ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្តមណ្ឌលគិរី ២ រូប ទទួល​គោរមងារ​ពី​ព្រះមហាក្សត្រ

ចាស់​ព្រឹទ្ធាចារ្យ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ២ រូប ទទួល​បាន​គោរមងារ ពី​ព្រះមហាក្សត្រ ជា​លើក​ដំបូង នៅ​ខេត្ត​មណ្ឌលគិរី ក្នុង​អាជីព​សិល្បករ​ និង​ជា​អ្នក​លេង​ភ្លេង​បុរាណ​លក្ខណៈ​ប្រពៃណី បែប​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ។

កាល​ពី​ដើម​ខែកុម្ភៈ ឆ្នាំ​២០២៣ ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហ មុនី បាន​ប្រទាន​គោរមងារ ដល់​ជន​ជាតិ​ដើម​ភាគ​តិចព្នង ពីរ​រូប ទី០១ លោក​ព្រឹទ្ធាចារ្យ​សិល្បៈ ញុច ហឿន ឱ្យ​ទៅ​ជា ពិភត្តិ​តន្ត្រី ញុច ហឿន និងទី២ ព្រឹទ្ធាចារ្យ​សិល្បៈ​គឺ​ជា​ស្ត្រី ឈ្មោះ ណាន សាម័យ ឱ្យ​ទៅ​ជា នាដកីនិម្មិត ណា សាម័យ។

អតីត​ទីប្រឹក្សា​បណ្ដាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ចាត់​ទុក​ការ​ប្រទាន​គោរមងារ​ដល់​មរតក​មនុស្ស​រស់​នេះ​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ខ្ពស់ និង​ផ្តល់​តម្លៃ​ជនជាតិ​ដើម​ភាគ​តិច​គ្រប់​ជាតិ​សាសន៍​ ដែល​ប្រឹង​ប្រែង​អភិរក្ស និង​ការពារ​ភាសា សិល្បៈ វប្បធម៌ និង​ទំនៀម​ទម្លាប់​ប្រពៃណី។

លោក គ្រើង តុលា«ទន្ទឹម​នឹង​រដ្ឋាភិបាល​គិតគូរ ខ្ញុំ​អំពាវនាវ​ជន​ជាតិ​ដើម​ភាគ​តិច​ ឱ្យ​គាត់​ងើប​ឡើង ការពារ​ប្រពៃណី សាសនា របស់​គាត់​ឱ្យ​បាន​ច្រើន​ ដើម្បី​ស្មើ​មុខ​មាត់ ជាមួយ​ជាតិ​សាសន៍​ផ្សេង។ នេះ​ជា​សញ្ញា​ល្អ ហើយ​ប្រសិន​ជា​រដ្ឋាភិបាល​ ឬ​អង្គ​ព្រះ​មហាក្សត្រ​ធ្វើ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ជា​សញ្ញា​ល្អ​បំផុត»

លោក គ្រើង តុលា បន្ថែម​ថា គោរមងារ​នេះ ​នឹង​ដាស់​ស្មារតី​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​គ្រប់​ជាតិសាសន៍ រស់​នៅ​គ្រប់​តំបន់​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ប្រឹងប្រែង ថែរក្សា ប្រពៃណី សិល្បៈ វប្បធម៌ ភាសា និង ទំនៀមទម្លាប់ ដែល​លោក​ចាត់​ទុក​ថា ព្រះមហាក្សត្រ​កំពុង​គិតគូរ ដល់​សុខទុក្ខ​របស់​ជន​ជាតិ​ដើម​ភាគតិច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។