ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់ ប្រគល់​វត្ថុ​បុរាណ​ចំនួន ៨៥ប្រភេទ​ មក​ឲ្យ​ប្រទេស​កម្ពុជា

ដោយ សុ ជីវី
2019-07-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វត្ថុ​បុរាណ​ចំនួន ៨៥ប្រភេទ ដែល​ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់ ​ប្រគល់​មក​​ឲ្យ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ២០១៩។
វត្ថុ​បុរាណ​ចំនួន ៨៥ប្រភេទ ដែល​ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់ ​ប្រគល់​មក​​ឲ្យ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក

ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់ បាន​ប្រគល់​វត្ថុ​បុរាណ​ចំនួន ៨៥ប្រភេទ ដែល​ស្វាមី​របស់​គាត់​បាន​ប្រមូល​ទិញ កាល​ពី​ជាង ២០ឆ្នាំ​មុន មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា ដោយ​ធ្វើ​តាម​បណ្ដាំ​របស់​ស្វាមី​របស់​គាត់ ដែល​ទើប​ទទួល​មរណភាព។

លោក​ស្រី​បណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ប្រគល់​វត្ថុ​បុរាណ​នៅ​សារមន្ទីរ​ជាតិ​ថា ស្វាមី​គាត់​បាន​ប្រមូល​ទិញ​វត្ថុ​បុរាណ​ទាំង​នោះ នៅ​ពេល​ដែល​មាន​គេ​ដាក់​លក់​ក្នុង​ប្រទេស​ជប៉ុន​ ហើយ​នៅ​មុន​ពេល​គាត់​ស្លាប់ បាន​ផ្ដាំ​ឲ្យ​យក​វត្ថុ​បុរាណ​ទាំង​នេះ​ប្រគល់​ទៅ​ម្ចាស់​ដើម​វិញ។ អ្នកស្រី​បន្ត​ថា ស្វាមី​របស់​គាត់ គឺ​ជា​អ្នក​ដែល​ស្រលាញ់ និង​ធ្លាប់​សិក្សា​ស្រាវជ្រាវ អំពី​សិល្បៈ វប្បធម៌​របស់​ប្រទេស​កម្ពុជា។ ជន​ជាតិ​ជប៉ុន​រូប​នេះ ក៏​បាន​ប្រគល់​ទឹក​ប្រាក់​ចំនួន ៥.០០០​ដុល្លារ ដើម្បី​ធ្វើ​ការ​អភិរក្ស​វត្ថុបុរាណ​ទាំង​នេះ​នៅ​ក្នុង​សារមន្ទីរ​ជាតិ​ផង​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ប្រាក់ សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​រីករាយ និង​អរគុណ​ដល់​គ្រួសារ​ជន​ជាតិ​ជប៉ុន​នេះ ដែល​បាន​ស្ម័គ្រ​ចិត្ត​ដឹក និង​ប្រគល់​វត្ថុ​បុរាណ​ទាំង​អស់​នេះ​មក​កម្ពុជា​វិញ។ ទង្វើ​នេះ គឺ​ជា​ការ​ចូលរួម លើក​កម្ពស់​តម្លៃ​វប្បធម៌​ខ្មែរ និង​ចូលរួម​ផ្សះផ្សា​ផ្លូវ​ចិត្ត​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​កន្លង​ទៅ។

វត្ថុបុរាណ​ខ្មែរ​ដែល​រសាត់​អណ្ដែត​ដល់​ប្រទេស​ជប៉ុន​នេះ មាន​ដូច​ជា បដិមា​ព្រហ្មញ្ញ​សាសនា ព្រះពុទ្ធសាសនា គ្រឿង​លម្អ ត្រា​មាន​លម្អ​រូប​សត្វ​ធ្វើ​ពី​សំរឹទ្ធ បំណែក​តុបតែង ខ្សែ​ក​ធ្វើ​ពី​មាស កុលាលភាជន៍ និង​អក​កំបោរ​ធ្វើ​ពី​ស្ពាន់​ជា​ដើម។ វត្ថុបុរាណ​ទាំងនោះ បន្សល់​ទុក​ពី​សម័យកាល ផ្សេងៗ គ្នា ដូច​ជា ខ្លះ​មក​ពី​សម័យ​មុន​អង្គរ ខ្លះ​ទៀត​មក​ពី​សម័យ​អង្គរ និង​ក្រោយ​សម័យ​អង្គរ។

យោង​តាម​អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់ និង​ការពារ​មិន​ឲ្យ​មាន​ការ​នាំ​ចេញ និង​ការ​នាំចូល​វត្ថុ​បុរាណ​របស់​អង្គការ​យូណេស្កូ (UNESCO) ឆ្នាំ១៩៧០ បង្ហាញ​ថា រាល់​វត្ថុ​បុរាណ​ទាំង​ឡាយ​ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល