ជម្លោះ​រវាង​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​អាណត្តិ​ថ្មី​និង​ចាស់​នៅ​បន្ត​កើត​មាន

ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​ចោទ​អតីត​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ចាស់​ថា បាន​គេច​វេស​មិន​ព្រម​ប្រគល់​សោ​បន្ទប់​និង​សម្ភារៈ​ការិយាល័យ​ទៅ​ឲ្យ​សមាជិក​សហព័ន្ធ​ថ្មី​បាន​ប្រើ​ប្រាស់​បម្រើ​វិស័យ​កីឡា​បន្ត​ទៀត​ឡើយ។
ដោយ ដែន អយុធ្យា
2010-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អនុ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ទើប​ជាប់​ឆ្នោត​ថ្មី លោក ឆឹង យ៉ាវយ៉េន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា​នេះ​ថា សមាជិក​សហព័ន្ធ​កីឡា​ទើប​ជាប់​ឆ្នោត​ថ្មី​គ្រោង​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អតីត​ប្រធាន​សហព័ន្ធ​កីឡា​លោក អ៊ុំ យូរ៉ាន់ ប្រសិន​បើ​រូប​លោក​បដិសេធ​មិន​ផ្តល់​សោ​បន្ទប់​និង​សម្ភារៈ​ការិយាល័យ មាន​ដូចជា កុំព្យូទ័រ​និង​ម៉ាស៊ីន​ស្ទង់​បេះដូង​ជាដើម ឲ្យ​បាន​ឆាប់​ដល់​សមាជិក​សហព័ន្ធ​ថ្មី​បាន​ធ្វើ​ការងារ​ទេ​នោះ។

លោក ឆឹង យ៉ាវយ៉េន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ឥឡូវ​ហ្នឹង​ខ្ញុំ​នៅ​មុខ​បន្ទប់​ទាំង​អស់​គ្នា​ហ្នឹង​ជាមួយ​មន្រ្តី​ខ្ញុំ​ដែល​មាន​លិខិត​ចាត់តាំង​ថា​ឲ្យ​យក​អីវ៉ាន់​ពី​គាត់ ហើយ​និង​ប្រធាន​និង​អគ្គលេខាធិការ​ដើម្បី​ណាត់​ជួប​គាត់។ មាន​ឡាន​មួយ​ទៀត ឡាន​ទួរីស​១២​កៅអី មាន​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​(ព្រះមហាក្សត្រ) សីហមុនី ឲ្យ​ថវិកា​មក​ទិញ​សម្រាប់​ទុក​ប្រើប្រាស់ មាន​ម៉ាស៊ីន​ព្រីន (ម៉ាស៊ីន​បោះ​ពុម្ព) និង​ប្រដាប់​ឆក់​បេះដូង​មួយ សម្រាប់​ពេល​យើង​គាំង​បេះដូង​ឆក់ ដែល​ពួក​នៅ​ស្រុក​បារាំង​វា​ឲ្យ។ ក្រៅ​ពី​ដំណោះស្រាយ​នៅ​ក្នុង​ហ្នឹង​មិន​បាន គឺ​មាន​តែ​រឿង​ផ្លូវ​ច្បាប់​ទេ»

លោក អ៊ុំ យូរ៉ាន់ អតីត​ប្រធាន​សហព័ន្ធ​កីឡា​មាន​ប្រសាសន៍​ថា រូប​លោក​មិន​បាន​សោកស្តាយ​ចំពោះ​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡា​និង​សម្ភារៈ​ការិយាល័យ​ឡើយ ប៉ុន្តែ​លោក​គ្រាន់​តែ​បារម្ភ​ចំពោះ​វិស័យ​កីឡា​ដែល​លោក​បាន​បង្កើត​ចំនួន​បី​អាណត្តិ​មក​ហើយ ខ្លាច​វិនាស​ហិនហោច​ដោយ​ស្នាដៃ​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ថ្មី​ដែល​មិន​មាន​ជំនាញ​ច្បាស់​លាស់។ លោក​បន្ត​ថា សោ​បន្ទប់​និង​សម្ភារៈ​ការិយាល័យ​របស់​សហព័ន្ធ​កីឡា​ប្រដាល់ រូប​លោក​នឹង​ប្រគល់​ជូន​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នេះ។

លោក អ៊ុំ យូរ៉ាន់ មាន​ប្រសាសន៍​ដូច្នេះ ៖ «សម្រាប់​ខ្ញុំ​តំណែង​ប្រធាន​សហព័ន្ធ​គ្មាន​អ្វី​អស្ចារ្យ​ទេ ដែល​អស្ចារ្យ​នេះ​គឺ​យើង​ធ្វើ​ម៉េច​ឲ្យ​វិស័យ​កីឡា​ប្រដាល់​ហ្នឹង​ឲ្យ​វា​អស្ចារ្យ​ទៅ ហ្នឹង​វា​អស្ចារ្យ​ហើយ។ ថា​ខ្ញុំ​ទាមទារ​ចង់​ធ្វើ​ប្រធាន​សហព័ន្ធ​អី​អត់​ទេ គ្រាន់​តែ​ខ្ញុំ​ស្ដាយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀបចំ​ជាង​១០​ឆ្នាំ​បាន​ជា​ផ្លែផ្កា​ហើយ ខ្ញុំ​ខ្លាច​វា​អស់​រលីង​ទៅ​វិញ គំនិត​ខ្ញុំ​វា​អ៊ីចឹង​ទេ។ គេ​ធ្វើ​ដូច​របស់​ហ្នឹង​ច្រើន​ណាស់ របស់​ហ្នឹង​ខមាទោស យក​ទៅ​ដាក់​ផ្ទះ​ខ្ញុំ​ក៏​ដាក់​អត់​បាន​ដែរ។ មាន​អី​សំខាន់? មាន​តែ​ឡាន​មួយ កុំព្យូទ័រ ម៉ាស៊ីនព្រីន​និង​ម៉ាស៊ីន​ពួក​បារាំង​វា​ឲ្យ​ហ្នឹង​មួយ មាន​ស្អី​ពិសេស។ អ៊ីចឹង​បាន​ជា​ថា ទាំង​អស់​ក្បត់​ហ្នឹង​សុទ្ធ​តែ​ពួក​ខ្ញុំ​បណ្ដុះ»

សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០១ ក្រោម​ការ​ដឹកនាំ​ចំនួន​បី​អាណត្តិ​របស់​លោក អ៊ុំ យូរ៉ាន់ អតីត​ប្រធាន​សហព័ន្ធ​ចាញ់​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៩ ជា​ការ​បោះឆ្នោត​ដែល​លោក អ៊ុំ យូរ៉ាន់ អះអាង​ថា ជា​ការ​ប្លន់​អំណាច​ដោយ​អយុត្តិធ៌ម។

ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ជាប់​ឆ្នោត​ថ្មី​បាន​ឲ្យ​ដឹង​ថា អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មក​ហើយ​ដែល​អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​មិន​ទាន់​បាន​ប្រគល់​កូន​សោ​បន្ទប់​ការិយាល័យ​និង​សម្ភារៈ​ទៅ​ឲ្យ​សមាជិក​សហព័ន្ធ​ថ្មី មាន​ទី​ស្នាក់ការ​និង​មាន​សម្ភារៈ​ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​កីឡា បន្ទាប់​ពី​លោក​បាន​ចាញ់​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​កន្លង​ទៅ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

This place is also more corruption.

Jan 21, 2010 12:29 AM

គេហទំព័រ​ទាំងមូល