ពលរដ្ឋ​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ក្រចេះ​ប្រមូល​គ្នា​រៀន​ភ្លេងពិណពាទ្យ

ដោយ ថន ថារ៉ូ
2018-10-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ការ​ប្រគំ​ភ្លេង​ពិណពាទ្យ​ក្នុង​ពិធី​ក្រុងពាលី។
ការ​ប្រគំ​ភ្លេង​ពិណពាទ្យ​ក្នុង​ពិធី​ក្រុងពាលី។
Photo: RFA

ពលរដ្ឋ​មួយ​ក្រុម​នៅ​ទី​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​ក្រចេះ បាន​នាំគ្នា​រៀន​លេងភ្លេង​ពិណពាទ្យ​នៅ​ក្នុង​វត្ត។ ពលរដ្ឋ​ប្រាប់​ថា ការ​ហាត់រៀន​ភ្លេងបុរាណ​នេះ ព្រោះ​ចិត្ត​ស្រលាញ់​ចូលចិត្ត និង​ចង់​ចូលរួម​ថែរក្សា​កេរ្តិ៍​ដំណែល​វប្បធម៌​ដូនតា។ សូម​លោក​អ្នកនាង​ស្ដាប់​សេចក្ដី​រាយការណ៍​មួយ​ស្តីពី​វត្ត​បុទម​រាជា​ដីដុះ កន្លែង​ផ្ដល់​ជំនាញ​ភ្លេងពិណពាទ្យ​ដល់​កូន​អ្នកស្រុក​ដូចតទៅ។

សូរ​គ្រលួច​នៃ​ភ្លេងពិណពាទ្យ​បាន​លាន់ឮ​ចេញពី​វត្ត​មួយ​នៅ​ទី​ជនបទ​នៃ​ទឹកដី​ខេត្ត​ក្រចេះ​ឈ្មោះ វត្ត បុទមរាជាដីដុះ ស្ថិត​ក្នុង​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែកប្រសព្វ។ ឧបករណ៍​នេះ​បន្សល់​ទុក​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ក្លាយ​ជា​ថ្នាល​សម្រាប់​បណ្ដុះ​ការហាត់​រៀន​លេងភ្លេង​បុរាណ​ដល់​កូន​អ្នកភូមិ​ដោយ​មិន​បង់​ប្រាក់។ ជា​រៀងរាល់​ល្ងាច​ក្រុម​យុវជន​តែង​ឆ្លៀត​ពេលទំនេរ​ពី​ការ​សិក្សា និង​ការងារ​ប្រចាំថ្ងៃ​មក​ហាត់រៀន​ភ្លេងពិណពាទ្យ​នេះ។ ការហាត់​រៀន​ភ្លេង​នេះ​គឺ​ហាត់ រៀន​តៗ​គ្នា​មានន័យថា​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិចតួច។

អង្គុយ​បទ​ជើង​លេង​រនាតឯក។ កញ្ញា អ៊ន ស្រីស្រស់ ដែល​ចាប់ចិត្ត​នឹង​ការ​រៀន​លេង​គោះ រនាតឯក​ក្រោយពី​ទំនេរ​ពី​ការសិក្សា​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ទឹកមុខ​ញញឹម​អឹមអៀម​ថា នាង​រៀន​ភ្លេង​នេះ​ចេះ​បាន​១០​បទ​ដែរ។ កញ្ញា អ៊ន ស្រីស្រស់ រម្លឹក​ឲ្យ​ដឹង​ទៀត​ថា នាង​សម្រេចចិត្ត​ចូល រៀន​វង់ភ្លេង​នេះ​ព្រោះ​ចិត្ត​ស្រលាញ់​តន្ត្រីបុរាណ៖ «ខ្ញុំ​ចង់​រៀន​ឆ្លៀតពេល​ថ្ងៃ​សៅរ៍​ថ្ងៃអាទិត្យ​ស្រីៗ​មក​រៀន​ប៉ុន្មាន​នាក់​ដែរ​តាស ប៉ុន្តែ​គេ​ឈប់​អស់ហើយ​នៅ​សល់​តែ​ពីរ​នាក់​ទេ»

បុរស​ជា​កសិករ​ម្នាក់ទៀត​លោក ណោ ខន ដែល​ចូលរួម​ហាត់រៀន​លេង​ឧបករណ៍​តន្ត្រីបុរាណ នេះ​ដែរ​ប្រាប់​ថា ពលរដ្ឋ​ក្នុង​ភូមិ​លើកទឹកចិត្ត និង​ផ្ដល់​តម្លៃ​ដល់​លោក​នៅ​ពេល​ដែល​ឃើញ​លោក​ហាត់រៀន​លេងភ្លេង​ពិណពាទ្យ។ បុរស​រូប​នេះ​បន្ត​ថា លោក​មក​ហាត់រៀន​លេងភ្លេង​នេះ ក្រោយ​ទំនេរ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ។ លោក ណោ ខន បញ្ជាក់​ថា ក្នុង​មួយថ្ងៃ​លោក​ឆ្លៀត​មក​រៀន ភ្លេងបុរាណ​ក្នុង​រយៈពេល​ពី​ពីរ​ទៅ​បី​ម៉ោង៖ «នេះ​ដល់​យើង​ឆ្លៀត​ហាត់​បានតែ​ពេល​ល្ងាច​ទេ ដល់​ម៉ោង​១០​អី​ណឹង​អស់ហើយ​អត់​មាន​ទៅមុខ​រួច​ទេ។ គ្រាន់បើ​ដែរ កាលណា​យើង​ចេះ​ទៅ​យើង​ទៅ​ណា​ទៅ​ណី​វា​ស្រួល​ភ្លេង​គេ​ជួល​យើង​ក៏បាន​លុយ​គេ​ផ្គត់ផ្គង់​គ្រប់មុខ​ទាំងអស់»

ក្រុម​វង់ភ្លេង​តន្ត្រីបុរាណ​ស្រុកស្រែ​នេះ មាន​សមាជិក​៧​នាក់​ដែល​មាន​វ័យ​ចម្រុះ​ចាប់ពី ១៨​ឆ្នាំ ដល់​ជាង​៤០​ឆ្នាំ ហើយ​ពួកគេ​ខ្លះ​ជា​សិស្ស ជា​អ្នកមើល​គោក្របី និង​អ្នក​ខ្លះ​ទៀត​ជា​កសិករ។ ដោយ​ចិត្ត​ស្រលាញ់ និង​ចង់​ចេះ​លេង​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​បាន​ធ្វើ​ឲ្យ​សមាជិក​ក្នុង​ក្រុម សហការ​គ្នា​បាន​យ៉ាង​ល្អ ដោយ​អ្នកចេះ​ច្រើន​ជា​អ្នកដឹកនាំ​ក្រុម​ចំណែក​អ្នក​មធ្យម​ជា​អ្នក​បង្រៀន​អ្នក​ទើប​ចូលរៀន​ថ្មី។ សំឡេង​ភ្លេង​រប៉េះរប៉ោះ​បាន​លាន់​ឡើង​នៅ​ពេល​ពួកគេ​ប្រគំ​មិនទាន់ ស៊ីចង្វាក់​គ្នា​ហើយ​សំឡេង​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ទាំងអស់​គ្នា​ផ្ទុះ​សំណើច​ដាក់គ្នា។

វង់ភ្លេង​ពិណពាទ្យ​មាន​ឧបករណ៍​តន្ត្រីបុរាណ​ដូចជា ឈឹង ស្គរធំ សាផូ ស្រឡៃ រនាតឯក រនាតដែក គង​តូច គង​ធំ។ វង់ភ្លេង​នេះ​ទាមទារ​ឲ្យ​មានការ​សាមគ្គី​ភាព​គ្នា ព្រោះ​វា​ជា​ភ្លេង​មួយ ប្រភេទ​ដែល​ត្រូវ​ប្រគំ​ជា​ក្រុម ដូច្នេះ​បើ​ក្នុង​ក្រុម​ខ្វះ​សមាជិក​ណាមួយ​នៅ​ពេល​ប្រគំ​ភ្លេង​នោះ នឹង​ធ្វើ​ឲ្យ​សំឡេង​លឺ​មិនសូវ​ពីរោះ​រណ្ដំ​ឡើយ។ ឧបករណ៍​ភ្លេង​នីមួយៗ​មានមុខ​ងារ​និង​សូរស័ព្ទ ផ្សេងៗ​គ្នា។

ភ្លេងពិណពាទ្យ​ត្រូវ​បាន​គេ​យក​ទៅ​ប្រគំ​ក្នុង​ពិធី​សក្ការ ការសម្ដែង​រាំច្រៀង និង​សិល្បៈ​ទស្សនីយភាព​ផ្សេងៗ​ក្នុង​រឿង​ទេវកថា​តាំងពី​សម័យ​បុរាណ​កាល​មក។ ក្រុម​អ្នកភ្លេង​អះអាង​ថា ឧបករណ៍​រនាតឯក​មាន​តួនាទី​នាំ​មុខគេ​ក្នុង​ពេល​ប្រគំ​ម្ដងៗ។

ចំណែក​ក្រុម​វង់ភ្លេង​របស់​ពលរដ្ឋ​នៅ​វត្ត​បុទមរាជាដីដុះ ឃុំ​ព្រែកប្រសព្វ ស្រុក​ព្រែកប្រសព្វ​វិញ ពួក​គេ​ប្រគំ​ពេល​មាន​ពិធីបុណ្យ​ប្រពៃណី​ក្នុង​ភូមិ ហើយ​ការ​ផ្តល់​កម្រៃ​គឺ​តាម​សទ្ធា​របស់​ម្ចាស់​កម្មវិធី​បុណ្យ។

គណៈកម្មការ​អាចារ្យវត្ត​លើក​សរសើរ​ថា ចាប់​តាំងពី​មាន​វង់ភ្លេង​ពិណពាទ្យ​វត្ត​បុទមរាជាដីដុះ​តែង​មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មក​ពឹង​អាស្រ័យ​ស្នើ​ក្រុម​ភ្លេង​នេះ​យក​ទៅ​ប្រគំ​កំដរ​ក្នុង​ពិធីបុណ្យ របស់​ពួកគេ។

លោក កែ រិទ្ធិ ជា​សិស្ស​រួម​ក្រុម​ក្នុង​វង់ភ្លេង​នេះ​ម្នាក់​ដែរ​នោះ​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​គេ អញ្ជើញ​ក្រុម​លោក​ទៅ​ប្រគំ​ភ្លេងបុរាណ​ក្នុង​កម្មវិធី​បុណ្យទាន​តាម​ភូមិ ឬ​តាម​ផ្ទះ លោក និង​សមាជិក​ក្រុម​អាច​រក​ប្រាក់​កម្រៃ​ពី​ក្រុម​ភ្លេង​នេះ​ចន្លោះ​ពី ៣ម៉ឺន​រៀល ៦​ម៉ឺន​រៀល ក្នុង​មួយ​លើកៗ។

បុរស​វ័យ ៥៧​ឆ្នាំ​រូប​នេះ​បង្ហាញ​ការ​ពេញ​ចំពោះ​ជំនាញ​តន្ត្រីបុរាណ​មួយ​នេះ​ថា ការ​លេង​ភ្លេង ជា​ផ្នែក​មួយ​នៃ​ការ​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​ជា​ការ​រក​កម្រៃ​សម្រាប់​ជួយ​ដល់​វត្ត របស់​លោក​ថែម​ទៀត​ផង៖ «និង​ឃើញ​ថា ភ្លេង​ណឹង​ប្រពៃណី​របស់​យើង​កុំ​អោយ​បាត់បង់​ចេះតែ​មក​ហាត់​ទៅ​ហើយ​ជា​កិត្តិយស​របស់​យើង»

ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បុទមរាជាដីដុះ បាន​ទិញ​ឧបករណ៍​ភ្លេង​នេះ​ដាក់​នៅ​ក្នុង​ទី​អារាម​នេះ កាលពី​ឆ្នាំ​២០០៩។ ចាប់​តាំង​ពី​មាន​ឧបករណ៍​តន្ត្រី​នេះ​គណៈកម្មការ​អាចារ្យវត្ត​បាន​អញ្ជើញ គ្រូ​មក​បង្រៀន​ពលរដ្ឋ​ដែល​ចង់​រៀន​ឧបករណ៍​បុរាណ​នេះ​បាន​២​ជំនាន់​ហើយ។ ថ្វី​ត្បិត​ត្រូវ​ជួល​គ្រូ​មក​បង្រៀន​ក៏ដោយ ប៉ុន្តែ​វត្ត​នេះ​មិន​តម្រូវ​ឲ្យ​អ្នក​រៀន​ភ្លេង​បង់​ប្រាក់​ទេ ពី​ព្រោះ​ប្រាក់​ឈ្នួល ដែល​យក​ទៅ​ជួល​គ្រូ​មក​បង្រៀន​គឺ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជា​អ្នកផ្គត់ផ្គង់ ដោយ​ក្នុង​មួយ​ខែ ត្រូវ​បង់​ជូន​គ្រូ​ជាង​៣០០​ដុល្លារ។

ព្រះចៅ​អធិការ​វត្ត​បុទមរាជាដីដុះ ព្រះតេជព្រះគុណ ឌឹម វិច្ឆិកា មាន​ថេរដីកា​ថា នៅ​ពេល​មាន​ពិធីបុណ្យ​ប្រពៃណី​ម្ដងៗ​រួមមាន​៖ បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យ​កឋិនទាន វង់ភ្លេង​ពិណពាទ្យ​នេះ​បាន​ចូលរួម​ចំណែក​ប្រគំ​នៅ​ក្នុង​ពិធី​នោះ។

ព្រះអង្គ​បន្ត​ថា វង់ភ្លេង​នេះ​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​ថវិកា​ជួយ​កសាង​វត្ត នៅ​ពេល​មាន​ពុទ្ធបរិស័ទ​អញ្ជើញ​វង់ភ្លេង​នេះ​ទៅ​ប្រគំ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ ព្រោះ​បច្ច័យ​ដែល បាន​មក​គឺ​រក្សាទុក​ខ្លះ​សម្រាប់​កសាង​វត្ត​និង​ខ្លះ​ទៀត​ផ្តល់​ជូន​ក្រុម​អ្នកភ្លេង​ទាំងនោះ។ ថវិកា​ដែល​បាន​ពី​ការ​ប្រគេន​របស់​អ្នកស្នើ​ភ្លេង​វត្ត​ចាត់ចែង​ទៅតាម​បច្ច័យ​ដែល​ទទួល​បាន។ ចំណែក​ក្រុម​តន្ត្រី​ទទួល​បាន​ថវិកា​ពី ២ម៉ឺន​រៀល ឡើង​ទៅ៖ «យើង​ដើរ​សួរ​គេ​ចង់​រៀន​ភ្លេង​នេះ​អត់ បើ​អ្នក​ចង់​រៀន​យើង​ដាក់ឈ្មោះ​គេ​ទៅ​ហៅ​មក​រៀន។ គេ​ស្គាល់​ទាក់ទង​បន្តៗ​គ្នា​ចេញលេង​បាន​ច្រើនដង​ដែរ ដល់​ឥឡូវ​គេ​ចេះតែ​បន្ត​ទៀត»

វង់ភ្លេង​បុរាណ​ខ្មែរ​មាន​ជាច្រើន​ប្រភេទ​ដែល​បន្សល់ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ហាត់រៀន និង​ថែរក្សា។ ក្នុងចំណោម​វង់​ភ្លេងខ្មែរ​ទាំងអស់​នោះ វង់ភ្លេង​ពិណពាទ្យ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ឆ្លុះបញ្ចាំង​អំពី​សកម្មភាព​ប្រចាំថ្ងៃ​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រគំ​កំដរ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិ ប្រពៃណី​សាសនា ក្នុង​វង់​របាំ​បុរាណ ពិធី​បុណ្យ​សព ល្ខោន និង​ពិធី​បួងសួង​សំពះ​គ្រូ​ធំ​-​តូច​ជាដើម។

ព្រះគ្រូ​ចៅអធិការ​ស្នើ​ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត​ចូលរួម​ហាត់ភ្លេង​ពិណពាទ្យ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​រក្សា​វប្បធម៌​ប្រពៃណី​នេះ ឲ្យ​បាន​គង់​វង់​យូរ​អង្វែង​ព្រោះ​វា​ជា​កេរ្តិ៍​ដំណែល ដ៏​មានតម្លៃ​របស់​ដូនតា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល