ស្ថានភាព​បុណ្យ​ចូលឆ្នាំ​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​រងគ្រោះ​នៅ​សេសាន​ក្រោម​ពីរ

ដោយ មួង ណារ៉េត
2018-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។
ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។
Photo Provided

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ឃុំ​ក្បាល​រមាស និង​ឃុំ​ស្រែគរ​ចាស់ ខេត្ត​ស្ទឹងត្រែង តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ជា​រៀងរាល់​ឆ្នាំ និង​គោរព​បារមី​ដើម​ពោធិ៍ធំ​មួយ ដែល​ពួកគេ​ចាត់ទុកថា ផ្ដល់​សេចក្តី​សុខ​ចម្រើន និង​បញ្ចៀស​គ្រោះភ័យ​ទាំងឡាយ​ដែល​កើតមាន បើទោះបីជា​ភូមិ​របស់​ពួកគាត់ ត្រូវ​ទឹក​ពន្លិច​ទាំងស្រុង ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ជំនឿ​នេះ បាន​កើត​មានឡើង​ច្រើន​ជំនាន់​មក​ហើយ រហូត​បច្ចុប្បន្ន​អ្នក​ភូមិ នៅតែ​ប្រកាន់ខ្ជាប់​ប្រពៃណី​សែនព្រេន ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ជា​រៀងរាល់​ឆ្នាំ មិនដែល​អាក់ខាន​ឡើយ អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី។

ជនជាតិ​ដើម​ភាគតិច​ព្នង និង​ជនជាតិ​ភាគតិច​ឡាវ រស់នៅ​ឃុំ​ស្រែគរ និង​ក្បាល​រមាស​ចាស់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​តែ​ប្រកាន់​ជំហរ ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ លេង​ល្បែង​ប្រជាប្រិយ រាំ​ធុងបាស​កម្សាន្ត បើទោះបីជា​ស្ថានភាព​រស់នៅ​របស់​ពួកគាត់​ប្រឈម​បញ្ហា​លំបាក​ក្ដី។ អ្នកភូមិ​ប្រមាណ ៥០​នាក់ បាន​មក​ជួបជុំគ្នា​នៅ​ភូមិ​ក្បាល​រមាស​ចាស់ កាលពី​ព្រឹក​ថ្ងៃទី១៥ មេសា រៀបចំ​ទូក​ជាច្រើន​គ្រឿង ដង្ហែ​ផ្កា​ប្រាក់​ជុំវិញ​ដើម​ពោធិ៍​មួយ​ដើម ដែល​កំពុង​លិច​ទឹក។

មានកំណើត​ជា​ជនជាតិ​ព្នង​រស់នៅ​ឃុំ​ក្បាល​រមាស​ចាស់ លោកស្រី ស្រាង ឡាញ់ ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៦ មីនា ថា បើទោះបី​ជាដើម​ពោធិ៍​ដែល​អ្នកភូមិ​គោរព​បូជា​ច្រើន​ឆ្នាំ​មក​ហើយ ឋិត​ក្នុង​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្តី ក៏​ពួកគាត់​នៅតែ​គោរព​បូជា​សែនព្រេន ដង្ហែ​ផ្កា​ប្រាក់ ដើម្បី​សេចក្ដី​សុខ​ចម្រើន។ លោកស្រី​ថា កន្លងទៅ​អ្នកភូមិ​តម្កល់​ព្រះពុទ្ធ​ប្បដិមា​មួយ​អង្គ​ក្រោម​ដើម​ពោធិ៍​នោះ ដើម្បី​គោរព​បូជា ដោយសារ​ទឹក​ពន្លិច​ភូមិ​ពួកគាត់ បានជា​អ្នកភូមិ​រំកិល​ព្រះពុទ្ធបដិមា​នោះ​មក​កាន់​ទី​ទួល​ខ្ពស់​វិញ។ លើស​ពី​នេះ​អ្នកភូមិ​បាន​និមន្ត​ព្រះសង្ឃ​ពីរ​អង្គ មក​គង់នៅ​វត្ត​ក្បាល​រមាស​ចាស់ អំឡុង​ពិធីបុណ្យ​ចូល​ឆ្មាំ​ថ្មី ដើម្បី​សូត្រ​មន្ត​បង្សុកូល និង​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ បើទោះបីជា​ពួកគាត់​មាន​ជីវភាព​ខ្វះខាត​ក្ដី។ «»

ស្ត្រី​ដដែល​បន្ថែម​ថា ដើម​ពោធិ៍ធំ​មួយ ដែល​អ្នកភូមិ មាន​ជំនឿថា ពូកែ​ស័ក្ដិសិទ្ធិ និង​តែង​ពឹងពាក់​បារមី​ដើម​ពោធិ៍​នេះ ឲ្យ​ជួយ​ផ្តល់​សេចក្តី​សុខ​រំដោះទុក្ខ​ភ័យ​គ្រប់បែប​យ៉ាង។ លោកស្រី ស្រាង ឡាញ់ រៀបរាប់​រឿង​តំណាល​ពី​ចាស់ព្រឹទ្ធាចារ្យ ឲ្យ​ដឹង​ថា ដើម​ពោធិ៍ធំ​មួយ​ដើម​នេះ មាន​អ្នកតា​គង់នៅ ដែល​កូនចៅ​ក្នុង​ភូមិ​កើត​ជំងឺ ព្យាបាល​មិន​ជា ត្រូវ​បាន​អ្នកតា​ដើម​ពោធិ៍ មក​ពន្យល់​សប្តិ ឲ្យ​អ្នកភូមិ​បួងសួង និង​រៀបចំ​ដង្វាយ​នឹង​បានជា​សះស្បើយ។ ក្រោយ​មក​គ្រួសារ​ដែល​កើតមាន​បាតុភាព​នេះ បាន​រៀបចំ​ពិធី​សែនព្រេន គឺ​បានជា​សះស្បើយ​ដូច​បំណង ហើយ​ជា​រៀងរាល់​ឆ្នាំ អ្នកភូមិ​តែង ដាក់​ដង្វាយ​មាន​មាន់​ស្ងោ ជ្រូក និង​ផ្លែឈើ បាន​មក​សែន​បន់ស្រន់​សុំ​សេចក្ដី​សុខ​ចម្រើន​មិនដែល​អាក់ខាន​ឡើយ។ លើស​ពី​នេះ ក្នុង​ពិធីបុណ្យ​ចូល​ឆ្មាំ​ខ្មែរ ឆ្នាំនេះ​អ្នកភូមិ​បាន​មក​សែនព្រេន​សុំ​សេចក្តី​សុខ បញ្ចៀស​ទុក្ខ​លំបាក ដែល​កំពុង​រង​ទុក្ខវេទនា​ដោយសារ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បិទទ្វារ​ទឹក​ពន្លិច​ភូមិ។ «»

ចំណែក​នៅ​ភូមិ​ស្រែគរ ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​ប្រមាណ ៥០​គ្រួសារ បាន​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី មិន​ខុស​ពី​ភូមិ​ក្បាលរមាស​ទេ។ អ្នកភូមិ​បាន​មូលមតិ​គ្នា សាងសង់​សាលាឆាន់​ដោយ​ខ្លួនឯង និង​បាន​និមន្ត​ព្រះសង្ឃ​គង់នៅ អំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ។ ពួកគាត់​អង្កេត​ឃើញ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នៅ​ឆ្នាំនេះ មាន​ភាព​ខុសប្លែក​ជាង​ឆ្នាំ​ជាង​ឆ្នាំមុនៗ ព្រោះតែ​ពលរដ្ឋ​មិន​សប្បាយចិត្ត​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នានា ដោយសារ​ទំនប់​សេ​សាន​ក្រោម​ពីរ បិទទ្វារ​ទឹក​ពន្លិច​ភូមិ និង​ការផ្តល់​សំណង​មិន​សមរម្យ​ជាដើម ហើយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ។ «»

មេឃុំ​ជាប់​ឆ្នោត​ពី​បក្ស​ប្រឆាំង លោក សៀក មេគង្គ បន្ថែម​ថា ការ​ជម្លៀស​ចេញពី​លំនៅឋាន និង​ការ​ពន្យារ​ពេល​មិន​សាងសង់​ភូមិ​ថ្មី​ជួន​ពលរដ្ឋ គឺជា​ទុក្ខ​កង្វល់​របស់​អ្នកភូមិ​ដែល​មិន​ទទួល គោល​នយោបាយ​សំណង​របស់​ក្រុមហ៊ុន ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​បាន​បិទទ្វារ​ទឹកជា​ស្ថាពរ កាលពី​ចុង ឆ្នាំ២០១៧។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បង្ក​ប៉ះពាល់​ពលរដ្ឋ​ចំនួន ៧​ភូមិ ក្នុង​ឃុំ​ចំនួន ៤ របស់​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កំពុង​ក្លាយ​ជា​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ បច្ចុប្បន្ន​ពលរដ្ឋ​ដែល​ក្រាញននៀល​មិន​ទទួល​សំណង​នៅ​ឃុំ​ក្បាល​រមាស​ចំនួន ៥៨​គ្រួសារ និង​ភូមិ​ស្រែគរ ៥០​គ្រួសារ រួមបញ្ចូល​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល