របាយ​ការណ៍​សរុប​នៃ​ព្រឹត្តិការណ៍​បុណ្យអុំទូក​៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ

ដោយ អាស៊ីសេរី
2017-11-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ថ្ងៃ​ចុង​ក្រោយ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ទិដ្ឋភាព​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ថ្ងៃ​ចុង​ក្រោយ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA/Brach Chev

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ ចេញ​របាយការណ៍​ថា ពលរដ្ឋ​បាន​ចូលរួម​ដើរ​កម្សាន្ត​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅមុខ​ព្រះបរមរាជវាំង ក្នុង​រយៈ​៣​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ចំនួន​ចន្លោះ​ពី ១​លាន ៣​សែន នាក់ ទៅ​១​លាន ៥​សែន នាក់។ សង្គម​ស៊ីវិល​មើល​​​​​​​​​​​​​ឃើញ​ថា ចំនួន​អ្នកចូលរួម​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ធ្លាក់​ចុះ​ខ្លាំង ដោយ​អាជ្ញាធរ បាន​រៀបចំ​កងកម្លាំង​សមត្ថកិច្ច​ច្រើនជាង​ពេល​ធម្មតា ឬ​ពេល​បុណ្យ កន្លងទៅ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​មានការ​ភ័យខ្លាច​ខ្លាំង។

របាយការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា ទូក​ដែល​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​២៧០​ទូក មាន​ទូក​អុំ​ចំនួន​១៦២​ទូក ក្នុង​នោះ​ទូក​អុំ​ស្ត្រី​១ ទូក​ចែក​ចំនួន ២៨​ទូក ដោយមាន​ទូក​ចែវ​ស្ត្រី​ចំនួន​២​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​ចំនួន​៨០​ទូក មាន​ទូក​ស្ត្រី​៣​ទូក។ កីឡាករ​ចំណុះ​ទូកង​ទាំង ២៧០​ទូក មាន​ចំនួន ១៧.៨២៦​នាក់ ជា​ស្ត្រី​ចំនួន ២៨៩​នាក់។

របាយការណ៍​ដដែល​បង្ហាញ​ថា សភាពការណ៍​សន្តិសុខ សណ្ដាប់ធ្នាប់ នៅ​ថ្ងៃ​អុំទូក​ទី​៣ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនជាតិ​ប៊ែលហ្សិក​ម្នាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ពី​បទ​មា​នកាំបិត​ខ្លី​ជាប់​ខ្លួន បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន្ត និង​ឃាត់​ខ្លួន ករណី​លួច​អីវ៉ាន់​ក្នុង​ផ្សារ​ទំនើប​អ៊ីអន ម្នាក់ទៀត។ ករណី​បាត់​ម៉ូតូ​១​គ្រឿង តែ​ត្រូវ​រក​ឃើញ​វិញ និង​ករណី​បាត់​កាបូប​លុយ​ចំនួន​២​ករណី។

ចំណែក​សភាពការណ៍​គ្រោះថ្នាក់​វិញ ករណី​ក្មេង​វង្វេង​ម្ដាយ​កើតឡើង​ចំនួន ៥៨​លើក ស្មើនឹង​៦០​នាក់។ សមត្ថកិច្ច​បាន​ប្រកាស​រក​ឃើញ និង​ប្រគល់​ជូន​អាណាព្យាបាល​វិញ ចំនួន​៥៧​នាក់ នៅសល់​៣​នាក់ ពុំទាន់​រក​ឃើញ​អាណាព្យាបាល។

ករណី​លិច​ទូកប្រណាំង នៅ​ថ្ងៃ​អុំទូក​ទី​៣ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា មាន​ទូកប្រណាំង​ចំនួន​៥ បាន​លិច កីឡាករ​អុំទូក​ទាំងអស់​ត្រូវ​សង្គ្រោះ​បាន និង​សង្គ្រោះ​កីឡាករ​ធ្លាក់​ទឹកបាន​ចំនួន​១៧​នាក់ កីឡាករ​ខ្យល់គរ​ម្នាក់ និង​បាន​ទប់ស្កាត់​ការ​ប្រើ​ហិង្សា​រវាង​កីឡាករ​ចំនួន​ទូក​២​ទូក គឺ​មកពី​ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​អះអាង​ថា បាន​ស្រាវជ្រាវ​រក​ឃើញ​កាបូប​ដែល​ភ្លេច​នៅ​ក្នុង​បន្ទប់ទឹក​សាធារណៈ ប្រគល់​ជូន​ម្ចាស់​វិញ ១​ករណី និង​បាន​ជួយសង្គ្រោះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ចំនួន ១១.២៦៤​នាក់ មាន​ស្រី​ចំនួន​៣៨៦៣​នាក់ ដោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចំនួន​១២​នាក់។ សមត្ថកិច្ច​ក៏បាន​ឃាត់​សកម្មភាព បង្ហោះ​យន្ដ​ហោះ​បំពាក់​កាមេរ៉ា​បញ្ជា​ថត​ពីលើ​អាកាស ឬ​ដ្រូន (Drone) ចំនួន​២​គ្រឿង ដោយ​មួយ​គ្រឿង​ជា​របស់​ស្ថានីយ​ទូរទស្សន៍​CTN និង យន្តហោះ​ដ្រូន មួយទៀត ជា​របស់​ក្រុមហ៊ុន ស្រាបៀរ​កម្ពុជា។

សមត្ថកិច្ច បាន​ឃាត់ខ្លួន​អ្នកលក់​អាវ​រងា​មាន​អក្សរ Police និង Army ៣​នាក់ ដកហូត​អាវ​រងា​បាន​ចំនួន ៧​អាវ ព្រមទាំង​ឃាត់​ជន​ពាក់អាវ​ដែល​មាន​អក្សរ Police និង Army បាន​ចំនួន ៣០៣​នាក់ ស្រី​២៧​នាក់។ ប៉ុន្តែ សមត្ថកិច្ច​បាន​អះអាង​​​​​ថា អាវ​ដែល​ពលរដ្ឋ​បាន​ពាក់​ទាំងនោះ​ត្រូវ​បាន​ដកហូត ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅ​ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​វិញ​ជា​ធម្មតា។ របាយការណ៍​របស់​ប៉ូលិស​ដដែល អះអាង​ថា ករណី​ឃាត់ខ្លួន​សាកសួរ និង​ដកហូត​អាវ​ដែល​មាន​អក្សរ Police និង Army ក្នុង​ពិធីបុណ្យ​អុំទូក​នោះ គ្មាន​ពលរដ្ឋ​ណា​ម្នាក់ មាន​ប្រតិកម្ម​នោះ​ទេ។

តាមរយៈ​របាយការណ៍​ចេញ រៀងរាល់ថ្ងៃ​របស់​អាជ្ញាធរ បង្ហាញ​ថា ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ មាន​សភាព​ល្អ​ប្រសើរ គ្មាន​ហេតុការណ៍ ឬ​ព្រឹត្តិការណ៍​អសន្តិសុខ​កើតឡើង​បង្ក​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច ឬ​ប៉ះពាល់​ដល់​ទិដ្ឋភាព​ជា​រួម​នៃ​ការ​ប្រារព្ធ​ពិធី​ឡើយ។

ពលរដ្ឋ​ដែល​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ មើល​ឃើញ​ថា ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​ពួកគេ​ព្រួយបារម្ភ និង​ភ្ញាក់ផ្អើល គឺ​ករណី​មហាជន​នាំគ្នា​ពាក់អាវ​ដែល​មាន​អក្សរ Police និង Army ដែល​ងាយ​ធ្វើ​ឲ្យ​ពួកគាត់​យល់​ច្រឡំ​ថា នេះ គឺជា​សមត្ថកិច្ច និង​ការ​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​ច្រើន​ហួស​ប្រមាណ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បញ្ជាក់​ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​បុណ្យអុំទូក​ឆ្នាំនេះ មាន​ចំនួន ៣​លាន​នាក់ ដោយ​នៅ​ថ្ងៃ​អុំទូក​ទី​១ មាន​មនុស្ស​ចំនួន​៧០ ទៅ​៨០​ម៉ឺន​នាក់ ថ្ងៃ​អុំទូក​ទី​២ មាន​ចន្លោះ ៩០​ម៉ឺន ទៅ​១​លាន​នាក់ និង​ថ្ងៃ​អុំទូក​ទី​៣ មាន​អ្នកចូលរួម​ដើរ​កម្សាន្ត​ចំនួន ១.២​លាន​នាក់។ លោក ថោង ខុន ពន្យល់​អ្នកសារព័ត៌មាន​ថា កត្តា​មនុស្ស​កើន​ឡើង​នៅ​ថ្ងៃ​ទី​៣ ដោយសារតែ​ពលរដ្ឋ​មួយ​ចំនួន​ធំ បាន​ចេញ​ទៅលេង​តាម​បណ្ដា​ខែត្រ ត្រលប់​មក​ចូលរួម​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ​វិញ កាលពី​ថ្ងៃ​អុំទូក​ចុងក្រោយ។ ឯ​សង្គម​ស៊ីវិល មើល​ឃើញ​ចំនួន​ពលរដ្ឋ​មកលេង​ក្សាន្ត​បុណ្យអុំទូក​មាន​ចំនួន​ថយ​ចុះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា ការ​ដាក់​ពង្រាយ​កងកម្លាំង​កាន់​អាវុធ​សំញ៉ែង​ពលរដ្ឋ​ច្រើន​ពេក បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច ខណៈ​ដែល​ផ្លូវ​ចូល​ទៅ​ពី​ធី​បុណ្យអុំទូក នៅតែ​កកស្ទះ​ដោយសារ​មិនសូវ​សំបូរ​វត្តមាន​ប៉ូលិស​សម្រួល​ចរាចរណ៍​ច្រើន ដូច​កងកម្លាំង​ដើរ​កាន់​អាវុធ​ច្រូងច្រាង។ «សំឡេង»

ឯ​សំរាម​នៅ​ក្រោយ​ពិធីបុណ្យ​អុំទូក​វិញ សង្គម​ស៊ីវិល​យល់ថា កត្តា​ខ្វះ​ការអប់រំ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ បោះ​សំរាម​ចោល​ពាសវាលពាសកាល និង​កត្តា​តំបន់​ខ្លះ ខ្វះ​ធុងសំរាម ឬ​សំរាម​ហៀរ​ធុង ធ្វើ​ឲ្យ​ពលរដ្ឋ បោះចោល​ខាងក្រៅ និង​ទុក​ក្បែរ​ធុងសំរាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល