អនុ​ប្រធាន​ទី​១​សភា​ត្រៀម​បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៅ​កំពង់ផែ​ព្រះសីហនុ

ដោយ ដែន អយុធ្យា
2015.02.25
កំពង់ផែ ព្រះសីហនុ ៦២០ កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Den Ayuthyea

អនុ​ប្រធាន​ទី​១​រដ្ឋ​សភា ត្រៀម​បញ្ជូន​មន្ត្រី​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ឲ្យ​ចុះ​ស៊ើប​អង្កេត​ចំពោះ​ភាព​មិន​ប្រក្រតី ឬ​អំពើ​ពុករលួយ​នៃ​ការ​បង់​ពន្ធ​ទៅ​លើ​តម្លៃ​ចូល​ចត​កប៉ាល់​ទេសចរណ៍ ឬ​ដឹក​ទំនិញ​ផ្សេងៗ នៅ​កំពង់ផែ​ស្វយ័ត និង​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជា​បន្ត​ទៀត។

​ការ​ត្រៀម​ចុះ​អង្កេត​នេះ​បន្ទាប់​ពី​សមាជិក​គណៈកម្មការ​ទី​​១០ រដ្ឋ​សភា បាន​បញ្ចប់​សកម្មភាព​ចុះ​ពិនិត្យ និង​ស្ដាប់​របាយការណ៍​អំពី​លទ្ធផល​គ្រប់គ្រង និង​ប្រមូល​ពន្ធ​នៅ​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៥ ហើយ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។

លោក កឹម សុខា អនុ​ប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ការ​ត្រៀម​បញ្ជូន​សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋសភា​រួម​មាន គណៈកម្មការ​សាធារណការ​ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឬ​ហៅ​ថា គណៈកម្មការ​ទី​៩ នៃ​រដ្ឋ​សភា និង​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋ​សភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១០ ដើម្បី​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ស្ថាប័ន​ដឹក​ជញ្ជូន​ខេត្ត​នេះ ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​មួយ​ចំនួន។

លោក​បន្ត​ថា បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​នោះ មាន​ដូចជា តារាង​តម្លៃ​នៃ​ការ​ចេញ ឬ​ចូល​ចត​កប៉ាល់​ទេសចរណ៍ និង​កប៉ាល់​ដឹក​ទំនិញ​ជាដើម នៅ​តាម​កំពង់ផែ​ស្វយ័ត ឬ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ ពេល​កន្លង​ទៅ៖ «ខ្ញុំ​បាន​ស្នើ​ទៅ​គណៈកម្មការ​ក្នុង​រដ្ឋ​សភា មាន​គណៈកម្មការ​ទី​៩ ជាដើម ប៉ុន្តែ​ដោយ​គណៈកម្មការ​ទី​៩ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​កំពង់ផែ ឬ​ទូរគមនាគមន៍ មាន​ប្រធាន​ដឹកនាំ​មិន​មែន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទើប​មាន​ការ​យឺតយ៉ាវ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​អនុ​ប្រធាន​គណៈកម្មការ​ទី​៩ ជា​សមាសភាព​មក​ពី​បក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ជំរុញ​រក​ឲ្យ​ឃើញ​ភាព​មិន​ប្រក្រតី​នៅ​កំពង់ផែ​ស្វយ័ត ឬ​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ ជា​បន្ត​ទៀត។ យើង​នៅ​តែ​ជំរុញ​ឲ្យ​គណៈកម្មការ​ទី​៩ និង​គណៈកម្មការ​ផ្សេង​ទៀត ចុះ​ស៊ើប​អង្កេត​រក​ឲ្យ​ឃើញ​បញ្ហា​មិន​ប្រក្រតី​ដែល​លេច​ឮ​ស្អុយ​អសោច​ពេញ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ពេល​កន្លង​ទៅ»

​ទោះជា​បែបនេះ​ក្តី លោក កឹម សុខា មិន​ទាន់​បញ្ជាក់​កាលបរិច្ឆេទ​ដែល​មន្ត្រី​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា នឹង​ចុះ​ពិនិត្យ ឬ​សាកសួរ​ព័ត៌មាន​នេះ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​ទេ ប៉ុន្តែ​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​ពាក្យ​បណ្ដឹង ឬ​ឯកសារ​ផ្សេងៗ នៅ​ក្នុង​ស្ថាប័ន​ដឹក​ជញ្ជូន​ខេត្ត​ព្រះសីហនុ ជា​មុន​សិន។

​បញ្ហា​នេះ​ដែរ សម្រាប់​មន្ត្រី​រាជការ ឬ​មន្ត្រី​មាន​តួនាទី​ថ្នាក់​ទាប កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ដឹក​ជញ្ជូន កំពង់ផែ​ស្វយ័ត និង​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ ក៏​បាន​ទទូច​ដល់​ក្រសួង ឬ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ចុះ​ស៊ើប​អង្កេត​អំពី​តារាង​តម្លៃ​នៃ​ការ​បង់​ពន្ធ​ថ្លៃ​ចេញ ឬ​ចូល​ចត​កប៉ាល់​ទេសចរណ៍ និង​កប៉ាល់​ដឹក​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ជៀសវាង​វាយ​តម្លៃ​ទៅ​តាម​របាយការណ៍​ទទួល​បាន​ពី​ថ្នាក់ដឹកនាំ​កំពង់ផែ​អន្តរជាតិ ឬ​សាខា​គយ ខេត្ត​ព្រះសីហនុ ផ្ដល់​ជូន។

​ឆ្លើយ​តប​បញ្ហា​នេះ លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​សាទរ​ការ​ចុះ​ស៊ើបអង្កេត​ជា​ថ្មី​របស់​ប្រតិភូ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​នា​ថ្ងៃ​អនាគត។ លោក​បន្ត​ថា ស្ថាប័ន​លោក​រង់ចាំ​បក​ស្រាយ​រាល់​ចម្ងល់ ឬ​ភាព​មិន​ប្រក្រតី​ផ្សេងៗ ពិសេស​ទាក់ទង​ទៅ​នឹង​តម្លៃ​នៃ​ការ​ចូល​ចត​កប៉ាល់​ទេសចរណ៍ ឬ​កប៉ាល់​ដឹក​ទំនិញ​ផ្សេងៗ​តាម​កំពង់ផែ​ខេត្ត​ព្រះសីហនុ ព្រោះ​មាន​បញ្ជី​ស្នាម​បង់ពន្ធ ឬ​របាយការណ៍​ត្រឹមត្រូវ៖ «ជា​ទូទៅ​កប៉ាល់​ចូល​ចត​ម្ដង​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ គឺ​គេ​គិត​ចូល​ចត​ម្ដង សម្រាប់​រយៈពេល ៥​ថ្ងៃ ហើយ​បើក​កប៉ាល់​ទាំង​នោះ​ចូល​ចត​តិច​ជាង ៥​ថ្ងៃ ក៏​គិត​ថា ចូល​ចត​ម្ដង​ដែរ។ ប៉ុន្តែ​បើ​ចូល​ចត​លើស​ពី ៥​ថ្ងៃ គឺ​គេ​គិត​ថ្លៃ​ចត​ប្រចាំ​ថ្ងៃ​នីមួយៗ​តាម​ហ្នឹង​ទៀត។ កន្លង​មក​កប៉ាល់​ទេសចរណ៍​បាន​ចូល​ចត​តិច​ជាង ២៤​ម៉ោង ឬ​មាន​រយៈពេល​ត្រឹម ១៥​ម៉ោង​ទេ រួច​ក៏​ចាកចេញ​វិញ​ទៅ។ ចំណែក​កប៉ាល់​ដឹក​កុងទឺន័រ​វិញ គិត​ជា​មធ្យម ២៤​ម៉ោង​ក្នុង​ការ​ចូល​ចត។ ប៉ុន្តែ​បើក​កប៉ាល់​ដឹក​ទំនិញ​ទូទៅ គឺ​ចូល​ចត​ចន្លោះ​ពី ៣ ទៅ​លើស ៥​ថ្ងៃ»

​យ៉ាង​ណា​ក៏ដោយ លោក លូ គឹមឈន់ ដែល​កាន់​តួនាទី​ដឹកនាំ​កំពង់ផែ​ស្វយ័ត ក្រុង​ព្រះសីហនុ ដុះ​ស្លែ​យូរ​ឆ្នាំ មិន​បាន​បង្ហាញ​តារាង​តម្លៃ​នៃ​ការ​ចូល​ចត​កប៉ាល់​ទេសចរណ៍ ឬ​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​នេះ​ក្នុង​មួយ​ជើងៗ ឬ​គិត​ជា​តោន មាន​តម្លៃ​ប៉ុន្មាន​ទេ ព្រោះ​លោក​មិន​បាន​ចងចាំ៖ «យើង​គិត​តាម​ទម្ងន់ ឬ​ទំហំ​កប៉ាល់​ដែល​ចូល​ចត ព្រម​ទាំង​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​លើ​កប៉ាល់​នីមួយៗ។ ប៉ុន្តែ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កប៉ាល់​ទេសចរណ៍ ឬ​កប៉ាល់​ដឹក​កុងទឺន័រ និង​ដឹក​ទំនិញ​ផ្សេងៗ ដែល​មិន​សូវ​មាន​ភ្ញៀវ​តិច ឬ​កប៉ាល់​ផ្ទុក​បាន​ទំនិញ ឬ​ចំនួន​កុងទឺន័រ​តិច ហើយ​ត្រូវ​បង់​ជូន​កំពង់ផែ​មាន​តម្លៃ​ខ្ពស់ ឬ​ថ្លៃ​ពេក ខាង​កំពង់ផែ​ក៏​មាន​តម្លៃ​យោគយល់ សម្រាប់​ផ្តល់​ជូន​អតិថិជន​ជា​ម្ចាស់​កប៉ាល់​ដឹក​កុងទឺន័រ ឬ​ក៏​កប៉ាល់​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ម្នាក់ៗ បន្ថយ​តម្លៃ​ទៅតាម​ហ្នឹង​ដែរ»

​ទោះ​យ៉ាង​ណា តាម​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ និង​ទំនាក់ទំនង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា បរិមាណ​នាំ​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ស្វយ័ត​​នេះ គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤ គឺ​មាន​ដំណើរ​ការ​ល្អ ហើយ​កំពង់ផែ​នេះ បាន​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន​បាន​ឆាប់ ទោះ​មាន​សកម្មភាព​ទំនិញ​ឆ្លង​កាត់​ច្រើន​បែប​ណា​ក្តី។

​ស្ថិតិ​ក៏​បាន​បង្ហាញ​ថា លទ្ធផល​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៤ ចំពោះ​បរិមាណ​ទំនិញ​ឆ្លងកាត់ គឺ​បាន​កើន​ជិត ១៤% លើស​ផែនការ​ប្រចាំ​ឆ្នាំ​ប្រមាណ ៦%។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ឆ្នាំ​២០១៤ បរិមាណ​ទំនិញ​ឆ្លង​កាត់​មាន​ចំនួន​ជិត ៣​លាន ៥​សែន​តោន (៣.៤២៣.៩១៩) ហើយ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៣ មាន​ចំនួន​ជាង ៣​លាន ១​ម៉ឺន​តោន (៣.០១២.២១៧) គឺ​កើន​ជិត ១៤​ភាគរយ (១៣,៦៧%)។ ក្នុង​នោះ​នាវា​ចូល​ចត​កើន​ជិត ១២​ភាគរយ (១១,៦៤%) បើ​ប្រៀបធៀប​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។