តុលាការ​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​បន្ទាប់​ពី​មាន​ការ​ចោទ​ថា​មាន​ចេតនា​ទុច្ចរិត

តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​តុលាការ​កំពូល​កាល​ពី​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​សីហា បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ប្រធាន​តុលាការ​មាន​ចេតនា​ទុច្ចរិត​មិន​ចុះ​អនុវត្ត​សាលដីកា​រុះរើ​ផ្ទះ​ចេញ​ពី​ដី​មួយ​កន្លែង​នៅ​ភូមិ​១ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។
ដោយ សួន សុផលមុន្នី
2010-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ព្រះ​រាជ​អាជ្ញា​រង​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក តន់ សីហៈតេជះ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ថ្ងៃ​សុក្រ​ទី​២៧ ខែ​សីហា​ថា លោក​បាន​ដឹក​នាំ​កង​កម្លាំង​មាន​សមត្ថកិច្ច​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ចេញ​កាល​ពី​ឆ្នាំ​២០០៥ ដែល​សម្រេច​ឲ្យ​រុះរើ​ផ្ទះ​របស់​អ្នក​ភូមិ​មួយ​គ្រួសារ​នៅ​ចំណុច​ខាង​លើ ដើម្បី​បើក​ផ្លូវ​ដើរ។

ថ្មីៗ​នេះ លោកស្រី អួង ឃីម អាយុ ៤៦​ឆ្នាំ រស់​នៅ​ភូមិ​១ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ បាន​ប្តឹង​ទៅ​តុលាការ​កំពូល ក្រសួង​យុត្តិធម៌ និង​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដោយ​ចោទ​ថា លោក អាំង មាលតី ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ មាន​ចេតនា​មិន​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​លេខ​២៨១ ចុះ​កាល​បរិច្ឆេទ​កាល​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៥។

ពាក្យ​បណ្ដឹង​របស់​លោកស្រី អួង ឃីម បាន​ភ្ជាប់​ជាមួយ​នូវ​សាលដីកា​រដ្ឋប្បវេណី​លិខិត​នានា និង​ឯកសារ​មាន​កាលបរិច្ឆេទ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១០ ជា​ច្រើន ដែល​តម្រូវ​ឲ្យ​តុលាការ​អនុវត្ត​រុះរើ​ផ្ទះ​ចេញ​ពី​ព្រំ​របង ដើម្បី​បើក​ផ្លូវ​ដើរ​នៅ​ចំណុច​ដី​ខាង​លើ ប៉ុន្តែ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ខកខាន​មិន​បាន​អនុវត្ត​ឡើយ។ ប៉ុន្តែ​លោក អាំង មាលតី ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ដោយ​អះអាង​ថា កំពុង​ចាត់ការ​តាម​នីតិ​វិធី​ខ្លួន ប៉ុន្តែ​ករណី​ខាង​លើ​នេះ​មាន​ការ​ស្មុគស្មាញ​ច្រើន។

លោក ស៊ុំ ចាន់គា មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ស្វាគមន៍​ចំពោះ​វិធានការ​របស់​មន្ត្រី​តុលាការ ដែល​បាន​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ខាង​លើ​នេះ។

ការ​ខក​ខាន​មិន​បាន​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​រិះគន់​ថា តុលាការ​ខេត្ត​បន្ទាយមានជ័យ មាន​ចេតនា​មិន​ចង់​អនុវត្ត​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន ព្រោះ​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​បាន​ចេញ​តាំង​ពី​ឆ្នាំ​២០០៥ រហូត​ដល់​​ឆ្នាំ​២០១០។

ទោះ​យ៉ាង​ណា ការ​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ដើម្បី​បើក​ផ្លូវ​ដើរ​នៅ​ភូមិ​១ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ពេល​ថ្មីៗ​នេះ មិន​បាន​បង្ក​ឲ្យ​មាន​បាតុភាព​អ្វី​កើត​ឡើង​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល