ការ​ប្រើប្រាស់​ភាសាខ្មែរ​នៅ​ដែន​ដី​ភាគ​ឦសាន​ប្រទេស​ថៃ​ធ្លាក់​ចុះ​យ៉ាង​គំហុក

ដោយ ស្ងួន អមរា
2018-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ភ្លេង​អ្នកស្រុក​សុរិន្ទ​កំពុង​ច្រៀង​បទ​ភ្លេង​កន្ទ្រឹម​ជា​ភាសាខ្មែរ ក្នុង​ពិធី​ជួបជុំ​កម្សាន្ត​មួយ​ នៅ​ភូមិ​​​ឈូក​ ស្រុក​ខ្វាវស្រី នរិន្ទ ខេត្ត​សុរិន្ទ កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ២០១៨។
ក្រុម​ភ្លេង​អ្នកស្រុក​សុរិន្ទ​កំពុង​ច្រៀង​បទ​ភ្លេង​កន្ទ្រឹម​ជា​ភាសាខ្មែរ ក្នុង​ពិធី​ជួបជុំ​កម្សាន្ត​មួយ​ នៅ​ភូមិ​​​ឈូក​ ស្រុក​ខ្វាវស្រី នរិន្ទ ខេត្ត​សុរិន្ទ កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ២០១៨។
រូបថត​ដោយ​អាស៊ី​សេរី

ប្រជា​ពលរដ្ឋ​ជា​ច្រើន​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ រស់​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ភាគ​ឦសាន​ប្រទេស​ថៃ នៅ​តែ​អាច​​រក្សា​បាន​នូវ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​សម្រាប់​ការ​ប្រាស្រ័យ​​​​ទាក់ទង​គ្នា​ដដែល​ ហើយ​ពួក​គាត់​ចាត់​ទុក​ភាសា​ខ្មែរ​នេះ​ ថា​ជា​ភាសា​ដែល​សំខាន់​សម្រាប់​មុខ​របរ​របស់​ពួក​គាត់​ផង​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ភាគ​ឦសាន ​​ប្រទេស​ថៃ​នោះ ក៏​កំពុង​មាន​ការ​​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ការ​ប្រើ​ប្រាស់​ភាសាខ្មែរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នោះ​ដែរ ដោយ​ខ្វះ​អ្នក​ជួយ​អភិរក្ស និង​លើក​ទឹក​ចិត្ត​ឱ្យ​​ប្រើ​ភាសា​ដើម​កំណើត​របស់​ខ្លួន​នោះ។

ភាសាខ្មែរ​ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ពលរដ្ឋ​ខ្មែរ​ច្រើន​លើស​លប់​នៅ​លើ​ដែន​ដី​កម្ពុជា​សព្វថ្ងៃ ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​ស្រុក​សុរិន្ទ ដែល​មាន​ឈាម​ជ័រ និង​បុព្វបុរស​ជា​ខ្មែរ​ដូច​គ្នា​ដែរ។ នៅ​តាម​ភូមិ​ស្រុក​នានា ក្នុង​ខេត្ត​មួយ​នេះ ជន​ជាតិ​ខ្មែរ​ម្ចាស់​ស្រុក​ភាគ​ច្រើន​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ភាសា​ខ្មែរ​សម្រាប់​និយាយ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សំនៀង​និយាយ​របស់​ពួក​គាត់ មាន​លក្ខណៈ​រដឺន​ដូច​អ្នក​ស្រុក​សៀមរាប ឬ​ឧត្តរមានជ័យ​យ៉ាង​ដូច្នោះ​ដែរ។

អ្នក​ស្រុក​សុរិន្ទ​ដែល​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ជំនាញ​នោះ​ភាគ​ច្រើន គឺ​ជា​មនុស្ស​វ័យ​ចំណាស់ ដោយសារ​តែ​ពួក​គាត់​ទម្លាប់​និយាយ​ភាសា​ខ្មែរ​តាំង​តែ​ពី​ដើម​មក។

លោកស្រី វិឡៃរ៉ាងងើន អាយុ ៧២​ឆ្នាំ គឺ​ជា​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់​ ដែល​រស់​នៅ​ភូមិ​ឈូក​ ស្រុក​ខ្វាវស្រីនរិន្ទ​ ខេត្ត​សុរិន្ទ។ លោក​ស្រី​ថ្លែង​ថា លោក​ស្រី​ចេះ​និយាយ​ភាសា​ខ្មែរ​ ពីព្រោះ​ឪពុក​ម្ដាយ​របស់​លោក​ស្រី​មាន​ឈាម​ជ័រ​ជា​ខ្មែរ ហើយ​​និយាយ​តែ​ភាសាខ្មែរ​រាល់​ថ្ងៃ​ជាមួយ​កូនៗ ក៏​ប៉ុន្តែ​ លោក​ស្រី​អះអាង​ថា ក្មេងៗ ​ជំនាន់​ក្រោយ​នៅ​ស្រុក​ភូមិ​របស់​លោក​ស្រី​មិន​សូវ​ចេះ​និយាយ​ខ្មែរ​ដូច​ពី​មុន​ទៀត​នោះ​ទេ៖ «ចេះ​ពី​តា​ពី​យាយ​ទាំង​អស់​គ្នា​ហ្នឹង ហើយ​កើត​មក​ក៏​ម៉ែឪ​នាំ​​និយាយ​ខ្មែរ។ សព្វ​ថ្ងៃ​នេះ​ក្មេងៗ គេ​ទាន់​សម័យ​អស់​ហើយ​ នាំ​គ្នា​និយាយ​​តែ​សៀម។ ពី​ដើម​ភូមិ​របស់​អ៊ុំ និង​ភូមិ​ផ្សេង​ទៀត ​និយាយ​ខ្មែរ​ទាំង​អស់​គ្នា។ សព្វ​ថ្ងៃ​នេះ​តាំង​តែ​ពី​តូច​អាយុ ១​ឆ្នាំ ២​ឆ្នាំ​ហ្នឹង ក៏​ម៉ែ​ឪ​បង្គាប់​និយាយ​សៀម គឺ​មាន​តែ​សៀម​នេះ​ឯង»

ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើ​ប្រាស់​ភាសាខ្មែរ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ដែន​ដី​ភាគ​ឦសាន​ប្រទេស​ថៃ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា បណ្ដាល​មកពី​ការ​មិន​ឱ្យ​​តម្លៃ​ភាសាខ្មែរ ការ​ធ្វើ​ចំណាក​ស្រុក​ និង​ការ​ហាម​ឃាត់​មិន​ឱ្យ​និយាយ​ និង​រៀន​ភាសាខ្មែរ​ពី​សំណាក់​អាជ្ញាធរ​ថៃ​កាល​ពី​សម័យ​មុន។

អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ និង​អរិយធម៌​ខ្មែរ​ក្នុង​ខេត្ត​សុរិន្ទ លោក ជ័យ មង្គល ថ្លែង​ថា កាល​ពី​មុន​ភាសាខ្មែរ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ ចាប់​តាំង​ពី​ខេត្ត​ឧប៊ុន​រ៉ាចឆៈថានី (ឧប្បលរាជធានី) រហូតដល់​ខេត្ត​ត្រាត (ត្រាច) ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ថយ​ចុះ​មក​នៅ​ត្រឹម​តាម​សហគមន៍​មួយ​ចំនួន​ក្នុង​ខេត្ត​ទាំងនោះ​ប៉ុណ្ណោះ ហើយ​ខេត្ត​ដែល​នៅ​ប្រើប្រាស់​ភាសាខ្មែរ​​ច្រើន​ជាង​​គេ​ គឺ​​ខេត្ត​សុរិន្ទ បុរីរ៉ាំ​ (បុរីរម្យ) និង​ស៊ីសាកេត​។ លោក​អះអាង​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើ​ភាសា​ខ្មែរ​នេះ គឺ​ដោយសារ​តែ​ឪពុក​ម្ដាយ​មិន​សូវ​បង្ហាត់ និង​ខ្លះ​ទៀត​មិន​និយាយ​ភាសាខ្មែរ​ជា​មួយ​កូន​ចៅ​តែ​ម្ដង៖ «សព្វ​ថ្ងៃ​នេះ​គេ​គិត​ថា ភាសា​ខ្មែរ​ជា​ភាសា​មនុស្ស​​ក្រ​លំបាក តោកយ៉ាក​​ ភាសា​កម្មករ​ ថោក​ទាប ទើប​បាន​ជា​គេ​មិន​ចង់​និយាយ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​គាត់​គិត​ខុស​ហើយ។​ វាក៏​​អាច​មក​ពី​កម្រិត​អភិវឌ្ឍន៍​ថៃ​ និង​ខ្មែរ​ដែរ គឺ​ដោយ​សារ​ថៃ​មានកម្រិត​អភិវឌ្ឍន៍​​​ខ្ពស់​ជាង​ខ្មែរ​ ខ្មែរ​កម្រិត​អភិវឌ្ឍន៍​ទាប​ជាង​ថៃ។​ ហើយ​បញ្ហា​ស្រុក​ខ្មែរ ឈ្លោះ​ប្រកែក​គ្នា ស្មុគស្មាញ​ ធ្វើ​ឱ្យ​បង​ប្អូន​ខ្មែរ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​​មក​រក​ការ​ងារ​ធ្វើ​នៅ​ថៃ​ ដូច្នេះ​វា​ធ្វើ​ឱ្យ​អ្នក​សុរិន្ទ​​ គិត​ថា​ខ្លួន​មិន​ចង់​ធ្វើ​ជា​ខ្មែរ​ទៀត​នោះ​ទេ។ មួយទៀត​អាច​មក​ពី​ការ​សិក្សា​​អប់​រំ​នៅ​ក្នុង​សាលា​រៀន​ បាន​ន័យ​ថា​ (សិស្ស) មិន​សូវ​ឱ្យ​តម្លៃ​​វប្បធម៌​នៅ​ក្នុង​តំបន់​​ប៉ុន្មាន​នោះ​ទេ»

លោក​អះអាង​ទៀត​ថា កាល​ពី​ប៉ុន្មាន​ទសវត្ស​​មុន​នេះ ភាសាខ្មែរ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចេញ​បម្រាម​មិន​ឱ្យ​មាន​ការ​សិក្សា​រៀន​សូត្រ និង​ប្រើប្រាស់​ទៀត​ផង ដែល​​នេះ​ជា​បច្ច័យ​ដ៏​​អាក្រក់​ធ្វើ​ឱ្យ​អ្នកស្រុក ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ភាគ​ច្រើន លែ​ង​សូវ​ចេះ​និយាយ​ខ្មែរ ដូច​ពី​មុន​ទៀត​ ហើយ​ក៏​លែង​នឹក​នា​ចង់​រៀន​ ឬ​ចង់​និយាយ​ខ្មែរ​ទៀត​ដែរ​។ លោក​បន្ត​ថា ក្មេងៗ ជំនាន់​ក្រោយ​ចាប់​អារម្មណ៍​នឹង​ការ​រៀន​ភាសា​អង់គ្លេស ចិន​ កូរ៉េ ឬ​​ភាសា​ជប៉ុន​ទៅ​វិញ៖ «(ឥលូវ​នេះ) មាន​ការ​គោរព​សិទ្ធិ​ប្រជា​ជន​ច្រើន​ជាង​មុន ប៉ុន្តែ ដោយ​សារ​តែ (ភាសាខ្មែរ) ត្រូវ​គេ​ហាម​យូរហើយ ពួក​គាត់​ក៏​​​​​ខ្ជិល​និយាយ​តែ​ម្តង។ រហូត​មក​ដល់​សម័យ​នេះ ត្រូវ​​ចូល​អាស៊ាន​ចង់​ឱ្យ​ប្រជា​ជន​ចេះ​ភាសា​ខ្មែរ ​វា​ក៏​​ហួស​ពេល​ទៅ​ទៀត ព្រោះ​ភាសា​កំណើត​នោះ​វា​លែង​មាន​ទៅ​ហើយ។ សព្វ​ថ្ងៃ ​ក្មេង​កើត​មក​​វា​ចេះ​និយាយ​ថៃ​អស់​ទៅ​ហើយ។​ ខ្ញុំ​យល់​ហើយ​ថា ជា​ប្រជាជន​ថៃ​ត្រូវ​តែ​ចេះ​និយាយ​ថៃ​ ប៉ុន្តែ​ភាសា​វា​មិន​មែន​មាន​តែ​ភាសា​ថៃ​នោះ​ទេ​ ភាសា​ចេះ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​។ យើង​មើល​​​ប្រ​ទេស​សិង្ហបុរី​ ប្រ​ជា​ជន​គេ (ចេះ​) ​យ៉ាង​តិច​ក៏​​ត្រឹម​ពីរ​​​ទៅ​បី​ភាសា​ដែរ​។  នៅ​សុរិន្ទ​ ភាសា​ថៃ​គឺ​ត្រូវ​​តែ​ចេះ​ហើយ ព្រោះ​យើង​​នៅ​ស្រុក​គេ ជា​​ប្រជា​ជន​ថៃ​ទៅ​​ហើយ​ យើង​ទៅ​ធ្វើ​យ៉ាងម៉េច? បើ​យើង​មិន​ចេះ​ថៃ​យើង​នឹង​​ត្រូវ​រស់​នៅ​បែប​ណា? ដូច្នេះ​​​យើង​ត្រូវ​តែ​រៀន​ ប៉ុន្តែ​ភាសា​ខ្មែរ​ជា​ភាសា​ដើម ភាសា​​ប្រទេស​ភូមិ​ផង​របង​ជា​មួយ​គ្នា​ ភាសា​បង​ប្អូន​ យើង​គួរ​តែ​ចេះ​ផង»

អ្នក​ស្រាវជ្រាវ​រូប​នេះ សង្កត់​ធ្ងន់​ថា ការ​បាត់​បង់​ភាសា គឺ​ជា​ដើម​ហេតុ​មួយ​ដ៏​សំខាន់​ដែល​នាំ​ទៅ​រក​ការ​រលត់​រលាយ​ទៅ​នៃ​វប្បធម៌ និង​ប្រពៃ​ណី​ដើម​របស់​អ្នក​ស្រុក​សុរិន្ទ៖ «បញ្ហា​ដែល​យើង​បាត់​បង់​ភាសា​ដើម​ វា​ធ្វើ​ឱ្យ​យើង​បាត់​បង់​ប្រ​ពៃ​ណី គ្មាន​អ្វី​មក​បង្ហាត់​បង្រៀន​កូនចៅ ​គ្មាន​​មោទនភាព​ និង​​គ្មាន​ការ​ងារ​ធ្វើ។ ​សូម្បី​តែ​ចិន​យក​កូន​មក​រៀន​ជាមួយ​នឹង​ខ្ញុំ​ គេ​ប្រាប់​ខ្ញុំ​ថា ឱ្យ​​បង្ហាត់​ភាសា​ខ្មែរ​ឱ្យ​កូន​គេ​ផង​ ប៉ុន្តែ​កូន​ខ្មែរ​វិញ​​អត់​ទេ។ ដូច​លោក​គ្រូ ច័ន្ទ (ធុនាសូរ្យ) គាត់​ថា អញ្ចឹង ខ្លះ​វា​ជេរ​យើង​ថា បង្ហាត់​ធ្វើ​អី្វ​ភាសាខ្មែរ​នោះ? ម៉េច​មិន​បង្ហាត់ ចិន ឬ​ជប៉ុន​ទៅ​? ខ្ញុំ​យល់​ហើយ ​ខ្ញុំ​ថា​ហេតុ​អ្វី​បាន​ជា​គេ​ចង់​រៀន​ចិន និង​ជប៉ុន​នោះ គឺ​ដោយសារ​គេ​ឃើញ​ប្រទេស​ទាំង​នោះ​ជា​ប្រទេស​​អ្នក​មាន​ តែ​ដូច​ជប៉ុន​នោះ វា​មិន​មែន​មាន​អ្នក​មាន ១​រយ​ភាគ​រយ​នោះ​ទេ មនុស្ស​​គ្មាន​ផ្ទះ​នៅ​ក៏​មាន​ច្រើន​ដែរ។ ការ​គិត​បែប​នេះ ធ្វើ​ឱ្យ​យើង​​​បាត់បង់​អ្វី​គ្រប់​យ៉ាង»

សព្វថ្ងៃ​នេះ ភាសាខ្មែរ​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​កាល​វិភាគ​សិក្សា​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សុរិន្ទ ក៏​ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឱ្យ​ភាសាខ្មែរ​នៅ​ទីនោះ​មាន​ការ​រីក​ចម្រើន​នោះ​ទេ ហើយ​សិស្សានុសិស្ស​ទៀត​សោត ក៏​មិន​បាន​យល់​ដឹង​ជ្រៅជ្រះ​អំពី​ភាសា​ដូន​តា​របស់​ខ្លួន​ដែរ ដោយសារ​តែ​ការ​បង្ហាត់​បង្រៀន​នោះ មិន​បាន​ស៊ីជម្រៅ​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​រៀន​អាន​ និង​រៀន​និយាយ​ខ្លះៗ តែ​ប៉ុណ្ណោះ។

លោក ច័ន្ទ ធុនាសូរ្យ គឺ​ជា​គ្រូបង្រៀន​ភាសា​ខ្មែរ​ នៃ​វិទ្យាល័យ​រាម​វិទ្យា​រជ្ជ​មង្គល​ភិសេក ក្នុង​ខេត្ត​សុរិន្ទ។ លោក​ ថ្លែង​​ថា ភាសាខ្មែរ​មិន​មែន​ជា​មុខ​វិជ្ជា​គោល​ក្នុង​កម្មវិធី​សិក្សា​នោះ​ទេ តែ​ជា​មុខ​វិជ្ជា​សម្រាប់​ម៉ោង​បន្ថែម​។ លោក​បន្ត​ថា ថ្នាក់​ភាសា​ខ្មែរ​នៅ​សាលា​របស់​លោក​ មាន​សម្រាប់​តែ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ប៉ុណ្ណោះ ហើយ​ថ្នាក់​នីមួយៗ ត្រូវ​រៀន​ ២​ម៉ោង ក្នុង​មួយ​សប្ដាហ៍។ លោក​បញ្ជាក់​ថា ថ្នាក់​ភាសា​ខ្មែរ​នេះ មិន​បាន​ស៊ីជម្រៅ​ទៅ​ដល់​វេយ្យាករណ៍​ ឬ​គន្លឹះ​សំខាន់ៗ ​នៃ​ភាសា​នោះ​ទេ គឺ​បាន​តែ​ការ​បង្រៀន​សរសេរ និង​អំណាន​ប៉ុណ្ណោះ៖ «មិន​បាន​រៀន​ទៅ​ខ្ពស់​ជាង​នេះ​នោះ​ទេ ព្រោះ​​វា​ពិបាក​មាត់​ ដោយសារ​ទើប​បង្ហាត់​ថ្មី។ ឧទាហរណ៍ ហូប​បាយ​ សរសេរ​យ៉ាង​ណា? ក្មេង​នៅ​ផ្ទះ​ក៏​និយាយ ​នៅ​សាលា​ក៏​និយាយ​ពាក្យ​ថា ហូប​បាយ នេះ តែ​ពួក​គាត់​មិន​ចេះ​សរសេរ​អក្សរ។ យើង​​​​យក​អក្សរ​ទៅ​ឱ្យ​មើល ឱ្យ​ប្រកប​អញ្ចឹង​ មិន​បាន​បង្ហាត់​ទៅ​ដល់​វេយ្យាករណ៍​នោះ​ទេ»

