ICCជួប​ប្រជុំ​ផ្នែក​បច្ចេកទេស​លើក​ទី​២៧​ស្ដីពី​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​នៅ​សៀមរាប

ដោយ ហង្ស សាវយុត
2017.01.24
ប្រជុំ ICC សៀមរាប ៨៥៥ ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​​​គណៈកម្មាធិការ​​​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ (ICC) លើក​ទី​២៧ នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

ក្រុម​អ្នក​ជំនាញ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ ហៅ​កាត់ អាយ.ស៊ី.ស៊ី (ICC) បាន​ជួប​ប្រជុំ​ផ្នែក​បច្ចេកទេស​លើក​ទី​២៧ ស្ដីពី​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​បុរាណ​នានា នៅ​ក្នុង​ខេត្ត​សៀមរាប។

ក្រុម​អ្នក​ជំនាញ​កំពុង​ពិនិត្យ​មើល​គម្រោង​គ្រប់គ្រង​ទឹក​នៅ​លើ​កំពូល​ភ្នំ​គូលែន និង​វិធីសាស្ត្រ​នៃ​ការ​អនុវត្ត​ការងារ​ជួសជុល​ប្រាសាទ​បុរាណ​មួយ​ចំនួន​ទៅ​តាម​អនុសាសន៍​របស់​ក្រុម​អ្នក​បច្ចេកទេស​ជាន់​ខ្ពស់​ជាដើម។

សហប្រធាន​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ ​លើក​ទី​២៧ គឺ​ជប៉ុន និង​បារាំង បាន​កត់សំគាល់​ឃើញ​ថា សម្បត្តិ​បេតិកភណ្ឌ​ជា​ច្រើន​របស់​ខ្មែរ​ដែល​ពី​មុន​ធ្លាប់​តែ​ទទួល​រង​គ្រោះថ្នាក់​នោះ ប៉ុន្តែ​បច្ចុប្បន្ន គឺ​លែង​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ហើយ។ ការ​កត់សំគាល់​នេះ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បច្ចេកទេស​ផ្នែក​ជួសជុល និង​អភិរក្ស​ប្រាសាទ​បុរាណ​លើក​ទី​២៧ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​មករា។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មាន​ប្រសាសន៍​នៅ​ក្រោយ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​ថា អង្គ​ប្រជុំ​ផ្នែក​បច្ចេកទេស​សម្រាប់​ការងារ​ជួសជុល និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​លើក​ទី​២៧ នេះ គឺ​ក្រុម​អ្នក​ជំនាញ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ បាន​ពិនិត្យ​មើល​ទៅ​លើ​គម្រោង​គ្រប់គ្រង​ទឹក​នៅ​កំពូល​ភ្នំ​គូលែន គម្រោង​ជួសជុល​ស្ពាន​ហាល ប៉ែក​ខាងលិច​របស់​ប្រាសាទ​អង្គរវត្ត ព្រម​ទាំង​អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​ការពារ​សម្បត្តិ​បេតិកភណ្ឌ នឹង​ផ្ដល់​អនុសាសន៍​លើ​ការងារ​ជួសជុល​ប្រាសាទ​មួយ​ចំនួន។

លោក ឡុង កុសល បញ្ជាក់​ទៀត​ថា សហប្រធាន​នៃ​កិច្ចប្រជុំ ICC បារាំង ជប៉ុន បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ជា​ច្រើន​ក្នុង​ការ​ជួយ​ជួសជុល និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ និង​ប្រាសាទ​បុរាណ​ជា​ច្រើន​នៅ​ខេត្ត​សៀមរាប៖ «អ្វី​ដែល​គួរ​ឱ្យ​កត់សំគាល់​នោះ ឃើញ​សម្បត្តិ​បេតិកភណ្ឌ​ដែល​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​នៅ​ពេល​កន្លង​មក គឺ​បច្ចុប្បន្ន​លែង​ជា​ចំណុច​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទៀត​ហើយ។ នេះ​ជា​ចំណុច​ដែល​សហប្រធាន​នៃ​អង្គ​ប្រជុំ​បាន​លើក​ឡើង»

​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​បាន​សុំ​អនុសាសន៍​ពី​អ្នក​ជំនាញ​ជាន់​ខ្ពស់​អន្តរជាតិ​ឱ្យ​ផ្ដល់​យោបល់​ទៅ​លើ​គម្រោង​ជួសជុល​ស្ពាន​ហាល​របស់​អង្គរវត្ត គម្រោង​ថែទាំ​ប្រាសាទ​ចៅស្រី​វិបុល និង​គម្រោង​ជា​ច្រើន​ទៀត។

ប្រធាន​គម្រោង​ជួសជុល​ស្ពាន​ហាល ប៉ែក​ខាង​លិច​របស់​អង្គរវត្ត ក្នុង​ដំណាក់កាល​ទី​២ លោក អន សុភាព មាន​ប្រសាសន៍​ថា លោក​បាន​បង្ហាញ​ទៅ​អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​ការពារ​បេតិកភណ្ឌ​អន្តរជាតិ​ចំនួន ៣​ចំណុច នៃ​គម្រោង​ដែល​ប្រុង​នឹង​ជួសជុល​ស្ពាន​ហាល​នៃ​ប្រាសាទ​អង្គរវត្ត។ ចំណុច​ទាំង​៣ នោះ មាន​ដូច​ជា​ការ​ជួសជុល​ស្ពាន​ហាល កុំ​ឱ្យ​រុះរើ​ជញ្ជាំង​របស់​ស្ពាន ទី​២ ការ​ជួសជុល​នោះ​គឺ​សុំ​រើ​ថ្ម​តែ​ផ្នែក​ខ្លះ​ដែល​ចាំបាច់ និង​ទី​៣ គឺ​សុំ​រើ​ថ្ម​ស្ពាន​បុរាណ​ទាំង​អស់ រួច​ហើយ​ចាំ​រៀប​ថ្ម​ជា​ថ្មី​វិញ​ជាដើម៖ «យើង​សំណូមពរ​ប៉ុណ្ណឹង​ហើយ យើង​រង់ចាំ​ការ​ផ្ដល់​អនុសាសន៍​នៅ​ចុង​ម៉ោង​នៃ​កិច្ច​ប្រជុំ ហើយ​ខាង​អាជ្ញាធរ​អប្សរា និង​ដៃគូ​មក​ពី​សកល​វិទ្យាល័យ Sophia ជប៉ុន នឹង​ជជែក​គ្នា​លំអិត​ថែម​ទៀត»

​មន្ត្រី​អាជ្ញាធរ​អប្សរា​បង្ហាញ​មោទនភាព​ថា កម្ពុជា ក្រៅ​តែ​ពី​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ជំនាញ​អន្តរជាតិ​លើ​ស្នាដៃ​ការងារ​អភិរក្ស​បេតិកភណ្ឌ​កាន់​តែ​មាន​ភាព​រីកចំរើន​ល្អ គឺ​កម្ពុជា មាន​មោទនភាព​ថ្មី​មួយ​ទៀត ដោយ​បាន​ដាក់​ឧបករណ៍​ភ្លេង​ខ្មែរ​ចាប៉ី​ដង​វែង​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។