ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ភាគឦសាន ​ប្រារព្ធ​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច ឆ្លុះ​បញ្ចាំង​ការ​បន្លាស់​ទី និង​ចំណាក​ស្រុក​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កើន​ឡើង

ដោយ សន ចាន់រដ្ឋា
2018.08.09
ជនជាតិ​ដើម​ភាគ​តិច ៦២២ ជនជាតិ​ដើម​ភាគ​តិច នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជន​ជាតិ​អន្តរជាតិ លើក​ទី​២៤ នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ខែត្រ​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨។
រូប៖ សហគមន៍

ជនជាតិ​ដើម​ភាគតិច​ជាង ១០​អម្បូរ នៅ​ខែត្រ​ចំនួន ៤ រួមមាន​ខែត្រ​មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​ខែត្រ​រតនគិរី នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជន​ជាតិ​ពិភព​លោក លើក​ទី​២៤ ឆ្លុះ​បញ្ចាំង​លើ​ការ​បន្លាស់​ទី និង​ចំណាក​ស្រុក​របស់​ជន​ជាតិ​ដើម​ភាគ​តិច ដែល​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ពួក​គេ​សង្កេត​ឃើញ​ថា ឫសគល់​ដែល​នាំ​ឲ្យ​កើត​មាន​ករណី​នេះ ដោយសារ​ការ​អភិវឌ្ឍ​មិន​បាន​គោរព​ច្បាប់​ និង​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ។

ជន​ជាតិ​ដើម​ភាគតិច ​រស់​នៅ​ខេត្ត​ភាគឦសាន ​បាន​ថ្លែង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ ក្នុង​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​អន្តរជាតិ​ ដែល​​ប្រារព្ធ​នៅ​ខែត្រ​មណ្ឌលគិរី មាន​មនុស្ស​ចូល​រួម​ជាង ៦​រយ​នាក់។ ពួក​គេ​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​ការ​ប្រកាន់​ខ្ជាប់​វប្បធម៌​ប្រពៃណី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​បារម្ភ​ខ្លាច​បាត់​បង់​អត្តសញ្ញាណ​នា​ពេល​អនាគត។ ចាស់​ទុំជនជាតិ​ដើម​ភាគ​តិច​ព្នង​មួយ​ចំនួន កត់​សម្គាល់​ថា សម័យ ប៉ុល ពត បើ​ទោះ​បី​ជា​សិទ្ធិ​សេរីភាព​ ត្រូវ​រាំង​ខ្ទប់​ក្ដី តែ​ទឹក​ដី​ព្រៃ​ឈើ ឬ​ធនធាន​ធម្មជាតិ​ គង់វង្ស​ល្អ ងាយ​ស្រួល​ប្រតិបត្តិ​​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ផ្ទុយ​ពី​សម័យ​បច្ចុប្បន្ន។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ​រស់នៅ​ឃុំ​ដាក់​ដាំ​ ស្រុក​អូរាំង​ លោក ទឺយ ធិ ថ្លែង កាល​ពី​ថ្ងៃ​ទី៩ សីហា​ថា​ ព្រៃ​សហគមន៍​ ដែល​ពួក​គាត់​ប្រើប្រាស់​ជា​សមូហភាព កាន់​តែ​រួម​តួច​ទៅៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ រីឯ​ដី​លំនៅឋាន ​ក្នុង​ភូមិ​កាន់​តែ​ចង្អៀត​ សូម្បី​ដី​សម្រាប់​កប់​សព និង​ព្រៃ​អារក្ស​ សម្រាប់​ប្រពៃណី​​ជនជាតិ​ គ្មាន​សេសសល់​សម្រាប់​គម្រោង​ចុះ​បញ្ជី​ជា​ដី​កម្មសិទ្ធិ​សមូហភាព​នោះ​ដែរ។ លោក​បារម្ភ​ទៅ​ថ្ងៃ​អនាគត ប្រសិន​អ្នក​ភូមិ ​មិន​បាន​ចុះ​បញ្ជី​ជា​ដី​កម្មសិទ្ធិ​សមូហភាព​ និង​ដី​ព្រៃ​សហគមន៍​នោះ​ទេ ដី​ភាគ​ច្រើន​របស់​អ្នក​ភូមិ​នឹង​ត្រូវ​បាត់បង់​ដោយសារ​ការ​លក់ដូរ​របស់​ពលរដ្ឋ​ក្រីក្រ និង​ការ​រំលោភ​បំពាន​ ពី​ជន​មាន​អំណាច៖ «»

នៅ​លើភ្នំ​ដោះ​ក្រមុំ​ ឋិត​នៅ​សង្កាត់​សុខដុម​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី​ អ្នក​ភូមិ​ទទួល​ទាន​អាហារ​សាមគ្គី​ អ្នក​ខ្លះ​បង្កាត់​ភ្លើង​ដាំ​បាយ និង​សម្លាប់​មាន់​ជ្រូក​ និង​កាប់​ក្របី​សែន​ព្រេន និង​សម្រាប់​បរិភោគ​រួម​គ្នា​ ក្នុង​ពិធី​ពេញ​មួយ​ថ្ងៃ ​នៃ​ខួប​លើក​ទី​១៤ សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា និង​ជា​ខួប​លើក​ទី​២៤ នៅ​ថ្នាក់​ពិភពលោក។

ជន​ជាតិ​ដើម​ទាំង​នោះ តុបតែង​ខ្លួន​ប្រាណ​ បែប​ប្រពៃណី​ ស្លៀក​ប៉ឹង លែង​ខ្លួន​ លំអ​ដោយ​ខ្សែ​ក​ តាម​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ឃុំ​ស្រែ​ឈូក ​ស្រុក​កែវ​សី​មា​ ខេត្ត​មណ្ឌលគិរី​ លោក ប្រក់ ជីព​ លើក​ឡើង​ថា​ អាជីវកម្ម​រ៉ែ​មាស​ ជា​ក្តីព្រួយបារម្ភ​ខ្លាំង​បំផុត​សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​ គ្រប់​ទី​កន្លែង​ព្រោះ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ បាត់​បង់​ជី​វិត​ជិត ២០​នាក់​ កន្លង​ទៅ​នៅ​ខេត្ត​ក្រចេះ ​គឺ​សុទ្ធសឹងជា​ជន​ជាតិ​ដើម​ភាគ​តិច​ ហើយ​មក​ទល់​ពេល​នេះ​គម្រោង​អាជីវកម្ម​រ៉ែ​ បាន​រីក​ដូច​ផ្សិត​គ្រប់​ទី​កន្លែង ​ក្នុង​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច​រស់នៅ​ និង​កំពុង​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ​ជា​ច្រើន​ទីតាំង នៅ​ខេត្ត​មណ្ឌលគិរី។ លោក​ថា​ អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ​ភាគ​ច្រើន ​នៅ​លើ​ប្រភព​ទឹក​អូរ​ធម្មជាតិ និង​តំបន់​ជំនឿ​របស់​ជន​ជា​តិ​ដើម​ភាគតិច​ បណ្តាយ​ឲ្យ​ទឹក​អូរ​សំខាន់ៗ ដែល​ពួក​គេ​ប្រើ​ប្រាស់​ មាន​ជាតិ​ពុល​ ហើយ​សត្វ​ពាហនៈ​អ្នក​ស្រុក​ស្លាប់​ច្រើន​ក្បាល។ លោក​ថា​សុខុមាលភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច ​កំពុង​​ឋិត​ក្នុង​ភាព​ផុយ​ស្រួយ​នៅ​ឡើយ​ ហើយ​ក៏​មាន​ជន​ជាតិ​ដើម​ភាគ​តិច​ខ្លះ​ ប្រកាច់​ស្លាប់​ភ្លាមៗ ដោយ​មិន​ដឹង​មូលហេតុ៖ «»

ជន​ដើម​ភាគតិច​កួយ​រស់​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ ខេត្ត​ព្រះវិហារ​ លោកស្រី​ ទេព ទឹម​ ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី៩ សីហា ជន​ជាតិ​ដើម​ភាគ​តិច ​ជាង ​២​រយ​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច ​នៅ​ក្នុង​ឃុំ​ប្រ​មេរ​ ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ពួក​គេ ដែល​កំពុង​រង​ការ​រំលោភ​បំពាន​​ដីធ្លី​ ពី​សំណាក​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ ហេង ហ្វូ ​និងការ​បាត់​បង់​ឃឿន​ប្រាសាទ​បុរាណ ការ​រួម​តូច​ទំហំ​ព្រៃ​ឈើ​ បាត់​បង់​កន្លែង​ឃ្វាល​គោ​ និង​ហិនហោច​ដើម​ឈើ​ផលិត​ជ័រ។ លោកស្រី​ថា ទី​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ប្រមូល​អនុផល​ព្រៃឈើ និង​រក​ត្រី​សាច់​ និង​កន្លែង​គោរព​បូជា​បច្ចុប្បន្ន ​បាន​ក្លាយ​ជា​ចម្ការ​អំពៅ​ក្រុមហ៊ុន​ចិន មួយ​ផ្នែក​ធំ មិន​ទាន់​ដោះ​ស្រាយ​រួច​រាល់​នៅ​ឡើយ៖ «»

ទីប្រឹក្សា​បណ្ដាញ​សហគមន៍ ​ជន​ជាតិ​ដើម​ភាគ​តិច ​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ថា ពួក​គេ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ឆ្នាំ​នេះ​ មាន​ឧបសគ្គ​រអាក់រអួល​ខ្លះ​ដែរ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ ហាម​មិន​ឲ្យហែ​ក្បួន ដោយ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​នៅ​ហ្នឹង​កន្លែង។ លោក​ថា ការ​ប្រារព្ធ​ពិធី​នេះ​ អាជ្ញាធរ​បាន​បញ្ជូន​ប្រដាប់​អាវុធ​ចម្រុះ​ ជាង ៤០នាក់​ និង​កម្លាំង​ប្រជា​ការពារ​ភូមិ ៥​នាក់ ដាក់​ពង្រាយ​តាម​ឃ្លាំ​មើល​ពួក​គាត់​ទៀត​ផង។ លោក​បន្ថែមថា ខ្លឹមសារ​សំខាន់​ដែល​ជនជាតិ​ដើម​ភាគ​តិច​ ចង់​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ គឺ​វិបត្តិ​ដីធ្លី​​លើ​ភ្នំ​ដោះ​ក្រមុំ​ ដែល​ជា​មជ្ឈ​មណ្ឌល​វប្បធម៌​ ជន​ជាតិ​ដើម​ភាគតិច​ ​រង​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់​ និង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជាតិ ​កំណត់​ថ្ងៃ​ទី​៩ សីហា ដែល​ជា​ថ្ងៃ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ​ ដាក់​បញ្ចូល​ក្នុង​ប្រតិទិន​ឈប់​សម្រាក៖ «»

លោក ក្រែង តុលា បន្ថែម ថា នេះ​ជា​ពិធី​សំខាន់ ដើម្បី​​​ដាស់​ស្មារតី​អ្នក​ភូមិ​ឲ្យ​ចេះ​សាមគ្គី​គ្នា​ តស៊ូ​មតិ​ទាមទារ​សិទ្ធិ​សេរីភាព​ ដែល​រង​ការ​រំលោភ​បំពាន ​​ព្រោះ​កន្លង​ទៅ​នេះ វប្បធម៌​ខាង​ក្រៅ​ជះ​ឥទ្ធិពល​មិន​ល្អ កាន់​តែ​ច្រើន ​ទៅ​លើ​អត្តសញ្ញាណ​អ្នក​ភូមិ ជា​ពិសេស​ក្រុម​យុវវ័យ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពៃណី​វប្បធម៌​ ស្រុត​ចុះ​ជា​បន្ត​បន្ទាប់ ហើយ​អ្នក​ភូមិ​បាន​ក្លាយ​ជា​អ្នក​រង​គ្រោះ​ ខ្វះ​ដី​ធ្វើ​ស្រែ​ចម្ការ គ្មាន​ដី​សម្រាប់​កប់​សព និង​ព្រៃ​សម្រាប់​ការ​គោរព​បូជា ត្រូវ​បាន​បាត់បង់។

ចៅ​សង្កាត់​សុខដុម​ លោក​ ពៅ សុផាត បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍​ ដល់​អាស៊ី​សេរី​ទេជុំវិញ​ការ​ប្រារព្ធ​ទិវា​នេះ​ដោយសារ​សហគមន៍​មិន​អញ្ជើញ​លោក​ចូល​រួម។

អគ្គ​លេខា​ធិការ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា​ លោក យុន ឡូរ៉ង់ ថ្លែង​ថា មាន​ហេតុផល​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ ធ្វើ​ចំណា​ក​ស្រុក​ច្រើន​ រួមមាន ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី ដែល​ត្រូវ​ជម្លៀស​ពួក​គេ​ ​ពី​ភូមិ​កំណើត ការ​បាត់បង់​ធន​ធាន​ធម្មជាតិ​ ដែល​ធ្វើ​ឲ្យ​ជន​ជាតិ​ដើម​ភាគតិច​ មិន​អាច​ដក​ហូត​អនុផល​ព្រៃ​ឈើ ​មក​ទ្រទ្រង់​សេដ្ឋកិច្ច​បាន។ លោក​ថា ជន​ជាតិ​ដើម​ភាគ​តិច​ ព្យាយាម​សម្របខ្លួន​ឯង​ ឲ្យ​ស្រប​បរិបទ​សង្គម ដូចជា​ការ​ធ្វើ​កសិកម្ម​ជា​ដើម​ ក៏​ប៉ុន្តែ​នៅ​គ្រា​ដែល​ដី​ធ្លី​ពួក​គាត់​បាត់​បង់​ កសិផល​គ្មាន​ទីផ្សារ​ គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​បង្ខំ​ចិត្ត​ចំណាក​ស្រុក៖ «»

កន្លង​ទៅ​លោក ហ៊ុន សែន ធ្លាប់ថ្លែង​គាំទ្រ ​និង​បង្ហាញ​ពី​គោល​នយោបាយ ​លើក​ស្ទួយ​សិទ្ធិ​រស់​នៅ​​របស់​ជនជាតិ​ដើម​ភាគតិច និង​គោល​នយោបាយ​ ចុះ​បញ្ជី​ដី​ជនជាតិ​ដើម​ ជា​កម្មសិទ្ធិ​សមូហភាព រួម​ទាំង​ច្បាប់​ជាតិ អន្តរជាតិ លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។ ប៉ុន្តែ មិន​សូវ​មាន​ប្រសិទ្ធិភាព។

លោក​ ឡូរ៉ង់​ បន្ថែម​ថា​ បើ​ទោះ​បី​ជា​ប្រមុខ​ដឹកនាំ​ បង្កើត​ឲ្យ​មាន​គោល​នយោបាយ​ចុះ​បញ្ជី​ដីធ្លី​ ជន​ជាតិ​ដើម​ភាគតិច​ និង​ទទួល​ស្គាល់​សេចក្ដី​ប្រកាស​ជា​សកល ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​មាន​ក្រសួង​ទាំង​១៦ ជា​សេនា​ធិកា​រ​អនុវត្ត​វិស័យ​ជន​ជាតិ​ដើម​ភាគតិច​ក្តី​ ក៏ប៉ុន្តែ​យន្តការ​ជួយ​ជនជាតិ​ដើម​ភាគ​តិច​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​ខ្សោយនៅឡើយ​ ហើយ​ជនជាតិ​ដើម​ភាគតិច​ នៅតែ​មិនទាន់​ទទួល​ភាព​កក់​ក្តៅ​ ពេញលេញ ​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ បន្ថែម​ថា​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​របស់​របប​ក្រុង​ភ្នំពេញ គឺ​ជា​ដើម​ហេតុ នាំ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​ធ្លី និង​ស្រែ​ចម្ការ។ រីឯ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ថ្នាក់​ខែត្រ និង​ថ្នាក់​ជាតិ ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​នោះ​ទេ បង្ក​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់​នៅ ជីវភាព និង​ប្រពៃណី​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច។ លើស​ពី​នេះ ការ​កាប់​បំផ្លាញ​ព្រៃឈើ គឺ​ជា​បន្ទុក​បន្ថែម​ទៀត​ ដែល​នាំ​ឲ្យ​ជន​ជាតិ​ដើម​ភាគតិច​​ ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ​ រួមមាន ការ​ប្រែប្រួល​អាកាសធាតុ បាត់​បង់​ដីចម្ការ​វិល​ជុំ ការ​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ព្រៃ​ស្រោង ជា​ជម្រក​សត្វ និង​បាត់បង់​ទឹក​អូរ និង​ស្ទឹង ដែល​ជា​ប្រភព​ប្រាក់​ចំណូល និង​សន្តិសុខ​ស្បៀង។ ពួក​គេ​អង្កេត​ឃើញ​ថា​ វិបត្តិ​នយោបាយ​នៅ​ចុង​អាណត្តិ​ទី៥ កន្លង​ទៅ​ សហគមន៍​ដែល​ឈឺ​ឆ្អាល​ រឿង​បទ​ល្មើស​ព្រៃ​ឈើ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​គំរាម​កំហែង​ និង​រឹតត្បិត​មិន​ឲ្យ​ជួប​ប្រជុំ​ស្វែង​រក​ដំណោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។