កម្ពុជា-ឡាវពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរគ្រឿងញៀន
2011.08.05
កិច្ចព្រមព្រៀងរវាងអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននៃប្រទេសកម្ពុជា និងប្រទេសឡាវ ដែលចុះហត្ថលេខាកាលពីចុងខែកក្កដា នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ បានផ្ដោតលើចំណុចសំខាន់ៗ ៥ រួមមាន ផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានស្ដីពីការគ្រប់គ្រងការជួញដូរគ្រឿងញៀន បង្កើតការិយាល័យទាក់ទងនៅតាមខេត្តជាប់ព្រំដែន និងជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍ក្នុងកិច្ចប្រជុំលើកទី១០ របស់រដ្ឋមន្ត្រីវៀតណាម កម្ពុជា និង ឡាវ កាលពីដើមខែធ្នូ ឆ្នាំ២០១០ ជាដើម។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ពួកឧក្រិដ្ឋជនគ្រឿងញៀននៅតែប៉ុនប៉ងយកកម្ពុជា ធ្វើជាកន្លែងផលិតគ្រឿងញៀន និងធ្វើការកែច្នៃឱសថដែលមានផ្ទុកសារធាតុគ្រឿងញៀនខុសច្បាប់។
លោក កែ កឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកិច្ចប្រជុំកំពូលស្ដីពីបញ្ហាគ្រឿងញៀននៅក្រុងភ្នំពេញ កាលពីដើមខែមិថុនា ឆ្នាំ២០១១ បានឲ្យដឹងថា កម្ពុជាបង្កើនកិច្ចសហការពីគ្រប់មជ្ឈដ្ឋានដើម្បីទប់ស្កាត់បញ្ហាការចរាចរគ្រឿងញៀននេះ ៖ «ពង្រឹងភាពជាដៃគូជាមួយសហគមន៍អ្នកផ្ដល់ជំនួយ សហគមន៍ជាតិ និង អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន ដើម្បីកៀរគរលើកទឹកចិត្តឲ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ…»។
ប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ពីបញ្ហាគ្រឿងញៀនគ្រប់ប្រភេទ ទាំងពីពាក់កណ្ដាលទសវត្សរ៍៩០។ គ្រឿងញៀនខុសច្បាប់ហូរចូលមកកម្ពុជា ភាគច្រើនតាមច្រកនៃបណ្ដាខេត្តដែលស្ថិតនៅភាគឦសាននៃប្រទេស៕