ការ​ប្រារព្ធពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​របស់​អ្នក​ស្រុក ខ្មែរ​សុរិន្ទ​

ដោយ ម៉ៅ សុធានី
2018.04.13
ភ្នំខ្សាច់​នៅ​សុរិន្ទ ភ្នំ​ខ្សាច់ ដែល​អ្នក​ស្រុក​សុរិន្ទ​នាំ​ទៅ​វត្ត ហើយ​ពូន​ឡើង​ក្នុង​ពេល​ចូល​ឆ្នាំ​ថ្មី ដោយ​បំណង និង​មាន​ជំនឿ​ថា ដើម្បី​ផ្តាច់​កម្ម​ពារ ព្រម​ទាំង​បួង​សួង​សុំ​សេចក្តី​សុខ​ចម្រើន​កើត​មាន​ដល់​ក្រុម​គ្រួសារ។
Provided photo

ខេត្ត​សុរិន្ទ​ដែល​ស្ថិត​នៅ​ភាគ​ឥសាន​ប្រទេស​ថៃ​បច្ចុប្បន្ន គឺ​ជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ពលរដ្ឋ​ដើម​កំណើត​​ខ្មែរ​រស់​នៅ​ច្រើន។ ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ទាំង​នោះ ភាគ​ច្រើន​នៅ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និ​ង​អាច​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​បាន​យ៉ាង​ខ្ជាប់​ខ្ជួន។ ដោយសារ​មាន​ឈាម​ជ័រ​ជា​ខ្មែរនេះ​ហើយ​ ទើប​អ្នក​ស្រុក​សុរិន្ទ​ភាគ​ច្រើន​មាន​ទម្លាប់​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ ប្រហាក់​ប្រហែល​គ្នា​នឹង​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​សព្វថ្ងៃ​យ៉ាង​ដូច្នេះ​ដែរ។

អ្នក​ស្រុក​សុរិន្ទ​ដែល​មាន​ដើម​កំណើត​ខ្មែរ និយម​ហៅ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ថា​ជា បុណ្យ​ខែ​ចែត្រ ឬ​អ្នក​ខ្លះ​ក៏​ហៅ​ថា បុណ្យ​សង្រ្កាន្ត។ ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ពួក​គាត់​ មាន​ចំណុច​ខ្លះ​ដូចគ្នា​នឹងរបៀប​របប​របស់​អ្នក​​ស្រុក​ខ្មែរ ប៉ុន្តែ​​មាន​ចំណុច​ខ្លះក៏ប្លែក​គ្នា​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ច័ន្ទ ធុនាសូរ្យ ដែល​ជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​ក្នុង​ខេត្ត​សុរិន្ទ។

លោក​​រៀប​រាប់​​ថា មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មក​ដល់ អ្នក​ស្រុក​សុរិន្ទ​ ​មិន​មាន​ការ​រៀប​ចំ​ផ្ទះ​សម្បែង និង​កាត់​សម្លៀក​បំពាក់​​ថ្មីៗ ទុក​សម្រាប់​ពេល​ចូល​ឆ្នាំនោះ​ទេ ហើយ​ក៏​មិន​មាន​រៀប​ចំ​ជា​គ្រឿង​សក្ការៈ​បូជា​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នោះ​ដែរ​ ព្រោះ​ពួក​គាត់​មិន​មាន​ធ្វើ​ពិធី​ទទួល​ទេវតា​ឡើយ​។ លោក​ថា ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​របស់​ខ្មែរ​សុរិន្ទ​​ គឺ​ភាគ​ច្រើន​អ្នក​ស្រុក​នាំ​គ្នា​ទៅ​វត្ត យក​ចង្ហាន់​ និង​ទេយ្យទាន​ផ្សេងៗ​ដើម្បី​ប្រគេន​ព្រះសង្ឃ​​ ឬ​ក៏​មាន​ការ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​មគ្គផល​ដល់​វិញ្ញាណក្ខន្ធធ​សាច់​ញាតិ​របស់​ពួក​គាត់៖ «ខ្ញុំ​ថា​នៅ​ខាង​នេះ គេ​ធ្វើ​ក្លាយ។ បើ​ថា​រឿង​រៀប​ចំម្ហូប​អាហារ​ទៅ​វត្ត​ទៅ​វ៉ា​អី​នោះ គេ​ទៅ​ហើយ តែ​បើ​រឿង​ទទួល​ទេវតា​មិន​មាន​ទេ។ ខាង​នេះ​ធ្វើ​អ្វី​ដែល​មាន​តាំង​ពី​ដើម​មក​ ដូច​ជា ពូន​ភ្នំ​ខ្សាច់ និមន្ត​លោក​មក​ស្រោច​ទឹក ស្រង់​ព្រះ មុជ​ទឹក​ឱ្យ​ចាស់​ទុំ ស្រោច​ទឹក​ខែ​ចែត្រ​ជាដើម»

លោក​ ច័ន្ទ ធុនាសូរ្យ​ ឱ្យ​ដឹង​ទៀត​ថា អ្នក​ស្រុក​សុរិន្ទ​ក៏​មាន​ជំនឿ​ទៅលើ​ការ​ពូន​ភ្នំខ្សាច់​ដែរ ដោយ​ពួក​គាត់​នាំ​ទៅ​វត្ត​ពូន​ភ្នំខ្សាច់​ដើម្បី​ផ្តាច់​កម្ម​ពារ និង​បួង​សួង​សុំ​សេចក្តី​សុខ​ចម្រើន​កើត​មាន​ដល់​ក្រុម​គ្រួសារ​។​ លោក​បន្ត​ថា ក្រៅពី​នេះ ចូល​ឆ្នាំ​ថ្មី​ក៏​ជាឱកាស​ជួបជុំ​គ្នា​របស់​អ្ន​កស្រុក​សុរិន្ទ ​ដែរ ព្រោះ​មន្ត្រី​រាជការ​​ត្រូវ​បាន​អនុញ្ញាត​ឱ្យឈប់​សម្រាក​ ហើយ​កូន​ចៅ​របស់​ពួក​គាត់​ដែល​ទៅធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​ ឬនៅ​តាម​ទីក្រុង​នោះ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ដើម្បី​មក​ចូល​ឆ្នាំ​ថ្មី​ផង​ដែរ​។ លោក​សង្កត់​ធ្ងន់​ថា នា​ឱកាស​នោះ កូន​ចៅ​របស់​អ្នក​ស្រុក​ក៏​មាន​ការ​ជូន​សម្លៀក​បំពាក់​ ម្ហូប​អាហារ នំចំណី និង​ប្រាក់​កាស​ដល់​អ្នក​មាន​គុណ​របស់​ពួកគេ​ ដូច​ជា ឪពុក​ម្តាយ និង​ជីដូន​ជីតា​ជាដើម​ ដែល​ដូ​ច​គ្នា​នឹង​ទម្លាប់​របស់​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​យ៉ាង​ដូច្នេះ​ដែរ៖ «សម័​យ​នេះ គឺ​ទៅ​ធ្វើ​បុណ្យ​តាម​វត្តនៅ​ថ្ងៃទី ១៣ ដល់ ១៥ មេសា។ បើ​ធ្វើ​ការ​រាជការ​វិញ​ គេ​ឱ្យ​ឈប់​សម្រាក​ ៣​ថ្ងៃ ដើម្បី​ឱ្យ​ទៅធ្វើ​បុណ្យ​ដាក់​បាត នៅ​តាម​វត្ត​ ឬភូមិ​ស្រុក​ណា​ក៏​បាន ទៅ​ចាក់​ទឹក ស្រោចទឹកឱ្យ​ចាស់​ទុំ​ដែល​យើង​គោរព។ ចៅហ្វាយ​ខេត្ត ចៅហ្វាយ​ស្រុក​ មេភូមិ​ជា​ដើម​ ឱ្យ​ទៅ​ស្រោចទឹក​ និង​ឱ្យ​ពរ​គេ​។ ចូល​ឆ្នាំ​ថ្មី​ហើយ​ក៏​ទៅ​យក​ទឹក​ព្រះ​ស្រោច​ឱ្យ​គេ»

ងាក​ទៅ​ល្បែង​ប្រជាប្រិយ​វិញ លោក​ ច័ន្ទ ធុនាសូរ្យ​ អះអាង​ថា កាល​ពី​ជាង ២០ ឆ្នាំ​មុន​ អ្នក​ស្រុក​សុរិន្ទ​ក៏នាំ​គ្នា​​លេង​ល្បែង​ប្រជាប្រិយ​ មាន​ដូច​ជា បោះអង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង និង​ចាប់​កូន​ខ្លែង ដូច​នៅ​​កម្ពុជា​ដែរ ជាពិសេស មាន​ការ​សម្តែង​របាំ​ត្រុដិ និង​កន្ទ្រឹម​បូរាណ កំដរ​ឱ្យ​ការ​កម្សាន្ត និង​រាំលេង​​សប្បាយ​។ ​ក៏​ប៉ុន្តែ​លោកថា បច្ចុប្បន្ន​ ប្រពៃ​ណី​នេះ​បានបាត់​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ នៅ​សល់​តែ​ការ​លេង​ល្បែង​ប្រជាប្រិយ​តិច​តួច​ប៉ុណ្ណោះ​ ហើយ​អ្ន​ក​លេង​នោះ​ទៀត​សោត​ ភាគ​ច្រើន​គឺ​ជា​មនុស្ស​វ័យ​ចំណាស់​។ លោក​អះអាង​ថា សព្វថ្ងៃនេះ ក្មេងៗ​នាំគ្នា​និយម​លេង​តែ​ល្បែងចាក់​ទឹក និង​លាបម្ស៉ៅ​តែ​ប៉ុណ្ណោះ៖ «ទាញ​ព្រ័ត្រ ចោល​ឈូង លាក់​កន្សែង ជា​ដើម កាលពី​ដើម​មាន​លេង សព្វថ្ងៃមិន​មាន​ទេ​។ ពី​ដើម​គេ​លេង​កន្ទ្រឹម​ រាំត្រុដិ មាន​ការ​ជួបជុំ​គ្នាទាំងចាស់​ទាំង​ក្មេង រាំលេង​សប្បាយ តែ​សព្វ​ថ្ងៃ​មិន​មាន​ទេ វា​បាត់​បង់​អស់​ហើយ​។ សព្វថ្ងៃ​មាន​តែ​គេ​យក​គ្រឿង​បំពង​សំឡេង បើក​ធុងបាស​​រាំ តែ​បែប​បូរាណ​មិន​មាន​ទេ»

អ្នកស្រាវជ្រាវ​ផ្នែក​វប្បធម៌​ និងអរិយធម៌​ខ្មែរ​ក្នុង​ខេត្ត​សុរិន្ទ លោក ជ័យ មង្គល​ អះអាងថា ការ​លេង​ល្បែង​ចាក់​ទឹក និង​លាប​ម្ស៉ៅ​នេះ មិន​មែន​ជា​ប្រពៃណី​របស់​ខ្មែរ​សុរិន្ទ​ឡើយ​ ដោយ​ល្បែង​ទាំង​នោះ​​ ទើប​តែ​នឹង​ឃើញ​មាន​​នៅ​ជំនាន់​ក្រោយ​នេះ​ទេ។

លោក​ ជ័យ​ មង្គល​ កត់សម្គាល់​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរសុរិន្ទមាន​លក្ខណៈ​ខុស​គ្នា​នៅតាម​តំបន់ ដោយ​អ្នក​រស់​នៅ​តាម​ស្រុកស្រែ​ចម្ការ​ឆ្ងាយៗ​ មាន​ការ​ធ្វើ​ប្រហាក់​ប្រហែល​គ្នា​នឹង​ខ្មែរ​នៅ​កម្ពុជា​ដែរ ជា​ពិសេស ទាក់ទឹង​នឹង​ការ​ធ្វើ​តាម​ជំនឿ​សាសនា ប៉ុន្តែ​បើ​នៅ​តាម​ទីប្រជុំ​ជន​វិញ មាន​ការ​ប្រែក្លាយ​ចំណុច​ជា​ច្រើន​គួរ​ឱ្យព្រួយ​​បារម្ភ​​។ នោះ​គឺ​ការ​លេង​ចាក់​ទឹកលាប​ម្ស៉ៅ​ដែល​ខុស​ពី​ទម្លាប់​ដើមរបស់​អ្នក​ស្រុក​សុរិន្ទ និង​ការ​ជួបជុំ​គ្នា​ផឹកស៊ីជាដើម​ ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍កើត​ឡើង​​ជាច្រើន​ករណី៖ «អត់​មាន​អី​ទេចូល​ឆ្នាំ​ ក្មេង​មាន​តែ​ជិះ​ម៉ូតូ​ ផឹក​ស្រាជល់​គ្នា។ វា​ចប់​ទៅ​ហើយ ក្មេង​សព្វថ្ងៃ​មាន​ស្អី​ទៀត មាន​តែ​ធ្វើ​អញ្ចឹង​ហើយ​ក៏​មាន​អ្នក​ស្លាប់​ប៉ុណ្ណឹង​ឯង»

លោក​បន្ត​ថា សព្វថ្ងៃ​​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មីរយៈពេល​ ៣ ថ្ងៃ​នេះ​ ហាក់​ដូច​ជា​លែង​ជា​កម្មវិធី​បុណ្យ​ប្រពៃ​ណី​សំខាន់​​តទៅ​ទៀត​ហើយ ដោយ​សារកូន​ខ្មែរ​សុរិន្ទជំនាន់​ក្រោយ​​គិត​ថា វា​គ្រាន់​តែ​ថ្ងៃ​ឈប់​សម្រាកធម្មតា​។ លោក​បញ្ជាក់​ថា ​នៅសល់​តែ​មនុស្ស​វ័យ​ចំណាស់​ដែល​រស់នៅ​​តាម​ស្រុក​ស្រែ​​ចម្ការក្នុង​​ខេត្ត​សុរិន្ទ និង​ស៊ីសាកេត ប៉ុណ្ណោះ​ ដែល​គិត​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ជា​ពេល​វេលា​សំខាន់​ និង​តែ​ងនាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ៖ «វា​ដូច​យើង​និយាយ​អញ្ចឹង វា​អស់​ហើយ​ គឺ​ធ្វើ​ឱ្យយើង​អត់​​យល់​ន័យ​វា វា​បាន​តែ​ធ្វើៗ​ទៅ​ ធ្វើ​តាម​ទម្លាប់​ធ្លាប់​ធ្វើ​ មិន​មែន​ធ្វើ​តាម​យល់​ តាម​ស្រឡាញ់​អ្វីទេ​ សូម្បីតែ​ស្រុក​ខ្មែរ​ក៏​ហិនហោច​ច្រើន​ដែរ​។ កាលពី​មុន​ ខ្ញុំ​ទៅបាត់​ដំបង​ថ្ងៃ​ចូល​ឆ្នាំ ឃើញ​គេ​ចូល​មក​លេង​នេះ​លេង​នោះ ទាំង​ក្មេង​ទាំង​ចាស់ គឺ​នៅ​តែ​សប្បាយ។ សព្វថ្ងៃ​ស្រុក​ខ្មែរ​ដូច​ជា​ស្រុក​ថៃ​អញ្ចឹង ផឹក​ស៊ី វាយ​កាប់​ចាក់​គ្នា ស្លាប់​ទៅ​តែ​ប៉ុណ្ណឹង​ឯង»

អ្នក​ស្រាវជ្រាវ​រូប​នេះ សង្កត់ធ្ងន់ថា ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រពៃណី​ដើម​នៃ​ការ​ប្រារព្ធពិធី​បុណ្យ​ចូល​ឆ្នាំ​​ថ្មីរបស់​ខ្មែរសុរិន្ទ​​​អាច​នឹង​បាត់​បង់​ទាំងស្រុង​​ ឬក៏​ប្រែ​ក្លាយ​ទៅ​ជា​អ្វី​ផ្សេង​ទៅ​វិញ នៅ​ពេល​អស់​ពី​មនុស្សវ័យ​ចំណាស់​​​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។