គ្រូ​បង្រៀន​រូប​នេះ កត់​សម្គាល់​ថា ការ​ប្រើ​ភាសា​ខ្មែរ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង​ ព្រោះ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​អ្នក​ស្រុក​មិន​សូវ​ចេះ​និយាយ​ភាសា​ខ្មែរ ដោយសារ​ឪពុក​ម្តាយ​របស់​ពួក​គេ​ខ្លះ​មិន​និយាយ​ខ្មែរ​ជាមួយ​កូនចៅ និង​មាន​ខ្លះ​ទៀត​​ទៅ​ធ្វើការ​បាត់ គ្មាន​អ្នក​ណា​និយាយ​ខ្មែរ​ជា​មួយ​ ទើប​ក្មេងៗ ជំនាន់​ក្រោយ​ទម្លាប់​និយាយ​តែ​ភាសា​ថៃ។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បណ្ឌិត វង់ សុធារ៉ា អះអាង​ថា ផ្អែក​តាម​ប្រវត្តិសាស្រ្ត ខ្មែរ​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​ និង​ខ្មែរ​ដែល​នៅ​កម្ពុជា​សព្វថ្ងៃ គឺ​មាន​ឈាម​ជ័រ​ជា​ជាតិ​ខ្មែរ​តែ​មួយ​ ប្រើ​ភាសា​ដូច​គ្នា មាន​វប្បធម៌​ប្រពៃណី​រួម​​គ្នា ហើយ​មាន​ទំនាក់ទំនង​គ្នា​ជាប់​ជានិច្ច​​ មុន​នឹង​ត្រូវ​បាន​ខណ្ឌ​ចែក​ដោយ​ព្រំដែន​នយោបាយ​រវាង​ម្ខាង​ប្រទេស​ថៃ​ និង​ម្ខាង​ទៀត​ប្រទេស​កម្ពុជា។ លោក​ជឿជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើ​ភាសា​ខ្មែរ​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​ថៃ អាច​មក​ពី​មនោគមវិជ្ជា​ជាតិ​និយម​របស់​ថៃ ដែល​បណ្ដុះ​ឱ្យ​ក្មេងៗ ស្រឡាញ់​ជាតិ ធ្វើ​ខ្លួន​ជា​ជាតិ​ថៃ និង​រួម​គ្នា​កសាង​ជាតិ​ ជាជាង​ការ​គិត​​អំពី​រឿង​ថែរក្សា​វប្បធម៌​ជាតិ​ដទៃ​នៅ​លើ​ទឹក​ដី​របស់​គេ៖ «ខ្ញុំ​ជឿ​ថា​អ្វីៗ ទាំង​អស់​ដែល​ធ្វើ​ឱ្យ​មាន​ការ​​ធ្លាក់​ជា​គំហុក​នេះ​ ប្រហែល​ជា​ទាក់ទង​នឹង​រឿង​ភាព​រុង​រឿង​ ឬក៏​ភាព​អាប់​ឱន​របស់​ខ្មែរ​នៅ​ឯក​ស្រុក​ខ្លួន​ឯង​ដែរ។ ខ្ញុំ​ជឿ​ថា​ ប្រសិន​បើ​ស្រុក​ខ្មែរ​មាន​សុខ​សន្តិភាព​ មាន​ការ​​រីកចម្រើន​រុង​រឿង​ មិន​សូវ​មាន​ពលករ​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ថៃ​​ ហើយ​ផ្ទុយ​ទៅ​វិញ​ ជីវភាព​របស់​ពួក​គាត់​​ធូរធារ​នោះ ប្រហែល​ជា​នឹង​ធ្វើ​ឱ្យ​​សហគមន៍​ខ្មែរ​នៅ​ក្នុងស្រុក​​ថៃ​នេះ ​អាច​គិត​គូរ ឬ​ក៏​អាច​មាន​អារម្មណ៍​ចង់​ភ្ជាប់​ខ្លួន​ធ្វើ​ជា​បងប្អូន​ជា​មួយ​ខ្មែរ​ដែរ។ វា​អាច​បែប​នេះ ពី​ព្រោះ​បើ​​យើង​មើល​និន្នាការ​ទូ​ទៅ​របស់​សង្គម​ខ្មែរ​យើង ​​​បងប្អូន​ណា​ដែល​មិន​សូវ​មាន​ទ្រព្យសម្បត្តិ គឺ​គេ​មិនសូវ​រាប់​រក​ទេ ប៉ុន្តែ​ប្រ​សិន​បើ​​បង​ប្អូន​ណា​ដែល​មាន​ទ្រព្យសម្បត្តិ​វិញ គឺ​នឹង​​​មាន​បងប្អូន​ដទៃ​ទៀត​រាប់​រក​ច្រើន​ជាង»

អ្នក​ជំនាញ​ខាង​សិលាចារឹក​រូ​ប​នេះ សម្ដែង​ការ​សោក​ស្ដាយ​ដែល​ខ្មែរ​នៅ​ក្នុង​ស្រុក ​នៅ​ជួប​ប្រទះ​ការ​លំបាក​​ មិន​អាច​ជួយ​ពង្រឹង និង​ផ្សព្វ​ផ្សាយ​​វប្បធម៌​របស់​ខ្លួន​ឱ្យ​បាន​ផុត​ពី​ព្រំដែន​នយោបាយ​សព្វថ្ងៃ។ លោក​ស្នើសុំ​ដល់​ខ្មែរ​អ្នកមាន​ទ្រព្យ​ធន​ឲ្យ​គិត​គូរ​​ជួយ​ដល់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ​នេះ​ផង ដើម្បី​ឱ្យ​ពួក​គាត់​នៅ​មាន​ទឹកចិត្ត​ស្រឡាញ់ និង​ចង់​ថែរក្សា​មត៌ក​វប្បធម៌ និង​ភាសា​ខ្មែរ​តទៅ​ទៀត។

ចំណែក​អ្នក​ស្រាវជ្រាវ និង​គ្រូ​បង្រៀន​ភាសា​ខ្មែរ​ក្នុង​ខេត្ត​សុរិន្ទ​វិញ ចង់​ឱ្យ​ស្ថាប័ន​អប់រំ​នៅ​កម្ពុជា​ងាក​មក​ចាប់​អារម្មណ៍ និង​​ជួយ​ពង្រឹង​ភាសាខ្មែរ​នៅ​ដែន​ដី​ភាគ​ឦសាន​ប្រទេស​ថៃ ជាពិសេស ក្នុង​ខេត្ត​​សុរិន្ទ​នេះ​ដែរ ដើម្បី​ឱ្យ​ភាសា​ខ្មែរ​អាច​ស្ថិត​នៅ​គង់វង្ស​យូរ​អង្វែង​តទៅ​ទៀត។ ការ​ជួយ​នោះ​ គឺ​តាម​រយៈ​ការ​សហការ​ជាមួយ​ក្រសួង​អប់រំ​ថៃ ដើម្បី​​បង្កើត​ជា​សាលា​បណ្ដុះបណ្ដាល​ភាសា​ខ្មែរ​នៅ​លើ​ទឹក​ដី​ថៃ ការ​បញ្ជូន​គ្រូ​បង្រៀន​ និង​ឯកសារ​ផ្សេងៗ​ សម្រាប់​ការ​បង្រៀន​​កូន​ចៅ​អ្នក​ស្រុក​សុរិន្ទ និង​ដែន​ដី​ផ្សេង​ទៀត ដែល​ធ្លាប់​ជា​អតីត​ទឹក​ដី​របស់​ខ្មែរ និង​ដែល​​បច្ចុប្បន្ន​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​របស់​ប្រទេស​​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល