របស់យើងល្បីខ្លាំង គាត់មានការពិបាកធ្វើដំណើរមកបន្តិច ប៉ុន្តែខ្ញុំគិតថា បើគាត់មានចេតនាច្រើន គាត់គង់នឹងមកដល់ដូចគ្នា។ ប៉ុន្តែជារួមខ្ញុំទទួលស្គាល់ថា យើងមិនទាន់មានមានការហោះហើរច្រើនដូចប្រទេសអភិវឌ្ឍន៍ធំៗនៅក្នុងបណ្ដាប្រទេសអាស៊ាន គឺយើងមិនទាន់មានច្រើនដូចគេទេ»។
លោក ម៉ៅ ហាស់វណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងក្នុងសិក្ខាសាលាស្ដីពីផលប៉ះពាល់សេដ្ឋកិច្ចនៃការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ថា បច្ចុប្បន្ននេះកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន ២៣ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន២។ ក្រុមហ៊ុនទាំងនេះ មានកាលវិភាគហោះហើរជាប្រក្រតី គិតជាមធ្យមភាគ ៨០ជើងក្នុង១ថ្ងៃ ដោយមិនគិតការហោះហើរជាលក្ខណៈជួលម្ដងម្កាល ឬហៅថា Charter Flights ប្រមាណពី ៥ ទៅ ១០ជើង ក្នុង១ថ្ងៃនោះទេ។
ក្នុងឆ្នាំ២០១៣ កន្លងទៅ មានអ្នកធ្វើដំណើរតាមផ្លូវអាកាសប្រមាណ ៥.១លាននាក់តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ៕