លោក ហ៊ុន សែន មិន​ឱ្យរៀបចំ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ទេ នៅឆ្នាំ២០២២នេះ

ដោយ អាស៊ីសេរី
2022.05.19
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន មិន​ឱ្យរៀបចំ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ទេ នៅឆ្នាំ២០២២នេះ គោ​ឧសភរាជ​ ក្នុង​ពិធី​ច្រត់​ព្រះនង្គ័ល នៅ​ខេត្ត​កាកែវ ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប៖ មន្ទីរព័ត៌មានខេត្ត​តាកែវ

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន មិនបាន​រៀបចំ​ឲ្យ​មានការ​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះ​នង្គ័ល​ទេ​នៅ​ឆ្នាំ​នេះ ព្រោះ​រដ្ឋាភិបាល​នៅតែ​ប្រុងប្រយ័ត្ន បង្ការ​ជំងឺ​កូ​វីដ​១៩ ដ្បិត​ពិធី​នេះមាន​ព្រះមហាក្សត្រ និង​ថ្នាក់​ដឹកនាំ​កំពូលៗ ​របស់​ជាតិ​ចូលរួម។

នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​រដ្ឋាភិបាល ខកខាន​រៀបចំ ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រឹម​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​១៩ ខែ​ឧសភា អបអរ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ «​ច្រត់ព្រះនង្គ័ល​» នេះ​។ លោក​បន្ត​ថា ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​ពិសាខ គឺ​មាន​សំខាន់​បំផុត បន្ទាប់ពី​ព្រះរាជា​អភិសេក ដែល​ជា​ពិធី​មួយ​ស្ថិត​ក្នុង​ចំណោម​ពិធី​ផ្សេងៗ ជាច្រើន​ទៀត​ប្រចាំឆ្នាំ។

អ្នកវិភាគ​ជើងចាស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ព្រះរាជ​ពិធី​នេះ មាន​សារៈសំខាន់​នៃ​វប្បធម៌ ជំនឿ​ពលរដ្ឋ និង​ជា​យុទ្ធសាស្ត្រ​ជំរុញ​ទៅ​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត​។ លោក​បណ្ឌិត​យល់​ថា ការ​ខកខាន​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​ធ្វើ​ឲ្យ​កម្ពុជា ឬ​ពលរដ្ឋ​ខ្មែរ​ខាតបង់​ច្រើន៖ «ជា​ពិធី​មួយ​ដែល​ជា​ឱកាស​ដើម្បី​ឲ្យ​តម្លៃ​កសិកម្ម ឲ្យ​តម្លៃ​ក្នុង​ការងារ​កសិករ​ហើយ​ក៏​យើង​អាច​មាន​គោល​នយោបាយ​ចក្ខុវិស័យ​អំពី​កសិកម្ម​យើង​និង​យុទ្ធសាស្ត្រ​នៅពេល​ហ្នឹង»

ទាក់ទង​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​មិន​ទាន់​បើក​ទូលាយ​នោះ​ទេ ត្បិត​ជំងឺ​កូវីដ​១៩​បាន​ធូរស្រាល​ហើយ​ក្ដី។ លោក​បន្ត​ថា ព្រះរាជ​ពិធី​នេះ​មាន​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ​ចូលរួម​ដែល​ភាគច្រើន​អ្នកនោះ​មាន​អាយុ​ច្រើន​ដែល​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ ទោះ​យ៉ាងណា​ រដ្ឋាភិបាល នៅតែ​ផ្ញើ​សារ​អបអរ​តាម​ស្ថាប័ន​របស់​ជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​បណ្ដាញ​សង្គម​ឲ្យ​ពលរដ្ឋ​ដឹង​ថា រដូវ​ធ្វើ​ស្រែ​ចំការ​បាន​ចូល​មក​ដល់​ហើយ​៖ «យើង​ប្រយ័ត្ន​នៅតែ​ប្រុងប្រយ័ត្ន​តាម​ទូរលេខ​ការ​ឆ្លង​ធ្លាក់​ដល់​កម្រិត​សូន្យ ប៉ុន្តែ ដូច​ខ្ញុំ​ថា ដូច​ខ្ញុំ​ថា អ្វី​ដែល​អាទិភាព​ហ្នឹង​គឺ ឥស្សរជន​ជាន់ខ្ពស់​ច្រើន​ចូលរួម​ហើយ​ចាស់ៗ​ទៀត​គាត់​មាន​អាយុ​ច្រើន​ហ្នឹងហើយ​ជា​ការ​ប្រុងប្រយ័ត្ន​របស់​យើង»

