ពលរដ្ឋ​ឃុំ​ភ្នំត្បែង២​ខេត្ត​ព្រះវិហារ​មិន​បាន​ចូល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ច្រើន​កុះករ

ដោយ ហង្ស សាវយុត
2017.04.15
ផែនទី​ខេត្ត​ព្រះវិហារ ៨៥៥ ផែនទី​ខេត្ត​ព្រះវិហារ
Photo: RFA

នៅ​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​រកា នព្វស័ក​នេះ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កំពុង​តែ​ជួបជុំ​បង​ប្អូន​ញាតិមិត្ត​សប្បាយ​រីករាយ​អបអរ​ឆ្នាំ​ថ្មី គឺ​នៅ​ឯ​ឃុំ​ភ្នំត្បែង២ នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ វិញ ហាក់​មិន​សូវ​មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​ចូលរួម​អបអរ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ប៉ុន្មាន​ទេ។ មូលហេតុ​ដោយសារ​តែ​ពលរដ្ឋ​ទី​នោះ ភាគច្រើន​មាន​ជីវភាព​ក្រីក្រ ត្រូវ​ចាកចេញ​ទៅ​ធ្វើ​ចំការ និង​ចូល​ព្រៃ​ដើម្បី​ស្វែង​រក​អនុផល​ព្រៃឈើ​ចិញ្ចឹម​ជីវិត។

ឃុំ​ភ្នំត្បែង២ នៃ​ស្រុក​គូលែន គឺ​ជា​តំបន់​ដាច់ស្រយាល​មួយ​ស្ថិត​នៅ​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​ព្រះវិហារ។

ទី​នោះ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ចំនួន ៤​ភូមិ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ជីវភាព​ក្រីក្រ ដោយ​ប្រកប​មុខ​របរ​ជា​អ្នក​ធ្វើ​ស្រែចំការ និង​ចូល​ព្រៃ​ដើម្បី​រក​ចំណូល​ពី​អនុផល​ព្រៃឈើ។

នៅ​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​នាំ​គ្នា​រីករាយ​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ភ្នំត្បែង២ ខ្លះ មិន​បាន​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទេ។ ពួកគេ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​ការ​ចូលរួម​សប្បាយ។

ស្ត្រី​អ្នក​ភូមិ​ឈូក​នៃ​ឃុំ​ភ្នំត្បែង២ ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត គឺ​លោកស្រី យឹម ទៀប។លោកស្រី​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​ពេល​នេះ​ជា​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មែន តែ​អ្នក​ភូមិ​របស់​គាត់ ក៏​ដូចជា​អ្នក​ភូមិ​ផ្សេង​ទៀត​ជា​ច្រើន មិន​បាន​នៅ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ទេ គឺ​ពួកគេ​បាន​នាំ​គ្នា​ទៅ​ធ្វើ​ចំការ​​នៅ​តាម​ទីវាល និង​ខ្លះ​ទៀត​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​ស្វែងរក​កម្រៃ​ពី​អនុផល​ព្រៃឈើ។

លោកស្រី យឹម ទៀប មាន​ប្រសាសន៍​ទៀត​ថា ជា​រៀងរាល់​ឆ្នាំ នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ម្ដងៗ គឺ​អ្នក​ភូមិ​ជា​ច្រើន​ដែល​មាន​ជីវភាព​ក្រីក្រ មិន​បាន​នៅ​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទេ គឺ​ពួកគេ​តែង​នាំ​ប្រពន្ធ​កូន​ចេញ​ចោល​ផ្ទះ​ទៅ​ធ្វើ​ចម្ការ​នៅ​តាម​ព្រៃ ចំណែក​ឯ​អ្នក​នៅ​សេសសល់​ក្នុង​ភូមិ​ក៏​នាំ​គ្នា​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី និង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដូច​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែរ ប៉ុន្តែ​មិន​បាន​ធំដុំ និង​អធិកអធម ដូចជា​អ្នក​រស់​នៅ​ទីក្រុង​ឡើយ៖ «សូម្បីតែ​យក​ចង្ហាន់​ទៅ​វត្ត ក៏​គ្មាន​ម្ហូប​ចំណី​បរិបូរ​សម្រាប់​ប្រគេន​ព្រះសង្ឃ​ដែរ មាន​តែ​បុក​អំពិល មាន​អន្លក់​ព្រៃ ដូចជា​ស្លឹក​ព្រិច និង​ផ្លែ​ត្រប់​ស្ងោរ​ជាដើម»

នៅ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ អាជ្ញាធរ និង​គណៈកម្មការ​វត្ត​បាន​រៀបចំ​ឱ្យ​មាន​ការ​លេងល្បែង​ប្រជាប្រិយ និង​របាំ​នៅ​ក្នុង​ទីវ​ត្ត ដូចជា​កន្លែង​ដទៃ​ទៀត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មក​លេង ព្រម​ទាំង​រាំ​កំសាន្ត​សប្បាយ ក៏ប៉ុន្តែ​អ្នក​ដែល​នៅ​លេង​សប្បាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នោះ គឺ​មាន​ចំនួន​មិន​ច្រើន​ទ៖ «ចំរៀង​បុប្ផា​ព្រះវិហារ​១»

បុរស​អ្នក​ភូមិ​ក្ដាក់ ម្នាក់​ទៀត លោក ស៊ីន ធី មាន​ប្រសាសន៍​ថា កុំ​ថា​ឡើយ​តែ​អ្នក​ភូមិ​មិន​នៅ​ចូលរួម​លេង​សប្បាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​កំពុងតែ​ប្រព្រឹត្ត​ទៅ​នេះ គឺ​អ្នក​ភូមិ​ខ្លះ​ថែម​ទាំង​មិន​រៀបចំ​អាសនៈ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង ពីព្រោះ​តែ​ពួកគេ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ហើយ​អារម្មណ៍​ខ្វល់ខ្វាយ​តែ​ពី​រឿង​ធ្វើ​ចំការ និង​ចូល​ព្រៃ​ដើម្បី​រក​ចំណូល​ប្រចាំថ្ងៃ៖ «មាន​អ្នក​ខ្លះ​អត់​មាន​ដាក់​ទទួល​ទេវតា​អី​ទេ អ្នក​ខ្លះ​ក៏​ទៅ​ចូល​ព្រៃ ទៅ​ដេក​ឯ​ចំការ​បាត់​ស្ងាត់ឈឹង ពេល​យប់​ទើប​ត្រឡប់​មក​ដល់​ផ្ទះ ឯ​ព្រឹក​ឡើង​ក៏​ទៅ​ព្រៃ​ទៀ​ត​ទៅ»

នៅ​ឃុំ​ភ្នំត្បែង២ គឺ​មាន​កន្លែង​ទេសចរណ៍​ធម្មជាតិ​ខ្លះ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យទៅ​លេង​កម្សាន្ត​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​បាន ដូចជា​ទឹក​ជ្រោះ​ចាក់អង្រែ​ជាដើម ក៏ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​តែ​ផ្លូវ​ទៅ​កាន់​ឃុំ​នោះ​មាន​សភាព​គ្រលេកគ្រលុក ពិបាក​ធ្វើ​ដំណើរ​ទើប​ពុំ​មាន​ភ្ញៀវ​ទេសចរ​បរទេស និង​អ្នក​មក​ពី​ទីក្រុង​នានា​ទៅ​លេង​កម្សាន្ត​ទេ៖ «ចម្រៀង​បុប្ផា​ព្រះវិហារ​២»

មេ​ឃុំ​ភ្នំត្បែង២ លោក ប៉ោយ ទុំ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចំនួន​ជិត ១.០០០​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ភ្នំត្បែង២ ទាំង​អស់ គឺ​ប្រហែល ៩០% ជា​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ ប្រកប​របរ​ធ្វើ​ស្រែចម្ការ និង​ចូល​ព្រៃ​ដើម្បី​រក​អនុផល​ព្រៃឈើ។

អ្នក​មាន​ជីវភាព​ក្រីក្រ​ទាំង​នោះ​មិន​សូវ​គិតគូរ​ដល់​រឿង​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​ក៏​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ខេត្ត​ដទៃ​ទេ៖ «ដោយសារ​តែ​ជីវភាព​ខ្វះខាត គឺ​ពួកគាត់​តែង​ចូល​ព្រៃ គាត់​អត់​បាន​ទៅ​លេង​បង​ប្អូន ឬ​ក៏​ញាតិមិត្ត​ដែល​នៅ​ឯ​ទី​ឆ្ងាយៗ​ទេ»

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ភ្នំត្បែង២ លោក ឌី ឌឿន បាន​មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា ដោយសារ​តែ​ឃុំ​របស់​លោក​ជា​ទី​ជនបទ​ដាច់​ស្រយាល ហើយ​ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ផង ការ​អបអរសាទរ​ឆ្នាំ​ថ្មី​នៅ​តែ​ធ្វើ​ដូច​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែរ ក៏​ប៉ុន្តែ​ការ​រៀបចំ​ពិធី​បុណ្យ​មិន​បាន​ធំដុំ​ដូច​ជា​នៅ​ទីក្រុង​ទេ។

លោក ឌី ឌឿន មាន​ប្រសាសន៍​ទៀត​ថា បើ​ទោះ​បី​ជា​រូប​លោក​រស់​នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ទីក្រុង​ក្តី ក៏​លោក​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ធ្វើ​បុណ្យទាន ព្រម​ទាំង​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដូច​ពេល​នេះ។ លោក ឌី ឌឿន ក៏​ឆ្លៀត​ឱកាស​នេះ​ជូន​ពរ​ទៅ​ដល់​ជន​រួម​ជាតិ​ខ្មែរ ទាំង​រស់​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដែរ៖ «សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ទាំង​រស់​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ក្ដី ឱ្យ​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លឿងឃ្លាត​ឡើយ៖ «ចម្រៀង​បុប្ផា​ព្រះវិហារ​៣»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។