និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំពិធីពិព័រណ៍បង្ហាញស្នាដៃរយៈពេល៣ថ្ងៃ
និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រៀបចំពិធីតាំងពិព័រណ៍ដែលមានឈ្មោះថា "មរតកផ្ទះខ្ញុំ" ដើម្បីបង្ហាញពីសិល្បៈវប្បធម៌ខ្មែររយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ កម្មវិធីនេះ រៀបចំនៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រុងភ្នំពេញ។
តំណាងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាអ្នកគ្រប់គ្រងការសម្ដែង កញ្ញា អឿន សុគន្ធា ឲ្យដឹងថា ការតាំងពិព័រណ៍នេះមានកម្មវិធីតាំងពិព័រណ៍របស់សិស្សទាំង ៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យនេះ និងការសម្ដែងគ្រប់ទម្រង់។ កញ្ញាឲ្យដឹងដែរថា មានការសម្ដែងរបាំបូរាណ ដូចជាល្ខោនបាសាក់ សៀក មានចម្រៀងប្រជាប្រិយ និងចម្រៀងសម័យ ជាដើម។
អ្នករៀបចំកម្មវិធីឲ្យដឹងថា ក្នុងថ្ងៃទី១នេះ មានអ្នកចូលរួមជាង ៥.០០០នាក់ ដែលភាគច្រើនជាយុវជន។ ពួកគេចង់ឃើញអ្នកចូលរួមច្រើនជាងនេះ ដើម្បីអាចដឹងពីរបាំ និងវប្បធម៌ ប្រពៃណីខ្មែរ និងជាការលើកទឹកចិត្តដល់អ្នករៀបចំកម្មវិធី ព្រោះការចូលរួមនេះមិនគិតលុយនោះទេ។ នេះជាលើកទី២ ហើយដែលសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រៀបចំឲ្យមានពិធីនេះឡើង៕
សូមស្ដាប់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក ប្រាជ្ញ ចេវ រាយការណ៍អំពីកម្មវិធីតាំងពិព័រណ៍នេះដូចតទៅ៖