ទេសចរ​ជាង​១៤​ម៉ឺន​នាក់​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​៣​ថ្ងៃ

ដោយ ដែន អយុធ្យា
2017.04.18
ទេសចរ​ព្រះសីហនុ ២០១៧ ១៤៤០ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​លេង​កម្សាន្ត​នៅ​ឆ្នេរ​អូរឈើទាល ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា រក្សា​បាន​សន្តិសុខ​សុវត្ថិភាព​ល្អ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​កម្សាន្ត​មូលដ្ឋាន​នេះ​នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​មេសា ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ កម្លាំង​ជំនាញ​របស់​លោក​បាន​សហការ​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​បាន​ល្អ ដោយ​គ្មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ទេ។

លោក​បន្ត​ថា កម្លាំង​នគរបាល​បាន​ដាក់​ឲ្យ​ប្រចាំ​ការ​ទាំង​យប់​ថ្ងៃ​នៅ​តាម​គោលដៅ​នានា ដែល​ភ្ញៀវ​និយម​ចូល​ទៅ​កម្សាន្ត ទាំង​នៅ​តាម​តំបន់​ឆ្នេរ នៅ​លើ​ដី​គោក និង​តំបន់​ឆ្នេរ​លើ​ដី​កោះ ជាដើម។

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក បាន​កើត​មាន ២​ករណី ស្លាប់​មនុស្ស ២​នាក់ និង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​តាម​ទូក ឬ​កប៉ាល់​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា គឺ​មាន​ដំណើរការ​រលូន៖ «បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ បញ្ហា​សន្តិសុខ គឺ​យើង​បាន​ថែរក្សា​បាន​ដោយ​សុវត្ថិភាព ក្នុង​នោះ​យើង​បាន​ឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ពិសេស​ភ្ញៀវ​ជាតិ​មាន​ចំនួន​កើន​ច្រើន​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ជាពិសេស​បាន​ឆ្លង​ទៅ​តាម​បណ្ដា​កោះ​នានា​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បង្ហាញ​មោទនភាព​ដែល​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ ឆ្នាំ​នេះ ខេត្ត​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​កើន​ជាង ១០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ គឺ​មាន​ភ្ញៀវ​ទេសចរ​សរុប​ជាង ១៤​ម៉ឺន ៣​ពាន់​នាក់ (១៤៣.៥៩៧​នាក់)។ លោក​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​យន្តហោះ​មាន​ជិត ១.៥០០​នាក់ (.៤៣៩​នាក់)។ ភ្ញៀវ​ជាតិ​មាន​ជិត ៦៥០​នាក់ (៦៤៣​នាក់) និង​ភ្ញៀវ​អន្តរជាតិ​មាន​ជិត ៨០០​នាក់ (៧៩៦​នាក់)

លោក គ្រឹស្នា បន្ថែម​ថា ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា​មាន​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ជាដើម មាន​ចំនួន​សរុប​ជិត ៨.៥០០​នាក់ (.៤៥៥​នាក់)។ ភ្ញៀវ​ជាតិ​ជាង ៤.៣០០​នាក់ (.៣៤៨​នាក់) និង​ភ្ញៀវ​អន្តរជាតិ​មាន​ជាង ៤​ពាន់​នាក់ (.១០៧​នាក់)។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​នានា​មាន​ដូចជា រមណីយដ្ឋាន​ថ្ម​រូង រមណីយដ្ឋាន​ក្បាល​ឆាយ និង​រមណីយដ្ឋាន​ពិកនិច ជាដើម មាន​ចំនួន​សរុប​ជិត ១​ម៉ឺន ៧​ពាន់​នាក់ (១៦.៥៩៧​នាក់)

ទន្ទឹម​គ្នា​នេះ លោក តាំង សុចិត្រគ្រឹស្នា ក៏​បាន​ទទួល​ស្គាល់​ថា បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​មាន​ប្រតិបត្តិករ​ទេសចរ​មួយ​ចំនួន​មិន​ទាន់​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការ​កំណត់​តម្លៃ​សេវា​បម្រើ​ផ្សេងៗ​មាន​ដូចជា សេវា​ស្នាក់នៅ និង​ចំណី​អាហារ ជាដើម ឲ្យ​បាន​សមរម្យ​ទេ។ ពោល គឺ​ពួក​គេ​បាន​ដំឡើង​តម្លៃ​សេវា​បម្រើ​ខ្ពស់ ដោយ​មិន​បាន​ជូន​ដំណឹង ឬ​បិទ​ផ្សាយ​ជូន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ដឹង​មុន​នោះ​ទេ៖ «ទោះ​បី​ជា​ក្រសួង ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ យើង​បាន​ផ្សព្វផ្សាយ និង​ធ្វើ​កំណត់​ហេតុ​ណែនាំ​ដល់​ប្រតិបត្តិករ​ទេសចរ​អំពី​ការ​កំណត់​តម្លៃ​សេវា​បម្រើ​ដល់​ភ្ញៀវ​ទេសចរ នៅ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បែប​ណា​ក្តី ក៏ប៉ុន្តែ​ជាក់ស្តែង​យើង​សង្កេត​ឃើញ​ថា មាន​អាជីវករ​នៅ​តាម​ផ្ទះ​សំណាក់​តិចតួច បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​នេះ។ យើង​មិន​ដាច់​ណាត់​ទេ​ចំពោះ​ការ​ដំឡើង​តម្លៃ​របស់​ក្រុម​ប្រតិបត្តិករ​ទេសចរ ប៉ុន្តែ​ប្រកាស​ថ្មី​របស់​អន្តរ​ក្រសួង គឺ​ស្នើ​ឲ្យ​ក្រុម​អាជីវករ​ទាំងអស់ ត្រូវ​តែ​ដាក់​បង្ហាញ​តារាង​តម្លៃ​សេវា​របស់​ខ្លួន​ដល់​ភ្ញៀវ​ទេសចរ។ ហើយ​ចំពោះ​តម្លៃ​សេវា​បម្រើ​ទេសចរ គឺ​ត្រូវ​បាន​ប្រតិបត្តិករ​ទេសចរ បាន​ដំឡើង​តម្លៃ​ខ្ពស់​ខុស​ពី​ការ​ណែនាំ​របស់​ក្រសួង ឬ​មន្ទីរ​ទេសចរណ៍​បាន​ដាក់​ចេញ​ដដែល»

ចំណែក​ប្រធាន​ក្រុមហ៊ុន​អាយលែន ស្ពីដ ហ្វឺរី (Island Speed Ferry) អ្នកស្រី ស៊ុយ ស្រីមុំ មាន​ប្រសាសន៍​ថា សកម្មភាព​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​របស់​ក្រុមហ៊ុន​នេះ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ មិន​មាន​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​លិច​កណ្ដាល​សមុទ្រ​ស្លាប់​មនុស្ស​ដូច​ពាក្យ​ចចាមអារ៉ាម ឬ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​នោះ​ទេ។

អ្នកស្រី ស្រីមុំ បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​ការពិត ដែល​ថា​រូប​អ្នកស្រី​បាន​លិច​កប៉ាល់​ស្លាប់​នៅ​កណ្ដាល​សមុទ្រ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ គឺ​ជា​ការ​បំផុស​ពាក្យ​ចចាមអារ៉ាម​ខុស​ការពិត៖ «មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​បំផ្លើស​ពី​ការពិត​ថា នាង​ខ្ញុំ​បាន​លិច​ទូក​ស្លាប់​កណ្ដាល​សមុទ្រ​បាត់​ទៅ​ហើយ​នា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ប៉ុន្តែ​ជាក់ស្តែង​ពេល​នេះ គឺ​ខ្ញុំ​កំពុង​មាន​វត្តមាន​ជួបជុំ​ជាមួយ​កង​កម្លាំង​នគរបាល​ជើង​ទឹក​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា នេះ»

បញ្ហា​នេះ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​បដិសេធ​ថា មិន​មាន​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​ក្រុមហ៊ុន​ណា​មួយ​ជួប​ហេតុការណ៍​លិច​ទូក ឬ​កប៉ាល់​កណ្ដាល​សមុទ្រ ដូច​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក ឬ​បុគ្គល​ខ្លះ​បាន​ចែក​រំលែក​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ​ទេ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។