អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូល្លីម​កម្ពុជា​ស្នើ​អ្នក​ព័ត៌មាន​ប្រើ​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹមត្រូវ

ដោយ ទីន ហ្សាការីយ៉ា
2015-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វិហារ​ឥស្លាម​ថ្មី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ មីនា ២០១៥។
វិហារ​ឥស្លាម​ថ្មី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ មីនា ២០១៥។
RFA/Tin Zakariya

អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូល្លីម​កម្ពុជា ហៅ​កាត់​ថា ខេម (CAMM) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ប្រើប្រាស់​ពាក្យពេចន៍​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្អែក​លើ​ការ​ពិត។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​ទី​២៨ ធ្នូ របស់​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូល្លីម​កម្ពុជា បាន​សរសេរ​ថា ព្រឹត្តិការណ៍​ថ្មីៗ​បាន​កើត​ឡើង​ជាច្រើន​របស់​ក្រុម អាយស៊ីស (ISIS) និង​អំពើ​ភេរវកម្ម​ផ្សេងៗ​កើត​មាន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ហើយ​ត្រូវ​បាន​សារព័ត៌មាន និង​គេហទំព័រ​មួយ​ចំនួន​ចុះ​ផ្សាយ​នោះ គឺ​បាន​ប្រើប្រាស់​ពាក្យពេចន៍​នាំ​ឲ្យ​សាធារណជន​យល់​ច្រឡំ និង​ធ្វើ​បុរេវិនិច្ឆ័យ​មិន​ល្អ​ចំពោះ​សាសនិក​ឥស្លាម ដូចជា ប្រើ​ពាក្យ​ក្រុម​ភេរវករ​ឥស្លាម អាយស៊ីស (ISIS) ជនជាតិ​ឥស្លាម ឬ​ប្រើ​ពាក្យ​ថា ជា​ជនជាតិ​ចាម សំដៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម ជាដើម។

ការ​ប្រើ​ពាក្យ​ទាំង​នេះ មិន​បាន​បែង​ចែក​ឲ្យ​ច្បាស់​រវាង​សាសនា​ឥស្លាម និង​ជនជាតិ។ ជនជាតិ​ចាម គឺ​ជា​ជនជាតិ​ភាគ​តិច​មួយ​នៅ​កម្ពុជា មិន​មែន​ជា​សាសនា​ទេ រីឯ​ពាក្យ​ឥស្លាម គឺ​ជា​សាសនា ដែល​ជនជាតិ​មួយ​ចំនួន​នៅ​លើ​សកលលោក​បាន​ប្រតិបត្តិ។ ម្យ៉ាង​វិញ​ទៀត ក្រុម អាយស៊ីស ឬ​ក្រុម​ភេរវកម្ម​មួយ​ចំនួន កំពុង​បង្ក​វិនាសកម្ម​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នោះ សកម្មភាព​របស់​ពួក​គេ គឺ​ឆ្លុះ​បញ្ចាំង​ពី​ក្រុម​នោះ​តែ​ប៉ុណ្ណោះ មិន​ឆ្លុះ​បញ្ចាំង​ពី​សាសនា​ឥស្លាម ទាំង​មូល​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ អំពាវនាវ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​នានា បើ​សិន​ជា​ចុះ​ផ្សាយ​អំពី​សាសនា​ឥស្លាម ឬ​វប្បធម៌ ត្រូវ​ប្រឹក្សា ឬ​សួរ​ជាមួយ​អ្នក​ចេះ​ដឹង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ជៀសវាង​ការ​ផ្ដល់​ព័ត៌មាន​មិន​ពិត និង​ខុស​ឆ្គង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល