ភាសាខ្មែរ​មាន​សារសំខាន់​សម្រាប់​​វិស័យ​ធុរកិច្ច​ក្នុង​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ

ដោយ សន ចាន់រដ្ឋា
2018-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកសារ​បង្រៀន​ភាសាខ្មែរ​របស់​លោក​គ្រូ លោក ច័ន្ទ ធុនាសូរ្យ។ រូបថត​ថ្ងៃទី៦ កុម្ភៈ ២០១៨។
ឯកសារ​បង្រៀន​ភាសាខ្មែរ​របស់​លោក​គ្រូ លោក ច័ន្ទ ធុនាសូរ្យ។ រូបថត​ថ្ងៃទី៦ កុម្ភៈ ២០១៨។
Photo: RFA

ភាសា​របស់​ជាតិ​នីមួយៗ​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយឡែក​ពី​គ្នា ហើយ​តាមរយៈ​ភាសា​នេះ​ឯង​ដែល​​មនុស្ស​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា ស្វែង​យល់​ពី​គ្នា​ និង​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅ​មក ទាំង​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌។ សព្វថ្ងៃ​នេះ ​ប្រជាជន​ជាច្រើន​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ រស់​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ភាគ​ឦសាន​​ប្រទេស​ថៃ នៅ​តែ​អាច​​រក្សា​បាន​នូវ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​សម្រាប់​ការ​ប្រាស្រ័យ​​​​ទាក់ទង​គ្នា​ដដែល​ ហើយ​ពួក​គាត់​ចាត់​ទុក​ភាសា​ខ្មែរ​នេះ​ ថា​ជា​ភាសា​ដែល​សំខាន់​សម្រាប់​មុខ​របរ​របស់​ពួក​គាត់​ផង​ដែរ។

ទោះ​បី​ជា​ត្រូវ​ខ័ណ្ឌ​ចែក​ដោយ​​ព្រំដែន​នយោបាយ​ក្តី ក៏​ជន​ជាតិ​ខ្មែរ​ភាគ​ច្រើន​ដែល​ជា​ម្ចាស់​ស្រុក​រស់​នៅ​ក្នុង​ខេត្ត​សុរិន្ទ បុរីរ៉ាម (បុរីរម្យ) និង​ស៊ីសាកេត ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​បច្ចុប្បន្ន ​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ភាសា​ខ្មែរ ជា​ភាសា​ទំនាក់ទំនង​គ្នា​​ប្រចាំ​ថ្ងៃ​ដដែល។ លើស​ពី​នេះ​ទៅ​ទៀត ​ភាសា​ខ្មែរ​ដែល​កំពុង​ប្រើប្រាស់​ដោយ​ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ក៏​បាន​ក្លាយ​ជា​ភាសា​ដែល​មាន​សារៈសំខាន់​សម្រាប់​វិស័យ​ធុរកិច្ច​​នៅ​ក្នុង​ខេត្ត​ទាំង​នោះ​ដែរ ជាពិសេស គឺ​នៅ​ក្នុង​ខេត្ត​សុរិន្ទ ដោយសារ​តែ​មាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​បាន​ទៅ​ពិនិត្យ​សុខភាព ទិញ​ទំនិញ និង​ធ្វើការ​​ក្នុង​ខេត្ត​នេះ។

នេះ​គឺ​ជា​ការ​អះអាង​របស់​លោក ច័ន្ទ ធុនាសូរ្យ ដែល​​ជា​​គ្រូបង្រៀន​ភាសាខ្មែរ​នៃ​វិទ្យាល័យ​រាមវិទ្យារជ្ជមង្គលភិសេក នៅ​ក្នុង​ខេត្ត​សុរិន្ទ។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​មក​ពី​កម្ពុជា​ បាន​ទៅ​ព្យាបាល​ជំងឺ និង​ពិនិត្យ​សុខភាព​នៅ​​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សុរិន្ទ​ ធ្វើ​ឱ្យ​មាន​តម្រូវការ​បុគ្គលិក​ពេទ្យ​ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន។ ចំណែក​នៅ​តាម​ផ្សារ ជាពិសេស ​ផ្សារ​ទំនើប​វិញ គឺ​អ្នក​ដែល​ចេះ​ភាសាខ្មែរ​នឹង​មាន​អាទិភាព​ទទួល​បាន​ការងារ​ធ្វើ ព្រោះ​ម្ចាស់​ហាង​ភាគ​ច្រើន​ ចង់​បាន​អ្នក​ចេះ​និយាយ​ខ្មែរ ដោយសារ​អតិថិជន​របស់​ពួក​គេ​ភាគ​ច្រើន​ គឺ​ជា​ជនជាតិ​ខ្មែរ​ដែល​មក​ពី​កម្ពុជា៖ «សព្វថ្ងៃ​នៅ​តាម​ផ្សារ​ ឬ​ផ្សារ​ទំនើប​ ពេល​គេ​ជ្រើស​រើស​បុគ្គលិក ប្រសិន​បើ​​អ្នក​ណា​ចេះ​ភាសា​ខ្មែរ​ គឺ​គេ​នឹង​ទទួល​យក​ទៅ​ធ្វើ​ការ​មុនគេ។ ចំណែក​នៅ​​មន្ទីរ​ពេទ្យ​វិញ សព្វ​ថ្ងៃ​​មាន​បងប្អូន​ខ្មែរ​ពី​កម្ពុជា​មក​ពិនិត្យ​សុខភាព​​ច្រើន​​​ ក៏​ត្រូវ​ការ​បុគ្គលិក​ដែល​ចេះ​និយាយ​​ភាសា​ខ្មែរ​ដែរ។ ​បងប្អូន​មក​ពី​កម្ពុជា​មាន​​​​ទំនាក់​ទំនង​​គ្នា​ច្រើន មក​ទិញ​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប​ក៏​ច្រើន​​ មក​មន្ទីរ​ពេទ្យ​ក៏​ច្រើន»

គ្រូបង្រៀន​ភាសាខ្មែរនៃ​វិទ្យាល័យ​រាម​វិទ្យារជ្ជមង្គលភិសេក ក្នុង​ខេត្ត​សុរិន្ទ លោក ច័ន្ទ ធុនាសូរ្យ ផ្តល់​បទ​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ ២០១៨។
គ្រូបង្រៀន​ភាសាខ្មែរនៃ​វិទ្យាល័យ​រាម​វិទ្យារជ្ជមង្គលភិសេក ក្នុង​ខេត្ត​សុរិន្ទ លោក ច័ន្ទ ធុនាសូរ្យ ផ្តល់​បទ​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ ២០១៨។ Photo: RFA

លោក ច័ន្ទ ធុនាសូរ្យ អះអាង​ថា បច្ចុប្បន្ន​នេះ ទឹក​ប្រាក់​ដែល​ខ្មែរ​នៅ​កម្ពុជា​បាន​ចំណាយ​សម្រាប់​សេវា​សុខាភិបាល និង​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​សុរិន្ទ គឺ​ជា​ប្រភព​ចំណូល​សំខាន់​ទីពីរ​របស់​ខេត្ត​សុរិន្ទ បន្ទាប់​ពី​ទឹក​ប្រាក់​ដែល​ប្រមូល​បាន​ពី​វិស័យ​ពន្ធដារ​ក្នុង​ខេត្ត។ លោក​បញ្ជាក់​បន្ត​ថា ដោយ​សារ​កត្តា​នេះ​ហើយដែល​ជំរុញ​ឱ្យ​ថ្នាក់​ដឹក​នាំ​ខេត្ត​សុរិន្ទ ស្នើ​ដល់​សាលា​នានា​ទូទាំង​ខេត្ត​ឱ្យ​​បន្ថែម​ម៉ោង​បង្រៀន​ភាសា​ខ្មែរ​ដល់​សិស្សានុសិស្ស៖ «សព្វថ្ងៃ​នេះ​ប្រាក់​ដែល​បង​ប្អូន​​​ពី​កម្ពុជា​យក​មក​ចាយ​​​នៅ​មន្ទីរពេទ្យ​ នៅ​ទីផ្សារ​ ជា​ប្រាក់​ចំណូល​លេខ​២ ក្រៅ​ពី​ការ​ប្រមូល​ពន្ធ​ដារ​​ខេត្ត​ប្រមូល​បាន។ ប្រាក់​មក​ពី​កម្ពុជា​ច្រើន​ មក​​​​ទិញ​របស់​របរ​​ប្រើប្រាស់​ និង​ពិនិត្យ​សុខភាព។ ចំពោះ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ចៅហ្វាយ​​ខេត្ត​ដែរ ​គេ​ព្យាយាម​រឹត​តែ​នឹង​ឱ្យ​សាលា​រៀន​បន្ថែម​ម៉ោង​រៀន​ភាសាខ្មែរ ឱ្យ​បាន​ច្រើន​ ឱ្យ​បាន​ល្អ។ ដូច​ខ្ញុំ​ផ្ទាល់​​ ក្រៅ​ពី​បង្រៀន​នៅ​សាលា​ហើយ នៅ​ថ្ងៃ​សៅរ៍​​ និង​អាទិត្យ ខ្ញុំ​ត្រូវ​ទៅ​បង្រៀន​នៅ​តាម​ផ្សារ​ទំនើប​ឱ្យ​បុគ្គលិក​គេ​ចេះ​ភាសា​ខ្មែរ​ ស្រួល​បង​ប្អូន​​មក​ពី​កម្ពុជា​មក​ទិញ​របស់​របរ និង​ផ្ដល់​ចំណេះដឹង​ដល់​​បុគ្គលិក​នៅ​តាម​មន្ទីរពេទ្យ​ឱ្យ​ចេះ​និយាយ​ភាសា​ខ្មែរ​ក្នុង​ការ​ទាក់ទង​គ្នា»

លោក​កត់សម្គាល់​ថា សិស្ស​ថ្នាក់​ទី១២ ភាគ​ច្រើន​ដែល​លោក​បាន​បង្រៀន​ ចាប់​អារម្មណ៍​នឹង​មុខ​វិជ្ជា​ភាសា​ខ្មែរ ដោយ​សារ​ពួក​គេ​មើល​ឃើញ​ឱកាស​ការងារ​ច្រើន នៅ​ក្នុង​ខេត្ត​សុរិន្ទ ប្រសិនបើ​ពួក​គេ​អាច​ប្រើប្រាស់​ភាសា​ខ្មែរ​បាន​មែន​​នោះ។

សព្វថ្ងៃ​នេះ ភាសាខ្មែរ​ត្រូវ​បាន​សាកល​វិទ្យាល័យ​មួយ​ចំនួន​ក្នុង​ខេត្ត​ភាគឦសាន​ប្រទេស​ថៃ ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​ក្នុង​សាលា​របស់​គេ ហើយ​មុខ​វិជ្ជា​នេះ​តែង​មាន​និស្សិត​ចូល​រៀន​រៀង​រាល់​ឆ្នាំ។

​ទិដ្ឋភាព​តាម​ជញ្ជាំង និង​បង្អួច​ថ្នាក់​រៀន​ខ្លះ​នៃ​វិទ្យាល័យ​រាមវិទ្យារជ្ជមង្គលភិសេក ក្នុង​ខេត្ត​សុរិន្ទ មាន​បិទ​ពាក្យ​ជា​ភាសាខ្មែរ។ រូបថត​ថ្ងៃ​ទី៦ កុម្ភៈ ២០១៨។  រូបថត​ថ្ងៃ​ទី៦ កុម្ភៈ ២០១៨។
​ទិដ្ឋភាព​តាម​ជញ្ជាំង និង​បង្អួច​ថ្នាក់​រៀន​ខ្លះ​នៃ​វិទ្យាល័យ​រាមវិទ្យារជ្ជមង្គលភិសេក ក្នុង​ខេត្ត​សុរិន្ទ មាន​បិទ​ពាក្យ​ជា​ភាសាខ្មែរ។ រូបថត​ថ្ងៃ​ទី៦ កុម្ភៈ ២០១៨។ រូបថត​ថ្ងៃ​ទី៦ កុម្ភៈ ២០១៨។ Photo: RFA

កញ្ញា កិត្តិនន្ទ ចៃត្រង់ មកពី​ខេត្ត​ស៊ីសាកេត​ គឺ​ជា​និស្សិត​ឆ្នាំ​ទី២ ផ្នែក​ភាសាខ្មែរ នៃ​សាកល​វិទ្យាល័យ​អ៊ូប៊ុន រាជធានី ដែល​ស្ថិត​ក្នុង​ខេត្ត​អ៊ូប៊ុន រាជធានី ភាគ​ឦសាន​ប្រទេស​ថៃ។ នាង​ថ្លែង​ថា នាង​សម្រេច​ចិត្ត​ជ្រើសរើស​មុខ​វិជ្ជា​ភាសា​ខ្មែរ​ ជា​មុខ​វិជ្ជា​សិក្សា​គោល​ ព្រោះ​នាង​មើល​ឃើញ​ពី​ឱកាស​ការងារ​ និង​មាន​បំណង​ធ្វើ​ជំនួញ​ផ្ទាល់​ខ្លួន​ តាម​រយៈ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​នេះ​ឯង៖ «ខ្ញុំ​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា គឺ​ការ​ធ្វើ​ធុរកិច្ច​ផ្ទាល់​ខ្លួន ពី​ព្រោះ​សេដ្ឋ​កិច្ច​ខ្មែរ​អាច​នឹង​ល្អ​ប្រសើរ​ឡើង​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ​ខ្ញុំ​ក៏​​ចង់​ទៅ​ធ្វើ​ធុរកិច្ច​​នៅ​កម្ពុជា»

និស្សិត​ឆ្នាំ​ទី២ ផ្នែក​ភាសាខ្មែរ នៃ​សាកល​វិទ្យាល័យ​អ៊ូប៊ុន រាជធានី កញ្ញា កិត្តិនន្ទ ចៃត្រង់ ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
និស្សិត​ឆ្នាំ​ទី២ ផ្នែក​ភាសាខ្មែរ នៃ​សាកល​វិទ្យាល័យ​អ៊ូប៊ុន រាជធានី កញ្ញា កិត្តិនន្ទ ចៃត្រង់ ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo: RFA

មូលហេតុ​សំខាន់​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​កញ្ញា កិត្តិនន្ទ ចៃត្រង់ សម្រេច​ចិត្ត​រៀន​ភាសាខ្មែរ​ គឺ​ដោយសារ​តែ​មាន​ការ​ពេញ​ចិត្ត និង​គាំទ្រ​ពី​ក្រុម​គ្រួសារ​របស់​នាង​ ដែល​ពួក​គាត់​ទាំង​អស់​សុទ្ធ​សឹង​តែ​មាន​ឈាម​ជ័រ​ជា​ខ្មែរ និង​និយាយ​ភាសាខ្មែរ ព្រម​ទាំង​ចង់​ឱ្យ​កូន​ចៅ​របស់​ខ្លួន​ថែ​រក្សា​ភាសា​កំណើត​មួយ​នេះ​កុំ​ឱ្យ​​បាត់​បង់។

ទោះបី​ជា​យ៉ាង​ណា បញ្ហា​មួយ​សំខាន់​​ដែល​ចោទ​ឡើង​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​ថៃ​នេះ គឺ​ការ​ចេះ​និយាយ តែ​មិន​ចេះ​សរសេរ។ អ្នក​ជំនាញ​ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា គិតគូរ​ជួយ​ដល់​ជាតិ​សាសន៍​ខ្មែរ​តែ​មួយ ដែល​បាន​ក្លាយ​ជា​ជនជាតិ​ដើម​ភាគ​តិច​នៅ​លើ​ទឹក​ដី​កំណើត និង​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ។

អ្នក​ស្រាវជ្រាវ​អំពី​វប្បធម៌ អរិយធម៌ អក្សរសិល្ប៍ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ក្នុង​ខេត្ត​សុរិន្ទ ​លោក ជ័យ​ មង្គល ថ្លែង​ថា ក្រសួង​អប់រំ​កម្ពុជា​គួរតែ​បង្កើត​សាលា​បង្រៀន​ភាសាខ្មែរ​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​​ថៃ ដូច​ដែល​ប្រទេស​ភូមា​បាន​ធ្វើ​នៅ​ខេត្ត​មួយ​ចំនួន​ក្នុង​ទឹក​ដី​ថៃ សម្រាប់​ជា​ប្រយោជន៍​ដល់​ជនជាតិ​គេ​យ៉ាង​ដូច្នោះ​ដែរ«ពលករ​ខ្មែរ​មក​ធ្វើ​ការ​ចំ​ណេះ​ចេះ​ដឹង​ក៏​មិនសូវ​ច្រើន​ អ៊ីចឹង​​យើង​គួរ​រៀន​តាម​អនឡាញ (Online Learning) ឬ​តាម​មជ្ឈ​មណ្ឌល​ភាសា​ ​ដូច​ជា​អ្វី​ដែល​ភូមា​គេ​បាន​ធ្វើ។ ភូមា​​គេ​មាន​សាលារៀន មាន​ថ្នាក់រៀន​របស់​គេ នៅ​ខេត្ត​សមុទ្រសាខន គេ​ធ្វើ​បាន ​គេ​​សហការ​ជាមួយ​ក្រសួង​អប់រំ​ថៃ។ ខ្មែរ​យើង​ត្រូវ​តែ​ធ្វើ​ ដោយ​សារ​ខ្មែរ​មក​ធ្វើការ​នៅ​ថៃ​រាប់​លាន​នាក់ ដូច​ជា​នៅ​បាងកក​ នៅ​តំបន់​​ផ្សារ​ប្រាទូណាម (Pratunam) ជាដើម យើង​មិន​អាច​ទៅ​ប្រើ​ភាសាខ្មែរ​ជេរ​អ្នក​ផ្សេង​បាន​ទេ ព្រោះ​គេ​យល់។ ក្រសួង​អប់​រំ​គួរ​តែ​បង្កើត​ឱ្យ​មាន​កម្មវិធី​អប់រំ​រយៈពេល​វែង ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ​ថៃ​ទៅ»

ចំណែក​ឯ​​គ្រូបង្រៀន​ភាសា​ខ្មែរ​នៃ​វិទ្យាល័យ​រាមវិទ្យារជ្ជមង្គលភិសេក លោក ច័ន្ទ ធុនាសូរ្យ វិញ ក៏​ចង់​ឱ្យ​ស្ថាប័ន​អប់រំ​នៅ​កម្ពុជា​ងាក​មក​ចាប់​អារម្មណ៍ និង​​ជួយ​ពង្រឹង​ភាសាខ្មែរ​នៅ​ដែន​ដី​ភាគ​ឦសាន​ប្រទេស​ថៃ ជាពិសេស ក្នុង​ខេត្ត​​សុរិន្ទ​នេះ​ដែរ ដើម្បី​ឱ្យ​ភាសា​ខ្មែរ​អាច​ស្ថិត​នៅ​គង់វង្ស​យូរ​អង្វែង​តទៅ​​ទៀត។ ការ​ជួយ​នោះ​ គឺ​តាម​រយៈ​មធ្យោបាយ​នៃ​ការ​បញ្ជូន​គ្រូ​បង្រៀន​ និង​ឯកសារ​ផ្សេងៗ​ ដើម្បី​មក​បណ្ដុះបណ្ដាល​កូន​ចៅ​អ្នក​ស្រុក​សុរិន្ទ និង​ដែន​ដី​ផ្សេង​ទៀត ដែល​ធ្លាប់​ជា​អតីត​ទឹក​ដី​របស់​ខ្មែរ និង​ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​របស់​ប្រទេស​​ថៃ​នេះ​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល