ជីវប្រវត្តិ​សង្ខេប​​របស់​លោក​ព្រឹទ្ធាចារ្យ ឆេង ផុន

ដោយ សេក បណ្ឌិត
2016-12-24
Share
ឆេង ផុន ៨៥៥ លោក​ព្រឹទ្ធាចារ្យ ឆេង ផុន អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ក៏​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ Photo courtesy of mcfa.gov.kh
Photo courtesy of mcfa.gov.kh

​លោក​ព្រឹទ្ធាចារ្យ ឆេង ផុន អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ទទួល​មរណភាព​នៅ​ក្នុង​ជន្មាយុ ៨៦​ឆ្នាំ ដោយសារ​រោគាពាធ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ។

​ក្រុម​គ្រួសារ​មាន​ក្ដី​ទុក្ខ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ថា​មរណភាព​របស់​លោក ឆេង ផុន គឺ​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​ម្នាក់​របស់​គ្រួសារ និង​ប្រទេស​ជាតិ។ លោក​ត្រូវ​បាន​សិស្ស និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ជា​ច្រើន​ជំនាន់  និង​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អរិយធម៌ បាន​ចាត់​ទុក​ជា​ព្រឹទ្ធាចារ្យ​ដ៏​ឆ្នើម​ក្នុង​ការ​អប់រំ បណ្ដុះ​ឆន្ទៈ​សិល្បករ​ឲ្យ​ស្រឡាញ់​សិល្បៈ វប្បធម៌ ដែល​ជា​ដួង​ព្រលឹង​របស់​ខ្មែរ។

​ជាង​នេះ​ទៅ​ទៀត លោក​ក៏​ជា​ស្ថាបនិក​មួយ​រូប​ដែល​ជា​អ្នក​ជួយសង្គ្រោះ​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩។

​លោក​តា ឆេង ផុន ក្រៅ​ពី​ធ្លាប់​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ និង​ព័ត៌មាន​ជិត​មួយ​ទសវត្សរ៍​កន្លង​មក​នោះ លោក​ក៏​ជា​អតីត​ប្រធាន​គ.ជ.ប ដំបូង​គេ​នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៣ គឺ​បន្ទាប់​ពី​សម័យ​អ៊ុនតាក់។

​លោក សេក បណ្ឌិត បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក​តា ឆេង ផុន កាល​ពី​ឆ្នាំ​២០១២ និង​មនុស្ស​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បាន​រៀបរាប់​ពី​ប្រវត្តិ​សង្ខេប​ខ្លះៗ​របស់​លោក​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

​អ្នក​សិក្សា​ស្រាវជ្រាវ​សិល្បៈ វប្បធម៌ និង​អរិយធម៌ ភាគ​ច្រើន​បាន​ប្រសិទ្ធិនាម​ឲ្យ​លោក​តា ឆេង ផុន ថា ជា​វិស្វករ​ព្រលឹង​ក្នុង​ពិភព​សិល្បៈ​វប្បធម៌​ខ្មែរ។

ក្រុម​សិល្បករ​បាន​ពន្យល់​ថា វិស្វករ​ព្រលឹង​គឺ​ជា​អ្នក​បណ្ដុះ​ឆន្ទៈ មនសិការ​ជាតិ​ដល់​សិល្បករ​ឲ្យ​ចេះ​ស្រឡាញ់​វប្បធម៌​ជាតិ  ព្រមទាំង​បណ្ដុះ​ឲ្យ​សិល្បករ​មាន​បញ្ញា​ស្មារតី ជាពិសេស​ឲ្យ​មាន​ព្រលឹង​សិល្បៈ​ក្នុង​ខ្លួន​ច្បាស់លាស់​ពិត​ប្រាកដ។

​លោក ឆេង ផុន  ក្នុង​អតីតកាល​ជា​ក្មេង​កំព្រា​ម្ដាយ​តាំង​ពី​អាយុ ៨​ឆ្នាំ ហើយ​អាយុ​បាន ១៨​ឆ្នាំ ក៏​កំព្រា​ឪពុក​ទៀត។ លោក​កើត​នៅ​ឆ្នាំ​១៩២៩ នៅ​ខេត្ត​កំពង់ចាម។ ថ្វី​ត្បិត​តែ​លោក​ជា​ក្មេង​កំព្រា ប៉ុន្តែ​មាន​ការ​សិក្សា​មួយ​ច្បាស់លាស់។ នៅ​ថ្នាក់​មធ្យមសិក្សា ខេត្ត​កំពង់ចាម ក្រៅ​ពី​សិក្សា​ចំណេះ​ទូទៅ លោក​មាន​ឱកាស​បាន​ហាត់​រៀន និង​សម្ដែង​សិល្បៈ​ផ្សេងៗ ជាពិសេស​ល្ខោន​និយាយ។ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៦០ លោក​បាន​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) និង​បន្ត​ចូល​ដល់​សាលា​គរុកោសល្យ។ ក្នុង​អំឡុង​ពេល​នោះ លោក​នៅ​តែ​បន្ត​ហាត់រៀន​វិជ្ជា​សិល្បៈ​នេះ​នៅ​ឡើយ ដោយ​មាន​គ្រូ​ខ្មែរ និង​បារាំង ជា​អ្នក​បង្ហាត់ រហូត​ក្លាយ​ជា​សមាជិក​ក្រុម​ល្ខោន​ជាតិ​នៅ​អំឡុង​ឆ្នាំ​១៩៦៦។

​លោក​តា ឆេង ផុន បញ្ជាក់​ថា ការ​សម្ដែង​របស់​លោក​កាល​នោះ មិន​បាន​ដើរ​តួ​អី​ជា​ធំដុំ​នោះ​ទេ ភាគ​ច្រើន​ជា​តួ​ត្លុក​កំប្លែង ប៉ុន្តែ​មាន​ប្រជាប្រិយ​គ្រាន់​បើ​ក្នុង​ស្រទាប់​មហាជន៖ «កាល​នោះ​វា​មាន​ល្ខោន​លីសសេ និង​ល្ខោន​ណូកមាល់ ហើយ​ជា​អ្នក​លេង​ពូកែ​ជាង​គេ​ក្នុង​ចំណោម​ពួក​ហ្នឹង។ អ្នក​ស្រុក​ចូល​ចិត្ត នា​ម៉ឺន​គ្រូបង្រៀន​អី​គេ​រាប់អាន។ ច្រើន​ជា​ត្លុក​កំប្លែង ជា​សែណែត​អី​អ៊ីចឹង ទៅ​បាន​ជាប់​ល្ខោន​ហ្នឹង​ចូល​មក​ក្នុង​សាលា»

​ចាប់​ពី​ពេល​នោះ រហូត​មក​ដល់​ត្រឹម​សម័យ​ខ្មែរ​ក្រហម លោក​មាន​ឱកាស​ជា​អ្នកដឹកនាំ​រឿង ជា​គ្រូបង្រៀន​សិល្បករ និង​ជា​អ្នក​ផ្ដើម​គំនិត​ស្រាវជ្រាវ​ដើម្បី​ច្នៃ​បង្កើត​នូវ​ទម្រង់​សិល្បៈ​ផ្សេងៗ​ដែល​បាន​បាត់បង់ និង​កំពុង​មាន​ភាព​ស្រពេចស្រពិល​នោះ ឲ្យ​មាន​ទម្រង់​មួយ​ច្បាស់លាស់ មាន​ខ្នាត​មួយ​ត្រឹមត្រូវ និង​មាន​ខ្លឹមសារ​ស្រប​ទៅ​តាម​វប្បធម៌​ជាតិ។ ​ទម្រង់​សិល្បៈ​ទាំង​នោះ រួមមាន​ល្ខោន​យីកេ រឿង ទុំ ទាវ ម៉ាក  ថឺង និង​របាំ​ប្រជាប្រិយ​របាំ​ខ្មែរ​លើ​ជាដើម។

នៅ​ក្រោយ​របប​ខ្មែរ​ក្រហម លោក​ជា​ស្ថាបនិក​មួយ​រូប​រួម​គ្នា​ជាមួយ​សិស្ស និង​គ្រូ​ដែល​សល់​ពី​ស្លាប់ បាន​បន្ត​ការងារ​របស់​លោក​ទៅ​មុខ​ទៀត។ លោក​បាន​ប្រមែប្រមូល​នូវ​រាល់​ទម្រង់​សិល្បៈ​ខ្មែរ ដែល​បាន​បាត់បង់ ខ្ចាត់ខ្ចាយ​នៅ​ក្នុង​របប​ខ្មែរក្រហម​មក​វិញ ស្វែង​រក​សិល្បករ​ដែល​សល់​ពី​ស្លាប់ និង​មនុស្ស​ជំនាន់​ថ្មី មក​ដុស​ខាត់ ហាត់​រៀន ឲ្យ​មាន​ជីវិត រូបរាង ពណ៌​សម្បុរ​ជា​សិល្បៈ​ឡើង​វិញ​ក្រោយ​ឆ្នាំ​១៩៧៩។

​នៅ​ឆ្នាំ​១៩៨១ លោក​ត្រូវ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដឹកនាំ​ដោយ​លោក ហេង សំរិន បាន​តែងតាំង​លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ និង​ព័ត៌មាន រហូត​ដល់​ឆ្នាំ​១៩៨៩។

ត្រង់​ចំណុច​នេះ លោក​តា ឆេង ផុន បាន​មាន​ប្រសាសន៍​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១២ ថា ឱកាស​លោក​បាន​ឡើង​ជា​រដ្ឋមន្ត្រី​នោះ មិន​មែន​ដោយសារ​លោក​ជា​មនុស្ស​ពូកែ​ជាង​អ្នក​ដទៃ​នោះ​ទេ ប៉ុន្តែ​វា​ជា​ដំណាក់កាល​មួយ​ខ្វះ​ធនធាន​មនុស្ស ហើយ​បញ្ហា​វប្បធម៌​ជា​រឿង​ស្មុគស្មាញ​មួយ ដែល​ពិបាក​នឹង​រក​អ្នក​ទទួល​ខុស​ត្រូវ៖ «ដូច​ពួក ក្រវិល (ពេជ្រទុំ ក្រវិល) ពួក​អី​ហ្នឹង គេ​មិន​ព្រម​ចូល​ធ្វើ​ទេ វា​ថា​មិន​ឲ្យ​ចាញ់​បោក​គេ មិន​ឲ្យ​គេ​ត្រួតត្រា​វា​ទេ វា​ប្រកែកញ៉ាញ រួច​ខ្ញុំ​ថា បើ​ឯង​មិន​ធ្វើ​មាន​តែ​ឲ្យ​គេ​ធ្វើ? ហើយ​បើ​ឲ្យ​គេ​ធ្វើ​ហើយ​កុំ​បន្ទោស​គេ​ថា គេ​ធ្វើ​មិន​កើត ឯង​មិន​ធ្វើ​ទុក​ឲ្យ​អញ​ធ្វើ អញ​នឹង​ចេញ​ពី​កំពង់ធំ។ កាល​នោះ​ខ្ញុំ​នៅ​កំពង់ធំ»

​លោក​ទទួល​ស្គាល់​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​នៅ​ត្រង់​អន្លើ​ខ្លះ​បាន​ទទួល​ជោគជ័យ កន្លែង​ខ្លះ​មិន​បាន​ទទួល​ជ័យ​ទេ។ បញ្ហា​នេះ​លោក​បាន​បង្ហាញ​ថា កាល​នោះ​ស្ថិត​ក្នុង​ស្ថានការណ៍​ប្រឡូកប្រឡាក់​គ្នា​ច្រើន ក្នុង​នោះ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ផង និង​ការ​ខ្វែង​គំនិត​ក្នុង​ក្រុម​សិល្បៈ​គ្នា​ឯង​ផង៖ «កាល​ណោះ​យើង​ចង់​ធ្វើ​អ៊ីចេះ គេ​ចង់​ធ្វើ​អ៊ីចុះ ម្ល៉ោះ​ហើយ​ការ​ចង់​ខុស​គ្នា​ហ្នឹង​ហើយ ជួន​ជា​បំណង​នយោបាយ ជួន​ជា​បំណង​របស់​សិល្បករ​ទៅ»

​លោក អៀង ស៊ីធុល ជា​សិល្បករ​ល្បី​ឈ្មោះ​ម្នាក់​ដែល​គេ​ស្គាល់​ស្ទើរ​គ្រប់​គ្នា​ថា ជា​តួអង្គ ទុំ ក្នុង​រឿង​ល្ខោន​យីកេ ទុំ ទាវ ក្រោយ​ឆ្នាំ​១៩៧៩។ លោក​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​តា ឆេង ផុន ជា​គ្រូ​ឧបជ្ឈា​របស់​លោក និង​សិល្បករ​ជា​ច្រើន​ទៀត​តាំង​ពី​ឆ្នាំ​១៩៧១ រហូត​មក។

លោក​តា ឆេង ផុន ជា​គ្រូ​ម្នាក់​ដែល​មាន​ពហុ​នៃ​ចំណេះ។ លោក​មិន​ត្រឹមតែ​បង្រៀន​សិស្ស​ឲ្យ​ចេះតែ​សម្ដែង​សិល្បៈ​ប៉ុណ្ណោះ​ទេ លោក​ក៏​បាន​ជំរុញ​ឲ្យ​សិល្បករ​មាន​ពុទ្ធិ​ក្នុង​ខ្លួន ចេះ​សិក្សា​ស្វែង​រក​ចំណុច​កំពូល​នៃ​ការ​ជឿនលឿន​របស់​សិល្បៈ ដឹកនាំ​សិល្បៈ​ឲ្យ​មាន​ដំណើរ​ផ្សារភ្ជាប់​ជាមួយ​នឹង​ជីវិត​ពិត និង​ថាមពល​ក្នុង​សង្គម៖ «លោក​តែងតែ​យក​ពេល​វេលា​មួយ​ដាស់តឿន​ជានិច្ច ជាពិសេស​ចំណេះ​ដឹង​អប់រំ​ខាង​ផ្លូវ​ចិត្ត ឲ្យ​យើង​យល់​ដឹង​ពី​វិធាន​ទូទៅ​នៃ​សិល្បៈ​ថា សិល្បៈ​ជា​អ្វី សិល្បៈ​អាច​ជួយ​យើង ឬ​ប្រទេស​ជាតិ​យើង​អាច​ឋិតថេរ​គង់វង្ស​បាន»

​លោក​បន្ត​ថា ទោះ​ក្នុង​កាលៈទេសៈ​លំបាក​បែប​ណា​ក៏ដោយ លោកតា ឆេង ផុន នៅ​តែ​ឆ្លៀត​កសាង​បាន​ស្នាដៃ​ល្បីល្បាញ​ជាមួយ​គ្រូ និង​សិស្ស ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​បាន​ច្រើន​រាប់​មិន​អស់។ លោក​បាន​កត់សម្គាល់​ទៀត​ថា នៅ​ក្នុង​អំឡុង​ពេល​ដែល​គាត់​គ្រប់គ្រង​សិល្បៈ វប្បធម៌ មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ស្ទើរ​គ្រប់​ទម្រង់​សិល្បៈ ធ្វើ​ឲ្យ​ព្រលឹង​សិល្បៈ​រស់​ឡើង​វិញ និង​ពេញ​និយម​គ្រប់​ស្រទាប់​មហាជន។

ក្រៅ​ពី​នេះ លោក​បាន​បន្សល់ទុក​នូវ​បទពិសោធន៍ និង​ការ​អនុវត្ត​ផ្ទាល់​នូវ​ពាក្យ​ទូន្មាន​ដ៏​មាន​សារប្រយោជន៍​រាប់​មិន​អស់​សម្រាប់​ឲ្យ​សិល្បករ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​របស់​ខ្លួន មិន​ឃ្លីងឃ្លោង​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ពិត​ប្រាកដ។

