សមាគម​គ្រូ​ទទួល​លិខិត​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ហា​ការចូល​និវត្តន៍​របស់​មន្ត្រី​រាជការ

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ទទួល​លិខិត​អនាមិក​ពី​លោក​គ្រូ អ្នក​គ្រូ សាស្រ្តាចារ្យ​ខេត្ត​កំពត ក្រុង​កែប ខេត្ត​ស្វាយរៀង រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ​និង​មន្ត្រី​រាជការ​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី​១៥ ធ្នូ ២០០៨ ទាមទារ​ឲ្យ​សមាគម​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​លោក អ៊ឹម សុទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អំពី​ករណី​ដែល​ថ្នាក់​ដឹកនាំ​មួយចំនួន​ដល់​អាយុ​ចូល​និវត្តន៍​ហើយ តែ​មិន​ព្រម​ចូល​និវត្តន៍។
ដោយ សាន សុវិទ្យ
2009.01.05

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «មន្រ្តី​នៅ​ក្រោម​ឱវាទ​ខុទ្ទកាល័យ​ក្រសួង​អប់រំ ហើយ​ក៏​ដូច​ជា​មន្រ្តី​គ្រូ​បង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​ដែល​គាត់​បាន​ធ្វើការ​ទាមទារ​ឲ្យ​សមាគម​ធ្វើការ​អន្តរាគមន៍​ទៅ​ក្រសួង​អប់រំ​ដើម្បី​ឲ្យ​មន្រ្តី​ថ្នាក់​ដឹកនាំ​មួយចំនួន​ដល់​អាយុ​ចូល​និវត្តន៍ តែ​គាត់​មិន​ព្រម​ចូល​និវត្តន៍​ហើយ​គាត់​បាន​កំពុង​រត់ការ​ពន្យារ​អាយុ​ដើម្បី​ធ្វើការ​បន្ត​ទៀត ហើយ​យើង​ចង់​ឲ្យ​អ្នក​ដែល​ដល់​អាយុ​ចូល​និវត្តន៍​ត្រូវតែ​ចូល​និវត្តន៍ ដើម្បី​ទប់​ឱកាស​ឲ្យ​និស្សិត​ដែល​ចប់​ពី​មហា​វិទ្យាល័យ​បាន​មក​ចូល​បម្រើ​ការងារ​ផង»

ស្តីពី​ការចូល​និវត្តន៍​ដែល​អ្នក​រាជការ​ខ្មែរ​ភាគ​ច្រើន​តែងតែ​សុំ​បន្ត​អាយុ​បន្ត​ធ្វើការ​មិន​ព្រម​ចុះចេញ​ពី​តំណែង​នេះ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា កាលណា​ដល់​អាយុ​ចូល​និវត្តន៍​ត្រូវតែ​ចូល​និវត្តន៍​ពុំ​មាន​ច្បាប់​ឬ​ប្រកាស​ឬ​លក្ខខណ្ឌ​ណា​មួយ​អនុញ្ញាត​ឲ្យ​បន្ត​អាយុ​មិន​ចេះ​ចប់​នោះ​ឡើយ។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​បាន​ឃើញ​ប្រកាស​របស់​ក្រសួង​ជា​បន្ត​បន្ទាប់ ហើយ​កាល​លើក​មុន​មន្រ្តី​ចូល​និវត្តន៍​ត្រឹមតែ​៥០​ឆ្នាំ​ទេ ហើយ​បន្ទាប់ពី​ចុង​ឆ្នាំ​២០០០​ហ្នឹង ឃើញ​ថា​មាន​សេចក្ដី​ប្រកាស​ថា​ដល់​អាយុ​៦០ លិខិត​របស់​រដ្ឋាភិបាល​ហ្នឹង។ អ៊ីចឹង​ត្រង់​ថា ពន្យារ​អី​ហ្នឹង វា​អត់​មាន​លក្ខខណ្ឌ​ណា​ដែល​លើក​អះអាង​ឲ្យ​មាន​លក្ខខណ្ឌ​ពន្យារ​សម្រាប់​ការចូល​និវត្តន៍​ទេ បើ​ដល់​អាយុ​ចូល​និវត្តន៍​ត្រូវតែ​ចូល​និវត្តន៍​តែម្ដង ទោះបី​ការងារ​ល្អ​ក្ដី មិន​ល្អ​ក្ដី​គាត់​ត្រូវតែ​ចូល​និវត្តន៍ ដល់​អាយុ​ហើយ​មិន​ព្រម​ចូល​និវត្តន៍ អ៊ីចឹង​ក្មេង​ជំនាន់​ក្រោយ​គាត់​មិន​មាន​ឱកាស​នឹង​បម្រើ​ការងារ​រដ្ឋ​ទេ។ អ៊ីចឹង​ដោយសារ​តែ​យើង​មើល​ឃើញ​បែប​ហ្នឹង យើង​ចង់​ឲ្យ​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​ផង អ៊ីចឹង​អ្នក​ដែល​ដល់​អាយុ​ត្រូវតែ​ចូល​និវត្តន៍​ទៅ​តាម​ច្បាប់​កំណត់»

ក្នុង​លិខិត​អនាមិក​របស់​លោក​គ្រូ អ្នក​គ្រូ សាស្រ្តាចារ្យ និង​មន្ត្រី​រាជការ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​បញ្ជី​ឈ្មោះ​មន្រ្តី​នៃ​នាយកដ្ឋាន​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន​១៣​នាក់​ដែល​គេ​អះអាង​ថា លោក​រដ្ឋមន្ត្រី អ៊ឹម សុទ្ធី បាន​ពន្យារ​អាយុ​មិន​ឲ្យ​ចូល​និវត្តន៍​តាម​កាលកំណត់។

អន្តរាគមន៍​របស់​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ជា​លិខិត​ជូន​លោក​រដ្ឋមន្ត្រី អ៊ឹម សុទ្ធី ចុះ​ថ្ងៃ​ច័ន្ទ ទី​៥ មករា​នេះ នៅ​ពុំ​ទាន់​មាន​ចម្លើយ​បំភ្លឺ​យ៉ាង​ណា​ពី​ខាង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ឡើយ​ទេ៕

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។