ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​តាម​ទីវត្ត​អារាម​នានា​នៅ​អូស្ត្រាលី

ដោយ មាន ឫទ្ធិ
2018-04-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ប្រមាណ​ពីរ​ពាន់​នាក់ ចូលរួម​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ យ៉ាង​សស្រាក់សស្រាំ នៅ​តាម​ទី​វត្ត​អារាម​នានា ក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​នោះ​មាននៅ​វត្ត​ពុទ្ធរង្សី វត្ត​ខ្មែរ​មែលប៊​ន វត្ត​ធម្មរ៉ាម វត្ត​ឥសានមានជ័យ និង​វត្ត​មុន្នីរង្សី ជាដើម។

លោក ជា យូហ៊ន ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម និង​ជា​ចៅហ្វាយក្រុង គ្រីត ដង់ដឺណង់ (Great Dangdenong) នៃ​រដ្ឋ​វិចតូរីយ៉ា (Victoria) ឲ្យ​ដឹង​ថា ក្រៅពី​ការចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ តាម​បែប​ពុទ្ធសាសនា​នេះ ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ក៏បាន​មក​ជួប​ជុំ​គ្នា​លេងល្បែង​ប្រជាប្រិយ រាំ​លេង​កម្សាន្ត និង​រៀបចំ​ពិធី​តាម​បែប​ប្រពៃណី​វប្បធម៌​ខ្មែរ​ដទៃ​ទៀត ដើម្បី​ឲ្យ​ក្មេងៗ និង​យុវជន​ខ្មែរ​អូស្ត្រាលី​ជំនាន់​ក្រោយ បាន​ស្គាល់ និង​យល់ដឹង ព្រមទាំង​ដើម្បី​បង្ហាញ​ឲ្យ​ជនជាតិ​អូស្ត្រាលី ឃើញ និង​ស្វែងយល់​អំពី​ប្រពៃណី ទំនៀម​ទម្លាប់ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជនជាតិ​ខ្មែរ ដែល​មាន​ជា​យូរលង់​មក​ហើយ។

លោក ជា យូហ៊ន បន្ត​ថា សមាគម​របស់​លោក បាន​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នេះ ដោយមាន​ការ​តាំង​បង្ហាញ​ពី​សិល្បៈ​បុរាណ​ខ្មែរ ការរៀបចំ​ដាក់​តាំង​លក់​អីវ៉ាន់ និង​ម្ហូបអាហារ​ផ្សេងៗ និង​មានការ​ចូលរួម​ពី​សិល្បករ សិល្បការិនី មកពី​ប្រទេស​កម្ពុជា។ ពិធីបុណ្យ​ចូលឆ្នាំ​នេះ ក៏​មាន​ការចូលរួម​យ៉ាង​សប្បាយរីករាយ ពី​ភ្ញៀវ​ជាតិ​អូស្ត្រាលី រួមមាន​ទាំង​តំណាងរាស្ត្រ​អូស្ត្រាលី មកពី​ទាំង​គណបក្ស​ពលករ និង​គណបក្ស​សេរីនិយម សមាជិក​ក្រុមប្រឹក្សា​ប្រចាំ​ក្រុង និង​តំបន់​នានា នៅ​ប្រទេស​អូស្ត្រាលី ជាដើម៖ «ឃើញ​ថា បងប្អូន​ខ្មែរ​យើង​នៅតែ​មាន​មក​ច្រើន​... គឺ​វត្ត​ខ្មែរ​មែលប៊​ន និង​វត្ត​ពុទ្ធរង្សី​នេះ។ ហើយ​អ្នកលក់​ចំណីអាហារ​ហ្នឹង ក៏​លក់ដាច់​ណាស់​ដែរ គឺថា​កន្លែង​ខ្លះ ឃើញ​បន្ត​កន្ទុយ​គ្នា​ទៀត​ហ្នឹង​ណាស់ សឹង​ធ្វើ​មិនទាន់​ដែរ។ ឃើញ​ថា បងប្អូន​ខ្មែរ​យើង​ទាំងអស់​គ្នា​ហ្នឹង គឺ​តែងតែ​មក​ជួយ​ទិញ ពី​ព្រោះ​ថា​លុយ​ដែល​លក់​ប៉ុន្មាន​ហ្នឹង គឺ​មិនមែន​បងប្អូន​យក​រៀងខ្លួន​ទេ។ លុយ​ហ្នឹង​គឺជា​លុយ​របស់​វត្ត។ ដូច្នេះ​បាន​មក​ហ្នឹង​គឺ​សម្រាប់​ការ​ផ្គត់ផ្គង់​វត្ត ដូចជា​វត្ត​ធំ​ហ្នឹង គឺ​មួយ​ឆ្នាំ​បី​ថ្ងៃ​ហ្នឹង មិន​តិច​ជាង​ប្រហែល​ជាជាង ១០ ម៉ឺន​ដុល្លារ»។

លោក ជា យូហ៊ន បញ្ជាក់​ថា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី គឺជា​ពិធីបុណ្យ​ដ៏​ធំ និង​គគ្រឹកគគ្រេង​មួយ ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ តែងតែ​ប្រារព្ធ​ធ្វើ​ពិធី​នេះ មិនដែល​អាក់ខាន អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ហើយ​សូម្បីតែ​ពលរដ្ឋ​អូស្ត្រាលី​ទូទៅ ក៏​យល់ដឹង និង​ជ្រាប​ច្បាស់​ផង​ដែរ​អំពី​ពេលវេលា​នៃ​ការរៀបចំ​ពិធី​ចូលឆ្នាំ​ខ្មែរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល