ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ថៃ​កើន​ឡើង​២៨%​ក្នុង​ឆ្នាំ​២០០៨

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ កាល​ពី​ឆ្នាំ​២០០៨ បាន​កើន​ឡើង ២៨% ថ្វី​បើ​ប្រទេស​ទាំង​២​មាន​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា​ក៏​ដោយ។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​ដក​ស្រង់​ប្រសាសន៍​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​រវាង​ខ្មែរ​និង​ថៃ នៅ​ឆ្នាំ​២០០៨ មាន​តម្លៃ​ទាំង​អស់ ១​ពាន់​៨​រយ​លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០០៧ ដែល​មាន​តម្លៃ​តែ​ប្រមាណ ១​ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក​នោះ​ទេ។

លោក​រដ្ឋលេខាធិការ​បាន​កត់​សម្គាល់​ថា កំណើន​នេះ​ភាគ​ច្រើន​កើត​ពី​ការ​នាំ​ចូល​ទំនិញ​ពី​ថៃ ដោយ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ថៃ តែ ២០០​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​រួម​មាន​ធញ្ញជាតិ ថ្នាំ​ជក់ ស្បែក​សត្វ កៅស៊ូ ឈើ និង​កាក​សំណល់​ជជុះ។

ក្នុង​ចំណោម​ទំនិញ​នាំ​ចូល​ពី​ថៃ មាន​រថយន្ត​សម្ភារៈ​សំណង់ ប្រេង​ឥន្ធនៈ គ្រឿង​ភេសជ្ជៈ ម្ហូប​អាហារ និង​ឧបករណ៍​អេឡិចត្រូនិក៕