ស្ថានីយ​ទឹក​ស្អាត​នៅ​សៀមរាប​ត្រូវ​​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់

កាល​ពីព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​កន្លង​មក ស្ថានីយ​ផលិត​ទឹក​ស្អាត​មួយ​ដែល​ទើប​តែ​សាង​សង់​រួច​នៅ​ក្នុង​តំបន់​ទន្លេ​សាប សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប ខេត្ត​សៀមរាប ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ និង​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទី​នោះ។
ដោយ ហង្ស សាវយុត
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​អង្គការ USAID ប្រចាំ​កម្ពុជា លោក ហ្វ្លាយអិន ហ្វូល្ល័រ (Flynn Fuller) [រូប​កណ្ដាល] ចែកចាយ​ទឹក​ស្អាត​ផលិត​ដោយ​ស្ថានីយ​អង្គការ​ជូន​ដល់​ប្រជា​នេសាទ​នៅ​សង្កាត់​ចុងឃ្នៀស ក្នុង​ខេត្ត​សៀមរាប ប្រើ​ប្រាស់ ក្នុង​ពេល​បើក​សម្ពោធ​ផ្លូវការ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១០។
តំណាង​អង្គការ USAID ប្រចាំ​កម្ពុជា លោក ហ្វ្លាយអិន ហ្វូល្ល័រ (Flynn Fuller) [រូប​កណ្ដាល] ចែកចាយ​ទឹក​ស្អាត​ផលិត​ដោយ​ស្ថានីយ​អង្គការ​ជូន​ដល់​ប្រជា​នេសាទ​នៅ​សង្កាត់​ចុងឃ្នៀស ក្នុង​ខេត្ត​សៀមរាប ប្រើ​ប្រាស់ ក្នុង​ពេល​បើក​សម្ពោធ​ផ្លូវការ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១០។
RFA/Hang Savyouth

ស្ថានីយ​ផលិត​ទឹក​ស្អាត​មួយ​ដែល​សាងសង់​នៅ​ក្នុង​បឹង​ទន្លេ​សាប សង្កាត់​ចុងឃ្នៀស ក្រុ​ង​​សៀមរាប​​​ជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា  យូ.អេស.អេ.អាយ.ឌី (USAID) បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អាត ដោយ​បច្ចុប្បន្ន​កំពុង​ផ្ដល់​សេវា​ឲ្យ​ប្រជា​នេសាទ​ជាង ២​ពាន់​នាក់ ដែល​ធ្លាប់​តែ​​ប្រើប្រាស់​ទឹក​កខ្វក់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ទី​នោះ។

​លោក​វេជ្ជបណ្ឌិត ថាច់ លីខាន់ អ្នក​សម្រប​សម្រួល​របស់​អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ និង​សុខភាព​បន្ត​ពូជ ដែល​ហៅ​កាត់​ថា RACHA ប្រចាំ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ​​ស្ថានីយ​ផលិត​ទឹក​ស្អាត​សហគមន៍​ចុងឃ្នៀស បាន​ចាប់​ផ្ដើម​សាងសង់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៩ ដោយ​អង្គការ RACHA ក្រោម​ជំនួយ​ពី USAID ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​ជាង ៨​ម៉ឺន​ដុល្លារ​អាមរិក។

លោក ហ្វ្លាយអិន ហ្វូល្ល័រ (Flynn Fuller) តំណាង USAID ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​ទន្លេ​សាប ​​បាន​ដង​ទឹក​កខ្វក់​មក​ប្រើ​ប្រាស់ ដែល​ជា​ប្រភព​នាំ​ឲ្យ​កើត​ជំងឺ​ផ្សេងៗ និង​ជាពិសេស​ជំងឺ​រាករូស។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​យក​ចិត្ត​ទុក​ដាក់​បំបាត់​ជំងឺ​រាករូស គឺ​ជា​គោលដៅ​សហសវត្សរ៍​ក្នុង​ការ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ក្រីក្រ និង​កាត់​បន្ថយ​អត្រា​មរណៈ​ទៅ​លើ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​ត្រឹម​ឆ្នាំ​២០១៥ នៅ​កម្ពុជា ដែល​ជា​ការ​ចាំបាច់ USAID និង​អង្គការ RACHA បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល បង្កើត​ស្ថានីយ​ផ្គត់ផ្គង់​ទឹក​ស្អាត​នោះ​ឡើង។

លោក ហ្វ្លាយអិន ហ្វូល្ល័រ  មាន​ប្រសាសន៍​ដូច្នេះ ៖ "ស្ថានីយ​ទឹក​ស្អាត​នេះ បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​​​តាំង​ពី​ឆ្នាំ​២០០៩ ដែល​ពេល​នេះ​បាន​ដំណើរការ​ពេញ​លក្ខណៈ ហើយ​អាច​ផលិត​ទឹក​ស្អាត​បាន​ជាង ៧​ពាន់​លីត្រ​ក្នុង​១​ថ្ងៃ។ មាន​ប្រជាពលរដ្ឋ​ជាង ២​ពាន់​នាក់​ កំពុង​ប្រើប្រាស់​ទឹក​ស្អាត​នេះ។ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទៅ​ឲ្យ​អ្នក​ភូមិ គឺ​ចំណុះ ២០​លីត្រ ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៥០០​រៀល​ប៉ុណ្ណោះ ចំណែក​ឯ​តាម​សាលារៀន និង​កន្លែង​មណ្ឌល​សុខភាព​ផ្សេងៗ​ទៀត គឺ​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ"

ទោះ​យ៉ាង​ណា លោក ហ្វ្លាយអិន ហ្វូល្ល័រ បាន​មាន​ប្រសាសន៍​ថា ស្ថានីយ​ផលិត​ទឹក​ស្អាត​នៅ​សង្កាត់​ចុងឃ្នៀស​នោះ មិន​ទាន់​អាច​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​នោះ បាន​ទាំង​អស់​នៅ​ឡើយ​ទេ គឺ​ការ​ផ្គត់ផ្គង់​បាន​ត្រឹមតែ ៦០% នៃ​ចំនួន​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ចុងឃ្នៀស​ប៉ុណ្ណោះ។

ប្រជា​នេសាទ​មួយ​ចំនួន​ដែល​ធ្លាប់​តែ​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​សាប ហើយ​ដង​ទឹក​ទន្លេ​កខ្វក់​យក​មក​ចម្អិន​ម្ហូប និង​ផឹក​ប្រចាំ​ថ្ងៃ បាន​និយាយ​ថា គេ​មាន​ការ​ត្រេកអរ​នៅ​ពេល​ដែល​មាន​ស្ថានីយ​ទឹក​ស្អាត​នៅ​ក្នុង​តំបន់​ពួកគេ​រស់​នៅ។

លោក ម៉ាត ឡុះ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «អ្នក​ដែល​ក្រីក្រ​នោះ​ដួស​ទឹក​នៅ​ទន្លេ​សុទ្ធ​មក​កូរ​សាជូរ​ហូប។ បើ​តា​ចាស់ៗ​គាត់​ដាំ​ទឹក​តែ​ផឹក បើ​ថា យើង​ធម្មតា​ហ្នឹង​អត់​មាន​ពិបាក​ដាំ​ទេ យក​មក​ហូប​បណ្ដោយ។ វា​មាន​ផល​លំបាក​ឈឺ​ស្កាត់ (តែ)​ធ្វើ​ម៉េច​អ្នក​ក្រ​ហើយ​ចេះ​តែ​ទ្រាំ​ទៅ ខ្លះ​ក៏​ឈឺ​ពោះ​ទៅ។ ខ្ញុំ​រីករាយ​ដែរ អ្នក​ដែល​បង្កើត​អរគុណ។ តម្លៃ​សមរម្យ​ដែរ អា​ប៊ីដុង​ចណុះ ៦០​លីត្រ​ហ្នឹង គេ​យក​យើង​តែ ១.៥០០​រៀល​ទេ»

លោក តែ គុយស៊ាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា តាម​ការ​សិក្សា បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​កើត​ជំងឺ​រាករូស រលាក​ថ្លើម ពោះវៀន សត្វ​ល្អិត​ក្នុង​ពោះវៀន ដែល​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ ហើយ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា ៧៤% នៃ​អ្នក​ដែល​ស្លាប់ ​គឺ​បណ្ដាល​មក​ពី​ជំងឺ​នៃ​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល