លោក ណេត វ៉ាន់ថា មន្ត្រីការិយាល័យគ្រប់គ្រងកងនគរបាលពន្លត់អគ្គីភ័យក្រុងភ្នំពេញ បានឲ្យដឹងថា លោកបានរៀបចំកម្លាំងដើម្បីទប់ទល់នឹងអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ ក្រោយពីបានទទួលការណែនាំពីស្នងការនគរបាលជាតិ។
កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយចុងសប្តាហ៍នេះ បានដកស្រង់ប្រសាសន៍របស់លោក ណេត វ៉ាន់ថា ដែលបានឲ្យដឹងថា ឡានបាញ់ទឹកសម្រាប់ពន្លត់អគ្គីភ័យរបស់ក្រុងមានចំនួន ១៥គ្រឿង។ ប៉ុន្តែ មានតែ ១០គ្រឿងទេ ដែលដំណើរការបាន ចំណែក ៥ទៀត មានសភាពចាស់ទ្រុឌទ្រោម ប្រើការមិនបានទេ។
យោងតាមលោក ណេត វ៉ាន់ថា នៅក្នុង១០ខែដំបូងនៃឆ្នាំ២០០៨ មានឧប្បត្តិហេតុអគ្គីភ័យចំនួន ៤៤ដងនៅក្នុងទីក្រុងភ្នំពេញ បណ្តាលឲ្យខូចខាតផ្ទះចំនួន ៥៨៣ខ្នង ផ្ទះសំណាក់ពីរ រោងចក្រមួយ និងអគារផ្សេងទៀត ចំនួន ២២ខ្នង៕
