ស្ត្រីផ្សព្វផ្សាយស្រាបៀរគ្រោងធ្វើបាតុកម្មជាថ្មីនៅសប្ដាហ៍ក្រោយ
2011.07.30
ស្ត្រីលក់ស្រាបៀរម្នាក់ក្នុងចំណោមស្ត្រី ៣៤នាក់ ឈ្មោះ គង់ ស៊ីនួន បានឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានកាត់សេចក្ដីឲ្យក្រុមស្ត្រីបម្រើការងារក្នុងថ្ងៃអាទិត្យ ត្រូវទទួលប្រាក់ទ្វេដង ពី ២ដុល្លារ មក ៤ដុល្លារ តែក្រុមហ៊ុនបដិសេធមិនបង់ឲ្យតាមតម្លៃនោះឡើយ។
គាត់បន្តថា ពួកគាត់បានបម្រើការងារក្នុងក្រុមហ៊ុននេះចាប់ពី៣ ទៅដល់ ១១ឆ្នាំ មកហើយ ៖ «ថ្ងៃច័ន្ទ ធ្វើកូដកម្មឡើងទៀត ព្រោះអីព្រឹកមិញ (៣០ កក្កដា) បានទៅប្រជុំពិភាក្សាគ្នាជាមួយមេហើយ តែមេគាត់ថា គាត់នឹងរកដំណោះស្រាយទៀត បើក្រុមហ៊ុនមិនចេញចរាចរណ៍ទេ ពួកខ្ញុំនឹងដុតកង់ឡាននៅមុខក្រុមហ៊ុនហ្នឹងតែម្ដង ព្រោះអីគេមិនតបតជាមួយពួកយើងផង។ ពួកខ្ញុំមិនចុះចាញ់ទេ ពួកខ្ញុំមិនរាថយទេ ហើយគាត់វាយសម្ដីមកថា កុំថាឡើយពួកខ្ញុំស្រែកប៉ុណ្ណឹងហ្នឹង ស្រែកឮជាងហ្នឹង ២ខែ ទៅ ៣ខែ ឬ ទៅ ១ឆ្នាំ ឬ ២ឆ្នាំ ក៏គាត់មិនឈឺក្បាល គាត់មិនដោះស្រាយឲ្យ»។
សហជីព និងក្រុមស្ត្រីផ្សព្វផ្សាយស្រាបៀរនៅក្រុមហ៊ុនស្រាបៀរអង្គរខេមប៊្រូវ បានឲ្យដឹងទៀតថា ក្រុមហ៊ុននេះមានអ្នកធ្វើការសរុប ៥០០នាក់ ដែលក្នុងនោះមានចែកជាក្រុមផ្សព្វផ្សាយទទួលប្រាក់ខែគោល ៦០ដុល្លារក្នុងមួយខែ និងអ្នកផ្សព្វផ្សាយយកភាគរយ គឺបានប្រាក់ខែ ៥០ដុល្លារក្នុងមួយខែ និងបានកម្រៃភាគរយពីការលក់ស្រាបៀរទៀតផង៕