តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប្ដឹង​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ពី​បទ​ជេរ​ប្រមាថ

ដោយ អ៊ុំ រង្សី
2015.05.05
នៅ លក្ខិណា ៦២០ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក នៅ លក្ខិណា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Sek Bandith

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន បាន​ដាក់​ពាក្យ​ប្ដឹង​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក នៅ លក្ខិណា ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ដាក់​ពិន័យ​ចំពោះ​មន្ត្រី​រាជការ​របស់​ខ្លួន​កុំ​អោយ​ប្រើ​អំណាច​របស់​ខ្លួន​រំលោភ​សិទ្ធិ​អ្នក​ដទៃ និង​ជេរ​ប្រមាថ។

​លោក អ៊ុំ សំអាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ថា មូលហេតុ​ដែល​លោក​ដាក់​ពាក្យ​ប្ដឹង​លោក នៅ លក្ខិណា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ពេល​នេះ ដោយសារ​តែ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ លោក នៅ លក្ខិណា នឹង​គូកន​បាន​ជេរ​ប្រមាថ និង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ជា​ច្រើន​ទៀត​មក​លើ​រូប​លោក។

​លោក​បញ្ជាក់​ទៀត​ថា លោក នៅ លក្ខិណា មាន​ចេតនា​ចង់​បណ្ដេញ​លោក​ចេញ​នៅ​ពេល​ដែល​រូប​លោក​កំពុង​ឃ្លាំមើល​ការ​បញ្ជូន​ខ្លួន​លោក អាឡិក ហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន  (Alejandro Gonzalez Davison) ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ នៅ​ខាងមុខ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍៖ «ខ្ញុំ​ជា​តំណាងរាស្ត្រ​ម្នាក់​ដែរ គាត់​គួរតែ​គោរព​សិទ្ធិ​ខ្ញុំ គាត់​មិន​គួរ​ណា​ជេរ​ប្រមាថ​ខ្ញុំ ដោយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ អាង​អំណាច​ខ្លួន​ជា​មន្ត្រី​រាជការ​នោះ​ទេ។ ខ្ញុំ​សូម​ឲ្យ​លោក នៅ លក្ខិណា គិត​ពិចារណា​ឡើង​វិញ​ពី​ពាក្យ​សម្ដី​របស់​ខ្លួន ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ  ដាក់​ពិន័យ​ទៅ​លើ​លោក នៅ លក្ខិណា អោយ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ដទៃ​ទៀត​កុំ​ឲ្យ​រំលោភ​ច្បាប់ អាង​អំណាច​ខ្លួន ដូច្នេះ​គាត់​ត្រូវតែ​ទទួល​ទោស»

​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​លោក នៅ លក្ខិណា ឲ្យ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា នេះ។

ពាក្យ​បណ្ដឹង​ដែល​បាន​ដាក់​ទៅ​កាន់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា បាន​សរសេរ​ថា លោក នៅ លក្ខិណា ក្នុង​នាម​មន្ត្រី​រាជការ​បាន​អាង​អំណាច​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​មក​កាន់​រូប​លោក​ជា​តំណាងរាស្ត្រ ដែល​ធ្វើ​នេះ​ផ្ទុយ​ពី​មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​មាត្រា ៣០៧ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។