​ទោះ​យ៉ាង​នេះ​ក្តី លោក​តា ឆេង ផុន ខ្លួន​ឯង​ផ្ទាល់ បាន​ថ្លែង​ថា បេសកកម្ម​របស់​លោក​បាន​ចប់​មុន​ផែនការ​អភិវឌ្ឍ​ផ្នែក​សិល្បៈ វប្បធម៌​ជាតិ​របស់​លោក។ ការ​អភិវឌ្ឍ​មិន​ចប់​ចុង​ចប់​ដើម ជា​ក្ដី​បារម្ភ​មួយ​ដល់​ការ​ទ្រោម​ចុះ​នៃ​សិល្បៈ​វប្បធម៌​ជាតិ។ ពីព្រោះ​សិល្បករ​ខ្មែរ​នៅ​ខ្វះខាត​ច្រើន​ណាស់ ដូចជា​ការ​រៀន​ស្គាល់​ព្រលឹង​ខ្លួន​ឯង ការ​ពង្រឹង​ទប់​សម្បក​រូប​កាយ​ខាង​ក្រៅ ខ្លួន​ឯង​ឲ្យ​ឈរ​បាន​រឹងមាំ។

​លោក​បារម្ភ​បំផុត គឺ​ការ​បាត់​នូវ​ព្រលឹង​សិល្បៈ ការ​តោង​មិន​ជាប់​នូវ​ព្រលឹង​នោះ​ឯង៖ «តោង​ព្រលឹង​នោះ​ត្រង់​ថា ចង់​ញោច​ផ្លូវ​ចិត្ត មុន​ញោច​ផ្លូវ​កាយ ដោយ​សិក្សា​ពី​រំញោច ផ្លូវ​ចិត្ត​សិន កាយ និង​ចិត្ត​ស៊ី​គ្នា​នៅ? អ៊ីចឹង​បាន​ខ្ញុំ​ចេះតែ​ប្រាប់​ពួក​នេះ​ថា អញ​នៅ​ខ្វះ​ច្រើន​ណាស់ ដូចជា​កម្មវិធី ៣​ឆ្នាំ​ខាង​ផ្លូវ​កាយ ៣​ឆ្នាំ​ខាង​ផ្លូវ​ចិត្ត ៣​ឆ្នាំ​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត​ទៀត ៩​ឆ្នាំ»

​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ លោក អ៊ុន ទឹម ដែល​ធ្វើការ​ជិតស្និទ្ធ​នឹង​លោក ឆេង ផុន បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​សិល្បៈ លោក ឆេង ផុន បាន​ទទួល​មេដាយ​ថ្នាក់​ខ្ពស់​បំផុត​ចំនួន​ពីរ។ ទី​មួយ​ពី​ព្រះបរមរាជវាំង និង​ទី​ពីរ​ប្រទេស​ជប៉ុន៖ «ជប៉ុន​គឺ​ពាន​រង្វាន់​វប្បធម៌​អាស៊ី នៅ​ឆ្នាំ​៩៧។ ប្រទេស​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន​ពាន​រង្វាន់​ប្រភេទ​នេះ​នៅ​ឡើយ​ទេ»

​ចំពោះ​គុណវិបត្តិ​របស់​លោក​តា ឆេង ផុន គេ​ពិបាក​នឹង​កត់សម្គាល់​ឃើញ​ជា​ចំហ​ណាស់។ ខ្លួន​លោក​ផ្ទាល់​បាន​ថ្លែង​ថា មនុស្ស​គ្រប់រូប​ជៀស​មិន​ផុត​ពី​គុណវិបត្តិ​ឡើយ។ ប៉ុន្តែ​លោក​រក​នឹក​មិន​ឃើញ​ថា តើ​លោក​មាន​កំហុស​អ្វី​ជា​ដុំកំភួន​នោះ​ទេ។

លោក អៀង ស៊ីធុល មាន​ប្រសាសន៍​ថា លោក​តា ឆេង ផុន មិន​សូវ​ទប់​អារម្មណ៍ ចង់​លាក់លៀម​នូវ​អ្វី​ដែល​លោក​ចង់​និយាយ ចង់​កែ​លម្អ​​នោះ​ទេ។ ឧទាហរណ៍ នៅ​ពេល​ឃើញ​កូន​សិស្ស​ធ្វើ​អ្វី​ខុស ឬ​មាន​ការ​ជជែក​ខ្វែង​គំនិត​គ្នា​អ្វី​មួយ គឺ​មាន​ប្រតិកម្ម​ភ្លាមៗ៖ «អ្វី​ដែល​យើង​ធ្វើ​មិន​ត្រូវ​នឹង​គន្លឹះ​ទិស​ដៅ​វប្បធម៌​ជាតិ គឺ​គាត់​ជេរ​ហើយ​គាត់​ថា​ហើយ គឺ​គាត់​មាត់​ឆៅ​អ៊ីចឹង​តែម្ដង»

​លោក​តា ឆេង ផុន មាន​កូន​បួន​នាក់ ភាគ​ច្រើន​ពួកគាត់​មិន​មាន​តួនាទី​ធំដុំ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។ កូន​លោក​ភាគ​ច្រើន​ជា​អ្នក​សិក្សា និង​ធ្វើការ​ផ្នែក​សិល្បៈ​ដូច​ឪពុក​ដែរ។

​លោក​តា ឆេង ផុន ក៏​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​២ នៅ​ឆ្នាំ​១៩៩៧ បន្ទាប់​ពី​អាណត្តិ​ទី​មួយ​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ជា​អ្នក​ជួយ​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​លើក​ដំបូង​ក្រោយ​កម្ពុជា បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ។ គ.ជ.ប ដែល​គ្រប់គ្រង​ដោយ​លោក ឆេង ផុន កាល​នោះ មាន​ការ​រិះគន់​ច្រើន​ថា ធ្វើ​ការ​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា។

​លោក​តា ឆេង ផុន បាន​បញ្ជាក់​ថា តួនាទី​នេះ​លោក​មិន​ពេញចិត្ត​ឡើយ ហើយ​ការ​តែងតាំង​នោះ​ដោយសារ​ខ្វះ​មនុស្ស។ នៅ​ក្រោយ​ចប់​ការងារ​បោះឆ្នោត​នៅ​អាណត្តិ​ទី​២​នោះ លោក​ក៏​សម្រេច​ចិត្ត​លា​ឈប់ ដោយសារ​ភាព​ធុញទ្រាន់​នឹង​ការងារ​នោះ ម្យ៉ាង​ដល់​ពេល​ដែល​លោក​គិតគូរ​​រឿង​ធម៌​អារ្យ​ផង៖ «ធុញ​នឹង​វា​ពុំ​មាន​ការពិត គ្មាន​ការ​ពិត​យ៉ាង​ម៉េច​ទៅ? ពិបាក​និយាយ​ណាស់​ជាមួយ​ពួក​គ្មាន​ការពិត អំពើ​ល្អ។ នាំ​ឲ្យ​គេ​ទៅ​ធ្វើ​អំពើ​ល្អ​នោះ​វា​តឹង​ណាស់ តឹង​ទ្រូង»

កាល​នោះ​មាន​ការ​រិះគន់​​ជា​ច្រើន​ថា គ.ជ.ប ធ្វើការ​មិន​បាន​ត្រឹមត្រូវ​មាន​ភាព​លំអៀង​ទៅ​រក​បក្ស​នយោបាយ​ម្ខាងៗ​ជាដើម។ ក្រោយ​ការ​លា​ឈប់​ពី គ.ជ.ប លោក​បាន​កសាង​មជ្ឈមណ្ឌល​វិបស្សនា​ដ៏​ធំ​មួយ​នៅ​ព្រែកហូរ ខេត្ត​កណ្ដាល។ កន្លែង​នោះ​ជា​ទី​ស្ងប់​សុខ​នៃ​ជីវិត​ចុង​ក្រោយ​របស់​លោក​ក្នុង​ការ​ស្វែង​រក​ធម៌​អារ្យ និង​ជា​កន្លែង​មួយ​ស្ងប់ស្ងាត់ សម្រាប់​សិល្បករ​ជ្រកកោន ដើម្បី​សិក្សា​បន្ត​ទៅ​ឧត្ដមវិជ្ជា ហើយ​ក៏​សម្រាប់​អ្នក​ផង​ដែល​ចង់​សិក្សា​រក​ឲ្យ​ឃើញ​ថា អ្វី​ទៅ​ដែល​ហៅ​ថា "កើត​ស្អាត រស់​នៅ​ស្អាត និង​ស្លាប់​ស្អាត"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល