ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ផ្ដែផ្ដាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ថែរក្សា​មត៌ក​វប្បធម៌​របស់​ខ្លួន

ដោយ មួង ណារ៉េត
2018-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកតា ប្រាជ្ញ ឈួន លើក​ចាប៉ី​ឡើង​រៀប​ដេញ​លេង និង​ពន្យល់​ប្រាប់​អំពី​របៀប​ដេញ​ចាប៉ី ថត​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៤។
លោកតា ប្រាជ្ញ ឈួន លើក​ចាប៉ី​ឡើង​រៀប​ដេញ​លេង និង​ពន្យល់​ប្រាប់​អំពី​របៀប​ដេញ​ចាប៉ី ថត​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៤។
RFA

ព្រឹទ្ធាចារ្យចាប៉ី​ដងវែង​ដ៏​ចំណាន គឺ​ព្រឹទ្ធ​ភារម្យ​វោហារ ប្រាជ្ញ ឈួន បាន​លាចាក​លោក​ទៅ​ដោយ​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ និង​កេរដំណែល​អប់រំ​យ៉ាង​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ។ មរណភាព​របស់​លោក​កាលពី​ចុង​សប្ដាហ៍​មុន បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន នាំគ្នា​សោកសង្រេង នឹក​ស្ដាយស្រណោះ​ចំពោះ​ការបាត់បង់​មត៌ក​មនុស្ស​រស់​របស់​ជាតិខ្មែរ​រូប​នេះ។ តែ​យ៉ាងណា ពលរដ្ឋ​ខ្មែរ​ខ្លះ​ទំនងជា​មិនបាន​ដឹង​ឡើយ​អំពី​កង្វល់​នៅ​ក្នុង​ចិត្ត និង​ពាក្យ​ផ្ដែផ្ដាំ​របស់​ព្រឹទ្ធាចារ្យ​រូប​នេះ នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​លោក​នោះ​ទេ។

ជា​បន្ត​ទៅ​ទៀត​នេះ លោក មួង ណារ៉េត សូម​ជូន​សេចក្ដីរាយការណ៍​មួយ រំឭក​ឡើងវិញ​អំពី​បំណង​ចុងក្រោយ​របស់​ព្រឹទ្ធាចារ្យ​ដ៏​មាន​ទេពកោសល្យ​រូប​នេះ​ដូចតទៅ៖

បន្ទាប់ពី​ចូលនិវត្តន៍​ពី​ការងារ​ជា​មន្ត្រីរាជការ​ក្នុង​ក្រសួង​ព័ត៌មាន​កាលពី​ឆ្នាំ២០០០​មក ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បាន​វិល​ទៅ​រស់នៅ​ស្រុកកំណើត​របស់​លោក ក្នុង​ភូមិ​សម៉ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ​វិញ។ គេហដ្ឋាន​របស់​លោក ស្ថិតនៅ​ទីតាំង​ឆ្ងាយ​ដាច់ស្រយាល ចុះ​ពី​ផ្លូវជាតិ ចូល​តាម​ផ្លូវលំ​ជាច្រើន​ដំណាក់។

ក្រុមការងារ​អាស៊ីសេរី ធ្លាប់​បាន​ចុះទៅ​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក​ព្រឹទ្ធាចារ្យ កាលពី​ឆ្នាំ​មុន នៅ​ពេល​ដែល​សុខភាព​របស់​លោក ចាប់ផ្ដើម​ចុះ​ខ្សោយ​ខ្លាំង និង​និយាយ​លែង​ច្បាស់​ដូច​ពីមុន។ លោក​ព្រឹទ្ធាចារ្យ​បាន​មានប្រសាសន៍ថា ថ្វី​ដ្បិត​តែ​ចាប៉ី​ដង​វែង ត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិតមែន ប៉ុន្តែ​លោក​នៅតែ​បារម្ភ​ថា សិល្បៈ​ចាប៉ី​ដង​វែង​នេះ អាច​នឹង​បាត់បង់​នៅ​ថ្ងៃ​ណាមួយ ដោយសារតែ​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នកចេះ​ចាប៉ី​ដងវែង​មិន​ច្រើន​ឡើយ បើ​ប្រៀបធៀប​នឹង​កាលពី​សម័យ​មុន៖ «អ្វី​ដែល​កើតមក​ហើយ អ្វី​នោះ​វា​តែងតែ​វិនាស​ទៅ។ ចាប៉ី​ហ្នឹង វា​មាន​យូរហើយ ដូច្នេះ​វា​នៅ​ជា​ព្រលឹង​របស់​ខ្មែរ។ ប្រហែលជា​មិន​បាត់​អី​ទេ ព្រោះ​មាន​អ្នក​តូច​អ្នកធំ​គេ​គាំទ្រ​ខ្លាំង​ណាស់​ដែរ។ បើ​អ៊ីចឹង បាត់​ក៏​មិន​បាត់ ហើយក៏​គ្រាន់តែ​មិន​ចម្រើន​ទេ ប្រហែលជា​ក្មេងៗ​គេ​មិនសូវ​ត្រូវការ»

ព្រឹទ្ធ​វីរៈសិល្បៈ នេត្រ ប៉េ ដែល​ជា​សិស្ស​របស់​លោកតា ប្រាជ្ញ ឈួន បាន​អះអាង​ថា សព្វថ្ងៃ​នេះ​អ្នក​ចម្រៀង​ចាប៉ីដងវែង មាន​ប្រហែល ៦០​នាក់​នៅ​ទូទាំង​ប្រទេស។ លោក​បញ្ជាក់​ថា អ្នកចម្រៀង​ចាប៉ី ភាគច្រើន​មិន​មាន​ជីវភាព​ធូរធារ​នោះ​ទេ ហើយ​ពួកគាត់​ច្រើនតែ​ជា​ជន​ពិការ មាន​វ័យ​ចំណាស់ និង​បន្ត​រស់នៅ​ក្នុង​ជីវភាព​ខ្វះមុខខ្វះក្រោយ នៅ​តាម​ទី​ជនបទ ហើយ​នៅ​សម័យ​បច្ចុប្បន្ន​នេះ សិល្បៈ​បុរាណ​មួយ​នេះ ហាក់​រសាត់​បន្តិចៗ​ម្តង ចេញពី​ចំណាប់អារម្មណ៍​របស់​ពល​រដ្ឋ​ខ្មែរ​ទៅ​ហើយ។

ទោះជា​យ៉ាងណា ចម្រៀង​ចាប៉ី​នេះ ធ្លាប់​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​ពលរដ្ឋ​ខ្មែរ ឱ្យ​ស្វែងរក​ភាព​រីកចម្រើន និង​ប្រកបដោយ​សីលធម៌​ល្អ​ក្នុង​សង្គម។ អ្នកចម្រៀង​ចាប៉ី​បាន​ស្រែកច្រៀង​រំលឹក​ពី​ក្បួន​សាស្ត្រា នៃ​ពាក្យ​ប្រៀនប្រដៅ របស់​បុព្វបុរស​អំពី​សីលធម៌​ក្នុង​ការ​រស់នៅ ពី​សុភាសិត ពាក្យស្លោក ឬ​រៀបរាប់​ពី​រឿងនិទាន​ផ្សេងៗ​ជាដើម។

ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ត្រូវ​បាន​ទទួលស្គាល់​ថា ជា​អ្នកចម្រៀង​ចាប៉ី​ដងវែង ដ៏​មាន​ទេពកោសល្យ ហើយ​មាន​អ្នក​ខ្លះ​ទៀត បាន​ចាត់​ទុក​លោក​ថា ជា​អច្ឆរិយបុគ្គល ទៀត​ផង ដោយសារ​លោក​មានការ​ចងចាំ​ខ្ពស់ និង​មាន​ភាព​រហ័សរហួន ក្នុង​ការ​តាក់តែង​បទ​ថ្មី​ច្រៀង​ភ្លាមៗ។ លោក​ច្រើន​លើក​ក​ក្រម​ច្បាប់​ពី​បូរាណ ដែល​មាន​លក្ខណៈ​ជា​ការ​អប់រំ យក​មក​ច្រៀង​ប្រគំ ទូន្មាន​ជន​ប្រុស​ស្រី ដោយមាន​លាយឡំ​នឹង​ឃ្លោង​ឃ្លា ជួន​រណ្ដំ​ណែងណង​គួរ​ឱ្យ​ចង់​ស្ដាប់។ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ច្រៀង​ប្រគំ​ចាប៉ី​ដងវែង​ឱ្យ​ល្អ​ទៅ​បាន លុះត្រា​តែ​មាន​កម្លាំង​ពេញ​បរិបូរ និង​មានការ​តាំងចិត្ត​ខ្ពស់ ហើយ​ចាប៉ី​ដងវែង​អាច​យក​ទៅ​ច្រៀង​រៀបរាប់​គ្រប់​រឿង គ្រប់​រសជាតិ​បាន​ទាំងអស់៖ «ចាប៉ី (​ដង​វែង​) វា​ជួយ​ទាំងអស់។ ចាប៉ី បើ​ច្រៀង​ពី​នយោបាយ ភូមិសាស្ត្រ ប្រវត្តិវិទ្យា ច្រៀង​អំពី​នយោបាយ​ស្រុកទេស និយាយ​ពី​រឿង​រាប់អាន រឿង​កសិកម្ម ចាប៉ី​ហ្នឹង​ដើរតួ​ទាំងអស់។ អាច​ច្រៀង​បាន​ទាំងអស់​ច្បាប់ ក្រម ច្បាប់​បូរាណ សាសនា ចាប៉ី​ហ្នឹង​អាច​ដើរតួ​បាន​។ រឿងព្រេង​ព្រឹទ្ធ អតីតកាល​អី ចាប៉ី​ហ្នឹង​វា​ដើរតួ​បាន​ទាំងអស់»

ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ប្រសូត​ក្នុង​ឆ្នាំ១៩៣៦ ក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ មាន​ឪពុក​ឈ្មោះ ប្រាជ្ញ អូន និង​ម្ដាយ​ឈ្មោះ ច្រឹង ភា មាន​បងប្អូន​សរុប ៦នាក់។ លោក​ព្រឹទ្ធាចារ្យ បាន​ធ្លាក់ខ្លួន​ពិការ​ភ្នែក​នៅ​អាយុ ១២​ឆ្នាំ ដោយសារ​កើត​ជំងឺ​កញ្ជ្រឹល។

ក្មួយប្រុស​របស់​លោក​ម្នាក់ ឈ្មោះ អ៊ុំ ចាន់ ដែល​មាន​វ័យក្មេង​ជាង​លោក ១០​ឆ្នាំ បាន​ប្រាប់​អាស៊ីសេរី​ថា ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បាន​រៀន​វិជ្ជា​ចាប៉ី​ដងវែង​នេះ ពី​បងប្រុស​របស់​លោក​ម្នាក់​ឈ្មោះ ប្រាជ្ញ ដោក និង​ឪពុកមា​របស់​លោក​ម្នាក់​ទៀត គឺ​ព្រឹទ្ធាចារ្យ ប៉ែត ឌុក ហៅ “​ចង្កូមប្រាំបី” ដែល​ជា​អ្នកចម្រៀង​ចាប៉ី​ដ៏​ល្បីល្បាញ កាលពី​ជំនាន់​ដើម។ លោក​បញ្ជាក់​ទៀត​ថា ពូ​របស់​លោក​ក៏បាន​រៀន​វិជ្ជា​រឿងព្រេង និង​អក្សរសិល្ប៍​ពី​ចាស់​ស្រុក​ម្នាក់​ឈ្មោះ ប៉ែន ជុំ និង​បាន​សិក្សា​វិជ្ជា​កំណាព្យ​កាព្យឃ្លោង ពី​គ្រូ​ម្នាក់ទៀត​ឈ្មោះ ខៀវ កែវ ដែល​ជា​ចាស់​ស្រុក​ម្នាក់ ជំនាញ​ខាង​កំណាព្យ។ ចំណែក​ពាក្យ​រាជស័ព្ទ សង្ឃស័ព្ទ បាលី និង​សំស្ក្រឹត លោក​រៀនសូត្រ​ចេះ​ចាំ ពី​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម កុយ សែម។

ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បាន​ប្រឡង​ជាប់​លេខ១ ខាង​ចម្រៀង​ចាប៉ី​នៅ​ឆ្នាំ១៩៦២ និង​បាន​បម្រើការ​នៅ​វិទ្យុជាតិ​រហូតដល់​ឆ្នាំ​១៩៧៥។ ក្រោយ​ពេល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច លោក​ត្រូវ​បាន​គេ​ជម្លៀស​ឱ្យ​ទៅ​នៅ​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ​វិញ ហើយ​ក្នុង​របប​នោះ​លោក​ត្រូវ​បាន​គេ​ឱ្យ​ដេរ​ស្លឹក។ ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បាន​ទៅ​បម្រើការ​នៅ​វិទ្យុជាតិ​ម្តង​ទៀត​នៅ​ឆ្នាំ១៩៨២ ហើយ​បន្ត​រហូតដល់​លោក​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០០០។

លោក អ៊ុំ ចាន់ បាន​ឱ្យ​ដឹង​ទៀត​ថា ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន មិនមែន​ចេះតែ​ចាប៉ី​ដងវែង​តែមួយ​មុខ​នោះ​ទេ គឺ​គាត់​អាច​លេង​ឧបករណ៍​ភ្លេង​ជាច្រើន​មុខ​ផ្សេងទៀត។ លោក​រៀបរាប់​បន្ត​ថា បើ​និយាយ​ពី​សមត្ថភាព​នៃ​ការ​ចងចាំ​វិញ គឺ​សឹងតែ​រក​មនុស្ស​ដូច​ពូ​របស់​លោក​មិន​មាន​ឡើយ ព្រោះ​លោក​ស្ដាប់​តែម្ដង​ប៉ុណ្ណោះ រួច​ក៏​ចេះ​ចាំ​យក​ទៅ​ប្រគំ​បាន​ភ្លាម៖ «កម្រិតយល់ដឹង​ហ្នឹង គ្មាន​ពីរ​ទេ។ បើ​គាត់​ចង់​ច្រៀង​អ្វីមួយ ដូចជា​រឿង ឯណា​បុស្បា អ៊ីចឹង ខ្ញុំ​មើល​ឱ្យ​គាត់ (​ស្ដាប់​) មួយ​ត្រួស​ទេ គាត់​ច្រៀង​កើត​ថត​ដាក់​វិទ្យុជាតិ។ បើ​ចង់​ច្រៀង​រឿង នគរ​កាយ យើង​មើល​ឱ្យ​គាត់​ស្ដាប់​មួយ​ចប់ គាត់​ច្រៀង​កើត។ ចង់​និយាយ​ពី​ការ​កសាង​ផ្លូវ​រថភ្លើង​ឡើងវិញ​អ៊ីចឹង យើង​គ្រាន់តែ​ប្រាប់​គាត់​ថា តា​! សូម​ជួយ​រៀបរាប់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ហ្នឹង​ឡើងវិញ ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​យ៉ាងម៉េច? គ្រាន់តែ​ប្រាប់​គាត់​ប៉ុណ្ណឹង គាត់​ច្រៀង​ទៅ អត់​ឱ្យ​ខុស អត់​ឱ្យ​ចាកប្រធាន​ពី​ហ្នឹង​ទេ។ ខ្ញុំ​ថា​តម្រិះ​គាត់ ខួរក្បាល​គាត់​ពេញ​ល្អ​ណាស់។ យើង​គ្រប់គ្នា​នេះ​ធ្វើ​មិន​ដូច​ទេ»

លោក​បាន​ថ្លែង​ថា មរណភាព​របស់​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺជា​ការបាត់បង់​សមាជិក​គ្រួសារ​ដ៏​ល្អ​ម្នាក់ និង​ជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​របស់​ជាតិ៖ «ការបាត់បង់​គាត់​ដូច​បាត់បង់​អ្នកប្រាជ្ញ​ម្នាក់​ដែរ។ ខ្ញុំ​ក៏​មាន​ការ​ស្ដាយស្រណោះ​ដែរ ព្រោះ​គាត់​ធ្លាប់​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ​ហ្នឹង មិន​ឱ្យ​ប្រព្រឹត្ត​អំពើ​ពាលា​អាវាសែ​គ្រប់បែបគ្រប់យ៉ាង។ អំពើ​ណា​ដែល​ខុស អំពើ​ណា​ជា​អកុសល​ហ្នឹង គាត់​មិន​ដែល​បង្រៀន មិន​ដែល​ប្រាប់​ទេ។ គាត់​ឱ្យ​តែ​កូនចៅ កូនក្មួយ​ហ្នឹង សាង​តែ​អំពើ​ល្អ សុចរិត យុត្តិធម៌​អ៊ីចឹង»

ក្ដី​បំណង​ចុងក្រោយ​របស់​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺ​ចង់​ឱ្យ​ចាប៉ី​ដងវែង​នេះ នៅ​ស្ថិតស្ថេរ​យូរអង្វែង​ក្នុង​សង្គម​ខ្មែរ​តទៅ​ថ្ងៃមុខ​ទៀត។ លោក​ព្រឹទ្ធាចារ្យ កាល​លោក​នៅ​មាន​ជីវិត បាន​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ និង​មហាជន​ជួយ​លើកស្ទួយ​សិល្បៈ​ចាប៉ី​ដងវែង​នេះ ឱ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត ដ្បិត​សិល្បៈ​បុរាណ​មួយ​នេះ​បាន​ស្ថិតនៅ និង​រួមរស់​ជាមួយ​ជាតិខ្មែរ​រាប់ពាន់​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​ត្រេកអរ​ណាស់​ដែល​បាន​គេ​ដាក់ (​ចាប៉ី​ដងវែង​) ចូល​ជា​បេតិកភណ្ឌ​ហ្នឹង។ ឥលូវ​ទន្ទឹមគ្នា​នឹង​ចូល​ហ្នឹង សូម​ឱ្យ​អស់លោក​ទាំងឡាយ​ចាប់អារម្មណ៍​ជួយ​លើកស្ទួយ​គ្នា ពីព្រោះ​ព្រលឹង​របស់​ខ្មែរ​យើង​ទេ មិនមែន​របស់​ជាតិ​សាសន៍​ណា​ទេ។ ប្រសិនបើ​វប្បធម៌​រលត់ ជាតិ​ក៏​រលាយ​ដែរ ដូច្នេះ​ជា​វប្បធម៌​ទៅ​ហើយ ខ្ញុំ​សូម​ផ្តាំ​អ្នក​ទាំងអស់​គ្នា​តាំងចិត្ត​ឱ្យ​មែនទែន ថែរក្សា​ប្រពៃណី ព្រលឹង​របស់​ជាតិ​យើង កុំ​ឱ្យ​បាត់បង់​ទៅ​ណា។ សូម​ជម្រាបលា!»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល