រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​គាំទ្រ​ការ​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម​នៅ​បឹងកក់

0:00 / 0:00

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សុះ មុះសិន គាំទ្រ​ឲ្យ​មាន​ការ​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា នៅ​តែ​ប្រឆាំង​គម្រោង​ធ្វើ​ផ្លូវ​នេះ ដោយ​ស្នើ​ឲ្យ​សាងសង់​ផ្លូវ​តាម​របង​វិហារ​វិញ។ សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​បង្ហាញ​ជំហរ​ថា នឹង​ធ្វើ​ផ្លូវ​ដ៏​ចម្រូងចម្រាស​នេះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ជា​មតិ​តែមួយ​សិន។

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សុះ មុះសិន ពន្យល់​ថា មូលហេតុ​ដែល​លោក​គាំទ្រ​ការ​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ នឹង​ផ្ដល់​ប្រយោជន៍​ដល់​សាសនិក​ឥស្លាម ដោយ​លោក​បញ្ជាក់ មាន​ផ្លូវ​មាន​ការ​អភិវឌ្ឍ។

​រៀងរាល់​ថ្ងៃ​សុក្រ​ក្រោយ​ពេល​ថ្វាយបង្គំ​ព្រះ​ដែល​ជា​ជំនឿ​របស់​អ្នក​គោរព​សាសនា​ឥស្លាម ក្រុម​សាសនិក​ឥស្លាម តែងតែ​ជជែក​គ្នា​តឹង​សរសៃ​ក​រឿង​ធ្វើ​ផ្លូវ​នេះ រវាង​ក្រុម​អ្នក​ប្រឆាំង​ការ​ពុះ​ផ្លូវ​ធ្វើ​វិហារ និង​អ្នក​គាំទ្រ​ឲ្យ​ធ្វើ​ផ្លូវ​នេះ។ ជាក់ស្ដែង​នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​ឧសភា នៅ​តែ​ខ្វែង​គំនិត​គ្នា​ដដែល។

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សុះ មុះសិន អះអាង​ថា ថ្នាក់ដឹកនាំ​ឥស្លាម​ភាគ​ច្រើន​ចង់​បាន​ផ្លូវ​មួយ​ខ្សែ​នេះ។ ទោះ​យ៉ាង​ក្តី លោក​ថា គម្រោង​ធ្វើ​ផ្លូវ​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​គ្នា​នៅ​ឡើយ ដោយ​អញ្ជើញ​អ្នកគាំទ្រ និង​អ្នក​ជំទាស់​បន្ត​ជជែក៖ «លោក​ដឹង​ហើយ​ថា ការ​អភិវឌ្ឍ​ទាំង​ឡាយ បើ​គ្មាន​ផ្លូវ​អភិវឌ្ឍន៍​មិន​បាន​ច្រើន​ទេ យ៉ាង​ណា​មិញ ពេល​យើង​មាន​ផ្លូវ​តែ​ប្រជាជន​ពិបាក​នឹង​មក ប៉ុន្តែ​យើង​មាន​ផ្លូវ​សាធារណៈ​ច្រើន​ប្រជាជន​ស្រួល​ធ្វើ​ដំណើរ»

​សំណុំ​រឿង​ពុះ​ដី​វិហារ​ចាម​នេះ លោក អះម៉ាត់ យ៉ះយ៉ា ត្រូវ​លោក អូស្មាន ហាស្សាន់ ដែល​ជា​ក្មួយ​របស់​លោក ប្ដឹង​លោក អះម៉ាត់ យ៉ះយ៉ា ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍ ទាមទារ​សំណង ១​លាន​ដុល្លារ។

​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ប្រឆាំង​ដាច់ខាត​នូវ​ការ​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ ដោយ​ស្នើ​ទៅ​សាលាក្រុង​ឲ្យ​ធ្វើ​អែម​របង​វិហារ​វិញ។ លោក អះម៉ាត់ យ៉ះយ៉ា មិន​ជឿ​ទាល់តែសោះ​ថា ផ្លូវ​កាត់​វិហារ​នោះ ផ្ដល់​ផល​ចំណេញ​ដល់​សាសនិក​ឥស្លាម​ទូទៅ​នោះ​ទេ។ លោក​ចោទ​ប្រកាន់​ថា លោក សុះ មុះសិន និង​លោក អូស្មាន ហាស្សាន់ ជា​ក្រុម​តែមួយ៖ «បង​ប្អូន​យើង​សំណូមពរ​ធ្វើ​ផ្លូវ​តាម​របង ហើយ​បើ​ធ្វើ​តាម​របង​ប៉ះពាល់​ដី​វិហារ សាលាក្រុង​អត់​មាន​ដី​សង មិន​បាច់​សង​ក៏​បាន​ដែរ»

​ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី លោក ជិន ប៊ុនធឿន ថា សាលាក្រុង​រង់ចាំ​មតិ​ទាំង​ពីរ​រវាង​ក្រុម​របស់​រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អូស្មាន់ ហាស្សាន់ និង​ក្រុម​របស់​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ឯកភាព​គ្នា​សិន ទើប​សាលាក្រុង​សម្រេច​ធ្វើ​ផ្លូវ។ លោក​បន្ត​ទៀត​ថា ប្រសិន​មតិ​ទាំង​ពីរ​នៅតែ​ខ្វែង​គ្នា សាលាក្រុង​នៅតែ​រង់ចាំ៖ «មតិ ​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​យើង​នៅ​តែ​រង់ចាំ​ពួកគាត់​ឯកភាព​គ្នា​អ្វី​ទៅ​ ជា​គំនិត​រួម ព្រោះ​ជា​ទូទៅ​សាលា​រាជធានី​ភ្នំពេញ មាន​ការ​សម្របសម្រួល​ច្រើន»

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ព្រមាន​ថា ប្រសិនបើ​មាន​ការ​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា បែក​ចេញ​ជា​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។