ទោះ​មានការ​អះអាង​បែបនេះ​របស់​លោក ផៃ ស៊ីផាន ក្ដី ប៉ុន្តែ នៅ​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ និង​ដក​បម្រាម​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ទៀត​ផង​។ កាល​ពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មីៗ ពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ជួបជុំ​ហើយក៏​មិន​មាន​ការ​ផ្ទុះ​ជំងឺ​កូវី១៩​ឡើង​ខ្លាំងក្លា​នោះ​ដែរ​។ ជាង​នេះ នៅ​រយៈពេល​ចុងក្រោយ​នេះ ក្រសួងសុខាភិបាល​តែង​ប្រកាស​មិន​មាន​ពលរដ្ឋ​ឆ្លង​ជំងឺ​កូវីដ​ទៀត​ផង។

រដ្ឋាភិបាល​បាន​ផ្អាក​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ដោយ​លើក​ហេតុ​ថា មាន​ករណី​ផ្ទុះ​ខ្លាំង​នៃ​ជំងឺ​កូវីដ​-១៩ កាល​ពី​ខែ​មេសា ឆ្នាំ​២០២០។

យុវជន​ធ្វើ​ការ​ផ្នែក​តស៊ូ​មតិ និង​ឃ្លាំមើល​ស្ថានការណ៍​សង្គម លោក ម៉ើ ចាន់ដារ៉ា សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​បាន​រៀបចំ​អបអរ​ពិធី​នេះ និង​មិន​បាន​ជូនដំណឹង​ជា​ផ្លូវការ​ឲ្យ​ពលរដ្ឋ​បានដឹង​នោះ​ទេ​។ លោក​បន្ត​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ពី​ជំងឺ​កូវីដ​មិន​សម​ហេតុផល​នោះ​ទេ ខណៈ​លោក​ឃើញ​លោក ហ៊ុន សែន តែង​ធ្វើ​ពិធី​ជួបជុំ មាន​មន្ត្រីជាន់ខ្ពស់​របស់​ស្ថាប័ន​ជាតិ​នានា​តែង​ចូលរួម និង​មាន​មាន​មនុស្ស​ចូលរួម​រាប់ពាន់​នាក់ ចូលរួម​ផង​ដែរ៖ «យើង​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​យើង​នៅ​តាម​មូលដ្ឋាន​ភាគច្រើន​ក៏​គាត់​ចាំ​មើល​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ព្រោះ​រៀងរាល់​ឆ្នាំ​នៅ​ពេល​ធ្វើ​ពិធី​ច្រត់ព្រះនង្គ័ល​យើង​ឃើញ​មាន​គោ​ឧសភរាជ គេ​នឹង​ដាក់​គោ​សម្រាប់​បរិភោគ​មាន​ស្រូវ​មាន​សណ្ដែក​អី​ផ្សេងៗ អ៊ីចឹង​គេ​នឹង​ធ្វើ​ការព្យាករណ៍​ទាក់ទង​ផលិតភាព​កសិកម្ម​តាម​ផ្នែក»

ព្រះរាជ​ពិធីបុណ្យ «​ច្រត់ព្រះនង្គ័ល​» ជា​ជួង​បន្លឺ​ប្រាប់​ប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​ការ​ធ្វើ​កសិកម្ម​ថា រដូវ​ធ្វើស្រែ​ចំការ​បាន​ចូល​មក​ដល់​ហើយ​។ ពិធី​នេះ​ធ្វើឡើង​ដើម្បី​ផ្សង​ប្រផ្នូល​តាមរយៈ​ការ​បរិភោគ​របស់​គោ​ឧសភរាជ ពលរដ្ឋ​តែងតែ​ដាំ​ដុះ​ផលដំណាំ​របស់​ខ្លួន​តាម​ប្រផ្នូល​នោះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល